លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានហៅលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាថា ជាអ្នកបង្រួបបង្រួមជាតិដ៏ស្មោះត្រង់ដោយប្រដូចលោក ជា ស៊ីម ទៅនឹងអតីតព្រះមហាវីរៈក្សត្រខ្មែរនរោត្តម សីហនុ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះ បន្ទាប់ពីលោកបានដឹកនាំក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិចូលទៅគោរពវិញ្ញាណក្ខន្ធសព លោកជា ស៊ីម ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។
ថ្លែងនៅក្រៅគេហដ្ឋានរបស់សពលោក ជា ស៊ីម លោកប្រធានគណបក្សប្រឆាំងនេះបានប្រាប់អ្នកសារព័ត៌មានថា លោក ជា ស៊ីម តែងតែចង់ឲ្យពលរដ្ឋខ្មែរគោរពស្រឡាញ់គ្នា ដើម្បីការពារផលប្រយោជន៍ជាតិ និងកោតសរសើរលោក ជា ស៊ីម ថាជាវីរៈបុរសស្នេហាជាតិ ដែលបានដង្ហែតាមអតីតព្រះមហាក្សត្រនរោត្តម សីហនុ ក្នុងការបង្រួបបង្រួម និងផ្សះផ្សាជាតិ។
«វីរៈបុរសទាំងពីរនាក់ហ្នឹងគឺតែងតែផ្តល់គម្រូល្អឲ្យយើង។ យើងត្រូវតែធ្វើតាមគម្រូនេះ បាទ»។
លោក ជា ស៊ីម ដែលជាអតីតប្រធានគណបក្សប្រជាជនកម្ពុជាផងនោះបានទទួលមរណភាពដោយជំងឺទឹកនោមផ្អែម កាលពីថ្ងៃច័ន្ទ ក្នុងជន្មាយុ៨២ឆ្នាំ ក្រោយពីទទួលបានការព្យាបាលជាយូរឆ្នាំទាំងក្នុង និងក្រៅប្រទេស។
អ្នកវិភាគនយោបាយខ្មែរធ្លាប់បានរំឭកពីស្នាដៃខ្លះៗរបស់លោក ជា ស៊ីម ផងដែរថា លោក ជា ស៊ីម បានដើរតួនាទីសម្រុះសម្រួលនយោបាយ និងជាស្ថាបនិករណសិរ្ស២ធ្នូ ដើម្បីរំដោះកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហម។ ហើយលោកមិនមែនជាអ្នកដែលបន្សល់ស្នាដៃអាក្រក់ ដែលធ្វើឲ្យមានភាពល្អក់កករក្នុងចំណោមអ្នកនយោបាយដូចគ្នាទេ។
លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានមានប្រសាសន៍ថា ការប្តេជ្ញារបស់លោក សម រង្ស៊ី ក្នុងការយកគម្រូតាមលោក ជា ស៊ីម គួរតែធ្វើនៅពេលដែលលោកនៅមានជីវិត ហើយថា លោក សម រង្ស៊ី អាចចាប់ផ្តើមធ្វើពីពេលនេះទៅ ដើម្បីប្រយោជន៍ជាតិជាជាងកេងចំណេញនយោបាយ។
«ប្រសិនបើឥឡូវគាត់ធ្វើក៏វាល្អដែរ។ ប៉ុន្តែ កុំឲ្យតែថាហើយអត់ធ្វើ។ បើគាត់អត់ធ្វើគ្រាន់តែជាការទាញយកចំណេញខាងផ្នែកនយោបាយទេ»។
លោក ជា ស៊ីម ក៏ធ្លាប់កាន់តំណែងប្រធានរដ្ឋសភា ដែលម្តងម្កាលក្លាយជាប្រមុខរដ្ឋស្តីទី ក្រោយពីការលើកបន្តុបដោយប្រទេសវៀតណាមឲ្យក្លាយជាមេដឹកនាំប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩ ជាមួយនិងឥស្សរជនដទៃទៀត។ ប៉ុន្តែលោកមិនដែលមានឱកាសបានកាន់អំណាចក្នុងរដ្ឋាភិបាលជានាយករដ្ឋមន្ត្រីនោះទេ។
ក្រោយពីលោក ជា ស៊ីម បានទទួលមរណភាព រដ្ឋាភិបាលកម្ពុជាបានប្រកាសយកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ធ្វើជាថ្ងៃកាន់ទុក្ខផ្លូវការដល់សពអ្នកនយោបាយវ័យជរារូបនេះ៕