ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រៃ​ដ៏​ក្រាស់​ចុង​ក្រោយ​នៅ​ឥណ្ឌូនេស៊ី​នឹង​ត្រូវ​​សម្អាត​សម្រាប់​ការ​អភិវឌ្ឍ​ថាមពល​ទាញ​ពី​កម្តៅ​ក្នុង​ផែនដី


រូបភាព​ឯកសារ​៖ សត្វស្វាធំក្រហម​តោង​ដើម​ឈើ​មួយ​ក្នុង​ឧទ្យាន​ជាតិ​ Gunung Leuser ក្នុង​ស្រុក​ Langkat ភាគ​ខាង​ជើង​ខេត្ត​ស៊ូម៉ាត្រា​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។
រូបភាព​ឯកសារ​៖ សត្វស្វាធំក្រហម​តោង​ដើម​ឈើ​មួយ​ក្នុង​ឧទ្យាន​ជាតិ​ Gunung Leuser ក្នុង​ស្រុក​ Langkat ភាគ​ខាង​ជើង​ខេត្ត​ស៊ូម៉ាត្រា​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

តំបន់​ព្រៃ​ Leuser Ecosystem ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​បំផុត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​​ ក្នុង​ខេត្ត​ Aceh គឺ​ជា​តំបន់​ព្រៃ​មួយ​ដ៏​កម្រ​ដែល​សត្វ​ខ្លា ស្វា​ធំ​ក្រហម (orangutans) ដំរី​ និង​សត្វ​រមាស​ រស់​នៅ​ជាមួយ​គ្នា​ក្នុង​ព្រៃ។​​​

​ក្នុង​ពេល​ឆាប់ៗ​នេះ​ ពពួក​សត្វ​ទាំង​នេះ​ប្រហែល​ជា​ត្រូវ​បើក​ផ្លូវ​ទទួល​លក្ខខណ្ឌ​បន្ថែម​ថ្មី​មួយ​ក្នុង​ជម្រក​របស់​ពួកគេ នោះ​គឺ​ថាមពល​ទាញ​ចេញ​ពី​កម្តៅ​ក្នុង​ផែនដី ជា​គម្រោង​មួយ​ដែល​អ្នក​អភិរក្ស​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

លោក​ Rudi Putra ទីប្រឹក្សា​របស់​អង្គការ​អភិរក្ស​តំបន់​ព្រៃ​ Leuser (Leuser Conservation Forum) បាន​ចោទ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​ពួកគេ​ចង់​សាងសង់​វា​ក្នុង​ព្រៃ​នៃ​ខេត្ត Aceh​ ជា​តំបន់​ព្រៃ​ដែល​នៅ​សល់​ដ៏​ល្អ​បំផុត​មួយ?»។

កាល​ពី​ចុង​ខែ​សីហា​ អភិបាល​ខេត្ត​ Aceh លោក Zaini Abdullah បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ស្នើ​សុំ​ឲ្យ​បែង​ចែក​តំបន់​ទំហំ​៨.០០០​ហិកតា​នៃ​តំបន់ ​Leuser Ecosystem សម្រាប់​រុក​រក​ថាមពល​ទាញ​ចេញ​ពី​កម្តៅ​ក្នុង​ផែន​ដី។

គម្រោង​ដែល​ត្រូវ​អនុវត្ត​សហការ​ជាមួយ​ក្រុមហ៊ុន​តួកគី​ឈ្មោះ PT Hitay Panas Holdings គ្រប់​គ្រង​ដោយ​មហា​សេដ្ឋី​តួកគី​ម្នាក់​ បាន​កំណត់​យក​តំបន់​ស្នូល​ទំហំ​៨០០.០០០​នៃ​ឧទ្យាន​ជាតិ​ Leuser ដែល​ស្ថិត​ក្នុង​តំបន់​ដ៏​សំខាន់​នៃ​តំបន់​ប្រព័ន្ធ​អេកូឡូស៊ី​ទំហំ​២,៨លាន​ហិកតា​ដែល​បាន​ចុះ​ក្នុង​បញ្ជី​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) ។​

ថ្មីៗ​នេះ ​រដ្ឋាភិបាល​កំពុង​តែ​ច្របូក​ច្របល់​ជាមួយ​ពាក្យ​បណ្តឹង​របស់​ក្រុម​អ្នក​ប្រឆាំង​នឹង​គម្រោង​តំបន់ ​Aceh ដែល​ថា​នឹង​ទុក​តំបន់​ Leuser សម្រាប់​ការ​អភិវឌ្ឍ ជា​ការ​រំលោភ​ជាក់ស្ដែង​ពី​រដ្ឋាភិបាល​សហព័ន្ធ។​

ការ​ស្នើ​សុំ​ឲ្យ​បែង​ចែក​តំបន់​សារ​ជា​ថ្មី​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​លេស​ថា​ដើម្បី​ជួយ​គាំទ្រ​គោល​នយោបាយ​របស់​ប្រធានាធិបតី​ Joko Widodo ដែល​បាន​សន្យា​ថា​ នឹង​បន្ថែម​ថាមពល​អគ្គិសនី​ ៣៥.០០០​មេហ្គាវ៉ាត់​ទៅ​លើ​ថាមពល​អគ្គិសនី​ដែល​កំពុង​ខ្វះ​ខាត​របស់​ឥណ្ឌូនេស៊ី​ ឲ្យ​បាន​ត្រឹម​ឆ្នាំ​ ២០២០ និង​បង្កើន​ភាគរយ​នៃ​ថាមពល​កកើត​ឡើង​វិញ។

ទោះ​បី​ជា​យ៉ា​ងណា​ក៏​ដោយ ​អ្នក​ការពារ​បរិស្ថាន​ បារម្ភ​ថា​ការ​អភិវឌ្ឍ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរ​ប្រែប្រួល​ជា​បន្ត​បន្ទាប់​ដែល​នឹង​នាំ​ទៅ​រក​ការ​រលត់​រលាយ​តំបន់​ Leuser ហើយ​អាជ្ញាធរ​នឹង​មិន​មាន​អំណាច​បញ្ឈប់​បាន​ឡើយ។​

អ្នក​ស្រី​ Farwiza Farhan ​ប្រធាន​អង្គការ​ព្រៃឈើ​ ធម្មជាតិ​ និង​បរិស្ថាន​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ក្នុង​ខេត្ត Aceh បាន​និយាយ​ថា៖​ «កន្លែង​ណា​ក៏​ដោយ​បន្ទាប់​ពី​មនុស្ស​បង្កើត​ឲ្យ​មាន​ផ្លូវ​ថ្នល់​ ការ​បំផ្លិច​បំផ្លាញ​នឹង​កើត​មាន»។ អ្នកស្រី ​ក៏​បាន​បន្ថែម​ថា​ ប្រជាជន​ដែល​ចង់​បាន​ឈើ​ធំៗ​ និង​កសិករ​ខ្នាត​តូច​បាន​ប្រើ​ប្រាស់​ផ្លូវ​នោះ​ដើម្បី​ទាញ​យក​ប្រយោជន៏​ពី​ព្រៃ​ឈើ​ដែល​ពី​មុន​មិន​អាច​យក​បាន​ ហើយ​បាន​នាំ​ទៅ​រក​ការ​បាត់​បង់​ជម្រក​សត្វ​ព្រៃ។​

អ្នក​ស្រី​បាន​និយាយ​ថា៖ «ឥឡូវ​នេះ​ គេ​ធ្វើ​ដើម្បី​បាន​ថាមពល​ទាញ​ចេញ​ពី​កម្តៅ​ក្នុង​ផែន​ដី ប៉ុន្តែ​តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ត​ទៀត​នៅ​ពេល​ក្រោយ? តាំង​ពី​មុន​ពេល​មាន​ការ​អភិវឌ្ឍ​នេះ​ទៀត​ រហូត​មក​ដល់​ឥឡូវ​ អាជ្ញាធរ​មិន​អាច​ការពារ​ព្រៃ​តំបន់ Leuser បាន​ទាល់​តែ​សោះ»។

ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​គេ​ឃើ​ញ​មាន​ការ​រីកសាយ​នៃ​ការ​រំលោភ​យក​ដី​ព្រៃ​ និង​ការ​កាប់​ព្រៃ​ដោយ​ខុស​ច្បាប់​ប្រមាណ​៥.៥០០​ហិកតា​ក្នុង​មួយ​ឆ្នាំ។​

លើ​កោះ​ស៊ូម៉ាត្រា​ទាំង​មូល​ ការ​កាប់​ព្រៃ​ និង​បំប្លែង​សម្រាប់​វិស័យ​កសិកម្ម​បាន​ផ្តួល​រំលំ​ព្រៃ​ឈើ​អស់​ជិត​១​ភាគ​បួន​តាំង​ពី​ឆ្នាំ២០០០។​

ព្រៃ​ដ៏​មាន​តម្លៃ​បំផុត

គម្រោង​រុករក​ថាមពល​ទាញ​ចេញ​ពី​កម្តៅ​ក្នុង​ផែន​ដី​របស់​អាជ្ញាធរ​ខេត្ត​ Aceh ផ្តោត​លើ​តំបន់​៨.០០០ ហិកតា​នៅ​ខ្ពង់រាប​ Kappi Plateau ដែល​ជា​តំបន់​លាត​សន្ធឹង​ក្នុង​ទំហំ​១៥០.០០០​ហិកតា ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​សំខាន់​បំផុត​នៃ​តំបន់​ព្រៃ Leuser។​

លោក Rudi Putra សា្ថបនិក​នៃ​អង្គការ​អភិរក្ស​តំបន់​ព្រៃ Leuser បាន​និយាយ​ថា៖ «តំបន់​ខ្ពង់រាប Kappi មាន​ព្រៃ​ល្អ​បំផុត​ដែល​នៅ​សេសសល់​លើ​ពិភពលោក»។

លោក​បាន​បន្ថែម​ថា បឹង​ទឹក​ប្រៃ​ជា​ច្រើន​ក្នុង​តំបន់​នេះ​ និង​ដើម​ឈើ​ដែល​មាន​ផ្លែ​ ធ្វើ​ឲ្យ​តំបន់​នោះ​ក្លាយ​ជា​ជម្រក​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​សត្វ​ព្រៃ​ទាំង​ធំ​ និង​តូច។ ដំរី​នៅ​ស៊ូម៉ាត្រា​២០០​ក្បាល​ ដែល​ស្មើ​នឹង​១០ភាគ​រយ​នៃ​ដំរី​នៅ​សល់​លើ​ពិភពលោក​ នឹង​ប៉ះ​ពាល់ ​បើសិន​ជា​គម្រោង​រុករក​ថាមពល​ទាញ​ចេញ​ពី​កម្តៅ​ក្នុង​ផែន​ដី​នេះ​ត្រូវ​បាន​អនុវត្ត។​

លោក​និយាយ​ថា៖ «បើ​សិន​ជា​គម្រោង​នេះ​ត្រូវ​បាន​ចុះ​កិច្ច​សន្យា​ក្នុង​តំបន់​នេះ​ យើង​នឹង​បាត់​បង់​សត្វ​ព្រៃ​ជា​ច្រើន។ យើង​នឹង​បាត់​បង់​មិន​មែន​ត្រឹម​តែ​ព្រៃ​៨.០០០ហិកតា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នៅ​ទី​បញ្ចប់​ យើង​នឹង​បាត់​បង់​តំបន់​ខ្ពង់រាប​នេះ​ទាំង​មូល»។​

លោក​បាន​សង្កត់​ធ្ងន់​ថា ការ​សាងសង់​ផ្លូវ​នឹង​បើក​ឱកាស​ឲ្យ​កសិករ​ខ្លួន​ឯង និង​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​បំផ្លាញ​ព្រៃ​ដោយ​គ្មាន​ការ​ដាក់​ទោស​ទណ្ឌ​អ្វី​ឡើយ ហើយ​ការណ៍​នេះ​នឹង​ធ្វើ​រលត់​រលាយ​ព្រៃ​ឈើ​ទាំង​ស្រុង។

ការ​ដើរ​ទៅ​មុខ​នៅ​លើ​ផ្លូវ​ខុស?

ប្រទេស​ឥណ្ឌូនេស៊ី​លាត​សន្ធឹង​គ្រប់​ដណ្តប់​៤០​ភាគ​រយ​នៃ​សក្តានុពល​ថាមពល​ទាញ​ចេញ​ពី​កម្តៅ​ក្នុង​ផែន​ដី​ ដែលពាក់​កណ្តាល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កោះ​ស៊ូម៉ាត្រា។

បើ​យោង​តាម​លោក​ Rudi ​វា​គ្មាន​ហេតុផល​ច្បាស់​លាស់​ទាល់​តែសោះ​ដែល​ថា​កោះ​ដែល​សម្បូរ​ដោយ​ថាមពល​កម្តៅ​ក្នុង​ផែនដី​ ហើយ​ក៏​ជា​តំបន់​ការពារ​ជា​ពិសេស​ដូច​ជា​តំបន់ Kappi នេះ​ត្រូវ​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​អភិវឌ្ឍ​បែប​នេះ​ទៅ​វិញ​។

លោក​បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ប្រហែល​ជា​បាន​បែង​ចែក​តំបន់​នេះ​ជា​តំបន់​ពិសេស​សម្រាប់​ក្រុមហ៊ុន​មួយ ហើយ​តំបន់​ផ្សេង​ទៀត​សម្រាប់​ក្រុម​ហ៊ុន​ផ្សេង​ទៀត។​ ហេតុ​ដូច្នេះ​ហើយ បាន​ជា​គោលដៅ​សម្រាប់​ក្រុម​ហ៊ុន Hitay នេះ ​គឺ​តំបន់​ខ្ពង់​រាបKappi តែ​ម្តង»។

លោក​បាន​បន្ត​ថា៖ «រដ្ឋាភិបាល​អាច​បដិសេធ​ ហើយ​និយាយ​ថា​ទេ​ អ្នក​មិន​អាច​រុក​រក​ក្នុង​តំបន់​នេះ​ទេ​ពី​ព្រោះ​វា​ជា​ស្នូល​នៃ​ឧទ្យាន​ជាតិ។ ខ្ញុំ​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​មិន​និយាយ​ដូច្នេះ»។​

ការ​ព្យាយាម​ចង់​ជួប​ជាមួយ​នឹង​ក្រុម​ហ៊ុន Hitay ​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​គឺ​មិន​បាន​សម្រេច​ឡើយ។

​អ្នកស្រី​ Farhan បាន​ឲ្យ​ដឹង​ថា ​អ្នកស្រី Siti Nurabaya ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន ​និង​ព្រៃឈើ​ និង​ដែល​មាន​គម្រោង​ថ្លែង​សុន្ទរកថា​ជា​លើក​ចុង​ក្រោយ​ពី​សំណើ​បែង​ចែក​តំបន់​សារ​ជា​ថ្មី​នេះ ​មាន​កំណត់​ត្រា​តាម​ដាន​ដ៏​ល្អ​មួយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចាប់​តាំងពី​អ្នក​ស្រី​បាន​កាន់​តំណែង។

អ្នក​ស្រី Farhan និយាយ​ថា៖ «រហូត​មក​ទល់​ពេល​នេះ ​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​បាន​ចេញ​វិធានការ​ល្អៗ​មួយ​ចំនួន​ក្នុង​ការ​ព្យាយាម​កែ​សម្រួល​លិខិត​អនុញ្ញាត​ កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ភ្លើង​ឆេះ​ព្រៃ ដើម្បី​ដោះ​ស្រាយ​នឹង​បញ្ហា​ធំ។​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​អាច​ប្រាប់​បាន​ថា ​អ្នកស្រី​រដ្ឋ​មន្រ្តី​គាំ​ទ្រ​អ្នក​ណា​ក្នុង​បញ្ហា​នេះ»។

ក្រសួង​បរិស្ថាន​មិន​ទាន់​បង្ហាញ​ថា​ ពួកគេ​នឹង​ឆ្លើយ​តប​នៅ​ពេល​ណា​នោះ​ទេ។​

យោង​តាម​លោក Rudi ថាមពល​វារី​អគ្គិសនី​ខ្នាត​តូច​ផ្តល់​ដំណោះស្រាយ​ល្អ​ជាង​នេះ​ចំពោះ​តម្រូវ​ការ​ថាមពល​ក្នុង​ខេត្ត។​ ខុស​ពី​ថាម​ពល​ទាញ​ចេញ​ពី​កម្តៅ​ក្នុង​ផែន​ដី​ ដែល​តម្រូវ​ឲ្យ​អ្នក​នៅ​ក្នុង​តំបន់​បង់​សេវា​ប្រើប្រាស់។ ថាមពល​អគ្គិសនី​ខ្នាត​តូច​ត្រូវ​បាន​ផ្តល់​ដោយ​មិន​គិត​ថ្លៃ «ហើយ​ការ​ប៉ះ​ពាល់​បរិស្ថាន​នឹង​មាន​តិច​ជាង»។

លោក Rudi បាន​និយាយ​ថា៖ «យើង​មិន​មែន​ប្រឆាំង​នឹង​គម្រោង​រុក​រក​ថាម​ពល​ទាញ​ចេញ​ពីកម្តៅ​ក្នុង​ផែនដី​នេះ​ទេ ប៉ុន្តែ​វា​មាន​ជម្រើស​ផ្សេងៗ​ជា​ច្រើន​ ហើយ​អាទិភាព​គួរ​តែ​ធ្វើនៅ​តំបន់​នៅ​ខាង​ក្រៅ​ខ្ពង់រាប Kappi»។​

លោក​បាន​បន្ថែម​ថា៖ «គ្មាន​ខ្ពង់រាប​ដែល​នៅ​សល់​ណា​ដូច​ខ្ពង់រាប​លើ​កោះ​ស៊ូម៉ាត្រា​ទេ ដូច្នេះ​បើ​សិន​ជា​យើង​បាត់​បង់​ខ្ពង់រាប Kappi វា​មាន​ន័យ​ថា​យើង​បាន​បាត់​បង់​ព្រៃ​ដ៏​សម្បូរ​បែប​ចុងក្រោយ​បំផុត​នៃ​កោះ​ស៊ូម៉ាត្រា»៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ​

XS
SM
MD
LG