ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​ហ៊ុន សែន ​ស្នើ​វិធាន​ការ​បួន​ដល់​មេ​ដឹកនាំ​ពិភពលោក​ដើម្បី​លើក​កម្ពស់​ស្ត្រី

  • ម៉ែន គឹមសេង

លោក​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​ការ​អភិវឌ្ឍ​ន៍​​ប្រកប​ដោយ​ចីរភាពកាលពី​ថ្ងៃ​សៅរ៍ ទី២៦ ខែ​កញ្ញា ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការ​សហប្រជាជាតិក្នុង​​ទីក្រុង​ញូវយ៉ក។ (AP/Mary Altaffer)

វិធានការ​ទាំង​បួន​ដែល​លោក​ហ៊ុន សែន​លើក​ឡើង​នោះ​រួមមាន​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ ផ្តល់​តួនាទី​ដែល​មាន​សិទ្ធិ​ធ្វើការ​សម្រេច​ចិត្ត ​ឱកាស​សេដ្ឋ​កិច្ច​ និង​ត្រូវ​មាន​យន្តការ​តាមដាន​ការ​អនុវត្ត​ការ​លើក​កម្ពស់​យេនឌ័រ។​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​បាន​ស្នើ​ឲ្យ​មេ​ដឹកនាំ​ពិភព​លោក​ជួយ​ជំរុញ​សមភាព​យេនឌ័រ​តាម​រយៈ​វិធាន​ការ​សកម្មភាព​ចំនួន​បួន​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​សម្រេច​បាន។​ វិធានការ​ទាំង​បួន​ដែល​លោក ​ហ៊ុន សែន ​លើក​ឡើង​នោះ​រួមមាន​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ ផ្តល់​តួនាទី​ដែល​មាន​សិទ្ធិ​ធ្វើការ​សម្រេច​ចិត្ត ​ឱកាស​សេដ្ឋ​កិច្ច​ និង​ត្រូវ​មាន​យន្តការ​តាមដាន​ការ​អនុវត្ត​ការ​លើក​កម្ពស់​យេនឌ័រ។​

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រធានាធិបតី ​និង​នាយក​រដ្ឋមន្ត្រី​ដែល​មកពី​ជុំវិញ​ពិភព​លោក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ​ លោក​ហ៊ុន សែន​បញ្ជាក់​ថា៖​

«ឆ្នាំ​២០១៥​នេះ​គឺជា​ឆ្នាំ​ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​ពន្លឿន​វឌ្ឍនភាព​ឆ្ពោះ​ទៅរក​សមភាព​យេនឌ័រ​ និង​ការ​លើក​កម្ពស់​សិទ្ធិ​អំណាច​ស្ត្រី។​ ជា​ការណ៍​ពិត​កិច្ច​ប្រជុំ​នេះ​នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា​ក្នុង​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែងនិង​ប្តេជ្ញា​ចិត្ត​បន្ថែម​ទៀត​ដើម្បី​សម្រេច​នូវ​សមភាព​យេនឌ័រ​និង​ធ្វើឱ្យ​គោលដៅ​នេះ​ក្លាយជា​ការណ៍​ពិត​សម្រាប់​ស្ត្រី​ និង​ក្មេងស្រី​ទាំងអស់​នៅ​ទូទាំង​ពិភពលោក»។

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​បាន​បង្កើត​ច្បាប់​ដែល​ធានា​ការពារ​ស្ត្រី​ប្រឆាំង​នឹង​ការរើស​អើង​និង​អំពើ​ហិង្សា​ ហើយផ្តល់​ឱកាស​ឱ្យ​ស្ត្រី​ និង​កុមារ​នៅក្នុងវិស័យ​អប់រំ​ និង​សេដ្ឋកិច្ច។​

លោក​បាន​បន្ថែម​ថា៖​

«ជាពិសេស​តាម​រយៈការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​លើ​មរណភាព​មាតា ​និង​ការ​លើក​កម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​នៅក្នុង​កិច្ចការ​នយោបាយ​ ការ​សម្រេច​ចិត្ត​ និង​កិច្ចការ​នានា​របស់​សង្គម​ជាតិ​នៅ​គ្រប់​ស្ថាប័ន​ជាតិ​និង​គ្រប់​កម្រិត​ ជា​អាទិ៍​ស្ថាប័ន​នីតិប្បញ្ញត្តិ ​ស្ថាប័ន​នៃ​រាជ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ទាំង​នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់​ក្រោមជាតិ»។​

គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​នេះ ​ត្រូវ​បាន​មេ​ដឹកនាំ​ពិភព​លោក​សន្យា​កាលពី​ឆ្នាំ​២០០០​ថា​ សម្រេច​ឱ្យ​បាន​នៅ​ដំណាច់​ឆ្នាំ​២០១៥​នេះ។​

កាលពី​ថ្ងៃ​សុក្រ​ មេ​ដឹកនាំ​ពិភពលោក​បាន​អនុម័ត​នូវ​កញ្ចប់​អភិវឌ្ឍន៍​មួយ​ថ្មី​ដែល​មាន​គោលដៅ​ចំនួន១៧ហើយ​សន្យា​ថា​ នឹង​សម្រេច​ឱ្យបាន​នៅ​ឆ្នាំ​២០៣០​ខាង​មុខ។​

កញ្ចប់​អភិវឌ្ឍន៍​ថ្មី​នេះ​មាន​ឈ្មោះ​ថា ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ដែល​នៅ​ក្នុង​នោះ​គោលដៅសមភាព​យេនឌ័រ​ត្រូវ​បាន​ គេ​ដាក់​នៅក្នុង​គោលដៅ​ទី៥។​ ហើយ​នៅថ្ងៃ​អាទិត្យ​នេះ​ មេ​ដឹកនាំ​ពិភព​លោក​ដែល​មាន​វត្តមាន​នៅឯ​បូរី​ញូវយ៉ក​បាន​ឡើង​ប្រកាស​ជា​បន្ត​បន្ទាប់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​បន្ថែម​ទៀត​ដើម្បី​ជួយឱ្យ​សម្រេច​បាន​គោលដៅទាំង​នេះ។​

លោកស្រី ​ធីតា ឃឹះ​ នាយិការ​អង្គការ​សីលការ​ បាន​បញ្ជាក់​ពីការ​យល់ស្រប​នឹង​គោលដៅ​ថ្មីដែល​ប្រមុខ​ដឹកនាំ​រដ្ឋបាន​អនុម័ត​ដោយសារ​មាន​ការ​ចូលរួម​ពិភាក្សា​យ៉ាង​លម្អិត​ជាមួយ​ភាគី​ពាក់ព័ន្ធ។​ ប៉ុន្តែ​អ្វី​ដែល​អ្នក​ជំនាញ​ខ្លះ ដូចជា​លោកស្រី​នៅ​ព្រួយ​បារម្ភ​គឺ​បញ្ហា​ថវិកា​ និង​យន្តការ​តាមដាន​ដែល​នោះ​គឺជា​អ្វី​ដែល​លោក​ហ៊ុន សែន​ទើបតែ​បាន​ស្នើ​ឡើង​ឱ្យ​មេ​ដឹកនាំ​ពិភព​លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់។​

«រឿង​មួយ​ដែល​ស្ត្រី​នៅ​មាន​ការ​ព្រួយ​បារម្ភ​គឺនៅ​ត្រង់​ថា​ នៅ​ខ្វះ​វិធានការ​ ឬ​ភាសា​ដែល​និយាយ​អំពី​គណ​នេយ្យភាព ​ការ​ទទួល​ខុសត្រូវ​នៅ​គ្រប់​លំដាប់​ថ្នាក់​ ពី​រដ្ឋាភិបាល​ទៅ​ប្រជា​ពលរដ្ឋ​ ពី​អង្គការ​សហ​ប្រជាជាតិ​ទៅ​ប្រទេស​ដ​ទៃ​ទៀត​សំខាន់​ពី​ប្រទេស​អភិវឌ្ឍន៍​ទៅ​ប្រទេស​ក្រីក្រ។​ នៅ​ខ្វះ​ភាសា​នេះ​មួយ​ ហើយ​រឿង​មួយ​ទៀត​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​គឺ​រឿង​បញ្ហា​ថវិកា»។​

ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​ លោកស្រី​យល់​ថា​ មិន​សម្រេច​បាន​ច្រើន​ប៉ុន្មាន​ទេ​ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ​លើ​ផ្នែក​យេនឌ័រ៖​

«ពីរឿង​ប្រគល់​សិទ្ធិ​អំណាច​ដល់ស្ត្រី​នៅក្នុង​សមាជិក​សភា​គឺ​យើង​អត់បាន​សម្រេច​ប៉ុន្មាន​ទេ។​ ប៉ុន្តែ​ឃើញ​មាន​ការ​កើន​ឡើង​ខ្លះ​ដែរ​ ប៉ុន្តែ​អត់​បាន​ទៅតាម​អ្វី​ដែល​បាន​ព្រាង​ទុក ​ហើយ​ការ​អនុវត្ត​ទាំង​ប៉ុន្មាន​ទៀត​យើង​មើល​ឃើញ​ថា​ នៅ​មាន​ការ​ខ្វះ​ ដោយ​យន្តការ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ ផ្សេងៗ​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ស្ត្រី ​ហើយ​ក្នុង​ការ​រើសអើង​លើ​ស្ត្រី​ក៏នៅ​តែ​មាន​ដដែល។​ ខាង​ផ្នែក​សុខាភិបាល​ឃើញ​មាន​ទទួល​បាន​ជោគជ័យ​ដែល​យើង​ទទួល​ស្គាល់​កន្លែង​ត្រង់​ហ្នឹង»។​

ការ​មើល​ឃើញ​របស់​លោកស្រី ​ធីតា​ ឃឹះ​លើ​ផ្នែក​ស្ត្រី​ក្នុង​តំណែង​នយោបាយ​ស្រប​គ្នា​នឹង​ការ​ព្រួយ​បារម្ភ​របស់​បាតុករ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ដែល​បាន​មក​ធ្វើ​បាតុកម្ម​នៅ​បុរី​ញូវយ៉ក​ កាលពី​ថ្ងៃ​សៅរ៍​ទាមទារ​ឱ្យ​មេ​ដឹកនាំ​កម្ពុជា​យកចិត្ត​ទុកដាក់។​

លោកស្រី ​សេង ចាណែត​ បាតុករ​និង​ជា​ប្រធាន​ចលនា​ស្ត្រី​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​ពន្យល់​អំពី​បញ្ហា​ប្រឈម​ដែលស្ត្រី​ក្នុង​តំណែង​នយោបាយ​ជួប​ប្រទះ​ ជាពិសេស​នៅ​ស្ថាប័ន​នីតិ​ប្បញត្តិ៖​

«បើ​មាន​ស្ត្រីតែ​ម្នាក់ ​ហើយ​បើ​ដាក់​ឈ្មោះ​គាត់​លេខ​៥ ​យើង​ដឹង​ថា​ បើ​បោះឆ្នោត​ គឺ​គាត់​លេខ​៥​ក៏​អត់​ជាប់​ដែរ​ អញ្ចឹង​សូម​លើក​ស្ទួយ​ស្ត្រី​យក​គាត់​មក​ដាក់​លេខ​ពីរ​មក ​យក​គាត់​មក​ដាក់​លេខ​មួយ​មក​ឱ្យ​គាត់​មាន​ឱកាស​ជាប់​ជា​តំណាង​រាស្ត្រ​ ហើយ​យើង​ឃើញ​ថា ​នៅ​ក្នុង​សភា​ស្ត្រី​តិចណាស់ ​ហើយ​ឱ្យ​គាត់​បញ្ចេញ​មតិ ​គាត់​បញ្ចេញមតិ​ ប៉ុន្តែ​ចុង​បញ្ចប់​យើង​នៅតែ​យក​មតិ​ភាគច្រើន។​ អញ្ចឹង​នៅតែ​គំនិត​របស់​បុរស​ដដែល​ ពីព្រោះ​មតិ​ស្ត្រី​វា​តិច​នៅ​ក្នុង​សភា​ហ្នឹង»។​

អ្នក​ឯកទេស​មើល​ឃើញ​ថា​ មេ​ដឹកនាំ​នយោបាយ​ត្រូវ​មើល​ថា​ បញ្ហា​លើក​កម្ពស់​ស្ត្រី​ និង​កុមារី​គឺ​ជា​បញ្ហា​ជាតិ​គឺ​មិនមែន​ជា​បញ្ហារបស់​គណបក្ស​នយោបាយ​ណាមួយ​ទេ៕​

XS
SM
MD
LG