ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​តាមដាន​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់


ជិត​ពីរ​សប្តាហ៍​ក្រោយ​ពី​យន្ត​ហោះ​ប៊ូអ៊ីង​៧៧៧​ជើង​ហោះហើរ MH370​ ​នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​ Malaysia Airlines ​នៃ​ប្រទេស​ម៉ាឡេស៊ី​បានបាត់​ដោយ​អាថ៌កំបាំង ប្រជាពលរដ្ឋ​កម្ពុជា​រស់​នៅ​តាម​តំបន់​ផ្សេងៗ​ក្នុង​ទីក្រុង​ភ្នំពេញ​ បានបន្តតាមដាន​ឧប្បត្តិហេតុ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ (មើល​ក្រាហ្វិក​ប្រទេស​ចូល​រួម​ប្រតិបត្តិការ​ពហុជាតិ)

អ្នកក្រុង​ភ្នំពេញ​ខ្លះ​ជឿជាក់​ថា​យន្តហោះ​នេះ​នឹង​ត្រូវ​គេ​រក​ឃើញ​ក្នុង​ពេល​ឆាប់ៗ ​ខណៈដែល​អ្នក​ខ្លះ​ទៀត ​បាន​ចោទ​សួរ​ថាតើ​យន្តហោះ​ដែល​បាត់​នេះ​ អាច​នឹង​ពាក់ព័ន្ធនឹង​អំពើ​ភេរវកម្ម​ដែរ​ឬទេ?

កាល​ពី​ថ្ងៃ​ទី​៨​ខែ​មិនាយន្ត​ហោះ​ប៊ូអ៊ីង​៧៧៧​ដែលផ្ទុក​អ្នក​ដំណើរ​និង​អ្នក​ធ្វើការ​លើ​យន្តហោះ​ចំនួន​២៣៩​នាក់​បូក​រួម​ទាំង​ក្រុម​អាកាស​យានិក​ចំនួន​១២​នាក់​ផង​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ាដា​យ៉ាង​អាថ៌កំបាំង​បំផុត​ក្នុង​អំឡុង​ពេល​ដែលយន្តហោះ​នេះ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុង​គូឡាឡំពួរ ​ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

ប្រទេស​ចំនួន២៦កំពុងតាម​ប្រម៉ាញ់​រក​យន្ត​ហោះ​បាត់​នេះ​ដោយ​ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​បាន​រួម​ចំណែក​តាម​លទ្ធភាព​របស់​ផង​ខ្លួន​ដែរ។

លោក​ សុ​ ឆា​អាជីវករ​លក់​គ្រឿង​ទេស​នៅ​ពី​មុខ​ព្រលាន​យន្ត​ហោះ​អន្តរជាតិក្រុង​ភ្នំពេញ​និយាយ​ថា​លោក​តាម​ដានព័ត៌មានអំពី​យន្តហោះ​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន​តាម​រយៈ​ការ​មើល​ព័ត៌មាន​ផ្សាយ​តាម​ទូរទស្សន៍។

«នៅ​ពេល​ដែល​វាឡើង​ទៅ​ ឃើញ​ថា​ដល់​ហើយ​វា​ត្រឡប់​ក្បាល​ហើយ​ទើប​វា​បាត់ឈឹង​ទៅ។ ​មិនដឹង​ថា​គោល​ដៅ​ទៅដល់​ទីណា។ ​យើង​មិន​ដឹង​ថា​វា​ទៅ​លើ​ទឹក​ឬលើ​គោគ។យើងអត់​ដឹង»។

លោកអន វាន់ថា​ ​អ្នក​រត់​ម៉ូតូឌុប​នៅ​ម្តុំ​ស្ពាន​ជ្រោយ​ចង្វារដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​ដប់​គីឡូម៉ែត្រ​ពីព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ភ្នំពេញ​និយាយ​ថាលោក​បាន​ដឹង​ពី​ព័ត៌មាន​នៃ​ការ​បាត់​យន្ត​ហោះ​របស់​ប្រទេសម៉ាឡេស៊ី​តាម​ការរយៈ​ការស្តាប់វិទ្យុ។

«ចុង​ក្រោយ​ហ្នឹង​តាម​ខ្ញុំ​ស្តាប់​ព័ត៌មាន​នៅ​ដដែល​យន្ត​ហោះ​ហ្នឹង​នៅ​មិន​ទាន់​រកឃើញ។ ​តែ​ឮ​ថា​ចិន​គេ​រកឃើញ​បំណែក។ ​ប៉ុន្តែ​មិន​ដឹង​ថា​បំណែក​អ្វី​ផង។ ធម្មតា​តែ​មានការ​សោក​ស្តាយ​ព្រោះ​ជីវិត​មនុស្ស​ដូច​គ្នា»។

នៅចម្ងាយ​ប្រមាណ​ជា​ប្រាំ​គីឡូម៉ែត្រ​ភាគ​ខាងត្បួងស្ពាន​ជ្រោយចង្វា ​លោក​រាជ​ ភារម្យ​អ្នក​រត់ម៉ូតូ​ឌុប​ម្នាក់​កំពុង​រង់​ចាំ​អតិថិជន​នៅ​ម្តុំ​គល់​ស្ពាន​ព្រះមុន្នីវង្ស។ បុរស​វ័យ៤៥​ឆ្នាំ​រូបនេះ​សង្ស័យ​ថា​ការ​បាត់​យន្តហោះ​ប៊ូអ៊ីង​នេះអាច​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ភេរវកម្ម។

«បាត់​ហ្នឹង​ដូច​អាថ៌កំបាំង។ ​ក្រោយ​ពី​បាត់​ហ្នឹង​គេ​ហៅ​ទូរស័ព្ទ​ទៅ​វាអត់​ចូល។​ប៉ុន្តែ​ក្រោយ​ពី​ហ្នឹង​ប៉ុន្មាន​ក្រោយ​មក​ហ្នឹង​គេហៅ​ចូល​តែ​អត់មាន​អ្នក​លើក»។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក៏បាន​សម្រេច​បើក​ប្រតិបត្តិការ​ជួយ​ស្វែង​រក​យន្ត​ហោះ​បាត់​ខ្លួន​នៃ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។ ក៏ប៉ុន្តែ​មិនបាន​ប្រទះ​ឃើញ​ស្លាក​ស្នាម​ណាមួយ​របស់​យន្តហោះ​នោះ​ទេ។

កំពុង​អង្គុយ​ក្នុង​ហាង​កាហ្វេ​មួយ​ស្ថិត​ម្តុំ​ផ្សារ​អូឬស្សី​លោក​អ៊ុយ​សុផាត​ បុគ្គលិក​ធ្វើការ​នៅ​ក្រសួង​ការពារ​ជាតិ​ថ្លែង​ថាលោក​បាន​ចាត់​ផ្តើម​តាម​ដាន​ព័ត៌មាន​រហូត​ចាប់​តាំង​ពី​ការ​បាត់​នៃ​យន្ត​ហោះ​ម៉ាឡេស៊ីនេះ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ។​ ​លោក​ពោល​ដោយ​ទឹក​មុខ​ស្ងួត​ដោយ​សម្តែង​ការសោក​ស្តាយ​ចំពោះ​សាច់​ញាតិ​នៃ​គ្រួ​សារ​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ។​

«យើង​មើ​ល​តាម​ហ្វេសប៊ុក​គឺ​ថា​មក​ទល់​ពេល​នេះ​ហើយ​ក៏​គេ​មិន​ទាន់​រក​ឃើញ​ដែរ។ ​បន់​ឲ្យ​តែ​រក​ឃើញ​ទេ​ពីព្រោះ​ថា​វាមិនដែល​យន្តហោះ​ធំ​ប៉ុន​ព្រះវិហារ​បាត់​ខ្លួន​មិន​ដឹង​ទៅ​ណា។ ជឿ​ជាក់​គេ​នឹង​រកឃើញ​ដោយ​បច្ចេក​វិទ្យា​វា​ទំនើប»។

ប្រទេស​អូស្ត្រាលី​កាល​ពី​ម្សិលមិញ​បាន​ចេញ​ផ្សាយ​រូបភាព​តាម​ផ្កាយ​រណបដែល​បាន​បង្ហាញ​ពី​បំណែក​ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក​នៃ​មហា​សមុទ្រ​ប្រទេស​ឥណ្ឌា។ទោះបី​ជា​យ៉ាងនេះពុំ​ទាន់​មាន​សេចក្តី​សន្និដ្ឋាន​ច្បាស់​ការណ៍​ណា​មួយ​នៅ​ឡើយ​ដែល​ថា​បំណែក​នោះ​អាចជា​ផ្នែក​របស់​យន្ត​ហោះ​ប៊ូអ៊ីង​៧៧៧​ដែល​បាន​បាត់​នោះទេ៕
XS
SM
MD
LG