ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ថា គណបក្ស​សិទ្ធិ​មនុស្ស​មិន​ទាន់​អាច​​រំលាយ​ខ្លួន​ឯង​នៅ​ឡើយ​ទេ


រូបឯកសារ៖ លោក ​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅកាន់​​មន្រ្តី​ប៉ូលិស ​និង​អភិបាល​ខេត្ត​នានា​ក្នុង​ការ​ប្រជុំ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។​ (VOA)
រូបឯកសារ៖ លោក ​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅកាន់​​មន្រ្តី​ប៉ូលិស ​និង​អភិបាល​ខេត្ត​នានា​ក្នុង​ការ​ប្រជុំ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។​ (VOA)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថា​ គណបក្ស​សិទ្ធិ​មនុស្ស ​ត្រូវ​ធ្វើ​សមាជ​បក្ស​​ប៉ុន្តែ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ​ថា លោក​បាន​ធ្វើ​សមាជ​សម្រេច​កាល​ពី​៥​ឆ្នាំ​កន្លង​ទៅ​រួច​ហើយ។

ក្រសួង​មហាផ្ទៃ​បាន​ជូន​ដំណឹង​ទៅ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ថា គណបក្ស​នេះ​អាច​រំលាយ​ដោយខ្លួន​ឯង​បាន​ដោយ​ត្រឹមត្រូវ​ លុះ​ត្រូវ​តែ​អនុវត្ត​តាមការ​រំលាយ​គណបក្ស​ដោយ​សមាជដែល​មាន​សមាជិក២​ភាគ​៣​នៃ​គណបក្ស​ទាំងមូល។ ​

សេចក្តី​ជូនដំណឹងមួយ​ច្បាប់​ចេញ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ ​ដោយ​លោក ស ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ផ្ញើ​ជូន​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្សបញ្ជាក់​ថា ក្រោយពី​បាន​ទទួល​លិខិត​របស់លោក សឺន ស៊ូប៊ែរ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ស្តី​ពី​ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្សដោយ​ខ្លួន​ឯង ក្រសួង​មហាផ្ទៃ​ពិនិត្យ​ឃើញ​ថា គណបក្ស​នេះបាន​ប្រើ​នីតិវិធី​មិន​ត្រឹមត្រូវ​ក្នុង​ការ​រំលាយ។ ក្រសួង​បានស្នើ​ឲ្យ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ អនុវត្ត​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​ឲ្យ​បាន​ត្រឹមត្រូវ។

សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖ «ផ្អែក​តាម​បទប្បញ្ញត្តិ​មាត្រា​៣៣ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស​សិទ្ធិមនុស្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ សូម​ស្នើ​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស​អនុវត្ត​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ប្រការ​៥០(ថ្មី)​ កថាខណ្ឌ​ទី២ នៃ​លក្ខន្តិកៈ​គណបក្ស​សិទ្ធិមនុស្ស ដែល​បាន​ចែង​ថា៖ «រួច​ដាក់​ជូន​សមាជ ដើម្បី​សុំ​ការ​អនុម័ត​តាម​សំឡេង​គាំទ្រ​ភាគច្រើន ២/៣ នៃ​សមាជិក​ដែល​មាន​សិទ្ធិ​សម្រេច​របស់​អង្គ​សមាជ​ទាំង​មូល»។

រូបឯកសារ៖ លោក សឺន ស៊ូប៊ែ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ចូលរួម​ជា​វាគ្មិន​ពិភាក្សា​ក្នុង​កម្មវិធី​ Hello VOA មួយ កាលពី​ថ្ងៃ​ច័ន្ទ ទី១៧ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក សឺន ស៊ូប៊ែ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ចូលរួម​ជា​វាគ្មិន​ពិភាក្សា​ក្នុង​កម្មវិធី​ Hello VOA មួយ កាលពី​ថ្ងៃ​ច័ន្ទ ទី១៧ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សឺន ស៊ូប៊ែរ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​អាទិត្យ បានផ្ញើ​លិខិត​មួយ​ច្បាប់ទៅរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ អំពី​ការ​រំលាយចោលគណបក្សសិទ្ធិ​មនុស្ស ដោយបញ្ជាក់​ថា គណបក្ស​សិទ្ធិ​មនុស្ស​បាន​សម្រេច​ជា​ឯកច្ឆន្ទរំលាយ​ខ្លួន​ឯង ចាប់ពី​ថ្ងៃ​ចេញ​លិខិត​នេះ​តទៅ​ ទៅ​តាម​សម័យ​ប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍។

នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ VOA ថា ក្រសួង​មហាផ្ទៃ​រក​ឃើញ​ថា ការ​ប្រកាស​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​ដោយ​ខ្លួនឯង ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់​ខ្លួន។ លោក​បន្ថែម​ថា គណបក្ស​សិទ្ធិ​មនុស្ស​អាច​ត្រូវ​បាន​រំលាយ លុះ​ត្រា​តែ​ពួកគេ​រំលាយដោយ​សមាជ​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​គណបក្ស​របស់​ពួកគេ។​ ​

លោក​មាន​ប្រសាសន៍​ថា៖

«យើង​មើល​ទៅ​វា​មិន​ទាន់​ឃើញ​មាន​ថា​បាន​ដាក់​ឆ្លង​សមាជ​ជា​អី​ផង មាន​តែ​ប្រជុំ​គណៈ​នាយក គណៈ​នាយក​ម៉េច​នឹង​ធំ​ជាង​សមាជ? ត្រូវ​ឆ្លង​កាត់​សមាជ មាន​២ភាគ៣​នៃ​សមាជ សមាជ​វា​ទូទាំង​ប្រទេស គណៈ​នាយក​ប៉ុន្មាន​រយ​នាក់​ហ្នឹង ឧទាហរណ៍​អញ្ចឹង។ បក្ស​ហ្នឹង​នៅ​តែ​រស់រាន​មាន​ជីវិត​ដដែល មិន​ទាន់​ត្រូវ​បាន​រំលាយ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ»។

រូបឯកសារ៖ លោក កឹម សុខា នៅពេល​លោក នៅ​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស។
រូបឯកសារ៖ លោក កឹម សុខា នៅពេល​លោក នៅ​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស។

គណបក្ស​សិទ្ធិ​មនុស្ស​ជា​គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​រង​ការ​ចោទ​ថា លោក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​បាន​គេ​ដឹង​ថា ​អាច​ជា​គណបក្ស​មួយ​ដែល​នឹង​ចូល​រួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដាខាង​មុខ ប្រសិនគណបក្សសង្គ្រោះជាតិដែល​ទើប​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​កន្លង​ទៅ​ មិន​អាច​មាន​លទ្ធភាព​ត្រឡប់​មក​ចូល​រួមការ​បោះឆ្នោត​វិញ​បាន។

លោក សឺន ស៊ូប៊ែរ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​បាន​ធ្វើ​សមាជ​កាល​ពី​៥​ឆ្នាំ​មុន​ដោយ​កំណត់​ថា គណបក្ស​សិទ្ធិ​មនុស្ស​នឹង​ត្រូវ​រំលាយ​នៅ​ពេល​ដែល​សមាជិក​គណបក្ស​សិទ្ធិ​មនុស្ស​ទាំងអស់​ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ក្នុង​ឆ្នាំ​២០១៧។

លោក​ សឺន ស៊ូប៊ែរ បញ្ជាក់​ថា៖

«កាល​ហ្នឹង​ប្រជុំ​ធំ​មែន​ទែន។ កាល​ហ្នឹង​ផ្ទេរ​ពី​ឯកឧត្តម កឹម សុខា មក​ខ្ញុំ ហើយ​កំណត់តួនាទី​តែទាំងអស់​ហ្នឹង ថា​ល្គឹក​ណា​ដែល​យើង​មិន​ទាន់​បាន​បញ្ចូល​សកម្មជន ជា​ពិសេស​ឃុំ​សង្កាត់​ហ្នឹង​ទៅ​សង្គ្រោះជាតិ​ ពួកហ្នឹង​នៅ​ជួរ​សិទ្ធិ​មនុស្ស​នៅ​ឡើយ យើង​បញ្ចូល​សង្គ្រោះជាតិ​ ដល់​ពេល​យើង​បញ្ចូល​ហើយ​យើង​អស់​តួនាទី​ហើយ»។

លោក សឺន ស៊ូប៊ែរ បន្ថែម​ថា លោក​នឹង​មិន​ធ្វើ​សមាជ​ណាមួយ​តាម​ការ​ស្នើ​របស់​ក្រសួង​មហាផ្ទៃ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«បើ​ចង់​ថា​ឲ្យ​យើង​ធ្វើ​សមាជ​មួយ​ទៀត​មាន​តែ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិឡើងវិញ ឲ្យ​យើង​ស្រង់​សមាជិក​គណបក្ស​សិទ្ធិមនុស្ស​មក​ធ្វើ​សមាជ​សិន។ យ៉ាងម៉េច​ក៏​ដោយ​ បើ​ក្រសួង​មហាផ្ទៃ​នៅ​ចង់ទុក​តទៅ​ទៀត ពួកយើង​ខ្ញុំ​ក៏​អត់​ធ្វើ​សកម្មភាព​អី​ដែរ បើ​ចង់​រក្សា​ទុក​ក៏បាន​ ប៉ុន្តែ​យើង​អស់​តួនាទី​អី​ទៀត​ហើយ»។

ការ​សម្រេច​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​កំពុង​និរទេស​ខ្លួន​ឯ​បរទេស ​ប្រកាស​បង្កើត «ចលនា​សង្គ្រោះ​ជាតិ» ជា​ផ្លូវ​ការ​ និង​ស្រប​ពេល​ដែល​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ទៀត​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

​ក្នុង​ពិធី​ប្រកាស​ដំណើរការ «ចលនា​សង្រ្គោះជាតិ» ជា​ផ្លូវការ​ពី​ទីក្រុង​ឡុងប៊ិច សហរដ្ឋ​អាមេរិក អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​បង្កើត​ចលនា​នយោបាយ​ថ្មី​មួយ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​រស់​ឡើង​វិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា។

បើ​តាម​មន្រ្តី និង​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​ដែល​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​មួយ​ចំនួនលើក​ឡើង​ថា គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​សម្រេច​រំលាយគណបក្សនេះ ដើម្បី​បញ្ជាក់​ពី​ជំហរ​នៃ​ការ​រួបរួម​ក្រោម​ស្លាក​គណបក្ស​សង្រ្គោះ​ជាតិ​តែមួយ មិន​មាន​ការ​បែកបាក់​របស់​អ្នក​ប្រជាធិបតេយ្យ​ និង​គោរព​ឆន្ទ:​របស់​ប្រជាពលរដ្ឋ​ និង​ម្ចាស់​ឆ្នោត​ជាង​៣លាន​នាក់​ដែល​នៅ​ជាមួយ​គណបក្ស​សង្រ្គោះជាតិ។

គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក កឹម សុខា កាលពី​ឆ្នាំ​២០០៧។ កាល​ពី​ឆ្នាំ​២០១២ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ដែល​ពេល​នេះ​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន និង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស សម្រេច​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​គណបក្ស​សង្រ្គោះជាតិ ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង​៣០ឆ្នាំ៕

XS
SM
MD
LG