ការទាស់ទែងសម្តីគ្នាកំពុងកើនឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោន ខណៈដែលសភាតំណាងរាស្ត្រ បន្តការស៊ើបអង្កេតរកភស្តុតាងដើម្បីចោទប្រកាន់លោកប្រធានាធិបតីសរអា Donald Trump ។ អ្នកបញ្ចេញព័ត៌មានសម្ងាត់ទី២ ក្នុងសហគមន៍ស៊ើបការសម្ងាត់ បានចោទថាលោក Trump បានប្រព្រឹត្តអំពើខុសឆ្គង ក្នុងការកិច្ចការរបស់លោក ពាក់ព័ន្ធជាមួយប្រទេសអ៊ុយក្រែន នេះបើតាមការឲ្យដឹងរបស់មេធាវីម្នាក់ ដែលការពារក្តីមន្ត្រីស៊ើបការសម្ងាត់២នាក់ ដែលមិនចេញមុខនោះ។ គណបក្សនយោបាយទាំងពីរ កំពុងតែចោទប្រកាន់គ្នាទៅវិញទៅមកអំពីការប្រព្រឹត្តអំពើពុករលួយ។
លោក Trump ថ្លែងថា លោកមានការព្រួយបារម្ភអំពីអំពើពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែន ដែលអាចទាក់ទងនឹងបេក្ខជននាំមុខគេខាងគណបក្សប្រជាធិបតេយ្យ សម្រាប់ឆ្នាំ២០២០ គឺលោក Joe Biden។ កូនរបស់លោក គឺលោក Hunter Biden ជាប់ទាក់ទងខាងជំនួញក្នុងក្រុមហ៊ុនមួយ ដែលបានស្ថិតនៅក្រោមការស៊ើបអង្កេត ក្នុងប្រទេសអ៊ុយក្រែន។
លោក Trump បានស្នើឲ្យលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ពិនិត្យមើលរឿងនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ ដែលក្រុមអ្នករិះគន់និយាយថា ធ្វើឡើងដើម្បីជីករឿងអាស្រូវ ទាក់ទងជាមួយគូប្រជែងរបស់លោក ជាថ្នូរនឹងជំនួយរបស់សរអា ជិត៤រយលានដុល្លារ។
មន្ត្រីក្នុងសហគមន៍ស៊ើបការសម្ងាត់ម្នាក់បានដាក់ពាក្យបណ្តឹង ហើយឥឡូវនេះឮថាមានម្នាក់ទៀត បានដាក់ពាក្យបណ្តឹងជាមួយលោកអគ្គអធិការកិច្ច Michael Atkinson។ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden ថ្លែងថា៖
«Trump ជាប្រធានាធិបតីពុករលួយជាងគេ ដែលយើងមាននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ លោកគឺជាអត្តន័យនៃអំពើពុករលួយ»។
លោក Trump ហៅការស៊ើបអង្កេតលោកថាជាការធ្វើទុក្ខបុកម្នេញ ដោយក្រុមមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យ ក្នុងសភា ដែលមានរួមទាំងលោក Adam Schiff ប្រធានគណកម្មាធិការទទួលបន្ទុកកិច្ចការស៊ើបការសម្ងាត់។ លោកបានថ្លែងថា៖
«នេះជាឧក្រិដ្ឋកម្មលួចបន្លំមួយ ប្រឆាំងលើពលរដ្ឋអាមេរិកាំង ប៉ុន្តែយើងនឹងសហការជាមួយ លោក Schiff ដែលក្រឡេចក្រឡុច និងជាមួយ ប្រធានសភា Nancy Pelosi និងពួកគាត់ទាំងអស់»។
លោក Trump ថ្លែងថាលោកទៅវិញទេដែលជាអ្នកដែលបង្ហាញឲ្យឃើញនូវការប្រព្រឹត្តអំពើខុសឆ្គង។
«ខ្ញុំមិនខ្វល់ខ្វាយអំពីយុទ្ធនាការរបស់ Biden ទេ ប៉ុន្តែខ្ញុំខ្វល់ខ្វាយអំពីអំពើពុករលួយ»។
គណបក្សប្រជាធិបតេយ្យ និយាយថាលោកប្រធានាធិបតី ក្បត់ពាក្យសម្បថចូលកាន់តំណែងរបស់លោក។ អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ Hakeem Jeffries ថ្លែងថា៖
«រដ្ឋបាលបានផ្អិបជំនួយយោធាចំនួន៣៩១លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែនដែលងាយរងគ្រោះ ដោយគ្មានសំអាងហេតុផល។ ហើយបន្ទាប់មកលោកប្រធានាធិបតីបានគាបសង្កត់មេដឹកនាំបរទេសម្នាក់ ឲ្យជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២០ ហើយដៅទៅលើពលរដ្ឋអាមេរិកាំងម្នាក់ ដើម្បីផលចំណេញនយោបាយ។ នេះជាការរំលោភអំណាចយ៉ាងច្បាស់លាស់»។
សមាជិកព្រឹទ្ធសភា Mitt Romney នៃរដ្ឋ Utah ហៅរឿងរ៉ាវដែលកំពុងកើតឡើងថាជារឿងគួរឲ្យបារម្ភ។ លោកជាអ្នករិះគន់លោក Trump ម្នាក់ដែលកម្រមាន ក្នុងគណបក្សសាធារណរដ្ឋ។ តំណាងរាស្ត្រម្នាក់ទៀតនៃគណបក្សសាធារណរដ្ឋ គឺលោក Jim Jordan ថ្លែងថា លោក Trump គ្រាន់តែបំពេញការងាររបស់លោកតែប៉ុណ្ណោះ។
«បើសិនជាយើងចង់ចំណាយប្រាក់ពន្ធដារដែលយើងដកហូតពីពលរដ្ឋអាមេរិកាំងដែលខំរកលុយ ដើម្បីយកទៅជួយពលរដ្ឋអ៊ុយក្រែន ដើម្បីឲ្យពួកគេយកទៅប្រយុទ្ធប្រឆាំងជាមួយរុស្ស៊ី ក្នុងគោលបំណងជួយឲ្យពួកគេធ្វើដំណើរឆ្ពោះទៅរកមាគាដែលពួកគេត្រូវការ ដើម្បីឲ្យមានប្រព័ន្ធការពារដែលពួកគេត្រូវការនោះ ខ្ញុំគិតថាលោក Trump ជឿថាយើងគួរតែបញ្ជាក់ថា គ្មានអំពើពុករលួយនៅទីនោះ»។
លោករដ្ឋមន្ត្រីការបរទេស Mike Pompeo ត្រូវបានអូសទាញចូលក្នុងរឿងចម្រូងចម្រាសនេះ បន្ទាប់ពីលោកបានថ្លែងថា លោកបានចូលរួមក្នុងការសន្ទនាតាមទូរស័ព្ទរបស់លោក Trump ជាមួយប្រធានាធិបតីអ៊ុយក្រែន ។ ហើយសាររបស់អ្នកការទូតសរអាមួយចំនួន បានបង្ហាញឲ្យឃើញថាពួកគេបានពាក់ព័ន្ធនៅក្រោយឆាក៕
ប្រែសម្រួលដោយ ប៉ូច រាសី