ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលា​ឧទ្ធរណ៍ តម្កល់​ការ​ចោទ​ប្រកាន់​ប្រឆាំង​សកម្មជន​ការពារ​បរិស្ថាន


លោក វ៉ែន វ៉ន (ឆ្វេង) តំណាង​សហគមន៍​អារ៉ែង (រូបថត​ផ្តល់​ឲ្យ)

លោក​ ចាន់​ សុជាតិ​ មេធាវី​ការពារ​លោក​ វ៉ែន វ៉ន ប្រាប់​ VOA កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​​ ចៅក្រម​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​ការ​ចោទប្រកាន់​របស់​តុលាការ​ខេត្ត​កោះកុង​ ដោយ​សំអាង​ថា​ លោក​ វ៉ែន វ៉ន​ ​គឺ​​ជា​អ្នក​ដែល​បាន​បញ្ជា​ឲ្យ​មាន​ការ​កាប់​ឈើ។​

សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​តម្កល់ការ​ចោទប្រកាន់​ លោក វ៉ែន វ៉ន​ ពី​បទ «ប្រមូល​ផល​ ​អនុផល​ព្រៃ​ឈើ​ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»​ ដែល​បាន​ធ្វើ​ឡើង​ដោយ​តុលាការ​ខេត្ត​កោះ​កុង​ កាល​ពី​ខែ​មិនា​កន្លង​ទៅ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ វ៉ែន វ៉ន និង​មន្ត្រី​តុលាការសាលា​ឧទ្ធរណ៍។

​តុលាការ​ខេត្ត​កោះកុង​ កាល​ពី​ខែ​មិនា​ បានកាត់​ទោស​លោក​ វ៉ែន វ៉ន​ ដែល​ជា​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ជង​ និង​ជា​អ្នកការពារ​បរិស្ថាន​ក្នុង​តំបន់​អារ៉ែង ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ ក្នុង​សំណុំរឿង​ព្រៃឈើ​នេះ​ តែ​ទោស​នោះ​ត្រូវ​ព្យួរ​ គឺ​មិន​អនុវត្ត ដោយ​លោក​បាន​ជាប់​ពន្ធនាគារ​ជិត​ពាក់​កណ្ដាល​នៃ​ទោស​នេះ​រួច​ទៅ​ហើយ។​

ការ​សម្រេច​ចោទប្រកាន់​នេះ​ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចូលរួម​ពី លោក​វ៉ែន​ វ៉ន និង​មេធាវី​ការពារ​ក្តី​របស់​លោក​ទេ។​

លោក​ ចាន់​ សុជាតិ​ មេធាវី​ការពារ​លោក​ វ៉ែន វ៉ន ប្រាប់​ VOA កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ចៅក្រម​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​ការ​ចោទប្រកាន់​របស់​តុលាការ​ខេត្ត​កោះកុង​ ដោយ​សំអាង​ថា​ លោក​ វ៉ែន វ៉ន​ ​គឺជា​អ្នក​ដែល​បាន​បញ្ជា​ឲ្យ​មាន​ការ​កាប់​ឈើ។​

«ហ្នឹង​ហើយ​គេ​យល់ថា​ គាត់​បញ្ជា​ឲ្យ​គេ​កាប់ បែប​គេ​យល់​អញ្ចឹង​ បាន​គេ​នៅ​តម្កល់ការ​ចោទ​ប្រកាន់​ហ្នឹង»។​

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​ វ៉ែន​ វ៉ន​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ឃុំ​ ជំនាប់​ ស្រុក​ថ្មបាំង​ ខេត្ត​កោះ​កុង​ បាន​ទេ​ នា​ថ្ងៃ​ពុធ​នេះ។​ ​

លោក​ វ៉ែន​ វ៉ន​ រង​កា​រ​ប្ដឹងផ្ដល់​តាម​ផ្លូវ​ច្បាប់​ពី​អាជ្ញាធរ​ស្រុក​ថ្មបាំង​ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​ចំនួន​ក្នុង​ខេត្ត​កោះកុង​ ក្រោយ​ពី​លោក​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​សហគមន៍​ជន​ជាតិ ដើម​ភាគ​តិច​ជង​ ​និង​ចូលរួម​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ​ជា​មួយ​ស្ថាបនិក​ និង​ជា​នាយក​អង្គការ​«មាតា​ធម្មជាតិ»​ ​លោក​ ​Alejandro Gonzalez-Davdison​ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ ​ក្រោម​ហេតុផល​ថា លោក​ស្នាក់​នៅ​ក្នុង​ប្រទេសហួស​ទិដ្ឋាការកំណត់។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ អ៊ិន​ គង់​ជិត​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុង។​

លោក​ អ៊ិន​ គង់​ជិត​ ប្រាប់​ VOA​ បន្ថែម​ថា​ សាលា​ឧទ្ធរណ៍​ មិនបាន​ផ្ដល់​យុត្តិធម៌​ដល់​លោក​ វ៉ែន វ៉ន​ តាម​ការ​តម្កល់​សាលក្រម​កាត់​ទោស​ដែល​ធ្វើឡើង​ដោយ​តុលាការ​ខេត្ត​កោះកុង​នោះ​ឡើយ។​

«យើង​យល់​ថា​ វា​ផ្ដល់​ភាព​អយុត្តិធម៌​ ដល់​ជន​រងគ្រោះ​ លោក​វ៉ែន​ វ៉ន​ ដែល​ជា​តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ជង​ នៅ​ក្នុង​តំបន់​អារ៉ែង​ដែល​គាត់​ មិន​មាន​កំហុស​ ហើយ​គាត់​ធ្វើ​ការ​ងារ​ដើម្បី​ការពារ​ផលប្រយោជន៍​សហគមន៍​របស់​គាត់​សោះ​ ហើយ​បែរ​ជា​មាន​ ទោស​ទណ្ឌ​ទៅវិញ»។​

មេធាវីរបស់​លោក​ វ៉ែន​ វ៉ន​ ថ្លែង​ថា​ ​លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​លោកថា​ នឹង​ឡើង​ទៅ​សាលា​កំពូល​ទៀត​ ឬ​យ៉ាងណា​ ដើម្បី​ប្ដឹង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់របស់​តុលាការ​ខេត្ត​កោះកុង៕

XS
SM
MD
LG