នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃច័ន្ទនេះ បានអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ បញ្ឈប់ការបញ្ចេញមតិផ្សព្វផ្សាយ និងនិយាយរឿងអាស្រូវរបស់អតីតចៅអធិការវត្តមួយអង្គក្នុងខេត្តបន្ទាយមានជ័យ ក្រោយពីវីដេអូដែលបង្ហាញថា អតីតសង្ឃរូបនេះកំពុងឆាន់ពោតស្ងោរ និងប្រលែងជាមួយស្រីក្មេង ត្រូវបានគេតិះដៀលពេញបណ្តាញសង្គមហ្វេសប៊ុក។
ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ លោក ហ៊ុន សែន បានលើកឡើងថាដើម្បីរក្សាតម្លៃរបស់ស្ត្រីខ្មែរ និងការពារព្រះពុទ្ធសាសនានៅកម្ពុជា លោកស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយរឿងអាស្រូវស្នេហារបស់ អតីតចៅអធិការវត្តមួយអង្គដែលឆាន់ពោតស្ងោរជាមួយអាការៈស្រើបស្រាល ពេលនៅជាមួយស្រីក្មេង។ លោកបន្តថា រឿងរ៉ាវអាស្រូវមួយនេះត្រូវបានគេចែករំលែក និងបញ្ចេញមតិខុសៗ វាយប្រហារទាំងអតីតព្រះសង្ឃ និងស្ត្រីដែលគេចោទថា មានទំនាក់ទំនងជាមួយអតីតព្រះសង្ឃរូបនោះ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងន័យដើមថា៖
«រឿងដែលកើតឡើងនៅបន្ទាយមានជ័យ អារឿងបញ្ហាពោតស្ងោរ ពោតដុតនេះ! ខ្ញុំសូមអំពាវនាវឱ្យបញ្ចប់រឿងនេះបានទេ ដើម្បីការពារនូវតម្លៃរបស់ព្រះពុទ្ធសាសនា និងការពារនូវតម្លៃរបស់ស្ត្រីខ្មែរ។ រឿងមនុស្សតែពីរនាក់សោះបង្កើតរញ្ជួយមេឃ រញ្ជួញផែនដី ធ្វើឱ្យពោតឡើងថ្លៃ ធ្វើឱ្យពោតចុះថ្លៃ។ រឿងនេះគឺជារឿងមិនសមហេតុផលទាល់តែសោះហើយ! មិនសមហេតុផលទាល់សោះហើយ»។
នៅដើមខែមិថុនានេះ វីដេអូខ្លីមួយដែលបង្ហាញពីព្រះសង្ឃមួយអង្គឆាន់ពោតស្ងោរ និងបង្ហាញអាការៈស្រើបស្រាល ដាក់ស្រី្តវ័យក្មេង ត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ជាមួយហ្នឹងការនិន្ទា តិះដៀល និងជេរស្តី ទាំងស្ត្រីរូបនោះនិងអតីតសង្ឃ។ ក្រោយមកអ្នកទាំងពីរត្រូវបានគេរាយការណ៍ថា ឈ្មោះថា ស្រិល វណ្ណា ជាចៅអធិការវត្តភ្នំបាក់លើ ក្នុងខេត្តបន្ទាយមានជ័យ ហើយវីដេអូនោះត្រូវបានថត និងបង្ហោះដោយស្ត្រីឈ្មោះ លីតា ដែលចោទថា អតីតសង្ឃរូបនោះបានបៀតបៀនផ្លូវភេទលើខ្លួន ហើយរត់គេច។ អតីតព្រះសង្ឃរូបនោះត្រូវបានចាប់ផ្សឹកនៅប៉ុន្មានថ្ងៃក្រោយមក និងរងបណ្តឹងថា បានរំលោភស្ត្រី ឈ្មោះលីតា បើទោះជាអតីតសង្ឃនោះច្រានចោលក៏ដោយ។
រឿងរ៉ាវអាស្រូវដ៏ក្រក្រើកពេញហ្វេសប៊ុក ដែលបានរសាយបាត់ទៅនោះ ត្រូវបានកក្រើកសារជាថ្មីកាលពីចុងសប្តាហ៍កន្លងទៅ ក្រោយពីមន្ត្រីយោធាពីររូបដែលជាមានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដ៏ល្បីល្បាញផង បានធ្វើកិច្ចសម្ភាសន៍លោក ស្រិល វណ្ណា និងស្ត្រីឈ្មោះ លីតា។
នៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន បានព្រមានដកតំណែងមន្ត្រីយោធាទំាងពីររូបនោះគឺ លោក ផែង វណ្ណៈ និងលោកខាន់ ចាន់សុផល ដោយចោទថា បានបញ្ឆេះបញ្ហានេះឡើងវិញ និងធ្វើឱ្យមានភ្លើងកំហឹងរវាងលោកស្រិល វណ្ណា និងស្ត្រីឈ្មោះលីតា តាមរយៈកិច្ចសម្ភាសន៍ពីរផ្ទុយគ្នា។ លោកថា មន្ត្រីទាំងពីរបានដើរតួជាតុលាការកាត់សេចក្តី និងបានប្រើប្រាស់ពាក្យអសុរោះផងដែរ។
«ហ្អេ! បើថា ស៊ីវិលទៅខ្ញុំមិនថា ទេ! តែមន្ត្រីយោធា មន្ត្រីយោធា! ហេតុអ្វីបានទៅធ្វើរឿងហ្នឹងកើត? អីចឹង ខ្ញុំប្រដៅហើយ នេះមិនមែនជាសិទ្ធិបញ្ចេញមតិទេណា! អ្នកឯងបង្កើតរឿង អ្នកបំពានទៅលើសេរីភាពរបស់អ្នកដទៃផង ព្រោះវា អីចេះ បើលោក ផែង វណ្ណៈទៅកាន់ជើងលោកសង្ឃ មិនទៅបំពានខាងស្រី? ហើយដល់លោក ខាន់ ចាន់សុផល ទៅកាន់ជើងខាងស្រី មិនបំពានខាងលោក?»
នេះមិនមែនជាលើកទីមួយនោះទេ ដែលរឿងអាស្រូវ ឬបញ្ហានានាត្រូវបានគេចែកចាយព្រមជាមួយការតិះដៀល ចំអក និងកាត់សេចក្តីពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេស៊ុក។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលដើរតួនាទីជាអ្នកសារព័ត៌មាន បានកេងចំណេញពីបញ្ហាទាំងនោះ ដោយធ្វើការផ្សព្វផ្សាយបន្ត ឬសម្ភាសភាគីពាក់ព័ន្ធផងដែរ។
លោកស្រី រស់ សុភាព នាយិកា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ក៏បានសារទរចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការគិតពីតម្លៃស្ត្រី លីលធម៌ រួមទាំងការប្រើប្រាស់សម្តីអសុរោះ ក្នុងការចែកចាយព័ត៌មានក្នុងបណ្តាញសង្គម។ លោកស្រីបានប្រាប់ VOA បន្ថែមថា ការចែកចាយព័ត៌មាន ឬធ្វើបទសម្ភាសន៍តាមបណ្តាញសង្គមដែលបញ្ឆេះបញ្ហាបែបនោះគួរតែគិតគូរឡើងវិញនិងបញ្ចប់ក្នុងសង្គមខ្មែរ។
«ខ្ញុំមិនគាំទ្រឱ្យប្រើប្រាស់ឬចែកចាយហ្វេសប៊ុកបែបហ្នឹង វាធ្វើឱ្យកាន់តែជ្រៅទៅៗ។ ឧទាហរណ៍ដូចជាការរំលោភសេពសន្ថវៈទៅលើកុមារី ហើយប៉ូលិសយកមកហើយបង្ហាញទាំងមូល បង្ហាញសាច់រឿងទាំងអស់ហ្នឹងថា ធ្វើម៉េច ហើយយកទៅបង្ហាញទូទៅហើយចែកចាយទូទាំងពិភពលោក គេអាចមើលឃើញហើយ។ ហ្នឹងហាក់ដូចប្រាប់របៀបដល់ជនល្មើសហ្នឹងឱ្យនៅបន្ត អត់មានវិធានការណាមួយដើម្បីបញ្ឈប់ទេ»។
លោកស្រីបានបន្តថា រដ្ឋាភិបាលកម្ពុជាគួរបង្កើនការអប់រំដល់ពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អំពីការប្រើប្រាស់ប្រព័ន្ធដ៏មានឥទ្ធិពលនេះឱ្យចៀសវាងការប៉ះពាល់ដល់សិទ្ធិបុគ្គល និងសង្គម។
«ការចែកចាយព័ត៌មានហ្នឹង គេហៅថា គួរតែមានគោលការណ៍ច្បាស់លាស់ជាងនេះ ដើម្បីឱ្យប្រជាពលរដ្ឋគាត់បានយល់ដឹងអំពីការផ្សព្វផ្សាយ ការចែកចាយព័ត៌មានដោយលក្ខណៈ ដោយយើងមិនបំផ្លាញសង្គម ព្រោះការចែកចាយព័ត៌មានបែបនេះគឺធ្វើឱ្យយើងបំផ្លិចបំផ្លាញសង្គមកាន់តែច្រើនឡើង»។
យោងតាមទិន្នន័យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្នុងឆ្នាំ២០១៧កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួនជាង៨លាននាក់ ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចំនួនជាង៦លាននាក់។ កាលពីចុងខែឧសភាកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានបង្កើតប្រកាសមួយដែលអង្គការសង្គមស៊ីវិលយល់ថា ជាការរឹតបន្តឹងដល់អ្នកប្រើប្រាស់និងចែកចាយព័ត៌មានលើបណ្តាញសង្គមនានានិងអ៊ីនធឺណិត។
ប្រកាសអន្តរក្រសួងរបស់ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសនីយ៍ ចេញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយដែលទើបត្រូវបានផ្សព្វផ្សាយនៅដើមសប្តាហ៍កន្លងទៅ ឲ្យដឹងថា ប្រកាសដែលមាន១០ប្រការនេះមានគោលបំណងគ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ឲ្យស្របតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន។ ហើយក្រសួងមហាផ្ទៃក៏មានអាចមានវិធានការផ្លូវច្បាប់ចំពោះជនណាដែលបំពានលើប្រកាសនេះផងដែរ។
យ៉ាងណាក៏ដោយ មិនទាន់មានវិធានការផ្លូវច្បាប់ណាមួយ ទៅលើមន្ត្រីយោធាពីររូបដែល លោក ហ៊ុន សែនថា បាន«បញ្ឆេះបញ្ហា» ឡើងវិញ និងប្រើប្រាស់ពាក្យអសុរោះនោះឡើយ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ទុកបញ្ហាអតីតព្រះសង្ឃ និងស្ត្រីនៅខេត្តបន្ទាយមានជ័យ ឱ្យតុលាការវិនិច្ឆ័យ ហើយចៀសវាងកុំធ្វើជាតុលាការ៕