ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​ប្រមូល​ធាតុ​ចូល​ដើម្បី​បង្កើត​«ធម្ម​នុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន»


រូបឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)
រូបឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)

ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​សិក្ខាសាលា​តម្រង់​ទិស​មួយ​ នៅ​ថ្ងៃ​សុក្រ ​ទី​១៩​ ខែ​មេសា ​ដើម្បី​ប្រមូល​ធាតុ​ចូល ​ដើម្បី​ឈាន​ទៅ​បង្កើត​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន»។​ ក្រសួង​អះអាង​ថា​ ធម្មនុញ្ញ​នេះ​នឹង​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ហើយ​ស្ថាប័ន​សារ​ព័ត៌មាន​ ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ធម្មនុញ្ញ​នេះ​អាច​ត្រូវ​បាន​ដាក់​ពិន័យ។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន។​

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ ទេព អស្នារិទ្ធ ​ប្រាប់​វីអូអេ​ថា​ គ្រប់​អាជីព​ទាំងអស់​ រួម​ទាំង​អាជីព​សារ​ព័ត៌មាន ​គឺ​សុទ្ធតែ​មាន​ក្រម​សីលធម៌ ​ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​ ស្រប​ច្បាប់​ និង​សុចរិត​ភាព​នៅ​ក្នុង​សង្គម។ ​អ្នក​នាំពាក្យ​រូប​នេះ​បន្ត​ថា​ សិក្ខា​សាលា​នេះ​នឹង​មាន​អ្នក​ចូលរួម​ចំនួន​២៥០​នាក់​មក​ពី​ស្ថាប័ន​សារ​ព័ត៌មាន​ផ្សេងៗ​គ្នា ​ដែល​ពួក​គេ​នឹង​មាន​ឱកាស​ដើម្បី​ផ្តល់​ធាតុចូល​សំខាន់​ជា​មូលដ្ឋាន​ដើម្បី​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន។​

លោក​បន្ត​ថា​ អ្នក​ប្រព្រឹត្តខុស​ពី​ធម្មនុញ្ញ​នេះ​នឹង​ត្រូវ​ដាក់​ពិន័យ។​

លោក ​ទេព អស្នារិទ្ធ​ បញ្ជាក់​ថា៖​ «ហើយ​ការ​មិន​បំពេញ​កាតព្វកិច្ច​ឬ​ទង្វើ​ដែល​បំពាន​នឹង​ច្បាប់​ លិខិត​បទដ្ឋាន​គតិយុត្តិ ​ក្រម​សីលធម៌​ វិជ្ជាជីវៈ​នឹង​បង្ក​ជា​ផលវិបាក​ ដែល​អង្គភាព​សារ​ព័ត៌មាន​ឬ​អ្នក​សារ​ព័ត៌មាន​នោះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ ដែល​អាច​ត្រូវ​បាន​កោះ​អញ្ជើញ​ ឱ្យ​មក​ទទួល​ការ​ណែនាំ ​ដើម្បី​តម្រង់​ទិស​ការងារ​ឱ្យ​ត្រឹម​ត្រូវ​តាម​ក្រម​វិជ្ជា​ជីវៈ​ឡើង​វិញ​ និង​ក្របខណ្ឌ​ច្បាប់​ ឬក៏​ត្រូវ​ចេញ​លិខិត​ព្រមាន​ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​ឈាន​ទៅ​ដល់​ការ​លុប​ប្រកាស​អនុញ្ញាត​ប្រកប​អាជីវកម្ម​ពោល​គឺ​អាជ្ញា​បណ្ណ»។​

បើតាម​អ្នក​នាំពាក្យ​រូប​នេះ ​ការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​គឺ​ជា​«ការងារ​អាទិភាព​ចម្បង»​មួយ​សម្រាប់​ក្រសួង​នៅ​ក្នុង​អាណត្តិ​នេះ។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​ដែល​ចេញ​ផ្សាយ​ថ្មីៗ​នេះ​ សិក្ខាសាលា​នឹង​ប្រព្រឹត្ត​ទៅ​នាថ្ងៃ​ទី​១៩ ​ខែ​មេសា​ ឆ្នាំ​២០២៤​ នៅ​សាល​ចតុមុខ​មង្គល ​ទី​ស្តីការ​ក្រសួង​ព័ត៌មាន។​

ក្រសួង​បញ្ជាក់​ថា៖​«គោល​បំណង​នៃ​ការ​រៀបចំ​សិក្ខា​សាលា​នេះ​គឺ​ដើម្បី​បង្កើត​វេទិកា​ជជែក​ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​រវាង​ថ្នាក់​ដឹកនាំ​ ក្រុម​ការងារ​បច្ចេកទេស​ និង​អ្នក​សារ​ព័ត៌មាន​លើ​វឌ្ឍនភាព​ បញ្ហា​ប្រឈម​ និង​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ឱ្យ​ស្រប​នឹង​បរិការណ៍​ដែល​ក្រសួង​កំពុង​រៀបចំ​សណ្តាប់​ធ្នាប់​ព័ត៌មាន​ ពង្រឹង​ក្រមសីល​ធម៌​ វិជ្ជាជីវៈ ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់វិជ្ជាជីវៈ​សារ​ព័ត៌មាន»។​

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​សារ​ព័ត៌មាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ​នឹង​ធ្វើ​ឱ្យ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​តាន​តឹង​ជាង​មុន ​ក្នុង​ករណី​ក្រសួង​ជា​អ្នក​តាក់​តែង​និង​រៀបចំ។​

លោក​ ណុប វី​ នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ហៅ​កាត់​ថា​ ខេមបូចា ​បាន​លើក​ឡើង​ថា​ ក្រសួង​ព័ត៌មាន​គួរតែ​អនុញ្ញាត​ឱ្យ​សមាគម​សារ​ព័ត៌មាន​ជា​អ្នក​រៀបចំ​ក្រម​សីលធម៌​នេះ​វិញ ​ដើម្បី​បញ្ចៀស​ការ​លើក​ឡើង​ថា​ មាន​ការ​រឹតត្បិត។​

លោក​ថ្លែង​ថា៖​«ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើសិន​ជា​អ្នក​សារ​ព័ត៌មាន​ជា​អ្នក​រៀបចំ​តាក់​តែង​ក្រម​ប្រតិបត្តិ​ឬ​ក៏​ក្រម​សីលធម៌​ឬ​ក៏​ធម្មនុញ្ញ​អ្នក​សារ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​ សម្រាប់​ខ្ញុំ ​ខ្ញុំ ​យល់​ឃើញ​ថា​ វា​គឺ​ជា​រឿង​មួយ​ល្អ ​ពីព្រោះ​អ្នក​សារ​ព័ត៌មាន ​គាត់​យល់​ពី​ក្របខណ្ឌ​ យល់​ពី​កម្រិត​នៃ​ការ​អនុវត្ត​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន»។​

លោក​ អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​ប្រាប់​វីអូអេ​ថា​ សារ​ព័ត៌មាន​នៅ​តាម​ស្ថាប័ន​នីមួយៗ​តែងតែ​មាន​គោល​ការណ៍ ​និង​ក្រមសីល​ធម៌​អនុវត្ត​ផ្សេងៗ​គ្នា​ ហើយ​លោក​ថា ​ក្រសួង​អាច​ចង់​ដោះ​បញ្ហា​ដែល​កើត​ឡើង​កន្លង​មក​ហើយ។​ ប៉ុន្តែ​លោក​បារម្ភ​ថា ​ធម្មនុញ្ញ​វិជ្ជាជីវៈ​រួម​មួយ​អាច​បង្ក​ជា​បញ្ហា​ក្នុង​ការ​អនុវត្ត​ជា​រួម។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​ប្រសិន​បើ​យើង​រៀបចំ​ជា​គោល​ការណ៍​ណែនាំ​រួម​មួយ​ ហើយ​បង្ខំ​ឱ្យ​សារ​ព័ត៌មាន​ទាំង​អស់​គោរព​តាម​ ខ្ញុំ​គិត​ថា​ ស្នើ​ឱ្យ​ក្រសួង​ប្រហែល​ជា​អាច​ពិចារណា​រឿង​ហ្នឹង​ឡើង​វិញ​ ដោយ​សារតែ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សេរីភាព​សារ​ព័ត៌មាន»។​

បើ​តាម​លោក ​អ៊ិត សូធឿត ​បើ​សិន​ជា​សារ​ព័ត៌មាន​ដែល​ជា​អំណាច​ទី​៤​ត្រូវ​បាន​រឹតត្បិត​ នោះ​ការ​បំពេញ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន​នឹង​មិន​បាន​រលូន ​និង​ពេញ​លេញ​នោះ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG