ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print

អ្នកជំនាញ​ព្រមានថា​ប្រធានាធិបតី​ត្រាំ​និង​អ្នក​ដែល​ចង់​ទម្លាក់​លោក​ អាច​ធ្វើ​ឲ្យ​មានការ​បែក​បាក់​ក្នុង​ស.រ.អា​.ដែល​កែមិន​បាន


ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៩។

អ្នក​ជំ​នាញ​ថា វោហាសាស្រ្តក្នុង​ការប្តឹង​ទម្លាក់​ប្រធានាធិបតី​ពីតំណែង​រវាង​ប្រធា​នា​​ធិបតី​ត្រាំ និង​គណបក្ស​ប្រជា​ធិបតេយ្យ អាច​នាំ​ឲ្យ​មាន​ការបែកបាក់​គ្នាធ្ងន់​ធ្ងរ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​ចាត់​ទុក​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ជា​អ្នក​ក្បត់​ជាតិ ខណៈ​ដែលលោក​ស្រី Maxine Water សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ប្រកាស​ថា គេ​ចាំបាច់​ចាប់​ប្រ​ធានាធិប តី​ត្រាំ ដាក់​គុក​ហើយ​នឹង​ដាក់​នៅ​ក្នុង​ទីកន្លែង​មួយ​នៅ​ក្នុង​ការ​ឃុំឃាំង​តែ​ម្នាក់​ឯង។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ​និង​មនុស្ស​ខ្លះ​ដែល​ចង់​ឲ្យមាន​ការ​ប្តឹង​លោក​ទម្លាក់​ចេញ​ពី​ដំណែង​កំពុងចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមកពីការ«ក្បត់ជាតិ» និង​ពីការគំរាមកំហែង​ដល់​សន្តិសុខជាតិ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ពួក​អ្នក​វិភាគ ព្រ មាន​ថា ​ភាសា​បែបនេះ ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ដែល​មិន​អាច​កែបាន​ដល់​របៀបរៀប​ចំខាង​ស៊ីវិល​និង​នយោបាយ​របស់​ប្រទេស​ជាតិ។

​លោក John Malcolm អនុប្រធាន​វិទ្យា​ស្ថាន​សម្រាប់​ការ​គ្រប់​គ្រង​រដ្ឋ​ធម្មនុញ្ញ​នៃ​មូល​និធិ Heritage ​បាន​និយាយថា «ការ​ជជែក​អំពី​ការ​ក្បត់​ជាតិ​និងការ​បះបោរ​ប្រដាប់​អាវុធ​ដ៏​ខ្លាំង ​អាចធ្វើ​ឲ្យ​គាប់​ចិត្តខាង​នយោបាយ​សម្រាប់​ភាគី​មួយ ឬ​ភាគី​ផ្សេង​ទៀត ក៏ប៉ុន្តែ ​ការណ៍​នេះ នាំឲ្យមានគ្រោះ​ថ្នាក់​»។

​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ចោទ​ប្រកាន់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​និង​ពួក​មន្រ្តី​ផ្សេង​ទៀត​ដែល​ចោទ​ប្រកាន់​ថា​ លោក បាន​ដាក់​ការ​គាប​សង្កត់​មេដឹកនាំ​ប្រទេស​អ៊ុយក្រែនឲ្យ​ស៊ើបអង្កេត​គូប្រជែង​ខាង​នយោបាយ​ដ៏​សំខាន់​របស់​លោក​នោះថា ​ជា ជន​ក្បត់​ជាតិហើយ​បាន​និយាយ​ថា ពួកគេ​ត្រូវ​តែកាត់​ទោស។ ហើយ​កាល​ពី​ចុង​សប្តាហ៍​មុន លោក​ប្រធានាធិបតី បានផ្សព្វផ្សាយ​ឡើង​វិញ​នូវសារ​តាម Twitter របស់ បព្វជិត​វិហារ​សាសនា​គ្រឹស្ត​ដ៏​ធំ​មួយ​នៅ​រដ្ឋ​តិចសាស​ដែល​បព្វជិត​នោះ បាន​ព្រមាន​ថា ​ការ​ប្តឹង​ចោទ​ប្រកាន់​ប្រធានា​ធិបតី​ទម្លាក់ចេញ​ពី​តំណែង​នឹង «ធ្វើ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល»ដូចជា​ការ​បែកបាក់​ដែល​នឹង​មិន​អាច​ជា​សះ​បាន​ឡើយ។

ពួក​មេដឹកនាំជាន់​ខ្ពស់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភាតំណាង​រាស្រ្ត ​បាន​វាយ​បក​ទៅលើលោក​ប្រធានា​ធិបតី​ត្រាំ​វិញ ​រួមមាន​លោកស្រី Maxine Waters សមា ជិក​សភា​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ​ដែល​ជា​សមាជិក​សភា​មុន​ដំបូង​គេ ​អំពាវនាវ​ឲ្យ​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ត្រាំ​ចេញពី​តំណែង។ លោកស្រី បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ថា «លោក​ត្រាំ ​ត្រូវ​តែ​ជាប់​គុក​ហើយ​នឹង​ដាក់​នៅ​ក្នុងការ​ឃុំឃាំង​ដាច់​តែឯង»។

លោក David B. Cohen ​ជា​សាស្ត្រាចារ្យវិទ្យា​សាស្រ្ត​នយោបាយ​នៅឯសាកល​វិទ្យា​ល័យAkron បាន​និយាយ​ថា «សូម្បីតែ​លោក​ប្រធានាធិបតី Lincoln ក្នុង​អំឡុង​នៃ​សង្គ្រាម​ស៊ីវិល​ ក៏​មាន​ការ​ប្រយ័ត្នប្រយែង​អំពី​ភាសា​របស់​លោកដែរ។ លោក​និយាយ​ថា លោក​ប្រធា​នា​ធិបតី​ត្រាំ​កំពុង​ប្រើ​ភាសា​មិន​សម្យគួរ​ដូច​ជា«ការក្បត់​ជាតិ​និង​សង្គ្រាម​ស៊ីវិល»​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត​ហើយ​អាច​ត្រូវ​បាន​បក​ស្រាយ​ដោយ​ពួក​អ្នកគាំទ្រ​ពិត​ប្រាកដ​ខាងហឹង្សា​របស់​លោក​ថា ជា​ការអំពាវនាវ​ឲ្យ​មាន​ចំណាត់​ការបែប​នេះ​មែន»។

លោក​ប្រធានា​ធិបតី​ត្រាំ ​ក៏បាន​ទទួល​រង​ការចោទ​ប្រកាន់​ថា បាន​បង្កើត​នូវ​ទ្រឹះស្តី​នៃ​ការឃុបឃិត​ដែល​គេ​យល់​ឃើញ​ជាទូទៅថា ​មិន​ត្រឹម​ត្រូវ​ដែល​ទ្រឹស្តី​នោះ​រួម​មានការ​ព្យាយាមប្រែ​ក្រឡៃនូវ​ការលើក​ឡើង​អំពី​រឿង​អ៊ុយ​ក្រែន ដោយ​ចោទ​ប្រកាន់​ប្រភព​នៅ​ក្នុងរដ្ឋាភិបាល​ក្រុងគាវនៃការ​ស៊ើបអង្កេត​ដែល​បាន​ភ្ជាប់​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតីនៅ​ឆ្នាំ​២០១៦​របស់​លោក​និង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។

លោក​ប្រធានា​ធិបតី​ត្រាំ ​ក៏កំពុង​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​លោកJoe Biden ដែល​ជាបេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នាំ​មុខ ចំពោះ​ការ​ចោទ​ប្រ​កាន់​ពីការ​គាប​សង្កត់​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​គ្មាន​ភស្តុតាង ​ខណៈ​ដែលធ្វើ​ជា​អនុប្រធានា​ធិបតីរបស់​លោក​បារ៉ាក់ ​អូបាម៉ា។​ លោក Thomas Bossert ​ដែល​ជាអតីត​ទីប្រឹក្សា​ម្នាក់​របស់​ប្រធានា​ធិបតី​ដែល​បាន​ធ្វើ​ជាទីប្រឹក្សាសន្តិសុខ​ជាតិ​លើក​ដំបូង​របស់​លោក​ត្រាំ ​បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ​បុគ្គលិកផ្ទាល់​របស់​លោក​ប្រ​ធា​នា​ធិបតី​ត្រាំ ​បាន​ព្រមានម្តងហើយ​ម្តងទៀតថា ​ទ្រឹស្តី​ការឃុបឃិតជា​មួយ​អ៊ុយក្រែន ជា​រឿងដែលគ្មាន​នរណា​រកឃើញ​ភស្តុតាង​អ្វី​សោះ។ លោក Bossertបាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​លោក «មានការ​រំខានយ៉ាង​ខ្លាំង»ដែល​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​បន្តគាប​សង្កត់​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ដើម្បី​ឲ្យបាន​ព័ត៌មាន​នេះ»។

លោកMark Cheathemជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្រ្ត​សាកល​វិទ្យាល័យ Cumberland បាន​និយាយថា «ប្រធានាធិបតី​នា​ពេលមុន ក៏​បាន​ប្រើ​ពាក្យ​សម្តីរួម​គំនិត​ប្រ​ព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ លោក​បាន​ហៅ​ភាសា​របស់​លោកត្រាំ ​នៅពេល​នេះ​ថា ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់»។

លោក Cheathemប្រាប់ VOA ថា លោក​ប្រធានាធិបតី Andrew Jacksonជឿ​ថា ធនា គារជាតិ ​បាន​ប្រើ​ថវិកា​របស់​រដ្ឋាភិបាល​ដើម្បី​ទិញ​សន្លឹក​ឆ្នោត។ មុនពេល​ក្លាយ​ជា​ប្រធានា​ធិបតី លោក Abraham Lincoln បានព្រមានពលរដ្ឋ​អាមេរិ​កាំង​ថា ការសម​គំនិត​ធ្វើ​អំពើ​ទុច្ចរិត​ក្នុង​ប្រទេស​មានឡើង​ដើម្បី​ការពារ​ស្ថាប័ន​ទាស​ភាព។ អតីត​ប្រធានាធិបតី​៣រូប​ដែល​បាន​ប្រឈម​ការ​ប្តឹង​ទម្លាក់​ចេញ​ពី​តំណែង​មាន (ប្រធានាធិបតី Andrew Jackson, Richard Nixon និងBill Clinton)ក៏​បាន​ប្រើ​វោហា​សាស្រ្ត​ការសម​គំនិត​ធ្វើ​អំពើ​ទុច្ចរិត​នៅ​ក្នុងការ​ការពារ​ខ្លួន​របស់លោក​ផ្ទាល់​នៅពេល​ដែល​ពួក​អស់​លោក​បាន​ប្រឈម​លទ្ធភាព​នៃ​ការ​ដក​ចេញ​ពី​តំណែង។

លោក​ Cheathem ​មាន​ប្រសាសន៍​ទៀត​ថា ការប្រើ​វោហាសាស្រ្ត​ការសមគំនិតធ្វើ​អំពើ​ទុច្ចរិតជារឿយៗ​របស់​លោក​ប្រធានា​ធិបតី​ត្រាំ ​ប្រាប់​ឲ្យ​ដឹងថា «លោក​ប្រធានាធិបតី មាន​ការ​ឆាប់ជឿ​យ៉ាង​ខ្លាំង​ហើយនឹងនិយាយទ្រឹស្តីនៃការសមគំនិត​ធ្វើ​អំពើ​ទុច្ចរិត​ម្តង​ហើយ​ម្តងទៀតដោយ​ផ្អែកលើ​អ្វី​ដែល​លោក ​បានអាន​នៅ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ឬ​មើល​ទូរទស្សន៍ឬ​មួយ​ក៏​លោក​គិត​ថា ពលរដ្ឋ​អាមេរិកាំង ជឿ​ថា ​អ្វី​ៗ​ដែល​លោក ប្រាប់​ពួកគេ ទោះបី ​វាមិន​សម​ហេតុ​សមផល​និង​គ្មាន​ភស្តុតាង​ក៏ដោយ»។

លោក Cheathem អះអាង​ថា ប្រសិនបើ​លោក​ត្រាំ ជឿ​តាម​ព័ត៌មាន​សង្គម​ឬទូរទស្សន៍​ នោះ លោកប្រធានា​ធិបតី​ត្រាំ មិន​បាន​ប្រើ​ការ​គិតគូឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ធ្វើ​ការ​សម្រេច​ទេ ហើយ ការណ៍​នេះ ​អាចបំភ័យ​យើងទាំងអស់​គ្នា។ ប្រសិន​បើ ​លោក​គិតថា ពលរដ្ឋ​អាមេរិកាំង​ជឿសម្តីលោកទាំងអស់​នោះ ​លោក​ប្រធានា​ធិបតី​ត្រាំ មាន​ចេតនា​ភូតកុហក​ប្រជា​ពល​រដ្ឋ​អាមេរិកាំង​ដើម្បី​ការពារ​ខ្លួន​ដោយ​មិន​គិត​អ្វី​ទាំងអស់។

នៅ​ក្នុង​បណ្តាញ​ទូរទស្សន៍​ខ្សែកាប​និង​បណ្តាញ​ព័ត៌មាន​សង្គម សម្ព័ន្ធមិត្ត​របស់​ប្រធា នា​ធិបតី​ត្រាំ ដូចជា​លោក Newt Gingrich អតីត​ប្រធាន​សភា​តំណាង​រាស្រ្ត ​បាន​ពណ៌ នា​ការជំរុញឆ្ពោះ​ទៅកាន់ការប្តឹង​ចោទ​ប្រកាន់​ប្រធានា​ធិបតី​ទម្លាក់​ចេញ​ពី​តំណែង​របស់​គណបក្ស​ប្រជាធិបតេយ្យថា​ «ជារដ្ឋប្រហារ​របស់សភា»។ ​ក្នុង​សារ​តាម​ Twitter ​កាល​ពីរសៀល​ថ្ងៃ​អង្គារ​សប្តាហ៍មុន ​លោក​ប្រធានា​ធិបតី​ត្រាំ បាន​និយាយ​ចំៗ ដោយ​ប្រកាស​ថា «នៅពេល​ដែល​ខ្ញុំ ដឹងកាន់​តែ​ច្រើន​ឡើង​ជារៀងរាល់​ថ្ងៃ ​ខ្ញុំសន្មត់​ថា ​អ្វី​ដែល​កំពុង​កើត​ឡើង​មិនមែន​ជា​ការប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញពី​តំណែង​ទេ។ នេះ​ជា​រដ្ឋ​ប្រហារ»។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​រិះគន់​ចំ​ៗលើ​សមាជិក​សភា​ម្នាក់​ដែល​កំពុង​ដឹកនាំ​ការ​ស៊ើបអង្កេត​ក្នុងការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យគឺ​លោក Adam Schiff។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​កំពុង​ចោទ​សួរ​ថាតើប្រធាន​គណៈ​កម្មាធិការ​ស៊ើប​ការណ៍សម្ងាត់ ​ត្រូវ​តែ​ចាប់​ខ្លួន​ពី​ការ​ក្បត់​ជាតិចំពោះ​អ្វី​ដែល​លោក​ត្រាំ បាន​សម្តែង​នូវការ​មិន​យល់​ព្រមថាជាការនិយាយ​សង្ខេប​មិន​ពិតរ​បស់​លោក Schiff ពីការ​និយាយ​ទូរស័ព្ទ​រវាង​លោក​និង​ប្រធានា​ធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskiy។

ការ​និយាយ​ទូរស័ព្ទ​នេះនិង​ពាក្យ​បណ្តឹងដែល​ទាក់​ទិន​ការ​និយាយ​ទូរស័ព្ទ​មក​ពី​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់នៅ​ក្នុង​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ដែល​លោក​ប្រធានា​ធិបតី​ត្រាំ ចង់​រកមុខ ​ជាបញ្ហា​ដ៏​សំខាន់​បំផុត​នៃការ​ស៊ើបអង្កេត​ការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​របស់​គណបក្ស​ប្រជាធិបតេយ្យ។

ក្នុង​សេតវិមាន ​មានការ​ខ្វល់​ខ្វាយ ក៏ប៉ុន្តែ មិនមាន​ការទទួលស្គាល់​នៃ​ការភ្ញាក់​ផ្អើល​អំពី​ការកើន​ឡើង​នូវ​ការនិយាយ​ស្តី​ប្រកប​ដោយ​អរិភាព​រវាង​លោកប្រធានា​ធិបតី​និង​គូ​ប្រកួត​ប្រជែង​របស់​លោកទេ។

«ការងារ​ដំណើរ​ការ​ជាធម្មតា»នេះ​តាម​មន្រ្តី​ម្នាក់​ដែល​បានពណ៌នា​ពីស្ថាន​ការណ៍​នោះ។ក៏ប៉ុន្តែ ​មន្រ្តី​ម្នាក់នេះ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះប្រាប់ VOA​ ចាត់​ទុក​ប្រធានាធិបតីដែលមានការ​រកាំចិត្ត​យ៉ាង​ខ្លាំងកំពុង​ព្យាយាមប្រយុទ្ធយ៉ាង​ខ្លាំងក្លា​ដើម្បី​ឲ្យ​បាន​ជាប់ឆ្នោត​ជា​ប្រធានា​ធិបតី​ម្តងទៀត​នៅពេល​ដែល​មាន​ស៊ើប​អង្កេត​ពីការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​ដោយ​ក្រុម​ឆ្វេង​ជ្រុល​និយម​ដែល​មាន​គោល​បំណង​ដក​លោក​ចេញពី​សេតវិមាន។

ក្រុម​មន្រ្តី​សេតវិមាន ​និយាយ​ថា ការប្តឹង​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ចេញពី​តំណែង​នេះ ​កំពុង​ធ្វើឲ្យ​មានការបញ្ជូនសារ​តាម Twitter ​យ៉ាងច្រើន​ពី​លោក​ប្រ​ធានា ធិបតី​ត្រាំ ​ដែល​ជា​អ្នក​មើល​មិន​ចេះស្កប់​អំពី​សេចក្តីរាយការណ៍​ព័ត៌មាន​តាម​ទូរ​ទស្សន៍​ខ្សែកាបអំពី​តំណែង​ប្រធានា​ធិបតី​របស់​លោក​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់។

តាម​ក្រុម​មន្រ្តី ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ប្រធានា​ធិបតី​ត្រាំ ​នឹង​មិន​អើពើ​ការ​ផ្តល់​យោ​បល់​ថា សារ​តាម Twitter នោះ ​មានភាព​ហួស​ប្រមាណ​ពែក។

ខែកញ្ញា ជា​ខែ​រវល់ដ៏ខ្លាំង​បំផុត​របស់​លោក​ប្រធានា​ធិបតី​ត្រាំនៅ​លើ​បណ្តាញ Twitter ចាប់​តាំង​ពីការ​បោះឆ្នោត​ឆ្នាំ​២០១៦មក។ហើយ​មាតិកា​រឿង​ប្រកប​ដោយ​ការអុជអាល​តាមTwitterរបស់​លោក​កាល​ពីពេល​ថ្មី​ៗ​នេះ បាន​បណ្តាល​ឲ្យ​លោក​ស្រី Kamala Harris បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​សមាជិ​ក​ព្រឹទ្ធសភា ស្នើថា ​ក្រុម​ហ៊ុន Twitter ​ត្រូវ​តែ​បញ្ឈប់ខ្ទង់គណនីយ​របស់​ប្រ​ធានាធិបតី​ត្រាំ។

លោកRush Limbaugh ជា​អ្នក​រៀបចំ​កម្មវិធី​ពិភាក្សា​សន្ទនា​តាម​វិទ្យុ ប្រាប់​ពួក​អ្នក​ស្តាប់​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ប្រទេស​អាមេរិក កំពុង​ស្ថិត​ក្នុង​កណ្តាលនៃ«សង្គ្រាម​ត្រជាក់ស៊ីវិល»ជាមួយ​គណបក្ស​ប្រជា​ធិបតេយ្យ ​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ប្រែក្រឡាស់​លទ្ធផល​នៃការ​បោះឆ្នោត​ឆ្នាំ២០១៦។

​លោក​ប្រធានា​ធិបតី​ត្រាំ​ខ្លួនឯង ​បាន​ចុះ​ផ្សាយ​ឡើង​វិញនូវ​សម្តី​ដក​ស្រង់​ពី​លោក Robert Jeffressជា​គ្រូគង្វៀល​នៅព្រះ​វិហារ Southern Baptist ដែល​ជា​អ្នកយក​ព័ត៌មាន​ឲ្យ​បណ្តាញ​ទូរទស្សន៍ Fox Newsដែល​បាន​ព្រមាន​ពី​សង្គ្រាម​ស៊ិវិល ​ប្រសិនបើ ​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ ​អនុវត្ត​ការ​ដក​ប្រធានា​ធិបតី​ចេញពី​តំណែង​នោះ។

លោក Adam Kinzingerជា​សមាជិកសភាខាង​គណបក្ស​សាធារណរដ្ឋ​នៃគណៈ​កម្មា​ធិការ​កិច្ចការ​បរទេស​របស់​សភា​តំណាង​រាស្រ្ត ​បាន​ឆ្លើយ​តប​ថា «ការណ៍​នេះ​ជាការ​គួរឲ្យ​ស្អប់​ខ្ពើម​បំផុត»។

សកម្មភាព​របស់​ប្រធានា​ធិបតី​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម ក៏​ហួសហេតុ​ដែរ។ នេះ​តាម​សាស្រ្តាចារ្យ​ច្បាប់​ដ៏ល្បីល្បាញ​ម្នាក់។

លោក John Coatesជា​សាស្រ្តាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យា​ល័យ Harvard ​បាន​សរសេរ​នៅ​លើ Twitterថា «សារ​តាមTwitter ជាមូលដ្ឋានឯករាជ្យ​សម្រាប់​ការ​ ប្តឹង​ដើម្បី​ទម្លាក់​ប្រធានា​ធិបតី​ដែល​កំពុង​កាន់​អំណាច​ចេញពី​តំណែងដែល​គំរាម​កំហែង​ធ្វើ​សង្គ្រាម​ស៊ីវិល​ប្រសិន​បើ​សភា​អនុវត្ត​នូវ​អំណាច​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​រដ្ឋ​ធម្មនុញ្ញ​នោះ»។ មានការ​អំពាវនាវ​ឲ្យមានភាព​ស្ងប់​ស្ងាត់ពីការ​បែកបាក់​ខាង​នយោបាយ​នេះ។

លោក Malcolm នៃ​មូលនិធិ Heritage Foundationនិង​ជា​អតីត​ឧបការីរងនៅ​ក្នុង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ប្រាប់ VOAថា «ដំណើការ​នៃ​ការ​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញពី​តំណែង មិន​ត្រូវ​មាន​បំណងធ្វើ​ជា​អាវុធ​ខាង​នយោបាយ​ដើម្បី​គណបក្សទេ។ ការណ៍​នេះ​មានន័យ​ថា ​ដើម្បី​ដោះ​ស្រាយ​កិរិយា​មិនត្រឹម​ត្រូវ​ដ៏ធ្ងន់​ធ្ងរ​ដើម្បី​ដក​ប្រធានាធិបតីជាបន្ទាន់ដែល​មិន​សាក​សម​កាន់​តំណែង។ ខណៈ​ដែល​ប្រ​ទេស​ផ្សេង​ទៀត ​អាច​ដក​ប្រមុខ​រដ្ឋ​ចេញ​ពី​តំណែង​បន្ទាប់​ពីការ​បោះឆ្នោតផ្តល់​សេចក្តី​មិន​ទុកចិត្ត ​ប្រសិនបើ​ពលរដ្ឋ​លែង​ចូលចិត្ត​មេដឹកនាំ​នោះ​ឬ​គោលនយោបាយ​របស់​មេដឹកនាំ​នោះ​ទៀត​ហើយ។ យើង​មិន​ប្រតិបត្តិ​ប្រព័ន្ធ​សភា​ទេ។ តែផ្ទុយ​ទៅ​វិញ យើង ដោះ​ស្រាយ​ការ​ខ្វែងគំនិត​ខាង​គោល​នយោបាយ​របស់​យើង​តាម​រយៈការ​បោះ ឆ្នោត​និង​ដំណើរ​ការនីតិ​បញ្ញត្តិ»។

លោក Cohenដែល​ជា​អ្នក​រិះគន់​ប្រធានាធិបតី​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញTwitter និយាយ​ថា ​លោក​រក្សា​ជំនឿ​ថា ​សហរដ្ឋ​អាមេរិក ​នឹង​គេចផុត​ពីកំឡុង​ពេល​ដ៏​ងងឹតនៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​យើងដោយ​មិនធ្វើ​ឲ្យ​មានសង្គ្រាម​ស៊ីវិល​លើក​ទី២៕

ប្រែ​សម្រួលដោយ​ជឹង ប៉ូជីន

XS
SM
MD
LG