អ្នកឆ្លងមេរោគ HIV ឬមេរោគនៃជំងឺអេដស៍នៅក្នុងឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង បានកើនដល់ចំនួន១០៦នាក់ហើយមកទល់នឹងថ្ងៃត្រង់ថ្ងៃពុធនេះ។
លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ មានប្រសាសន៍ថា ក្រុមគ្រូពេទ្យបានធ្វើតេស្តឈាមស្វែងរកមេរោគដ៏ប្រល័យនេះលើមនុស្សចំនួន៧៧៥នាក់គិតមកត្រឹមម៉ោង១១និង៣០នាទីព្រឹកថ្ងៃពុធនេះ ហើយក្រុមគ្រូពេទ្យបានរកឃើញថា មានមនុស្សចំនួន១០៦នាក់មានផ្ទុកមេរោគ HIV ដែលជាមេរោគបង្កឲ្យកើតជំងឺអេដស៍ គឺកើនចំនួន១៦នាក់ បើប្រៀបធៀបនឹងតួលេខកាលពីល្ងាចថ្ងៃអង្គារ។
លោកនិយាយថា៖
«ក្នុងនោះមានអាយុលើសពី១៥ឆ្នាំ៨១នាក់ និងតិចជាង១៥ឆ្នាំ២៥នាក់»។
ក្រុមគ្រូពេទ្យរក្សាការសង្ស័យលើការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នា ដែលអាចធ្វើឡើងដោយគ្រូពេទ្យមួយរូបដែលជាគ្រូពេទ្យមានការនិយមជាងគេនៅក្នុងឃុំ។
ប៉ុន្តែគ្រូពេទ្យរូបនោះទំនងជាបានគេចខ្លួនក្នុងអំឡុងពេលនេះ។
លោកវេជ្ជបណ្ឌិតតែង គន្ធីមានប្រសាសន៍ថា អ្នកផ្ទុកមេរោគដែលបានរកឃើញដោយការធ្វើតេស្តឈាមកាលពីថ្ងៃអង្គារបានទទួលកញ្ចប់ព្យាបាលនៅមន្ទីរពេទ្យខេត្តហើយរហូតមកដល់ថ្ងៃនេះ ហើយក្រុមវេជ្ជបណ្ឌិតកម្ពុជានឹងបន្តធ្វើតេស្តឈាមតទៅទៀតលើភូមិចំនួនបីដែលស្ថិតក្រោមការសង្ស័យថា មានប្រជាជនបានប្រើប្រាស់សេវាព្យាបាលដោយគ្រូពេទ្យឯកជនខាងលើនោះ។
ការរកឃើញនេះកើតមានឡើងក្រោយពីមន្ត្រីសុខាភិបាលមូលដ្ឋានបានរកឃើញមេរោគអេដស៍លើបុរសអាយុ៧៨ឆ្នាំម្នាក់ និងស្ត្រី៧០ឆ្នាំម្នាក់កាលពីដើមខែធ្នូនេះ។ អ្នកជំងឺទាំងពីរបានអះអាងថា ខ្លួនមិនបានប្រព្រឹត្តការរួមភេទដែលជាដើមហេតុនាំឲ្យឆ្លងមេរោគនោះទេ។
លោកហ៊ា ស៊ិ ប្រធានកម្មវិធីប្រឆាំងជំងឺអេដស៍ ខេត្តបាត់ដំបង ឲ្យដឹងថា ក្នុងចំណោមភូមិទាំងបី ភូមិរការមានអ្នកជំងឺឆ្លងមេរោគច្រើនជាងគេដោយសារអ្នកភូមិទាំងនេះស្ថិតនៅក្បែរមណ្ឌលសុខភាព និងក្បែរបន្ទប់ព្យាបាលឯកជនដែលស្ថិតក្រោមការសង្ស័យ។
លោកអភិបាលខេត្តបាត់ដំបងចាន់ សុផលបញ្ជាក់ថា ក្រុមមន្ត្រីសុខាភិបាលនិងមន្ត្រីអាជ្ញាធរនៅបន្តធ្វើការស៊ើបអង្កេតលើរោគសញ្ញានៃមេរោគ HIV នៃជំងឺអេដស៍នេះបន្តទៀតនៅឡើយ។
«ដើម្បីគ្រប់គ្រងការងារនេះបាន យើងនៅតែបន្តជួយពិនិត្យគាត់ដើម្បីយើងមានវិធានការមានប្រសិទ្ធភាព»។
លោកវេជ្ជបណ្ឌិតតែង គន្ធី អធិប្បាយថា ក្នុងចំណោមប្រជាពលរដ្ឋដែលឆ្លងជំងឺអេដស៍នេះ ខ្លះបានអះអាងថា មិនបានប្រព្រឹត្តការរួមភេទដែលមិនមានសុវត្ថិភាពនោះទេ។ មនុស្សវ័យចំណាស់មួយចំនួនក៏មិនបានធ្វើការរួមភេទដែរ។ បន្ថែមពីនោះទៀតនៅក្នុងគ្រួសារខ្លះឪពុកម្តាយមិនមានផ្ទុកមេរោគអេដស៍ឬ HIV នោះទេ ប៉ុន្តែបែរជាទារកមានផ្ទុកមេរោគប្រល័យនេះទៅវិញ។
លោកវេជ្ជបណ្ឌិតធានាថា សេវាកម្មសុខាភិបាលរបស់ប្រទេសកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺអេដស៍នេះ។
«ក្នុងនោះដែរគឺសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមកុំឲ្យមានការមាក់ងាយ និងរើសអើង ពីព្រោះនេះជាបញ្ហាមួយដែលយើងនឹកស្មានមិនដល់ ពីព្រោះពួកលោកក៏ជាប្រជាពលរដ្ឋដូចអ្នកទូទៅដែរ»។
ប្រទេសកម្ពុជាបានដាក់ផែនការថា នឹងកម្ចាត់ការឆ្លងមេរោគអេដស៍ឲ្យអស់នៅឆ្នាំ២០២០។ អត្រាផ្ទុកមេរោគអេដសន៍ក្នុងចំណោមមនុស្សពេញវ័យអាយុពី១៥ទៅ៤៩ឆ្នាំមាន០,៦ភាគរយ ឬស្មើនឹងប្រមាណ៧១០០០នាក់។
លោកវេជ្ជបណ្ឌិតតែង គន្ធីអះអាងថា ប្រជាពលរដ្ឋ ដែលស្ថិតក្នុងភូមិរងការរាតត្បាតដោយមេរោគនៃជំងឺអេដស៍នេះ បានអះអាងថា ពួកគេមានការយល់ដឹងពីការចម្លងរបស់មេរោគនេះនាពេលកន្លងមក។ លោកប៉ាន់ស្មានថា ការឆ្លងមេរោគនេះអាចកើតឡើងក្នុងអំឡុងពី៦ទៅ៨ខែប៉ុណ្ណោះ ហើយមិនទាន់មានរបាយការណ៍ពីជនរងគ្រោះដល់ជីវិតនៅឡើយទេ៕