កម្មវិធីតាមទូរស័ព្ទ ដែលមានឈ្មោះថា«សំឡេងម្ចាស់ឆ្នោត» ឬ Cambodian Voter's Voice បានដាក់ឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ជាផ្លូវការដោយឥតគិតថ្លៃនាថ្ងៃព្រហស្បតិ៍នេះ។ កម្មវិធីថ្មីនេះគឺសម្រាប់ទូរស័ព្ទទំនើបៗ និងអនុញ្ញាតឲ្យម្ចាស់ឆ្នោតមានសិទ្ធិក្នុងការដាក់ពិន្ទុ និងអាចផ្តល់ជាមតិយោបល់ ព្រមទាំងអាចសួរសំណួរទៅកាន់ក្រុមអ្នកតំណាងរាស្ត្ររបស់ខ្លួន។
យោងតាមការឲ្យដឹងរបស់លោក កន សាវាង្ស ជាមន្ត្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា Comfrel ដែលបង្កើតគម្រោង«សំឡេងម្ចាស់ឆ្នោត»នេះឡើង បានឲ្យដឹងថា កម្មវិធីសម្រាប់ទូរស័ព្ទទំនើបនេះបានដាក់ឲ្យប្រើប្រាស់ដើម្បីឃ្លាំមើលអ្នកតំណាងរាស្ត្រកម្ពុជា ហើយវាអាចជួយពន្លឿនដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្មវិធីថ្មីនេះនឹងអាចធ្វើឲ្យមានកំណើននៃការទទួលខុសត្រូវពីក្រុមអ្នកតំណាងរាស្ត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតផងដែរ។
ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់កម្មវិធី«សំឡេងម្ចាស់ឆ្នោត»កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក កន សាវាង្ស បានបញ្ជាក់ថា៖ «សូមកុំបោះឆ្នោត ហើយយើងលែងដៃចោល ឲ្យគាត់ធ្វើអីស្រេចតែចិត្តនោះ។ គាត់អត់មានឆ្លើយទៅនឹងបញ្ហារបស់យើងទេ។ អញ្ចឹងយើងមានតែប្រើប្រាស់មធ្យោបាយហ្នឹង ហើយតាមឃ្លាំមើល តាមពញ្ញាក់គាត់ ឲ្យគាត់ដឹងខ្លួនថា តើគាត់បានបំពេញអីខ្លះជូនម្ចាស់ឆ្នោតក្នុងមួយអណត្តិរបស់គាត់»។
កម្មវិធីទូរស័ព្ទ«សំឡេងម្ចាស់ឆ្នោត» ឬ Cambodian Voter's Voice នេះក៏មានដាក់បញ្ចូលទិន្នន័យសំខាន់ៗទាក់ទងនឹងការបោះឆ្នោតដែរ ដូចជាប្រវត្តិរូបតំណាងរាស្ត្រ និងព័ត៌មានទាក់ទិននឹងសកម្មភាពរបស់អ្នកនយោបាយជាដើម។
លោក យឹម សុវណ្ណ ជាតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សជំទាស់គាំទ្រវេទិកានេះ ដែលលោកយល់ថា អាចជាមធ្យោបាយល្អមួយផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋនៅតាមថ្នាក់មូលដ្ឋាន និងតំណាងរាស្ត្រ។
«សម្រាប់ទំនាក់ទំនងរវាងតំណាងរាស្ត្រ និងម្ចាស់ឆ្នោត យើងអាចធ្វើការទំនាក់ទំនងគ្នា ផ្លាស់ប្តូរយោបល់គ្នា ស្ទាបស្ទង់តម្រូវការ ជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។ ហើយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ អ្នកតំណាងរាស្ត្រអាចរួមគ្នាដោះស្រាយ»។
លោក សុខ ឦសាន្ត អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជាក៏មានការយល់ស្របអំពីចំណុចវិជ្ជមានរបស់កម្មវិធីតាមទូរស័ព្ទនេះដែរ ដោយលោកយល់ថា នេះជាចំណែកមួយនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«ពីព្រោះដើម្បីឲ្យព័ត៌មានបានដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋលោកមានមតិតាមរយៈComfrel»។
ទោះជាយ៉ាងណាក៏ដោយ ការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទនេះក៏នៅមានការប្រឈមខ្លះដែរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនោះគឺសមត្ថភាពរបស់ពលរដ្ឋកម្ពុជានៅមានកម្រិតនៅឡើយក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ៕