ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកវិភាគ៖ ការ​ដក​អនុ​ប្រធាន​សភា​រំលោភ​កិច្ចព្រមព្រៀង​តែ​បង្ហាញ​ថា​បក្ស​កាន់​អំណាច​ខ្លាច​លោក​កឹម សុខា

  • ម៉ែន គឹមសេង

ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា/ VOA)

​​លោក អ៊ូ វីរៈ មិន​ជឿង​ថា​​គណបក្ស​ប្រជាជន​កម្ពុជា​អាច​​ផ្លាស់​ប្តូរ​ការសម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ដាក់​លោក ​កឹម សុខា ធ្វើ​​ជា​​អនុប្រធាន​រដ្ឋ​សភា​ឡើង​វិញបន្ទាប់​ពី​បាន​​សម្រេច​ដក​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ការ​ដក​តំណែង​លោក​ កឹម សុខា ​ចេញ​ពី​តួនាទី​អនុប្រធាន​សភាជាតិ​មិន​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​ដ៏​ត្រឹមត្រូវ​ក្នុង​របប​ប្រជាធិបតេយ្យ​ហើយ​ជាពិសេស​គឺ​រំលោភ​ដល់​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ។

លោក​ កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​សមាជិក​សភា​ដែល​មក​តែ​ពី​គណបក្ស​កាន់​អំណាច​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដក​លោក​ចេញ​ពី​តំណែង​អនុប្រធាន​សភា​កាល​ពី​ចុងខែ​តុលា​ក្នុង​ពេល​ដែល​លោក​កំពុង​តែ​សួរ​សុខទុក្ខ​អ្នក​តំណាងរាស្ត្រ​ចំនួន​ពីរ​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​ដោយ​សារ​តែ​ត្រូវ​បាតុករ​វាយ​ទាត់​ធាក់​ឱ្យ​រង​របួស​ជា​ទម្ងន់។​

លោក ​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែល​ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃច័ន្ទ​ថា៖ ​

«ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​ការ​ប្លន់​តួនាទី​ហ្នឹង​ហើយ​ជា​ការ​ដាក់​សម្ពាធ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ​ឱ្យ​ទាល់​ច្រក​ហើយ​ខ្ញុំ​មើល​ទៅ គឺ​ជា​ការ​បង្ខំ ដែល​ដាក់​បុគ្គល​ដែល​ខ្លួន​ពេញ​ចិត្ត​។ ហើយ​ជាទូទៅ​ក្នុង​ទីលាន​នៃ ការ​ប្រកួត​ប្រជែង​គណបក្ស​សង្គ្រោះ​ជាតិ​បើ​សិន​ជា​ធ្វើ​អ្វី​តាម​តែ​អ្វី ដែល​ដៃគូ​ប្រកួត​ឬ​ដាក់​អ្វី​តាម​តែ​ដៃ​គូប្រកួត​អនុញ្ញាត​ខ្ញុំ​មើល​ទៅ មិន​មែន​ជា​របៀប​ប្រកួត​ប្រជាធិបតេយ្យ​ទេ‍។ វា​ផ្ទុយ​ពី ឆន្ទៈ​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង​»។

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះ កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤​ដើម្បី​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ដែល​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។

អ្នក​ជំនាញ​ដទៃ​ទៀត​ក៏បាន​លើក​ឡើង​ថា​ការ​ដក​តំណែង​លោក​ កឹម សុខា ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ​ដោយ​សារ​មិន​មាន​ចំណុច​ណា​មួយ​ដែល​ចែង​ដល់​ចំណុច​នេះ​ក្រៅ​ពីក្នុង​ករណី​ដែល​ថ្នាក់​ដឹកនាំ​សភា​ទទួល​មរណភាព​ឬ​លាលែង​ដែល​គេ​អាច​រក​មនុស្ស​ថ្មីមក​ជំនួស​បាន។

លោក អ៊ូ វីរៈ ស្ថាបនិកនិង​ប្រធាន​វេទិកា​អនាគត
លោក អ៊ូ វីរៈ ស្ថាបនិកនិង​ប្រធាន​វេទិកា​អនាគត

លោក ​អ៊ូ វីរៈ យល់​ថា នៅ​ពេល​ដែល​ច្បាប់​មាន​ចន្លោះ​ប្រហោង​ដូច​នេះ​គឺ​សភា​គួរ​តែ​អនុម័ត​ច្បាប់​មុន​សិន​មុន​នឹង​ចាត់​វិធានការ​ណា​មួយ​ដើម្បី​ឱ្យ​ចំណាត់ការ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ​មានភាព​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

«ខ្ញុំ​ថា​វា​ផ្ទុយ​នឹង​ឆន្ទៈ​នៃ​កិច្ច​ព្រមព្រៀង​ទោះបី​ជា​គណបក្ស​ប្រជាជន​មិន​បាន​ថា​ប្លន់​យក​តួនាទី​អនុប្រធាន​ទី​មួយ​ក៏ដោយ​គឺ​បន្ទាប់​ពី ដក​លោក ​កឹម សុខា​មិន​បាន​ដាក់​បេក្ខជន​ខ្លួន​ ក្លាយ​ទៅ​ជា​អនុប្រធាន​ទី​មួយ​ប៉ុន្តែ​ទោះបី​ជា​យ៉ាងម៉េច​ក៏ដោយ​ក៏​ផ្ទុយ​ពី​ឆន្ទៈ​ត្រង់​ថា​បើ​សិន​ជា​កូតា​អនុប្រធាន​ទីមួយ​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ»។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​សង្ឃឹម​ថា​សភា​ជាតិ​នឹង​ពិចារណា​ឡើង​វិញ​ដោយសារ​ខ្ញុំ​មើល​ទៅ​ចង់​ឬ​មិន​ចង់​រូប​ភាព​គឺ​អាក្រក់​មើល​សម្រាប់​ពិភពលោក​និង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ‍»។

បើ​ទោះបី​ជា​មើល​ឃើញ​ថា​កិច្ច​ព្រមព្រៀង​រវាង​បក្ស​ទាំងពីរបាន​ស្លាប់​បាត់​តាំងពី​ពេល​ដែលមានការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង​ជា​ថ្មី​កាលពីដើម​ឆ្នាំនេះ​ ក៏​លោក ​អ៊ូ វីរៈ​ មើល​ឃើញ​ថា​កិច្ច​ព្រមព្រៀង​ពេល​នោះបាន​ជួយឱ្យ​មានការដោះលែង​បេក្ខជនតំណាងរាស្ត្រ​ជាប់​ឆ្នោត​ក្នុង​ពេល​កន្លង​មក​ បែងចែក​អំណាច​ក្នុង​សភា និង​ការ​បង្កើត​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ជាដើម។​

លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា៖

«គណបក្ស​ប្រជាជន​មិន​មែន​អ្នក​បង្ក​រឿង​ទេ។ អីចឹង​ទេ​ក្នុង​ការ​អនុវត្ត​វប្បធម៌​សន្ទនា​នេះ​ គណបក្ស​ប្រជាជន​គោរព​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្មារតី​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​កាល​ពី​ខែ​៥ ឆ្នាំ២០១៥។​ អីចឹង​ទេ​សូម​ឱ្យ​ដៃគូ​ក្នុង​វប្បធម៌​សន្ទនា​នេះ​ដែល​វប្បធម៌​សន្ទនា​វា​ត្រូវ​មាន​គូ​ពីរ​សង​ខាង​ បើ​សិន​ជា​មាន​តែ​ម្ខាង​មិន​អាច​ដំណើរការ​សន្ទនា​បាន។ ចឹង​សុំ​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ពិចារណា ហើយ​កុំ​ឱ្យ​កើត​បញ្ហា​អីណា។ កាល​ណា​ជជែក​គ្នា​ឯកភាព​គ្នា​ពី​ថ្ងៃ​ហ្នឹង​ស្អែក​ឡើង​មាន​បញ្ហា​ផ្សេង​ដែល​គាត់​និយាយ​វា​ផ្ទុយ​ពី​ខ្លឹមសារ​ដែល​បាន​ឯកភាព​គ្នា។ នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​វប្បធម៌​ សន្ទនា​ដំណើរការ​រអាក់រអួល‍»។

អ្នក​ជំនាញមើល​ឃើញ​ថា វាជា​ការ​លំបាក​ដែល​លោក​ កឹម សុខា អាច​នឹង​មក​កាន់​តំណែង​អនុប្រធាន​សភា​វិញ​បាន​ណាស់​ដោយ​សារ​គណបក្ស​ប្រជាជន​មិន​អាច​ទទួល​យក​បាន​ការ​បាក់​មុខ​ទេ។ យ៉ាង​ណា​ក៏ដោយ​អ្នក​វិភាគ​ដូច​ជា​លោក ​អ៊ូ វីរៈ មើល​ឃើញ​ថា​ ការ​ដក​តំណែង​លោក​ កឹម​ សុខា​ ​គឺ​មិន​មាន​អ្វី​ប៉ះ​ពាល់​ខ្លាំង​ដល់​លោក​ កឹម សុខា ទេ​ព្រោះ​បើ​នៅ​ជា​សមាជិក​សភា​ធម្មតា​លោកមាន​ឱកាស​ក្នុង​ការ​តវ៉ា​មាន​ឱកាស​លើកដៃ​ក្នុង​ការ​និយាយ​ច្រើនជាងហើយ​លោកមាន​ឱកាស​ក្នុង​ការ​ធ្វើ​អ្វី​ស្រេច​ចិត្ត​ជាង។

លោក ​អ៊ូ វីរៈ បាន​បន្ថែម​ថា៖ «ឥឡូវ​នេះ​គាត់​ចាប់​ផ្តើម​មាន​ប្រជាប្រិយភាព​ជាង​ដោយសារ​គណបក្ស​ប្រជាជន​គេ​មើល​ទៅ​ឃើញ​ថា​មាន​ការ​ព្រួយ​បារម្ភ​នឹង​លោក​ កឹម សុខា»៕

XS
SM
MD
LG