ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​កែ​សម្រួល​លក្ខន្តិកៈ​របស់​ខ្លួន​ទាក់ទង​នឹង​លក្ខខណ្ឌ​រំលាយ​ខ្លួន​ឯង


រូប​ឯកសារ៖ លោក​ ទាវ វណ្ណុល​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​  ផ្តល់​បទសម្ភាស​ដល់​​ VOA​ អំពី​វិសោធនកម្ម​ច្បាប់​ស្តី​អំពី​គណបក្ស​នយោបាយ​ នៅ​ទីស្នាក់​ការគណបក្ស​សង្គ្រោះជាតិ​, នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃទី​១៩​ ខែកក្កដា​​ ឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)
រូប​ឯកសារ៖ លោក​ ទាវ វណ្ណុល​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​  ផ្តល់​បទសម្ភាស​ដល់​​ VOA​ អំពី​វិសោធនកម្ម​ច្បាប់​ស្តី​អំពី​គណបក្ស​នយោបាយ​ នៅ​ទីស្នាក់​ការគណបក្ស​សង្គ្រោះជាតិ​, នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃទី​១៩​ ខែកក្កដា​​ ឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)

ក្រោយពី​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស​អាច​រំលាយ​ខ្លួន​ឯង​បាន ​ដោយ​សារ​លក្ខន្តិកៈ​នោះ ​គណបក្ស​ភ្លើង​ទៀន​បាន​កែ​សម្រួល​លក្ខន្តិកៈ​របស់​ខ្លួន​ទាក់​ទង​នឹង​លក្ខខណ្ឌ​រំលាយ​ខ្លួន​ឯង។

គណបក្ស​ភ្លើងទៀន ​ដែល​ជា​អតីត​គណបក្ស ​សម រង្ស៊ី ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​បានធ្វើ​សមាជ​វិសាមញ្ញប្តូរ​លក្ខន្តិកៈ​គណបក្ស​ដើម្បីសម្រួលឲ្យ​មាន​ការរំលាយ​ខ្លួនឯង ​ដោយ​ត្រូវការ​ការ​អនុម័ត​ត្រឹម​តែ​ការ​សម្រេចរបស់​គណៈ​កម្មការ​នាយក​ដោយសំឡេង​៥០%​បូក១​ប៉ុណ្ណោះ។

សមាជ​ប្តូរ​លក្ខន្តិកៈ​គណបក្ស​ភ្លើង​ទៀន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​គណបក្ស​សិទ្ធិ​មនុស្សបរាជ័យ​ក្នុង​ការ​រំលាយខ្លួន​ឯង​ ​កាលពី​ខែ​មករា ​ព្រោះក្រសួង​មហា​ផ្ទៃ​ប្រកាស​ថា ​គណ​បក្សសិទ្ធិ​មនុស្ស​មិន​ទាន់​អាច​រំលាយ​ខ្លួន​បាន ​ដោយ​សារ​ខុស​លក្ខន្តិកៈ​គណ​បក្ស​នេះ ​ដែល​បានចែង​ថា ​ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​ធ្វើ​ឡើង​ដោយ​សំឡេង​របស់​សមាជ​២​ភាគ​៣។​

លោក​ ទាវ វណ្ណុល ​ប្រធាន​គណបក្ស​ភ្លើងទៀន ​និង​បច្ចុប្បន្ន​នៅ​មាន​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ បាន​លើក​ឡើង​ថា ​គណបក្ស​ភ្លើង​ទៀន​បាន​រៀបចំ​សមាជ​វិសាមញ្ញ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​៦០​នាក់​ដើម្បី​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន ​និង​ប្តូរ​លក្ខន្តិកៈ​ដើម្បី​អាច​ឲ្យ​គណបក្ស​នេះ​រំលាយ​ខ្លួន​ឯង​បាន​ ដោយ​ត្រឹម​តែ​មាន​ការ​សម្រេចពី​គណៈ​កម្មការនាយក។ ​លោក​បន្ថែម​ថា ​ការ​ប្តូរ​លក្ខន្តិកៈ​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គណបក្ស​ភ្លើងទៀន​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​ដែល​ចង់​រំលាយ​ខ្លួន​ឯង។ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ នេះ​មិន​មែន​មាន​ន័យ​ថា ​គណបក្ស​ភ្លើង​ទៀននឹង​រំលាយខ្លួន​ឯង​ដូច​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ។

លោក​បញ្ជាក់​ថា៖

«ក្នុង​ប្រការ​៤៧​ហ្នឹង​គឺ​បាន​និយាយ​ថា​ ដើម្បី​រំលាយ​ខ្លួន​ឯង​បាន ​លុះត្រា​តែ​ធ្វើ​សមាជ​ ​អីចឹងគណបក្ស​ភ្លើង​ទៀនចង់​ប្តូរ​លក្ខន្តិកៈ​ហ្នឹង​ កែ​តម្រូវ​លក្ខន្តិកៈ​ហ្នឹង​ថា​ នៅ​ពេល​ណា​ដែល​ស្ថាន​ភាព​នយោបាយ​មិន​អំណោយ​ផល​ គណៈ​កម្មការ​នាយកមាន​សិទ្ធិ​នឹង​រំលាយ​គណបក្ស​ដោយ​សំឡេង​៥០%​បូក​១​ នឹង​អាច​រំលាយ​គណបក្ស​បាន»។​

លោក ​ទាវ វណ្ណុល ​បន្ថែម​ថា ​គណបក្ស​ភ្លើង​ទៀន​មិន​ទាន់សម្រេច​ជាក់លាក់​ណា​មួយ​ថា​នឹង​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ឬ​យ៉ាង​ណា​នៅ​ឡើយ។​

ការ​ប្រកាស​ធ្វើ​សមាជ​វិសាមញ្ញ​ដើម្បី​ប្តូរ​លក្ខន្តិកៈគណបក្ស​ភ្លើង​ទៀន​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​កាលពី​ថ្ងៃ​អាទិត្យ​ ដែល​បង្ហាញ​លទ្ធ​ផល​បណ្តោះ​អាសន្ន​ថា ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ទទួល​បាន​អាសនៈ​ទាំងអស់​ក្នុង​ព្រឹទ្ធសភា។​

លោក​ ទាវ វណ្ណុល ​ដែល​នឹង​អស់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ ​មាន​ប្រសាសន៍​ថា ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ថ្ងៃអាទិត្យ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ទាំង​អស់ ​គឺ​ជា​ការ​បោះឆ្នោត​ដែល​ធ្វើ​ឡើង​មិន​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ប្រជា​ពលរដ្ឋ​លោក​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ក្រុមប្រឹក្សា​៥.០០៧​នាក់ ​បូក​នឹង​តំណាងរាស្រ្ត​៥៥​រូប ​ដែល​ជា​អង្គ​បោះឆ្នោត​ម្សិលមិញ​នេះ។ ​ប៉ុន្តែ​ក្រុម​ប្រឹក្សា​៥០០៧​នាក់​បូករួម​ជាមួយ​នឹង​តំណាង​រាស្រ្ត​ចំនួន​៥៥​នាក់​នេះ​ត្រូវ​បាន​គេ​បំភ្លៃ​យក​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ អីចឹងមិន​ឆ្លុះ​បញ្ចាំង​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទេ»។​

កាលពី​ចុង​ខែមករា​ គណបក្ស​សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ កឹម សុខា ​បាន​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ ​ដោយ​ប្រកាស​រំលាយ​គណបក្ស​នេះ​ដោយ​ខ្លួន​ឯង ​ក្រោយ​ការ​សម្រេច​ជា​ឯកច្ឆន្ទទៅ​តាម​សម័យ​ប្រជុំ​នៃ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ ខណៈ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល។ ​ប៉ុន្តែ​ក្រសួង​មហា​ផ្ទៃ​បាន​ជូន​ដំណឹង​ត្រឡប់ទៅ​គណបក្ស​នេះ​វិញ​ថា ​គណបក្ស​នេះមិន​ទាន់អាច​រំលាយ​ដោយ​ខ្លួន​ឯង​នៅ​ឡើយ ​ដោយ​ថា គណបក្ស​សិទ្ធិ​មនុស្ស​អាច​រំលាយ​ដោយ​ខ្លួន​ឯង​បាន ​លុះ​ត្រា​តែ​អនុវត្ត​តាម​ការ​រំលាយ​គណបក្ស​ដោយ​សមាជ​ដែល​មាន​សំឡេងយល់ព្រម​សមាជិក​២​ភាគ​៣។

លោក​នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ ​បាន​ប្រាប់​ VOA ​ថា ​ក្រសួង​មហា​ផ្ទៃ​នឹង​ពិនិត្យ​មើលលក្ខន្តិកៈ​គណបក្ស​ភ្លើង​ទៀន​ ដើម្បី​សម្រេច​ថា ​ការ​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ព្រឹក​នេះ​ស្រប​តាម​ច្បាប់ ​ឬ​អត់។ ​លោក​បន្ថែម​ថា ​ប្រសិន​បើ​សមាជ​របស់​គណបក្ស​ភ្លើងទៀនធ្វើ​ឡើង​ដោយ​មិន​ស្រប​តាម​លក្ខន្តិកៈ​គណបក្ស​របស់​ខ្លួន ​នោះ​ក្រសួង​នឹង​ជូន​ដំណឹង​ឲ្យ​គណបក្ស​នោះ​រៀបចំ​សមាជ​ឡើង​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​

«សំខាន់​យើង​ពិនិត្យ​មើល ​អ្វី​ដែល​គាត់​បានធ្វើ​ហ្នឹង​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​ដែល​តម្កល់​ទុក​ ឬ​អត់?​ ឧទាហរណ៍​ថា ​លក្ខខណ្ឌ​ដែលតម្កល់​ទុក​មុន ​ត្រូវ​ធ្វើ​សមាជ​ដោយ​មតិ​ភាគ​ច្រើនអី​អីចឹងទៅ ​ស្រាប់តែ​លើក​នេះ ​គាត់ធ្វើ​សមាជ​នៃ​មតិ៥០​បូក​១​ វា​ខុស​ហ្នឹង​អាត​ម្កល់​ទុក​មុន​ហ្នឹង​បាត់​ទៅ​ហើយ។​ ដូច្នេះ​យើង​ធ្វើ​ម៉េច​កែ​អា​តម្កល់​ទុក​មុន​ហ្នឹង​សិន»។​

កាល​ពី​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ឆ្នាំ​២០០៨ ​គណបក្ស ​សម រង្ស៊ី ​ដែល​ជា​អតីត​គណបក្ស​ជាតិ​ខ្មែរ ​ឈ្នះ​បាន​អាសនៈ​ចំនួន​១១​ក្នុង​ចំណោម​អាសនៈ​ព្រឹទ្ធសភា​សរុប​ចំនួន​៦១។​ នៅ​ឆ្នាំ​២០១៧​ គណបក្ស​សម រង្ស៊ី​បាន​សម្រេច​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ភ្លើង​ទៀន​វិញ ក្រោយ​មាន​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ហាម​មិន​ឲ្យ​ប្រើ​ឈ្មោះ​បុគ្គល​ធ្វើ​ជា​ឈ្មោះ​គណបក្ស។​

កាល​ពី​ឆ្នាំ​២០១២​ លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស សម រង្ស៊ី ​និង​លោក ​កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​បាន​សម្រេច​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​គណបក្ស​សង្រ្គោះជាតិ ​ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ។ ​ក្រោយ​ការ​ច្របាច់​បញ្ចូល​នៃ​គណបក្ស​ទាំង​ពីរ​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ​រហូត​ដល់​ទៅ​ជាង​៤០​ភាគ​រយ​ កាលពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​គេ​រំពឹង​ថា ​គណបក្ស​សិទ្ធិ​មនុស្ស ​និង​គណបក្ស​ភ្លើងទៀន​អាច​ជា​គណបក្ស​ដែល​ចូល​រួម​ការបោះឆ្នោតនា​ខែ​កក្កដា​ខាងមុខ​ ប្រសិនគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​មិន​អាច​មាន​ឱកាស​ត្រឡប់​មក​ចូល​រួម​ការ​បោះឆ្នោត​វិញ​បាន៕

XS
SM
MD
LG