ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីក្រូ​ហិរញ្ញវត្ថុ​ជា​យុទ្ធសាស្ត្រ​កាំបិត​មុខ​ពីរ​សម្រាប់​ការ​ធ្វើ​ចំណាក​ស្រុក


 រូប​ឯកសារ៖ ពលករ​ចំណាក​ស្រុក​កម្ពុជា​នាំ​គ្នា​ចុះ​ពី​រថយន្ត​របស់​ថៃ ក្រោយ​ពេល​ដែល​ពួកគេ​បាន​មក​ដល់​ព្រំដែន​ខ្មែរ-ថៃ​នៅ​ទីក្រុង​ប៉ោយប៉ែត​ កាលពី​ថ្ងៃ​អង្គារ ទី១៧ ខែ​មិថុនា ឆ្នាំ២០១៤។
រូប​ឯកសារ៖ ពលករ​ចំណាក​ស្រុក​កម្ពុជា​នាំ​គ្នា​ចុះ​ពី​រថយន្ត​របស់​ថៃ ក្រោយ​ពេល​ដែល​ពួកគេ​បាន​មក​ដល់​ព្រំដែន​ខ្មែរ-ថៃ​នៅ​ទីក្រុង​ប៉ោយប៉ែត​ កាលពី​ថ្ងៃ​អង្គារ ទី១៧ ខែ​មិថុនា ឆ្នាំ២០១៤។

ខណៈ​ពេល​ដែល​មីក្រូ​ហិរញ្ញ​វត្ថុ​កាន់​តែ​សម្បូរ​ច្រើន​ឡើង ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន​នាំ​គ្នា​ទទួល​ប្រាក់​កម្ចី​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ មួយ​ផ្នែក​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចំណាក​ស្រុក។

នៅ​កម្ពុជា​សព្វថ្ងៃ ខណៈ​ពេល​ដែល​មីក្រូ​ហិរញ្ញ​វត្ថុ​កាន់​តែ​សម្បូរ​ច្រើន​ឡើង ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន​នាំ​គ្នា​ទទួល​ប្រាក់​កម្ចី​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ មួយ​ផ្នែក​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចំណាក​ស្រុក។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ខាង​ចំណាក​ស្រុក និង​មីក្រូ​ហិរញ្ញ​វត្ថុ។

គិត​មក​ត្រឹម​ខែ​មិថុនា ឆ្នាំ២០១៥ ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ផ្តល់​កម្ចី​ជា​សាច់​ប្រាក់​ជាង​ពីរពាន់​លាន​ដុល្លារ​ ដែល​ចំនួន​នេះ​បាន​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​ប្រាក់​កម្ចី​នា​ពេល​នោះ​មាន​ចំនួន​ត្រឹម​តែ​មួយ​ពាន់​ប្រាំមួយ​រយ​លាន​ដុល្លារ​តែ​ប៉ុណ្តោះ។ នេះ​បើ​យោង​តាម​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា។

លោកស្រី​ Maryann Bylander សាស្ត្រចារ្យ​ខាង​សង្គម​វិទ្យា​នៃ​សាកល​វិទ្យាល័យ Lewis and Clark បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ដល់​ការ​ធ្វើ​ចំណាក​ស្រុក​ក្នុង​រូបភាព​ខុសៗ​គ្នា។

«‍សម្រាប់​អ្នក​ខ្លះ គាត់​បាន​ធ្វើ​ចំណាក​ស្រុក​រួច​បាត់​ទៅ​ហើយ។​ ហេតុ​ដូច្នេះ ពួក​គេ​បាន​ខ្ចី​ប្រាក់ និង​ប្រើប្រាស់​ប្រាក់​នោះ​ដើម្បី​ធ្វើ​ចំណាក​ស្រុក។ សម្រាប់​អ្នក​ខ្លះ​ទៀត ពួក​គេ​ជាប់​បំណុល ហើយ​មិន​អាច​មាន​ប្រាក់​សង​បំណុល​នោះ​បាន។ ម្លោះ​ហើយ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើ»។

ពលរដ្ឋ​ចំណាក​ស្រុក​ជា​ធម្មតា​បាន​ផ្ញើរ​ប្រាក់​កម្រៃ ដែល​រក​បាន​ពី​ការងារ​ក្រៅ​ប្រទេស​ចូល​មក​ក្នុង​ប្រទេស ដើម្បី​ទូទាត់​បំណុល​នៅ​ក្នុង​ស្រុក ដែល​ពួក​គេ​បាន​ខ្ចី​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ។

លោក​ស្រី​បាន​បញ្ជាក់​ថា កាល​ណា​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​ធ្វើ​ចំណាក​ស្រុក នោះ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​បាន​ប្រយោជន៍​ដ៏​ប្រសើរ​ពី​ការ​ធ្វើ​បែប​នេះ។

«‍ការណ៍​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​តែ​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ពីព្រោះ​ថា​វា​ផ្តល់​ជា​ប្រភព​បង់​ប្រាក់​សំណង​យ៉ាង​ទៀតទាត់​សម្រាប់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ដោយសារ​ប្រាក់​បៀរវត្សរ៍​នៅ​ទីនោះ​ខ្ពស់​ជាង​នៅ​កម្ពុជា»។

ក៏​ប៉ុន្តែ ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ប្រាក់​កម្រៃ​មក​បង់​ប្រាក់​សំណង​សម្រាប់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​នេះ​អាច​បង្កើន​ភាព​ងាយ​នឹង​ទទួល​រង​គ្រោះ​ថ្នាក់ និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​សម្រាប់​អ្នក​ខ្ចី ពីព្រោះ​ជា​ញឹកញាប់​ការងារ​ក្រៅ​ប្រទេស​អាច​មិន​មាន​សេ្ថរភាព ហើយ​ពលករ​ចំណាក​ស្រុក​អាច​នឹង​ត្រូវ​បាន​បោក​ប្រាស់។

លោកស្រី Maryann Bylander ឲ្យ​ដឹង​ថា៖ «‍ខ្ញុំ​មិន​ចង់​និយាយ​ថា ពលករ​ចំណាក​ស្រុក​មិន​គួរ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ទេ។ ប៉ុន្តែ ខ្ញុំ​យល់​ថា យើង​ត្រូវ​ការ​ការ​ត្រួត​ពិនិត្យ​ប្រសើរ​ជាង​នេះ ជា​ពិសេស​លើ​ភាព​ងាយ​នឹង​ទទួល​គ្រោះថ្នាក់​របស់​ពលករ​ចំណាក​ស្រុក ដែល​អាច​បង្ក​ឡើង​ដោយ​សារ​តែ​បំណុល»។

យោង​តាម​របាយការណ៍​ស្តី​អំពី​ឥទ្ធិពល​នៃ​សេវា​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​ប្រទេស​កម្ពុជា សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​បម្រើ​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ដោយ​ជួយ​បង្កើត​ប្រាក់​ចំណូល និង​ទ្រព្យ​សម្បត្តិ​ដល់​អ្នក​ដែល​ខ្ចី​ប្រាក់​កម្ចី​ពី​ស្ថាប័ន​ទាំង​នេះ។

​ប៉ុន្តែ លោក​ស្រី​សាស្ត្រាចារ្យ Bylander មិន​ជឿជាក់​ថា មីក្រូ​ហិរញ្ញវត្ថុ​សម្រេច​បាន​លទ្ធផល​ដ៏​ល្អ និង​យ៉ាង​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍន៍​ដូច​ដែល​ការ​សន្និដ្ឋាន​ជា​រឿយៗ​នោះ​ទេ។

«‍គោលដៅ​ជា​ច្រើន​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​បាន​បាត់បង់។ វា​ក៏​បាន​បាត់បង់​នៅ​កម្ពុជា ដោយ​សារ​តែ​វិស័យ​នេះ​រំកិល​ខ្លួន​ទៅ​បម្រើ​ខាង​វិស័យ​ពាណិជ្ជកម្ម»។

លោក​ស្រី​ក៏​បាន​បន្ថែម​ទៀត​ថា ការណ៍​នេះ​អាច​មាន​បញ្ហា​ច្រើន ជាពិសេស​បើ​គ្មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិតដល់។ ហេតុដូច្នេះ លោក​ស្រី​យល់​ថា ការ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​កាន់​តែ​ខ្លាំង​ឡើង​គឺ​ចាំបាច់​សម្រាប់​កម្ពុជា។

លោកស្រី​ថា បំណុល​បង្ក​ឲ្យ​មាន​ភាព​ងាយ​ទទួល​រង​គ្រោះ​ថ្នាក់​សម្រាប់​ពលករ​ចំណាក​ស្រុក។ ដូច្នេះ លោកស្រី​យល់​ថា វា​ដល់​ពេល​ហើយ​ដែល រដ្ឋាភិបាល និង​ដៃ​គូ​សហការ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើត​ឱកាស​ទទួល​បាន​ការងារ​ដោយ​ស្រប​ច្បាប់​សម្រាប់​ពលករ​ចំណាក​ស្រុក៕

XS
SM
MD
LG