ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​នឹង​សាកល្បង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា


សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)
សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ បោះ​ឆ្នោត​​ ​(គ​.ជ.​ប.​)​ នឹង​ចាប់​ផ្តើម​សាកល្បង​​ចុះ​ឈ្នោះ​អ្នក​បោះឆ្នោត​​​នៅ​​ដើម​ខែ​វិច្ឆិកា​​ខាង​មុខ​នេះ​ ​​នៅ​ក្នុង​​ភូមិ​ចំនួន​៤៣​នៃ​ប្រទេស​កម្ពុជា​។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​គ.ជ.ប​។

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​ (គ​.ជ.​ប.​)​នឹង​ចាប់​ផ្តើម​សាកល្បងចុះ​ឈ្នោះ​អ្នក​បោះឆ្នោត​នៅដើម​ខែ​វិច្ឆិកាខាង​មុខ​នេះ​ នៅ​ក្នុងភូមិ​ចំនួន​៤៣​នៃ​ប្រទេស​កម្ពុជា​។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​គ.ជ.ប​។ ​

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​យល់ថា ការ​សាកល្បង​នេះ​ហាក់​ដូច​ជា​ មាន​ភាពយឺតយ៉ាវ​ក្នុង​ការ​បង្កើត​បញ្ជី​បោះ​ឆ្នោត​ថ្មី​សម្រាប់ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នា​ឆ្នាំ​២០១៧​ ​និង​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

​លោក​ ហង្ស ពុទ្ធា​ ​អ្នកនាំ​ពាក្យ គ.ជ.ប​ បាន​ប្រាប់​VOA​ ​ថា គ.ជ.ប​ នឹង​ធ្វើការចុះ​ឈ្មោះ​នៅ​ក្នុង​ភូមិ​ទាំង​៤៣​ ស្ថិត​នៅក្នុង​២៥​ខេត្ត ​និង​រាជ​ធានី​ដោយ​មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ផង​ដែរ​។​ ​លោក​បន្ថែម​ថា​ ការងារ​សាក​ល្បង​នេះ​នឹង​អាចចំណាយ​ថវិកា​ប្រមាណ​៧០ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ថវិកា​ផ្ទាល់​របស់​គ.ជ.ប​ ​ហើយ​វា​អាច​ចំណាយ​ពេល​ប្រមាណ​១៥​ថ្ងៃ​ ដើម្បី​ប្រមូល​ទិន្នន័យ​ មុន​នឹង​ធ្វើការ​ចុះ​បញ្ជី​ ទូទាំងប្រទេស​ផ្លូវ​ការ​នា​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

​«ចុះ​ឈ្មោះ​សាកល្បង​នេះ​អាច​ចំណាយដល់ទៅ​៧០​ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក​ ​ ហើ​យ​ទូទៅ​ធំតែ​ម្តង​គឺ​ប្រហែល​ជា​៨លាន​ដុល្លារ​»។​

លោក​ ហង្ស ពុទ្ធា​ បាន​បន្ថែម​ថា​ ការ​ចុះ​ឈ្មោះ​ ​ថ្មី​នេះ​នឹង​ធ្វើ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មាន​ប្រសិទ្ធ​ភាព​និង​រហ័ស​ជាង​ការ​ចុះ​បញ្ជី​ដោយ​ការ​កត់​ត្រា​ដោយ​ដៃ​នោះ​។

លោក​ពន្យល់​យ៉ាង​នេះ​ថា​៖​ «​លើក​នេះ​គឺ​ធ្វើការ​ចុះ​ឈ្មោះ​នៅ​តាម​ភូមិ​ឃុំ​នោះ​តែ​ម្តង​ ​អញ្ចឹងទិន្នន័យ​ដែល​សរសេរ​ហើយ​នៅ​ទីនោះ​គឺ​គ្រាន់​តែ​ផ្ញើ​តាម​ឡាញ​មក​ ឬ ​ក៏ផ្ញើ​ជាHard Disk ​តែម្តង​ អញ្ចឹង​អក្សរ​វា​នឹង​មិន​បាត់​បង់​ ស្រះអី​ ស្រះ​អំ អី​ទៅណា​ទៀត​ទេ។ ​បាទ!​ ​ហើយ​មួយ​ទៀត​កម្មវិធី​ដែល​យើង​គ្រោង​នឹង​រៀប​ចំគឺ​ប្រសិន​បើ​ប្រជាពល​រដ្ឋ​គាត់​មកចុះ​ឈ្មោះ​លើស​ពី​ម្តង​ ​ស្នាម​ក្រយៅ​ដៃរ​បស់​គាត់​នឹង​បង្ហាញ​ដោយ​កុំព្យូទ័រ​ថា ​ពួក​គាត់​ហ្នឹង​មកចុះ​ឈ្មោះ​ម្តង​រួច​មក​ហើយ​បាទ​»​។​

​គណៈកម្មា​ធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត​ពេល​បច្ចុប្បន្នកើត​ឡើង​ដោយ​ការ​ឯក​ភាព​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​បន្ទាប់​ពី​មាន​ការ​ជាប់​គាំង​នយោ​បាយ​ជិត១​ឆ្នាំ​ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​ ​ក្រោ​យ​ពេល​ដែល​គណបក្ស​ជំទាស់​ចោទ​ពី​ភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​នោះ។ គ.ជ.ប​ថ្មី​នេះមាន​សមាជិក​៩រូប​រួម​ទាំង​ប្រធាន​ដែល​មាន​សមាស​ភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អនុ​ប្រធាន​មក​ពី​គណបក្ស​ជំទាស់​ ​ត្រូវ​បាន​ឯកភាព​និង​ជ្រើស​តាំង​កាល​ពីចុង​ខែ​មេសា​កន្លង​ទៅ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា​។​

លោក​ គល់ បញ្ញា​ នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ដែល​មាន​ឈ្មោះ​កាត់​ថា​ ខុមហ្រែ្វល​ ​COMFREL​ ​បាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ធ្វើការ​ចុះ​ឈ្មោះ​សាក​ល្បង​នេះ។ លោក​ថា​ គេគួរតែ​ធ្វើ​នៅក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ​ ដើម្បី​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ច្រើន​ទាក់ទិន​នឹង​ប្រព័ន្ធ​ ចុះ​ឈ្មោះ​ថ្មី​នេះ​ ​ហើយ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់​អាទិភាព​ដល់​ការ​ប្រើប្រាស់​ថវិកាឲ្យ​បាន​ទូលំ​ទូលាយ​ដូច​ស្ថាប័ន​ផ្សេង​ទៀត​ ​ដែលអាច​ជួយ​ពន្លឿន​ដំណើរ​ការ​នៃ​ការ​រៀបចំ​ និង​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​។

​«យើង​មាន​ការបារម្ភ​បន្តិច​បន្តួច​ខ្លះ​ អំពី​រឿងពេល​វេលា​ ដែល​គាត់​បាន​ពន្យា​។ ពីដើម​មក​ឮថា​ខែ​៩ផង តែ​ឥឡូវ​ខែ១១​ ​វា​គ្រាន់​តែ​ពេលវេលា​ហ្នឹង​គឺ​វា​ ​រាង​កៀក​ពេក​ចំពោះ​ការសាក​ល្បង​ហឹ្នង​ បើ​បាន​ធ្វើ​ឲ្យ​មុន​បន្តិច​ទៅ​ ​ដូច​ជា​ក្នុង​ខែ​១០ខែ​អី​ទៅ​ ​វា​សល់​ពេល​ច្រើន​ដើម្បី​បន្ទាប់​ពី​ការ​សាក​ល្បង​ទៅ​ គេ​អាច​ថា​ប្រព័ន្ធ​ហ្នឹង វា​មានអ្វី​ខ្លះ​ដែល​អាច​កែ​លម្អ​ ​ហើយ​ដល់ឆ្នាំ​២០១៦​ពេល​យើ​ង​ធ្វើ​ការ​កែ​លម្អ​ហើយ​នឹង​អាចយើង​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពេញ​លេញ​»។

​ជា​មួយ​គ្នា​នោះ​ដែរ​លោក​ ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យគ.ជ.ប​ បាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​កង្វះ​ថវិកា​ក្នុង​ការ​រៀប​ចំ​ធ្វើ​ការ​ចុះ​ឈ្មោះ​ផ្លូវការ​ទូទាំង​ប្រទេស​កម្ពុជា​នាឆ្នាំ​២០១៦ខាងមុខ​ ដែល​នឹង​អាច​ចំណាយ​អស់​ប្រហែល​៨លាន​ដុល្លា​រសហរដ្ឋ​អាមេរិក​នោះ​ ​បើទោះ​ជា​មាន​ការ​សន្យា​ថា​ នឹង​មាន​ការ​ឧបត្ថម្ភ​ពី​សហ​ភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន​ក៏​ដោយ​៕​

XS
SM
MD
LG