ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភូមិមួយ​នៅ​ខេត្ត​បាត់​ដំបង​មាន​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

  • គង់ សុឋានរិទ្ធិ

ពលរដ្ឋ​​ខ្មែរ​​ដែល​​ឆ្លង​​មេរោគ​​អេដស៍​ អង្គុយ​​នៅ​​ក្រៅ​​ផ្ទះ​នៅ​ក្នុង​​ភូមិ​មួយ​​នៅ​ប្រទេស​កម្ពុជា។

ជា​ព័ត៌មាន​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ មាន​អ្នក​ភូមិ​ចំនួន​៨២​នាក់ក្នុង​ចំណោមអ្នក​ភូមិ​សរុប​ចំនួន​ជាង​២០០០​នាក់​នៃ​ភូមិរការ ​ស្រុក​សង្កែ ​ខេត្ត​បាត់​ដំបង​បាន​ឆ្លង​មេរោគ​អេដស៍។​

​នេះ​គឺ​ជា​តួលេខ​ឆ្លង​ជំងឺ​អេដស៍​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ភូមិ​តែមួយ​បែប​នេះ។ មន្ត្រី​សុខា​ភិបាល​ខ្មែរ​សង្ស័យ​ថា​ ការ​ចម្លង​មេរោគនេះ​ទំនង​ជា​បណ្តាល​មក​ពីការ​ប្រើ​ប្រាស់​ម្ជុល​ចាក់​ថ្នាំ​រួម​គ្នា។ នេះ​បើយោង​តាម​ភ្នាក់​ងារ​សុខា​ភិបាល​កម្ពុជា ដែល​បាន​ចុះ​ទៅ​ដល់​ភូមិ​ក្រីក្រ​មួយ​នេះនៅ​ថ្ងៃ​អង្គារ​នេះ។​

លោក​វេជ្ជ​បណ្ឌិត​តែង គន្ធី ​អគ្គលេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ មាន​ប្រសាសន៍​ថា​ ក្នុង​ចំណោម​អ្នក​ភូមិ​សរុប​ចំនួន​២៧០៦​នាក់​ ប្រជាជន​ចំនួន​៦៦៣​នាក់​បាន​មក​ធ្វើ​តេស្ត​ឈាមនៅ​មន្ទីរ​ពេទ្យ​ខេត្ត​រហូត​មក​ដល់​ល្ងាច​ម៉ោង​៥​កន្លះថ្ងៃ​អង្គារ​នេះ។​

«ក្នុង​ចំណោម​៦៦៣​នាក់​ដែល​បាន​ធ្វើ​តេស្ត។​ លទ្ធផល​ដែល​បាន​ទទួល​មាន​វិជ្ជមាន​៨២​នាក់។ ​នេះ​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​ ​គឺ​មិន​មែន​ឆ្លង​៣០០​នាក់​ដូច​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​នោះ​ទេ»។

ការ​រក​ឃើញ​នេះ​កើត​មានក្រោយ​ពី​មន្ត្រី​សុខា​ភិបាល​មូល​ដ្ឋាន​បាន​រក​ឃើញ​មេរោគ​អេដស៍លើ​បុរស​អាយុ​៧៨​ឆ្នាំ​ម្នាក់ និង​ស្ត្រី​៧០​ឆ្នាំ​ម្នាក់​កាល​ពី​ដើម​ខែ​ធ្នូ​នេះ។​ អ្នក​ជំងឺ​ទាំង​ពីរបាន​អះ​អាង​ថា ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ទង្វើ​ដែលជា​ដើម​ហេតុ​នាំ​ឲ្យ​ឆ្លង​មេរោគ​នោះ​ទេ។​

លោក​វេជ្ជ​បណ្ឌិត​តែង គន្ធី​បញ្ជាក់​ថា​ ក្រុម​វេជ្ជបណ្ឌិត​កំពុង​ស្រាវជា្រវ​លើ​ការ​ចម្លង​មេរោគ​តាម​ការ​ប្រើ​ប្រាស់​សារ៉ាំង​ចាក់​ថ្នាំ។​

«គឺ​ផ្តោត​ទៅ​ការ​ចម្លង​បែប​ការ​ចាក់​បញ្ចូល​ឈាម​ ឬ​ការ​ចាក់​ថ្នាំ ​រួម​ទាំង​បញ្ហា​គ្រឿង​ញៀន​ផង​ដែរ។​ គឺ​មាន​ពីរ​ករណី​នេះ​ដែល​យើង​កំពុង​បន្ត​ដើម្បី​រក​ភស្តុង​និង​ទឡ្ហីករ​គ្រប់​គ្រាន់​ដើម្បី​មាន​វិធានការ»។​

ប្រទេស​កម្ពុជា​បាន​ដាក់​ផែន​ការ​ថា​ នឹង​កំចាត់​ការ​ឆ្លង​មេរោគ​អេដស៍​ឲ្យ​អស់​នៅ​ឆ្នាំ​២០២០។​ អត្រា​ផ្ទុក​មេរោគ​អេដសន៍​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ​មាន​០,៦​ភាគ​រយ ​ឬ​ស្មើ​នឹងប្រមាណ​៧១០០០​នាក់។​

ភូមិរការ​ ឃុំរការ​ ស្រុក​សង្កែ ​ដែល​សម្បូរ​ដោយ​ព្រៃ​រនាម​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៨​គីឡូម៉ែត្រពី​ទីរួម​ខេត្ត​បាត់​ដំបង។​ ប្រជា​ពលរដ្ឋ​នៅ​ទី​នេះ​ភាគ​ច្រើនជា​អ្នក​ប្រកប​មុខ​របរ​កសិកម្ម​ និង​នេសាទ​តាម​រដូវ។

ការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ភូមិ​នេះ​ទំនង​ទើប​ឆ្លង​ពី​៦​ទៅ​៨​ខែ​តែ​ប៉ុណ្ណោះ។ ​នេះ​បើ​ផ្អែក​តាមលោក​វេជ្ជ​បណ្ឌិត​ តែង គន្ធី។​

លោក​ចាន់ សុផល ​អភិបាល​ខេត្ត​បាត់​ដំបង​ មាន​ប្រសាសន៍​ថា​ អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ភូមិ​រការ​អាច​កើន​ដល់​ចំនួន​៩០​នាក់។ ​លោក​បញ្ជាក់​ថា​ មូល​ហេតុ​នៃ​ការ​ឆ្លង​មេរោគ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស្រាវជ្រាវ​នៅ​ឡើយ។​

លោក​អភិបាល​ខេត្ត​ចាន់ សុផល​ចាត់​ទុក​ថា ​នេះ​គឺ​ជា​ដំណឹង​ដ៏​រន្ធត់​មួយ។​

«គ្រាន់​តែ​ឮ​លទ្ធផល​បែប​នេះ ​ពួក​ខ្ញុំ​មានការ​តក់​ស្លុត​ និង​មាន​ការ​បារម្ភ។​ មិន​សម​នឹង​មាន​បញ្ហា​ដូច្នេះ​ទេ។ ​ហើយ​យើង​កំពុង​ស្រាវជ្រាវ​ថា ​ហេតុ​អី​បាន​ជា​មាន​បញ្ហា​នេះ​កើត​ឡើង»។​

លោក​វេជ្ជ​បណ្ឌិត​តែង គន្ធី​អះអាង​ថា​ ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​មេរោគ​អេដស៍​នឹង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ដោយ​មន្ទីរ​ពេទ្យ​ខេត្ត៕

XS
SM
MD
LG