ក្រសួងមហាផ្ទៃ សម្ដែងការខឹងសម្បារនឹងការឃោសនានយោបាយរបស់ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ ដែលបានថ្លែងទាក់ទិនការរក្សាទុកតំណែងឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជាឧបនាយករដ្ឋមន្ត្រី ប្រសិនបើបក្សប្រឆាំងដ៏ធំមួយនេះ ឈ្នះការបោះឆ្នោតដឹកនាំប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែល VOA ទទួលបានកាលពីថ្ងៃសុក្រកន្លងទៅ។
លិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២ ខែមិថុនា បានសរសេរថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នាឱកាសចុះធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤ នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បាននិយាយទៅកាន់អ្នកគំាទ្ររបស់ខ្លួនថា៖
«...បើសង្គ្រោះជាតិឈ្នះឆ្នោតឆ្នាំ ២០១៨ ដឹកនាំរាជរដ្ឋាភិបាលធ្វើនាយករដ្ឋមន្ត្រី ទុកសម្ដេចក្រឡាហោម ធ្វើឧបនាយករដ្ឋមន្ត្រីដដែល តែសង្គ្រោះជាតិធ្វើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...»។
ក្រសួងមហាផ្ទៃបានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មិនមែនជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងត្រូវមានការរៀបចំជ្រើសតាំងសមាជិករាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មីនោះទេ ហើយថា ការលើកឡើងដែលបង្កប់នូវគំនិតទុច្ចរិតរបស់លោក គង់ គាំ គឺជាការឃោសនាបោកប្រាស់ បន្លំយកឈ្មោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ទៅប្រើប្រាស់ បង្កឲ្យមានការភ័ន្តច្រឡំ ក្នុងគោលបំណងកេងចំណេញនយោបាយដើម្បីទាក់ទាញសំឡេងឆ្នោតតែប៉ុណ្ណោះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចាត់ទុកការថ្លែងរបស់លោក គង់ គាំ ថាជាការមាក់ងាយបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ក្នុងន័យដើមថា៖
«សំដីរបស់លោក គង់ គាំ ក៏ជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្ដេចក្រឡាហោម ស ខេង ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលតែងទទួលបាននូវការគោរពស្រឡាញ់ពីសំណាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់ក្នុងសង្គម»។
ប្រតិកម្មក្រសួងមហាផ្ទៃ កើតមាន តែប៉ុន្មានម៉ោង ក្រោយការអធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រជាជនកម្ពុជា ដែលបានហៅការសន្យារបស់បក្សប្រឆាំងថា នឹងទុកតំណែងឧបនាយករដ្ឋមន្ត្រីឲ្យ លោក ស ខេង ជារឿងគួរឲ្យសោកស្ដាយ និងអស់សំណើច។
លោកនាយករដ្ឋមន្ត្រីចំអកបក្សប្រឆាំងថា ពួកគេគួរយកតំណែងទាំងអស់របស់លោក ស ខេង ប្រសិនបើបក្សប្រឆាំងឈ្នះការបោះឆ្នោត។
«ភាសាឈ្នះនេះ យើងឮយូរហើយ យើងឮយូរហើយ ការយកឈ្នះគណបក្សប្រជាជន មិនមែនជាល្បែងកូនក្មេងងាយលេងនោះទេ»។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានបញ្ចប់ទៅនៅថ្ងៃសុក្រទី២ ខែមិថុនា ក្នុងបរិយាកាសស្ងប់ស្ងាត់ និងគ្មានហិង្សា ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងរៀបចំឡើង នៅថ្ងៃអាទិត្យនេះ។
លោក គង់ គាំ ទីប្រឹក្សាគណបក្សសង្គ្រោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ថ្លែងប្រាប់VOA នៅថ្ងៃសៅរ៍នេះថា ការឃោសនានយោបាយរបស់លោក មិនមានចេតនាមាក់ងាយ លោក ស ខេង តែជាបង្ហាញនូវការចង់បានដៃគូដែលមានបទពិសោធន៍ការងារ សម្រាប់ធ្វើការរួមគ្នា ដើម្បីកសាងប្រទេសក្នុងកាលៈទេសៈ ដែលបក្សប្រឆាំងទទួលបានការគាំទ្រគ្រប់គ្រាន់ពីប្រជាពលរដ្ឋឲ្យដឹកនាំប្រទេស។
លោក គង់ គាំ ជាទីប្រឹក្សាគណបក្សសង្គ្រោះជាតិ៖
«ដូច្នេះ មិនមែនជាកលល្បិច ហៅថា អាក្រក់ ឬក៏ចេតនាបោកប្រាស់ យកសំឡេងឆ្នោតអីទេ ប៉ុន្តែជាការជាក់ស្ដែង គឺខ្ញុំធ្លាប់ជាសមាជិកព្រឹទ្ធសភា ដែលមានក្រុមប្រឹក្សាឃុំ-សង្កាត់ ជាតំណាងហ្នឹងយល់ យល់ឃើញថា ក្រសួងមហាផ្ទៃ ត្រូវតែមាន អ្នកដឹកនាំពីគណបក្សទាំងពីរដើម្បីគ្រប់គ្រងដឹកនាំឲ្យរលូន ហើយនិងរីកចម្រើន តែប៉ុណ្ណឹងទេបាទ។ ដូច្នេះ គ្មានអីពិសពុល ហើយគ្មានអីខ្វះការគួរសមចំពោះសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីទេបាទ»។
លោក គង់ គាំ ជឿថា មានតែគណបក្សពីរប៉ុណ្ណោះគឺ បក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិដែលប្រជារាស្ត្រនឹងផ្ដល់សេចក្ដីទុកចិត្តឲ្យដឹកនាំប្រទេស។
លោកអះអាងថា សំឡេងគាំទ្របក្សទាំងពីរគឺប្រហាក់ប្រហែលគ្នា ដូច្នេះទើបលោកលើកជាអនុសាសន៍ថា លោក ស ខេង គួរនៅជាឧបនាយករដ្ឋមន្ត្រី ឯរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរតែមកពីគណបក្សសង្គ្រោះជាតិ។
VOA ព្យាយាមសុំសេចក្តីអធិប្បាយពីនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តែនៅមិនទាន់អាចទាក់ទងបានទេ នៅថ្ងៃសៅរ៍នេះ។
ដោយឡែក ការិយាល័យបោះឆ្នោត នៅតាមមណ្ឌលនីមួយៗ ក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំរួចរាល់នៅថ្ងៃសៅរ៍នេះ ដែលត្រូវចាត់ទុកថាជា«ថ្ងៃស» សម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យ ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ទាក់ទិនអំពីហិង្សា ឬការប៉ះទង្គិចខាងនយោបាយណាមួយបានកើតឡើងនោះឡើយមកទល់នឹងរសៀលថ្ងៃសៅរ៍ដដែលនេះ។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា(Central) ដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ថ្លែងប្រាប់ VOA ថា ស្ថានភាពមុនថ្ងៃបោះឆ្នោត មានសភាពស្ងប់ស្ងាត់ និងពុំទាន់មានហេតុការណ៍ហិង្សានយោបាយណាកើតឡើងនោះទេ។
«ចាប់ពីពេលព្រឹកមកដល់ឥឡូវនេះ វាអត់ទាន់មានទទួលព័ត៌មានអី ដែលជាអវិជ្ជមានអីនៅឡើយទេ សម្រាប់ថ្ងៃសនេះ។ ប៉ុន្តែជាទូទៅ ការបោះឆ្នោតមុនៗ វាពេលថ្ងៃនេះ វាអត់ទាន់កើតមានប៉ុន្មានទេ ប៉ុន្តែវាកើតមាននៅពេលយប់ ដែលគេច្រើននិយាយថា រាត្រីឆ្កែព្រូស អញ្ចឹងប្រហែលជាទាល់តែល្ងាចបន្តិច ឬក៏យប់បន្តិច បានយើងដឹងថា តើអាចនឹងមានអីកើតឡើង? មានការជប់លៀង មានរបៀបជារាត្រីឆ្កែព្រូស ដូចជាធ្លាប់មានកន្លងមកដែរអត់»។
នៅថ្ងៃសៅរ៍នេះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួនបី ដែលចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងបីនោះរួមមាន ក្រុមអ្នកប្រជាធិបតេយ្យនិយមកណ្ដាល(CDI International) ក្រុមសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងក្រុមចុងក្រោយមកពីអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្ដមសេនីយ៍ គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ VOA នៅថ្ងៃសៅរ៍នេះថា ក្រោយការពិភាក្សានោះ លោករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ក្រុមអ្នកសារព័ត៌មាន ថា នឹងពុំមានឧបសគ្គណាមួយកើតឡើង ដែលនឹងរំខានដល់ការបោះឆ្នោតនាថ្ងៃអាទិត្យនេះឡើយ។
«សម្ដេចបានបញ្ជាក់ដែរថា ថ្ងៃស្អែកហ្នឹងសង្ឃឹមថា បរិយាកាសនៃការបោះឆ្នោតបាននឹងប្រព្រឹត្តទៅ ដោយរលូន ហើយនិងគ្មានស្អីយាយី រំខានទេ ហើយសម្ដេចបញ្ជាក់ថា នឹងទទួលបានជោគជ័យ»។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ លោក គៀត ចន្ទថារិទ្ធ បានបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចជាង៥ម៉ឺននាក់ បានត្រៀមរួចរាល់ សម្រាប់រក្សាសន្តិសុខដល់ការបោះឆ្នោត។ កម្លាំងទាំងនោះ នឹងផ្ដើមត្រៀមការពារសន្តិសុខចាប់ពីល្ងាចថ្ងៃសៅរ៍នេះ រហូតដល់ថ្ងៃអាទិត្យដែលជាថ្ងៃបោះឆ្នោត,ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាគ្រានេះ ត្រូវគេមើលឃើញថា ជាការសាកល្បងសមត្ថភាពរបស់លោក ហ៊ុន សែន ក្នុងនាមលោកជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានក្ដោបក្ដាប់ប្រទេសកម្ពុជាជាង៣០ឆ្នាំមកហើយ។
សម្រាប់លោក ហ៊ុន សែន ការបោះឆ្នោតនេះមិនអាចចាញ់បានទេ ព្រោះការចាញ់នៅលើកនេះបន្ទាប់ពីការធ្លាក់ប្រជាប្រិយភាពក្នុងឆ្នាំ២០១៣ វានឹងជាសញ្ញាគ្រោះថ្នាក់មួយចំពោះគណបក្សនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨៕