ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ការពារ​សេចក្តី​ប្រកាស​ដែល​រង​ការ​រិះគន់​ពី​អ្នកប្រើប្រាស់​អ៊ីនធើណិត


រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

មន្ត្រី​ក្រសួង​មហាផ្ទៃ​​ថ្លែង​ការពារ​ប្រកាស​អន្តរ​ក្រសួង​ចំនួន​បី​ដែល​​តាម​ដាន ​និង​ចាត់​វិធាន​ការ​លើ​ខ្លឹមសារ​នៃ​ការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធើណិត​ ដោយ​និយាយ​ថា ​ក្រសួង​មិនអាច​លុប​ច្បាប់នេះ​ចោល តាម​ការអំពាវនាវ​របស់​អ្នករិះគន់​ និង​សង្គមស៊ីវិល​ជាង​​១០០​នោះ​បាន​ទេ។ ​​​មន្ត្រីជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​យល់ថា​ ​ប្រកាស​នោះ​មិនទាន់​មាន​ឥទ្ធិពល​ជា​អវិជ្ជមាន​លើ​អ្នកប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធើណិត​នៅ​ឡើយ។

បន្ទាប់​ពី​មាន​ការ​ស្នើ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​១០០​ឲ្យ​ក្រសួង​ចំនួន​បី​លុបចោលប្រកាស​ដែល​រង​ការរិះគន់​ពីអ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​ថា​ ​បាន​រឹតបន្តឹង​ខ្លាំងលើ​សិទិ្ធ​សេរីភាព​បញ្ចេញ​មិតិ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ ពិសេស​គឺ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​ ​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ការពារ​រក្សា​ទុក​ប្រកាស​នេះ​ដដែល។​

កាល​ពី​ថ្ងៃ​សុក្រ​ ​អង្គការ​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ រួម​ជាមួយ​សហគមន៍​ សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង១០០បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ដោយ​បាន​«សម្តែង​ក្តី​កង្វល់​ជា​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ប្រកាស​របស់​រាជ​រដ្ឋាភិបាល​ចុង​ក្រោយដើម្បី​បង្កើន​ការ​ឃ្លាំមើល​ ការ​ត្រួត​ពិនិត្យ​ និង​ការ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​ដោយអាជ្ញាធរ​រដ្ឋ​ ទៅ​លើ​ការ​សម្តែង​មតិ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​នៅ​កម្ពុជា​ ​ដែល​ជាការ​រំលោភ​បំពាន​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។​

លោក​នាយឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះថា ​ប្រកាស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ល្អ​ ហើយ​ថា​ ​មក​ដល់​ពេល​នេះមិន​មាន​ជនណា​ម្នាក់​បាន​រង​ហានិភ័យ​ពី​ប្រកាស​នេះ​នៅ​ឡើយ​ទេ។​

«ចំពោះ​ការនិរាករណ៍​គឺ​នែ៎​ ​ដូចជា​ ខ្ញុំ​គិតថា​ វាមិន​ទាន់​មាន​ហានិភ័យ​អី​ចំពោះ​ការ​ប្រើ​ប្រាស់​ សង្គម​ បណ្តាញ​សង្គមយើង​ទេ​ ព្រោះ​ថា​ ចាប់​តាំង​ពី​ប្រកាស​ហ្នឹង​ចេញ​ទៅ​ ​ដូចជាបណ្តាញ​សង្គម​នៅតែ​ដំណើរការ​ធម្មតា។​ ហើយ​ព័ត៌មាន​ខ្លះ​ដែលថា ​ប្រុង​នឹង​កើត​ឡើង​ ​ដែល​ថា​ជា​ព័ត៌មាន​អកុសល​ ឬ​ក៏​ព័ត៌មាន​ក្លែងក្លាយ​អីហ្នឹង​ ក៏ដូច​ជា​មិន​សូវមាន​ឃើញ​ដែរ។ ​ដូច្នេះ​ ខ្ញុំ​គិត​ថា​ ​ប្រកាស​ហ្នឹង​មាន​ប្រសិទ្ធ​ភាព​ល្អសម្រាប់​បម្រើ​សង្គម»។​

ប្រកាស​អន្តរ​ក្រសួង​របស់​ក្រសួង​ព័ត៌មាន​ ​ក្រសួង​មហា​ផ្ទៃ​ ​និង​ក្រសួង​ប្រៃសណីយ៍​ ​ចេញ​ កាល​ពី​ថ្ងៃ​ទី២៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​ហើយ​ដែល​ទើប​ត្រូវ​បាន​ផ្សព្វ​ផ្សាយកាលពី​ថ្ងៃ​ច័ន្ទ បាន​ឲ្យ​ដឹង​ថា​ ​ប្រកាស​នេះ​មាន​គោល​បំណង​គ្រប់​គ្រង​ការផ្សព្វ​ផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន​ ​ឬ​សារ​ជា​អក្សរ​ ​សំឡេង​ ​រូបភាព​ វីដេអូ​ ​និង​/​ឬ​ ​ទម្រង់​ផ្សេងៗ​ទៀត​ ​តាម​គេហ​ទំព័រ ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម ​ដែល​ដំណើរ​ការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ ​ឲ្យ​ស្រប​តាម​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ​ ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ព័ត៌មាន​ ​និង​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន។​

ប្រការ​៤​នៃ​ប្រកាស​អន្តរ​ក្រសួង​ដែល​មាន​១០​ប្រការ​នោះ​បន្ថែម​ថា​ ​ដើម្បី​ធានា​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ​ក្រសួង​ព័ត៌មាន​ ​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍​ត្រូវ​ចាត់​តាំង​ជំនាញ​ជា​សេនា​ធិការ​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​កិច្ច​សហការ​ធ្វើ​ការ​តាម​ដាន ​សិក្សា​ ​ស្រាវជ្រាវ​ ​ស្វែងរក​ ​ការ​ធ្វើ​អាជីវកម្ម​ ​និង​ការ​ផ្សព្វ​ផ្សាយ​ល្មើស​ច្បាប់​តាម​គេហ​ទំព័រ​ ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ​ដើម្បី​ចាត់​វិធាន​ការ​តាម​នីតិ​វិធី។​

ប្រកាស​អន្តរ​ក្រសួង​ត្រង់​ប្រការ​៥​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ស្ថាប័ន​ ​អង្គភាព​ជំនាញ​នីមួយៗត្រូវ​បំ​ពេញ​កាតព្វ​កិច្ច​ តាម​ភារ​កិច្ច​រៀងៗ​ខ្លួន​ ​និង​ត្រូវ​សហការ​គ្នា​ និង​/​ឬ​ ​សហការ​ជា​មួយ​ក្រសួង​ ​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត ​ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំង ​ទប់​ស្កាត់​ការ​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន​ ​ឬ​សារ ​ជា​អក្សរ​ ​សំឡេង​ ​រូបភាព ​វីដេអូ ​និង​/​ឬ ​ទម្រង់​ផ្សេងៗ​ទៀត ​ដែល​មាន​ចេតនា​បង្កភាព​ចលាចល​ ដែលអាច​បណ្ដាល​ឲ្យ​អន្ដរាយ​ដល់​វិស័យ​ការពារ​ជាតិ​ ​សន្ដិសុខ​ជាតិ​ ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ដទៃ​ ​សេដ្ឋកិច្ច​ជាតិ​ ​សណ្ដាប់​ធ្នាប់​សាធារណៈ​ ​ការ​រើសអើង​ ​និង​វប្បធម៌ ប្រពៃណី​ជាតិ»។

ប្រកាស​របស់​អន្តរ​ក្រសួង​ដដែល​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ទាំង​អស់​បំពាក់​ឧបករណ៍​គ្រប់​គ្រង​ទិន្នន័យ ​«ដើម្បី​សម្រួល​ក្នុង​ការ​ច្រោះ ​ឬ​រាំងខ្ទប់​ចំពោះ​គេហ​ទំព័រ​ ​គណនី ​ឬ​ទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែល​ធ្វើ​អាជីវកម្ម​ ​និង​/ឬ​ការ​ផ្សព្វ​ផ្សាយ​ខុស​ច្បាប់»។​ លើស​ពី​នេះ​ទៀត ​ក្រសួង​មហា​ផ្ទៃ​មាន​សិទ្ធិ​ក្នុង​ការ​ស្រាវជ្រាវ ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្វី​ដែល​សមត្ថកិច្ច​យល់​ថា​ ជា​អំពើ​ល្មើស។​

ដោយ​មាន​ក្តី​បារម្ភ​ថា​ ប្រកាស​នេះ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​ក្នុង​វិសាល​ភាព​ធំធេង​តាម​ប្រព័ន្ធ​អ៊ីន​ធើណិត​នោះ​ ​អង្គការ​លីកាដូ​ ព្រម​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​ជាង​១០០​ផ្សេង​ទៀត​បាន​ចាត់​ទុក​ថា​ ប្រកាស​អន្តរ​ក្រសួង​នេះ​បង្ហាញ​ពី​ផល​ប៉ះពាល់ជា​ខ្លាំង​ដល់​សិទ្ធិ​ផ្ទាល់​ខ្លួន និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​

អង្គការ​លីកាដូ​ ព្រម​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍ថា​ ​សេរីភាព​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នេះ​អាច​ត្រូវ​បាន​កម្រិត​ ដោយ​កត្តា​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សន្តិសុខ​ជាតិ​ ប៉ុន្តែ​ករណី​នេះ​អាច​ធ្វើ​ទៅបាន​តែ​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ ចាំបាច់​ និង​សមហេតុ​ផល​តែ​ប៉ុណ្ណោះ។​

អង្គការ​លីកាដូ​ ព្រម​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​ដដែល​នោះ​បានថ្លែង​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ប្រកាស​នេះ​បង្ហាញ​ពីការ​រឹតត្បិត​ហួសហេតុ​ ដោយ​មិន​សម​ហេតុផល​ ទៅ​លើ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា។​ ​ដូច្នេះ ​យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ ដែល​មាន​រាយនាម​ដូច​ខាងក្រោម សូម​សំណូម​ពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋ​ធ្វើ​និរាករណ៍​ប្រកាស​នេះ​វិញ»។​

លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ មាន​ប្រសាសន៍ថា ​ក្រសួង​ទាំង​បី​របស់​រដ្ឋាភិបាល​គួរ​ពិចារណាលើ​ប្រតិកម្ម​របស់​ក្រុម​សង្គម​ស៊ីវិល​ ដើម្បី​រក្សា​បាន​នូវ​ការ​គាំទ្រ​របស់​ពលរដ្ឋ​ចំពោះ​ដំណើរ​ការ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ។​

«ខ្ញុំ​ ខ្ញុំ​គិត​ថា​ នៅ​ប្រកាស​អន្តរ​ក្រសួង​នេះ​ វា​ប្រឈម​ដែរ​ សម្រាប់​ពលរដ្ឋ​ដែល​ហ៊ាន​បញ្ចេញ​ទសន្សៈ​របស់​ខ្លួន​ នៅលើ​ទំព័រ​បណ្តាញ​សង្គម​នានា​ ហើយ​ប្រសិន​បើរដ្ឋាភិបាល​មិន​គិត​អំពី​សេរី​ភាពនេះ​ទេ​ ខ្ញុំគិត​ថា​ ​នឹង​មាន​ការ​រិះគន់ ​ឬ​ការណ៍​មាន​ការ​ មិន​ពេញ​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​ ហើយ​និង​វាបា​ត់​...រដ្ឋាភិបាល​គាត់​បាត់​ការ​គាំទ្រ​ពីប្រជា​ពលរដ្ឋ​ដែរ​ទៅលើ​សេចក្តី​ស្នើច្បាប់ក្នុង​ការ​គាំទ្រ​ អន្តរាគមន៍​ អន្តរ​ក្រសួង​ទាំងបី​បាន​ចេញ ​កាល​ពី​ថ្មី​ៗ​នេះ ហើយ​វាអត់មាន ខ្ញុំ​គិត​ថា​ វា​អត់​មាន​ផល​ចំណេញ​ច្រើន​សម្រាប់​រដ្ឋាភិបាល​ទេ​»។

នាយឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ យល់​ថា​ រាល់​មតិ​នានា​រប​ស់​សង្គម​ស៊ីវិល​គ្រាន់តែ​ជា​ឥរិយាបទ​នៃ​ការ​រិះគន់​ ដែល​ធ្លាប់​មាន​មក​លើ​រដ្ឋាភិ​បាល។ ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ រដ្ឋាភិបាល​ពិបាក​ផ្គាប់ចិត្ត​ក្រុម​ជំទាស់។

«បាទ​ហ្នឹង​គិត​ថា​ អា​ហ្នឹង​ហើយ​វា​ យើង​វា​ធ្វើ​អី​ទៅ​ តែងតែ​ប៉ះដល់​គាត់​ហើយ​ ប៉ុន្តែ​មិន​ដែល​ឮ​គាត់​ប្រឆាំង​ ឬ​ក៏​ជំទាស់​ទៅ​ហ្នឹង​អ្នក​ណា​ ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ ហើយ​ក្លែងក្លាយ​ព័ត៌មាន។​ ឧទាហរណ៍​ ចំ​ពេល​ដែល​សម រង្ស៊ី​ប្រមាថ​ព្រះ​មហា​ក្សត្រ​ គាត់​អត់​មាន​ទៅនែ៎​ គាត់​អត់មាន​ទៅ​ប្រឆាំង​ សម រង្ស៊ី​ឯ​ណា? ​គាត់​នៅ​ស្ងៀម។​ បាន​សេចក្តី​ថា​ ដូច្នេះ​អ្វី​ដែល​គាត់​លើក​ឡើង​នោះ​គ្រាន់​តែ​ជា​តួនាទី​ និង​ភារកិច្ច​របស់​គាត់​ ក្នុង​នាម​គាត់​ដែល​ទទួល​ការ​បីបាច់​ថែ​រក្សា​ពី​បរទេស​ប៉ុណ្ណឹង​ឯង​ទេ»។​

យ៉ាងណា​ក៏ដោយ​ ​ អង្គការ​លីកាដូ​ ព្រមជាមួយ​ក្រុម​សង្គម​ស៊ីវិល​ជាង​១០០​ នៅ​តែ​មើល​ឃើញ​ថា​ បទ​បញ្ញត្តិនេះ​ត្រូវប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​ និង​ដាក់​ទោស​អ្នក​បង្ហោះ​ព័ត៌មាន​ ឬចែក​ចាយ​ព័ត៌មាន​បន្ត​លើ​ប្រព័ន្ធ​អ៊ីនធើណិត​ ដែល​មាន​ការ​រិះគន់​រាជរដ្ឋាភិបាល​ ឧទាហរណ៍​ដូច​ជា​ ផល​ប៉ះ​ពាល់​សង្គម​ និង​បរិស្ថាន​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឧស្សាហ​កម្ម​រ៉ែ​ ​ការ​សាងសង់​ និង​គម្រោង​ពាណិជ្ជ​កម្ម​ផ្សេង​ទៀត​ ជាដើម។ ​អាជ្ញាធរ​បាន​បញ្ជាក់​ច្បាស់​ហើយថា​ ពួក​គេអាច​នឹង​ដាក់​ទោស​លើ​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​របស់​បុគ្គល​នានា។ ​ប៉ុន្តែ​ប្រកាសនេះ​អាចត្រូវ​បាន​បកស្រាយ​ក្នុង​ន័យ​ទូលាយ​ផ្សេង​ទៀត​ ហើយ​ក៏អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជា​លក្ខណៈ​ឯក​ជន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត​ផង​ដែរ៕

XS
SM
MD
LG