ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម Camboja បើកគេហទំព័រឃ្លាំមើលស្ថានភាពអ្នកកាសែត


រូបភាពនេះត្រូវបានដកស្រង់ពីគេហទំព័រថ្មីមួយ​របស់​សមាគមខេមបូចា ដើម្បីឃ្លាំមើលពីស្ថានភាពសេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកកាសែតនៅក្នុងប្រទេសកម្ពុជា។ (Web Screenshot)
រូបភាពនេះត្រូវបានដកស្រង់ពីគេហទំព័រថ្មីមួយ​របស់​សមាគមខេមបូចា ដើម្បីឃ្លាំមើលពីស្ថានភាពសេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកកាសែតនៅក្នុងប្រទេសកម្ពុជា។ (Web Screenshot)

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់​ថា​ ខេមបូ​ចា (CamboJa) ​បាន​ដាក់​ឱ្យ​ដំណើរ​ការសាកល្បងគេហ​ទំព័រ​ថ្មី​មួយ​ ដើម្បី​ឃ្លាំ​មើល​ពី​ស្ថាន​ភាព​សេរី​ភាព​សារ​ព័ត៌​មាន​ និង​សុវត្ថិ​ភាព​អ្នកកាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គេហ​ទំព័រ​ដែល​ទើបត្រូវបាន​ដាក់​ឱ្យដំណើរការ​នេះ​មាន​គោល​បំណង​សំខាន់​ចំនួន​ ៤​ ដូច​ជា​ការ​ផ្តល់​នូវ​សេចក្តី​រាយ​ការណ៍​ពី​ករណី​យាយី​មក​លើ​អ្នក​សារ​ព័ត៌​មាន​ ការ​ផ្សព្វ​ផ្សាយ​អំពី​ស្ថាន​ភាព​អ្នក​សារ​ព័ត៌​មាន​ប្រចាំ​ត្រី​មាស​ និង​ប្រចាំ​ឆ្នាំ​ ផ្តល់​ប្រភព​ទិន្ន​ន័យ​ និង​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​តស៊ូ​មតិ​ដើម្បី​សេរី​ភាព​សារ​ព័ត៌​មាន​។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹងរបស់​សមាគម​ខេមបូចា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅថ្ងៃ​ពុធ​នេះ។

លោក ​ណុប​ វី​ នាយក​ប្រតិបត្តិ​សមា​គមខេមបូចា​ ប្រាប់​វី​អូ​អេថា​ គេហ​ទំព័រ​នេះ​ជា​វេទិកា​មួយ​ដែល​ផ្តល់​នូវ​ព័ត៌​មាន​ថ្មីៗ​ និង​ចុង​ក្រោយ​ពី​ករណី​ដែល​កើត​មាន​ឡើង​លើ​អ្នក​សារ​ព័ត៌​មាន។ ​លោក​បន្ថែម​ថា ​វេទិកា​នេះ​អាច​ជួយ​ច្រើន​ក្នុង​ការ​ផ្តល់​ជា​ដំណឹង​ដល់​សាធារ​ណជន​ និងអ្នក​ពាក់​ព័ន្ធក្នុងវិស័យ​ព័ត៌មាន អំពី​រឿង​ផ្សេងៗ​ដែល​កើត​លើ​អ្នក​កាសែត។

លោក​ថ្លែង​ថា​៖ ​«​យើង​ព្យា​យាម​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​អំពី​ករណី​កើត​មាន​ឡើង​យ៉ាង​ពិត​ប្រាកដ​ ហើយ​និង​ផ្តល់​ជូន​នូវ​ព័ត៌​មាន​អំណះ​អំណាង​ភស្តុតាង​ពាក់​ព័ន្ធ​នឹង​ការ​កើត​ឡើង​លើ​ករណី​របស់​អ្នក​សារ​ព័ត៌​មាន​នីមួយៗ»។

លោក​សង្ឃឹម​ថា​ មាតិ​កា​នេះ​នឹង​ចូល​រួម​ចំណែក​ដល់​ការ​បំពេញ​ការងារ​របស់​សមត្ថ​កិច្ច​ក្នុង​ការ​ជួយ​ឆ្លើយ​តប​ដោយ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​ករណី​យាយី ឬ​ក៏​ការ​គំរាមកំហែង​ដែល​កើត​ឡើង​លើ​អ្នក​សារ​ព័ត៌​មាន។

គួរ​បញ្ជាក់​ថា​ សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា​នៅ​មាន​លក្ខណៈ​រឹត​ត្បិត​នៅ​ឡើយ​ ខណៈ​វិស័យ​នេះ​កំពុង​ត្រូវ​ការ​ធន​ធាន​មនុស្ស​បន្ថែម​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ព័ត៌​មាន​ដែល​មាន​វិជ្ជាជីវៈ​ និង​បម្រើ​ប្រយោជន៍សាធារណៈ។ អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border) ​បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស ​នៅ​ឆ្នាំ ​២០២៣​ ដែល​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់ ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG