ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ស្នើ​ឲ្យ​ពលរដ្ឋ​​បន្ត​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ឆ្លង​ត្រូវ​រាយការណ៍​ថា​ថយ​ចុះខ្លាំង


រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អ្នក​ជំនាញ​សុខភាព​សាធារណៈ​ស្នើ​ឲ្យ​ពលរដ្ឋ​បន្តមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​តួលេខ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ធ្លាក់​ចុះ​ទាប​ជាង​ ៣០០ ករណី​ក្នុង​មួយ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៣០ កញ្ញា​មក។ ​

ប្រទេស​កម្ពុជាបានឃើញ​ករណី​ឆ្លង​ជំងឺកូវីដ១៩ធ្លាក់​ចុះ​ខ្លាំង​ជា​លើក​ដំបូង​ ដែល​មិនធ្លាប់​មាន​ពីមុន​មកក្នុង​ឆ្នាំ​២០២១​នេះ​ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​បាន​ចេញ​បញ្ជាតាម​ខ្សែអាត់​សំឡេង​មួយ​ ​ឲ្យ​កាត់បន្ថយ​ការ​ធ្វើ​តេស្ត​រហ័ស​ (Rapid Testing) កាល​ពី​ដើម​ខែ​តុលា​នេះ។

លោក អ៊ូច វុឌ្ឍី​ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជាបាន អំពាវនាវ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​ដល់​ពលរដ្ឋពាក់ព័ន្ធ​នឹង​ការ​ថយចុះ​ចំនួន​ករណី​ឆ្លង​ និង​ការ​បន្ត​រំឭក​ពលរដ្ឋកុំ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែសនឹង​ជំងឺរលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​មួយនេះ។

លោក​ប្រាប់​វីអូអេ​ថា៖ «តាម​ដែល​យើង​ជា​គ្រូពេទ្យ​ ហើយ​តាម​យោបល់​ខ្ញុំ គូរ​ណា​តែ​យើង​ផ្តល់​យោបល់​ឲ្យ​ យើង​ទូន្មាន​ឲ្យ​ប្រជាពលរដ្ឋ​យើង​ដែល​មាន​កម្រិត​ហ្នឹង​ឲ្យ​លោក​បាន​ដឹង​ទាំងអស់​គ្នា ឲ្យ​ចេះ​ការពារ​ ចេះ​ប្រុងប្រយ័ត្ន​ខ្លួន។ កុំ​អាង​ថា កូវីដ​ធ្លាក់​ចុះ ដោយសារ PCR (ម៉ាស៊ីន​តេស្ត​ធំ) មើល​ទៅ​ឃើញ​តិច ហើយព្រ​លែង​ខ្លួន​ចោល​ អាហ្នឹង​វា​ហានិភ័យ​ដល់​ខ្លួនយើង»។

អ្នកជំនាញ​សុខាភិបាល​រូបនេះ​ ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បន្ត​ការ​ធ្វើ​តេស្ត​រហ័ស​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ ឬ​អ្នក​ដែល​ទទួល​បាន​ការ​បង្ហាត់​បង្រៀនច្បាស់លាស់​ផង​ដែរ បើ​ទោះ​បី​ការ​ធ្វើ​តេស្ត​រហ័ស​មិន​ត្រូវ​បាន​ធ្វើ​ទូលំទូលាយ​ដូច​មុន​ក៏​ដោយ។

គិត​ត្រឹម​ថ្ងៃទី០៤​ ខែតុលា​ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​ថ្មីចំនួន​ ២២៨ ​ករណី ​ករណី​ស្លាប់​ ថ្មី ចំនួន​ ១២​ ដែលនាំ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ដល់​ ២.៤១៨​ករណី​ និង​ករណី​ជា​សះស្បើយ​ថ្មី​ចំនួន​ ៤៨៥។​ ការណ៍នេះ​ធ្វើឲ្យ​ករណី​ជាសះស្បើយ​សរុប​កើន​ដល់​ជាង​១សែន​៥ពាន់​ករណី។ នេះ​បើយោង​តាម​សេចក្តីជូន​ព័ត៌មាន​ពីស្ថានភាព​ជំងឺ​កូវីដ១៩​ ចុង​ក្រោយ​បង្អស់​របស់​ក្រសួង​សុខាភិបាល។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​លោក ​យង់ គិមអេង ​បាន​លើកឡើង​ថា ខណៈ​អាជ្ញាធរ​នៅ​បន្ត​ពង្រឹង​ការពារ​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ចំនួន​តួលេខ​ផ្លូវការ​ដែល​ឃើញ​ថា ​មាន​ការ​ធ្លាក់​ចុះ អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួនមើល​ស្រាល​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោក​បាន​ថ្លែង​ថា៖ «ការ​បង្ហាញ​អំពី​តួលេខ​តិច​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ដែល​គាត់មិន​បាន​ស្វែងយល់​ពី​ស្ថានភាព​ឲ្យ​បាន​ទូលំ​ទូលាយ ​អាច​លែង​ព្រួយ​បារម្ភ។ គាត់​គិត​ថា លែង​មាន ឬ​ចំនួន​ការ​ឆ្លង​អាច​ថយ​អញ្ចឹង​បាទ។ នេះ​ជា​រឿង​មួយ​សំខាន់»។ ​

ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ​ លោក យង់ គិមអេង ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​គោរព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​ ជាពិសេស​អំឡុង​ពេល​ពិធី​បុណ្យភ្ជុំ​បិណ្ឌ​នេះ ដើម្បី​ការពារ​ពីការ​ឆ្លងរាល​ដាល​បន្ថែម​ជាថ្មីទៀត​នៃជំងឺ​កូវីដ១៩ ផងដែរ។

នៅ​ក្នុង​សារ​សំឡេង​ដែល​បាន​បែកធ្លាយ​ និង​ត្រូវ​បានចែក​រំលែក​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ កាល​ពី​ពេល​កន្លង​ទៅ​នេះ​ ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​សម្រេចផ្អាក​ការ​ធ្វើ​តេស្ត​រហ័ស​នៅ​គ្រប់​ខេត្តទាំងអស់​ ដោយថា​ការ​ធ្វើ​តេស្ត​បែបនេះ នឹង​អាច​ធ្វើ​បាន​តែ​នៅកន្លែង​កំណត់​ជាក់លាក់តែ​ប៉ុណ្ណោះ ផ្ទុយ​ពី​ការ​ធ្វើជាលក្ខណៈទូលំ​ទូលាយ​ដូច​កាល​ពី​គ្រា​មុននោះ​។

លោក ហ៊ុន សែន​ បាន​លើកឡើង​ថា ការ​សម្រេច​របស់​លោក​យ៉ាង​ដូច្នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ «របៀប​រស់នៅ​ជាមួយ​ជំងឺ​កូវីដ១៩» និង​«ដំណើរការ​បើក​ប្រទេស​ឡើង​វិញ»។

បន្ទាប់​ពី​មាន​ការ​ប្រកាសពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ផ្អាក​ការ​ធ្វើ​តេស្ត​រហ័ស​នៅ​តាម​ទីកន្លែង​មិន​រៀបរយ​នោះ​ ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ​ចំនួន​ករណី​ឆ្លង​ថ្មី ដោយ​មាន​ការ​បញ្ជាក់​នៅផ្នែក​ខាង​ក្រោម​តួលេខថា «លទ្ធផល​បញ្ជាក់​ដោយ​ (PCR)»ដែល​ជា​ម៉ាស៊ីន​ធ្វើតេស្ត​ធំ។

ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​រាយការណ៍ប្រចាំ​ថ្ងៃថា​ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពី​ចំនួន​ជិត ​១០០០​ករណី​ ក្នុង​មួយ​ថ្ងៃមក​ត្រឹម​ក្រោម​ ៣០០​ករណី​ក្នុង​មួយ​ថ្ងៃ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​រហូត​មក​ទល់​ពេល​នេះ៕

XS
SM
MD
LG