ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​បើក​ប្រតិបត្តិការ​​ស្វែង​រក​យន្តហោះ​​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដែល​បាត់

  • ​គង់ ​សុឋានរិទ្ធ

ផែនទី​នៃ​ផ្លូវ​ហោះហើរ​មួយ​ត្រូវ​បាន​​បង្ហាញ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​នៅ​លើ​កោះ​ត្រល់ (Phu Quoc) ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា អំពី​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​ដើម្បី​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី MH370 ។
ប្រទេស​កម្ពុជា​បានបើក​ប្រតិបត្តិការ​ជួយ​ស្វែង​រក​យន្តហោះ​បាត់​ខ្លួន​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស្យា អ៊ែឡាញ​ (Malaysia Airlines) រយៈ​ពេល​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ។​ ​ក៏​ប៉ុន្តែ​មិន​បាន​ប្រទះ​ឃើញ​ស្លាក​ស្នាម​ណា​មួយ​របស់​យន្តហោះ​នោះ​ទេ។​ (មើល​ក្រាហ្វិក​ប្រទេស​ចូល​រួម​ប្រតិបត្តិការ​ពហុជាតិ)

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រចំនួន​បួន​គ្រឿង​ធុនZ-9​និង​នាវា​ល្បាត​សមុទ្រ​ធុន P46​ ចំនួន​ពីរ​គ្រឿង។ ឧទ្ធម្ភាគចក្រ​ទាំង​បួន​គ្រឿងនិង​នាវា​ល្បាត​ទាំង​នេះ​ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ដើម្បី​រុករក​នៅ​តាម​កោះ​នានាក្នុង​ផ្ទៃ​សមុទ្រ​កម្ពុជា​ និង​នៅ​ដែន​សមុទ្រ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

មធ្យោ​បាយ​ប្រតិបត្តិការ​ទាំង​នេះ​សុទ្ធសឹង​ជា​ជំនួយ​របស់​ប្រទេស​ចិន ​ដែល​មាន​ជនជាតិ​របស់​ខ្លួន​ចំនួន​ពីរ​ភាគ​បី​នៃ​ចំនួន​អ្នក​ដំណើរ​សរុប២៣៩​នាក់​នៅ​ក្នុង​យន្តហោះ​ធុនប៊ូអ៊ីង​៧៧៧ ​ជើង​ហោះហើរ ​MH៣៧០។​ ​យន្តហោះ​នេះ​បាន​បាត់ពី​ប្រព័ន្ធ​រ៉ាដាក្នុង​ពេល​កំពុង​ហោះ​ហើរ​ចេញ​ពី​ទី​ក្រុង​គួឡាឡាំពួ​ទៅ​កាន់ទី​ក្រុង​ប៉េកាំងថ្ងៃ​ទី​៨​ខែ​មិនា ​មកទល់​នឹង​ថ្ងៃ​ពុធ​នេះមាន​រយៈ​ពេល​១១​ថ្ងៃ​ហើយ​ ​នៅ​តែ​មិន​មាន​ដំណឹង​អំពី​យន្តហោះ​នេះ​នៅ​ឡើយ។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ ​និង​លោក​ទៀ សុខា ​ក្មួយ​ប្រុស​បង្កើត​របស់​លោក​ដែល​ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

យោង​តាម​គេហទំព័រ​របស់​ក្រសួង​ការពារជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ដឹងថា ​ក្នុង​ឧទ្ធម្ភាគ​ចក្រ​ទាំង​៤​គ្រឿង​នោះ​មាន​កង​ទ័ព​ជើង​អាកាស​ចំនួន​៣២​នាក់​និង​កម្លាំង​បម្រើ​ការ​លើ​ផ្ទៃ​ដី​ចំនួន​៥៨​នាក់។​

វីអូអេ​ក៏​បាន​ព្យាយាម​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ឧត្តមសេនីយ៍ ​សឹង សំណាង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​ ​តែ​មិន​អាច​ស្វែង​រក​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​ ក៏ប៉ុន្តែ​លោក​ត្រូវ​ស្រង់​សម្តី​ក្នុង​គេហ​ទំព័រ​ក្រសួង​ការពារ​ជាតិ​ថា ​យន្តហោះ​ទាំង​បួន​គ្រឿង​បាន​ចេញ​ប្រតិបត្តិការ​ហោះហើរ​រុករក​នៅ​តាមតំបន់​ភ្នំ​ក្នុងខេត្ត​កំពង់​ស្ពឺ ​ខេត្តកំពត​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កោះកុង​ និង​ខេត្តពោធិសាត់​កាលពី​ម្សិលមិញ​នេះ។​ ក៏ប៉ុន្តែ​ប្រតិបត្តិការ​រយៈ​ពេលបី​ម៉ោង​នោះ​មិន​បាន​រក​ឃើញ​អ្វី​នោះ​ទេ។​

គេហ​ទំព័រ​ដដែល​បង្ហាញ​ថា​ កងទ័ព​ម៉ារីន​កម្ពុជា​ដែល​បាន​ចេញ​ដំណើរ​រុក​រក​ក្នុង​ដែន​សមុទ្រ​កាល​ពី​ថ្ងៃ​អង្គារ​ក៏​មិន​បាន​រក​ឃើញ​ដាន​ដែល​ទាក់​ទង​នឹង​យន្តហោះ​បាត់​ខ្លួន​នោះ​ដែរ។​

កាល​ពី​សប្តាហ៍​មុន​ ប្រទេស​កម្ពុជា​បាន​បើក​ផ្លូវ​ឲ្យ​ប្រទេស​វៀតណាម​ប្រើ​ប្រាស់​ដែនអាកាស​របស់​ខ្លួន​ក្រោយ​ពី​មាន​ការ​ផ្តល់​សញ្ញា​សង្ស័យ​ពី​ផ្កាយរណប​ពី​ប្រទេស​ចិន។​ វៀតណាម​បាន​ប្រើ​ប្រាស់​ពេល​វេលា​ចំនួន​បី​ម៉ោង​ក្នុង​ការ​រុក​រក​ស្រាវជ្រាវ​នោះ​ ហើយ​ក៏​មិន​បាន​រក​ឃើញយន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ម៉ាឡេស៊ី​នោះ​ដែរ។​

ទីប្រឹក្សា​អម​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ទេ​ចំពោះ​ការ​ព្យាយាម​របស់កម្ពុជា​ចូលរួម​សហប្រតិបតិ្តការ​រុក​រក​យន្តហោះ​នៃ​ក្រុម​ហ៊ុន​របស់​ប្រទេស​ខ្លួន​នោះ។​ លេខា​របស់​លោក​ឲ្យ​ដឹងថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។

ដោយ​ឡែក​លោកចេង ហុងបូ ​អ្នក​នាំពាក្យ​ស្ថានទូត​ចិន​អបអរសាទរការ​សម្រេច​ចិត្ត​របស់​ក្រសួង​ការពារជាតិ​កម្ពុជា។​

«យើង​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ដោយ​ឮ​ដំណឹង​ថា ​ប្រទេស​កម្ពុជា​បញ្ជូន​កងទ័ព​ និង​ឧទ្ធម្ភាគ​ចក្រ​របស់​ខ្លួន​ ក៏ដូចជា​កង​ទ័ព​អាកាស​ ​ដើម្បី​ស្វែង​រក​យន្តហោះ​ ដែល​បាន​បាត់​នោះ។​ ​ខ្ញុំ​សូម​កើត​សរសើរប្រទេស​កម្ពុជា​ចំពោះ​ការជួយ​នេះ»។​

រហូត​មក​ទល់​ពេល​នេះ​មាន​ប្រទេស​ចំនួន​២៦​បាន​ចូលរួម​ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​ដែល​បាត់​នេះ។​

លោក កែវ ស៊ីវន ​អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​ទទួល​បន្ទុក​ការងារ​បច្ចេកទេស មាន​ប្រសាសន៍​ថា​ កម្ពុជា​នៅ​តែ​តាម​ដាន​ និង​សហការ​ផ្នែក​ព័ត៌មាន​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការ​ស្វែងរក​យន្តហោះ​ប៊ូអ៊ីង​៧៧៧​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នេះ។​

«តួ​នាទីនិងភារកិច្ច​របស់​យើង​ជា​សមាជិក​អាស៊ាន​ហើយ​ក៏ដូចជា​អាកាស​ចរណ៍​ស៊ីវិល ​យើង​នៅ​តែ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្តការងារ​នេះ​រហូត។កាលណា​មាន​ព័ត៌មាន​អី្វ ​យើងនឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​នេះ​រហូត»។​

ទោះជា​យ៉ាងណា​ ប្រទេស​កម្ពុជា​ត្រូវ​គេមើល​ឃើញ​ថា ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ផ្នែក​សម្ភារៈ​សម្រាប់​ការ​ធានា​ដល់​ការរួម​ចំណែក​ស្វែងរក​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី​នេះ​ ឲ្យ​បាន​ទូលំ​ទូលាយ​នោះ​ទេ៕

ក្រាហ្វិក៖ ប្រតិបត្តិការ​ចម្រុះ​ជាតិ​ស្វែង​រក​និង​សង្គ្រោះ Search and Rescue (SAR) ដើម្បី​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី MH 370
XS
SM
MD
LG