ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មូលហេតុ​នយោបាយ​ត្រូវ​បាន​យល់​ឃើញ​​ថា​ នៅ​ពី​ក្រោយ​ការ​ព្រមាន​​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​ «ផ្សិត​ជំរុញ​អារម្មណ៍​ផ្លូវភេទ​នៅ​តំបន់​ភ្នំ​ហិមាល័យ»


អ្នកជីករក​ផ្សិតដង្កូវ​ ដែល​ត្រូវ​បាន​យក​ម​ក​ធ្វើ​​ថ្នាំ​បុរាណ នៅ​តំបន់​​ភ្នំ​ Laji ក្នុង​ក្រុង Guide ខេត្ត Qinghai ភាគ​ខាង​លិច​ប្រទេស​ចិន។

នៅ​លើ​វាលស្មៅ​ដ៏​ខ្ពស់​នៃ​តំបន់​ខ្ពង់រាប​ទីបេ ដើម​ខែ​ឧសភា​ គឺ​ជា​ពេលវេលា​ក៏​ល្អ​បំផុត​ក្នុង​ការ​ដេក​សម្តិល​ខ្លួន​នៅ​លើ​ជំរាល​ភ្នំ និង​ជីក​រក​សំណាក​ស្ងួត​នៃ​ផ្សិត​ដង្កូវ ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ជា​ថ្នាំ​សង្កូវ​មួយ​ប្រភេទ​។ ដោយ​ត្រូវ​បាន​លើក​តម្កើង​ថា​ជា «ថ្នាំ​សម្រើប​ប្រចាំ​​ភ្នំ​ហិមាល័យ» រុក្ខជាតិ​ Cordyceps Sinensis ត្រូវ​បាន​​ស្គាល់​ច្បាស់​ជាង​នេះ​តាម​រយៈ​ឈ្មោះ​ប្រពៃណី​នៅ​តំបន់​ទីបេ​​ថា «Yartsa Gunbu» នៅ​ទូទាំង​អាស៊ី ដែល​មាន​ន័យ​ថា «ស្មៅ​ក្នុង​រដូវ​ក្តៅ និង​ដង្កូវ​នា​រដូវ​រងា»។

ដោយ​មិនមែន​ស្ថិត​នៅ​ក្នុង​សណ្ឋាន​ជា​ស្មៅ ឬ​សត្វ​ដង្កូវ​ ​ផ្សិតYartsa Gunbu ជា​ប្រភេទ​រុក្ខជាតិ​ដែល​គេ​ចង់​បាន ហើយ​ត្រូវ​បាន​គេ​ប្រើ​លាយ​ផ្សំ​ជាមួយ​នឹង​ភេសជ្ជៈ​ប៉ូវ​សុខភាព ឬ​រោយ​នៅ​លើ​ម្ហូប​នៅ​ក្នុង​ភោជនីយដ្ឋាន​ប្រណីតៗ​នៅ​ប្រទេសចិន។ វា​ជា​សំណាក​សំបក​ផ្សិត​គ្រប​ពី​ខាង​ក្រៅ​ដែល​បាន​រីក​ធំ​ជុំវិញ​រេណុប្បត្តសត្វ​មួយ​ប្រភេទហៅ​ថា Ghost Moth។ ជាមួយ​នឹងតម្លៃ​រាប់​ពាន់​ដុល្លារ​ក្នុង​១ផោន (៤៥៣,៥៩ក្រាម) ឥទ្ធិពល​នៃ​រុក្ខជាតិ​នោះ​ក្នុង​ការ​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​អាច​ព្យាបាល​ជំងឺ​គ្រប់​មុខ មិន​សូវ​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ជាង​កិត្តិនាម​របស់​រុក្ខជាតិ​នោះ​ជា​ថ្នាំ​ជំនួយ​អារម្មណ៍ផ្លូវភេទ​ដ៏​ខ្លាំងក្លា​មួយ​។ នេះ​ជា​លទ្ធផល​នៃ​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម​ដែល​បាន​លើក​ស្ទួយ​ជីវភាពរបស់​ជនគង្វាល​សត្វ​ចល័ត​ទីលំនៅ​ជាច្រើន​នៅ​តំបន់​ទីបេ។ ​

ផែនទី​បង្ហាញ​ពី​ទីតាំង​ដែល​មាន​ផ្សិត​ដង្កូវ​នៅ​តំបន់​ទីបេ។
ផែនទី​បង្ហាញ​ពី​ទីតាំង​ដែល​មាន​ផ្សិត​ដង្កូវ​នៅ​តំបន់​ទីបេ។

ដោយ​សារ​តែ​មូលហេតុ​នេះ​ហើយ បានជា​អ្នក​វិទ្យាសា្រស្ត​ស្រាវជ្រាវ​ល្បីៗ​មួយ​ចំនួន​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​មាន​ការ​ត្រួតពិនិត្យ​តិចតួច​យ៉ាង​ដូច្នេះ ទៅ​លើ​ការ​ស្រាវជ្រាវ​ដែល​គាំទ្រ​ដល់​ការ​ព្រមាន​ផ្នែក​សុខាភិបាល​ជា​សាធារណៈ​របស់​រដ្ឋបាល​ថ្នាំជក់ និង​ស្បៀង​អាហារ​របស់​ចិន។ ដោយ​លើក​ឡើង​ពី​កម្រិត​ហានិភ័យ​នៃ​ជាតិ​ពុល​អាសេនិច​មាន​នៅ​ក្នុង​ស្មៅ​នោះ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ការ​ប្រកាស​មួយ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៦​បាន​នាំ​ឲ្យ​មាន​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ទៅ​លើ​កម្មវិធី​សាកល្បង​ដែល​ធ្វើ​ឡើង​ដើម្បី​ពង្រីក​ការ​អភិវឌ្ឍ​ និង​ការ​ចែកចាយ​រុក្ខជាតិ​មួយ​នេះ។ នៅ​ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​មាន​ចម្ងល់​ពី​ការ​ស្រាវជ្រាវ​ដែល​គាំទ្រ​ដល់​ការ​សម្រេច​ចិត្ត​នេះ អ្នក​តស៊ូ​មតិ​របស់​តំបន់​ទីបេ​មួយ​ចំនួន​និយាយ​ថា វិទ្យាសាស្រ្ត​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​រឿង​នេះ​នោះ​ទេ។​

ការ​តាម​ដាន​ពី​ប្រភព​សារធាតុ​អាសេនិច​ដែល​បាន​ឡើង​កម្រិត​ខ្ពស់

នៅ​ពេល​ដែល​រដូវ​រងា​នៅ​តំបន់​ភ្នំ​ហិមាល័យចូល​មក​ដល់ ផ្សិត​ប៉ារ៉ាសិតដែល​ដុះ​នៅលើ​វាល​ទុនត្រា​នានា​ដែល​មាន​កម្ពស់​ប្រមាណ​ពី​៣.០០០​ទៅ​៥.០០០ម៉ែត្រ​ពីនីវ៉ូ​ទឹក​សមុទ្រ​ ចាប់​ផ្តើម​ចាប់​ស៊ី​ដង្កូវ​ត្បុល​ក្នុង​ដី ​ដោយស៊ី​គ្រឿង​ក្នុង​ដង្កូវ​មុន​ពេល​ដុះ​ទង​ចេញពី​ក្បាល​របស់​សត្វ​ដង្កូវ​នោះ​។ ទង​ផ្សិត​ដង្កូវ ដុះ​លៀន​ចេញទំហំ​ប៉ុន​ឈើ​គូស ដែល​ពិបាក​នឹង​សម្គាល់​បាន​នៅ​ក្នុង​ស្មៅ​រិចរិល​ និង​គុម្ព​ព្រៃ ជារឿយៗ​ទាមទារ​ការ​មើល​ដ៏​រវាស​រវៃ​របស់​ក្មេងៗ។ សាលារៀន​តែង​តែ​បិទទ្វារ​ដើម្បី​ធ្វើ​ជា​កន្លែង​ស្នាក់នៅ​សម្រាប់​គ្រួសារ​ដែល​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ការ​រើស​ដង្កូវ​ទាំង​នេះ។

អ្នកជីករក​ផ្សិត​ដង្កូវ​នៅ​តំបន់​ភ្នំ Guide ខេត្ត Qinghai ភាគខាងលិច​ប្រទេស​ចិន។
អ្នកជីករក​ផ្សិត​ដង្កូវ​នៅ​តំបន់​ភ្នំ Guide ខេត្ត Qinghai ភាគខាងលិច​ប្រទេស​ចិន។

សាស្រ្តាចារ្យ Karl Tsim នៃសាកលវិទ្យាល័យ​ហុងកុង​ផ្នែកវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា (Hong Kong University of Science and Technology) និយាយ​ថា «ផ្សិត ​Cordyceps ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ឱសថ​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ចំណោម​ឱសថ​ចិន និង​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត​ផង​ដែរ»។ លោក​ Karl Tsim បាន​ពន្យល់​បន្ថែម​ថា ផ្សិត​ដ៏​កម្រ​មួយ​ត្រូវ​បាន​គេ​ជឿ​ថា ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បណ្តុះ​ភាព​វ័យ​ក្មេង ជា​ជំនួយ​អារម្មណ៍​ផ្លូវ​ភេទ ហើយ​ថែម​ទាំង​ជា​ប្រភេទ​ថ្នាំ​មហារីក​ផង​ដែរ។ កំណត់ត្រា​នៃ​អត្ថប្រយោជន៍​សុខភាព​អាច​ត្រូវ​បាន​គេ​តាម​ដាន​អស់​រយៈពេល​ជិត​១.០០០ឆ្នាំ​ហើយ។ នេះ​ជា​មូលហេតុ​ដែល​លោក​សាស្រ្តចារ្យ Tsim សម្រេច​ចិត្ត​ធ្វើ​ការ​សិក្សា​លើ​សំណាកដី​ពី​ដី​ចម្ការ​មួយ​ចំនួន​នៅ​តំបន់​ទីបេ។

ដោយ​ទទួល​បាន​មូលនិធិ​ពី​ក្រុម​មន្រ្តី​រដ្ឋាភិបាល​នៅ​កោះហុងកុង ដែល​ជា​ទីផ្សារ​កំពុង​តែ​រីកចម្រើន​ខ្លាំង​សម្រាប់​ផ្សិត​មួយ​ប្រភេទ​នេះ ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក Tsim បាន​ចាប់​ផ្តើម​នៅ​ពេល​ដែល​ក្រុម​មន្រ្តី​រដ្ឋបាល​ថ្នាំជក់ និង​ស្បៀង​អាហារ​របស់​ចិន​ធ្វើ​ការ​ព្រមាន​ពី​បញ្ហា​សុខភាព​សាធារណៈ​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​បាន​ប្រកាស​ពី​គម្រោង​ដើម្បី​បញ្ចប់​កម្មវិធី​សាកល្បង​លើ​ផ្សិត Yartsa Gunbu ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែសីហា ឆ្នាំ២០១២។

បើ​យោង​តាម​សារព័ត៌មានXinhua ដែល​ជា​សារព័ត៌មាន​របស់​រដ្ឋ​ កម្មវិធី​សាកល្បង​រយៈពេល​៥ឆ្នាំ​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ជាច្រើន​ប្រើប្រាស់​ផ្សិត Yartsa Gunbu ជា​សារធាតុ​ដើម​នៅ​ក្នុង​ផលិតផល​អាហារ​សុខភាព​ជាច្រើន។ ប្រសិន​បើ​កម្មវិធី​នេះ​មាន​លក្ខណៈ​អចិន្ត្រៃយ៍ កិច្ចសន្យា​រើស​ស្មៅ​ទាំង​នេះទំនង​នឹង​ធ្វើ​ឡើង​សម្រាប់​មនុស្ស​នៅ​តំបន់​ទីបេ ទី​ដែល​ស្មៅ Yartsa Gunbu បាន​ក្លាយ​ទៅ​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​នៅ​តំបន់​ដាច់​ស្រយាល​នេះ​រួច​បាត់​ទៅ​ហើយ។

ទោះ​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ក្រុម​របស់​លោក Tsim បាន​រក​ឃើញ​បាន​បង្កើត​ទៅ​ជា​សំណួរ​ច្រើន​ជា​ជាង​ចម្លើយ។ នៅ​ពេល​ដែល​កម្រិត​អាសេនិច​នៅ​ក្នុង​សំណាក​ដី​ទីបេ​ចំនួន​៣​ខ្ពស់​ជាង​ដី​នៅ​ហុងកុង​បន្តិច លទ្ធផល​ជា​បឋម​មិន​បង្ហាញ​ថា រុក្ខជាតិ​ដែល​ត្រូវ​បាន​ពិនិត្យ​នោះ​អាច​នឹង​មាន​ជាតិ​ពុល​នោះ​ទេ។

កម្រិត​ធម្មតា​

ដោយ​មាន​វត្តមាន​តាម​ធម្មជាតិ​នៅ​ក្នុង​ស្រទាប់​ក្រៅ​របស់​ផែនដី កំហាប់​នៃ​សារធាតុ​អាសេនិច​ត្រូវ​បាន​រក​ឃើញ​ជា​ទូទៅ​នៅ​ក្នុង​អាហារ​ស្បៀង​ដូចជា អង្ករ​សម្រូប។ ទោះបី​យ៉ាងណា​ក៏ដោយ​ ឯកសារ​សហការ​ផលិតឡើង​រួម​គ្នា​នៅ​ក្នុង​ឆ្នាំ​២០១២ របស់​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាតិ និង​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ថា របៀប​ដាំ​ស្រូវ អាច​ជា​បញ្ហា​នាំ​ឲ្យ​មាន​ជាតិ​អាសេនិច​នេះ ហើយ​ការ​បំពុល​ដី​មិន​មែន​ជា​មូលហេតុ​នោះ​ទេ។

ឯកសារ​នោះ​បាន​និយាយ​ថា «ជា​លទ្ធផល​នៃ​ដំណើរការ​បំលែង​ថាមពល​ដែល​កើត​ឡើង​ដោយ​ធម្មជាតិ​នៅ​ក្នុង​តំបន់​ដែល​មាន​ភាវៈ​មាន​ជីវិត សារធាតុ​អាសេនិច​កើត​មាន​នៅ​ក្នុង​ទម្រង់​គីមី​ជាសរីរាង្គ​ ឬ​អសរីរាង្គ​នៅ​ក្នុង​ស្បៀង​អាហារ»។ ឯកសារ​នេះ​បាន​សរសេរ​បន្ថែម​ថា ការ​សិក្សា​ទៅ​លើ​បរិមាណ​សរុប​នៃ​សារធាតុ​អាសេនិច​ក្នុង​ស្បៀង​អាហារ​មក​ទល់​ពេល​នេះ​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​ ពាក់ព័ន្ធ​នឹង​ភាព​លម្អិត​ច្បាស់លាស់ និង​ភាព​ប្រាកដប្រជា។

ឯកសារ​នោះ​បាន​បន្ត​ថា «ទិន្នន័យ​ដែល​មាន​អំពី​ការ​បង្ក​ឡើង​របស់​មនុស្ស​ដែល​អាច​កើត​មាន​ឡើង​ទៅ​នឹង​សារធាតុ​អាសេនិច​អសរីរាង្គ​ បង្ហាញ​ថា ទំហំ​នៃ​ការ​បង្ក​ឡើង​របស់​មនុស្ស​ទៅ​លើ​សារធាតុ​អាសេនិច​ក្នុង​មួយ​សប្តាហ៍ ​ជាទូទៅ​នឹង​មិន​កើន​ហួស​កម្រិត​នោះ​ទេ ដរាប​ណា​មាន​ការ​រួមចំណែក​យ៉ាង​ខ្លាំង​ពី​ទឹក​ផឹក»។

ដោយ​សារ​តែ​កម្រិត​កំហាប់​អាសេនិច​មាន​លក្ខណៈ​ឡើង​ចុះ​នៅ​តាម​ដី​ប្រមូល​ផល​កសិកម្ម​ផ្សេងៗ លោក Tsim និយាយ​ថា ទំហំ​កំណត់មួយ​ទៅ​លើ​សារធាតុ​នោះ​អាច​កត់សម្គាល់​បាន​ ហើយ​សំណាក​ដី​របស់​លោក​មិន​បានបង្ហាញ​ពី​សារធាតុ​បំពុល​អសរីរាង្គ​នោះ​ទេ កុំថា​ឡើយ​ដី​កសិកម្ម​ដែល​ត្រូវ​រង​ការ​ព្រមាន​សម្រាប់​សុខភាព​សាធារណៈ។ លើស​ពី​នេះ​ទៅ​ទៀត ទីវាល​នៅ​ជំរាល​ភ្នំ ដែល​ទទួលរង​តែ​ទឹកភ្លៀង​តែ​ប៉ុណ្ណោះ និង​ទឹកកក​ដែល​បាន​រលាយ​ធ្លាក់​ពី​ភ្នំ នា​ពេល​ខ្លះ មិន​ទទួល​បាន​ការ​ផ្គត់ផ្គង់​ទឹក​តាម​បែប​ធារាសាស្រ្ត​នោះ​ទេ។ តាម​ពិត​ទៅ ការ​គម្រាមកំហែង​ដែល​អាច​បញ្ជាក់​បាន​តាម​កម្រិត​បរិមាណ​ទៅ​លើ​សុខភាព​សាធារណៈ ​គឺ​ថា ប្រសិន​បើ​ផ្សិត​នោះ​ត្រូវ​បាន​យកទៅ​ទទួលទាន​នៅ​ក្នុង​ទំហំ​ច្រើន​ជ្រុល​មួយ។

លោក Tsim បាន​មាន​ប្រសាសន៍​ថា «គ្មាន​នរណា​ម្នាក់​អាច​ទទួលទាន​ ១០០ក្រាម​ ក្នុង​ពេល​តែ​មួយ​បាន​ឡើយ» កុំ​ថា​ឡើយ​ ប្រភេទ​អាហារ​ប្រចាំ​ថ្ងៃ។ ប្រសិន​បើ​យើង​មើល​ទៅ​លើ​ចំនួន​នោះ ប្រភេទ​សារធាតុ​អាសេនិច​ ដែល​យើង​ស្រូប​ចូល​ក្នុង​ខ្លួន​ក្នុង​រយៈពេល​ច្បាស់លាស់​មួយ គឺ​ពិត​ជា​មាន​តិចតួច​ណាស់»។​

ប្រជាជន​ក្នុង​ស្រុក​បង្ហាញ​ពី​ផ្សិត​ដង្កូវ នៅ​តំបន់ភ្នំ Laji ក្នុង​ក្រុង Guide ខេត្ត Qinghai ភាគខាងលិច​ប្រទេស​ចិន។
ប្រជាជន​ក្នុង​ស្រុក​បង្ហាញ​ពី​ផ្សិត​ដង្កូវ នៅ​តំបន់ភ្នំ Laji ក្នុង​ក្រុង Guide ខេត្ត Qinghai ភាគខាងលិច​ប្រទេស​ចិន។

លោកស្រី​វេជ្ជបណ្ឌិត​ Michelle Stewart ដែល​ជា​អ្នក​អភិរក្ស​មួយ​រូប​នៅ​សាកលវិទ្យាល័យ Amherst ដែល​បាន​ធ្វើ​ការ​ចុះ​ស្រាវជ្រាវ​ទៅ​លើ​ការ​ផលិតកម្ម​ផ្សិត​ Yartsa Gunbu នៅ​តំបន់​ទីបេ​ និយាយ​ថា ទោះបី​ជា​ កម្រិតសារធាតុ​អាសេនិច​នៅ​ក្នុង​ផ្សិត​ដង្ហូវ​មួយ​ចំនួន​ «អាច​កើត​មាន​ឡើង​ក្តី» ករណី​នោះ​ជា​ទូទៅ​ជា​ករណី​ដោយ​ឡែក​មួយ។

លោកស្រី​បាន​ប្រាប់​ទៅ​ VOA ថា «ខ្ញុំ​នឹង​មិន​ចាត់​ទុក​វា​ថា ជា​ភស្តុតាង​ដើម្បី​ចុះ​ផ្សាយ​នូវ​ប្រតិកម្ម​ទំហំ​ធំ​មួយ​ទៅ​លើ​ផ្សិត​ដង្កូវ​ជា​ទូទៅ​នោះ​ទេ»។ លោកស្រី​បាន​បន្ថែម​ថា ប៉ុន្តែ​ឧស្សាហកម្ម​ផ្សិត Yartsa Gunbu ប្រកប​ដោយ​ចីរភាព និង​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​មួយ​អាច​បង្ក​ជា​ឧបសគ្គ​ទៅ​ដល់​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ថ្នាក់​តំបន់​រយៈពេល​វែង​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោកស្រី Stewart បាន​និយាយ​ថា «របៀប​អភិវឌ្ឍន៍​ដ៏​ប្រពៃ​របស់​ប្រទេស​ចិន [សម្រាប់​តំបន់​ទីបេ] នឹង​ប្រហែល​ជា​ត្រូវ​ផ្អែក​លើ​ការ​តាំង​ទី​លំនៅ​របស់​ប្រជាជន​គង្វាល​សត្វ​ចល័តនៅ​ក្នុង​តំបន់​ប្រជុំជន​ ហើយ​ផ្លាស់ប្តូរ​ជីវភាព​របស់​ពួកគេ ប្រសិន​ជា​អាច​ឲ្យ​ទៅ​ជា​ពលករ​ប្រើ​កម្លាំង​នៅ​តាមទីក្រុង​ ឬ​អាជីវកម្ម​ទំហំ​តូច។ ប៉ុន្តែ​អាជីវកម្ម​ផ្អែក​លើ​ផ្សិត​ដង្កូវ​តាម​ពិត​ទៅ​បាន​ជួយ​ឲ្យ​ប្រជាជន​ទីបេ​រក្សា​ជីវភាព​កសិកម្ម​របស់​ពួកគេ និង​រក​ចំណូល​បាន»។

សម្រាប់​អ្នករិះគន់​ខ្លាំង​ក្លា​ទៅ​លើ​គោលនយោបាយ​នៅ​តំបន់​ទីបេ​របស់​រដ្ឋាភិបាល​ចិន ការ​ផ្អាក​កម្មវិធី​ទើប​នឹង​ដាក់​បញ្ចូល​បញ្ជាក់​ពី​ការ​ក្តោបក្តាប់​ទៅ​លើ​សេដ្ឋកិច្ច។

​លោក Lhukar Jam អ្នក​គាំទ្រ​ស្វ័យភាព​មក​ពី​ក្រុង Dharmsala ដែល​នា​ពេល​បច្ចុប្បន្ន​ បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស​របស់​តំបន់​ទីបេ​បាន​និយាយ​ថា «ចិន​ គឺ​ជា​អ្នក​ដាក់​អាណានិគម​ទៅ​លើ​តំបន់​ទីបេ»។

លោក​បាន​បន្ថែម​ថា «ពួក​អាណានិគម​មិន​ចង់​ឲ្យ​ពួក​ជន​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​មាន​លក្ខណៈ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​ ដូច​ពួកគេ​ឡើយ» ដោយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​ការ​ផ្សំគំនិត​នៅ​ក្នុង​រឹតត្បិត​ទៅ​លើ​ប្រជាជន​ថ្នាក់​កណ្តាល​ដែល​កំពុង​តែ​កើន​ឡើង​នៅ​តំបន់​ទីបេ។ «រដ្ឋាភិបាល​ចិន​ជា​ទូទៅ​មាន​អារម្មណ៍​ថា ត្រូវ​បាន​គម្រាមកំហែង​ នៅ​ពេល​ដែល​ពួកគេ​ឃើញ​ប្រជាជន​នៅ​តំបន់​ទីបេ​ទទួល​បាន​អំណាច​តាមរយៈ​ផ្នែក​សេដ្ឋកិច្ច។ ពួកគេ​មិន​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិត​ប្រាកដ​នៅ​តំបន់​ទីបេ​ឡើយ»។

លោក Kalsang Gyaltsen Bapa អ្នក​វិភាគ​ជនជាតិ​ចិន និង​ជា​សមាជិក​នៃ​សភា​ទីបេ​ ក៏​បាន​លើកឡើង​ពី​ទំនាក់ទំនង​រវាង​ជីវភាព​ប្រកប​ដោយ​ស្ថិរភាព​ និង​សកម្មជន​ភាព​នយោបាយ​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​នៅ​តំបន់​ទីបេ។

លោក Bapa បាន​ប្រាប់​ទៅ​ VOA ថា «រដ្ឋាភិបាល​ចិន​ប្រើ​សេដ្ឋកិច្ច​ដើម្បី​ឲ្យ​ប្រជាជន​មាន​ការ​ស្តាប់​បញ្ជា​ ដែល​នេះ​បាន​ទទួល​ជោគជ័យ​ខ្លះ​ហើយ»។ លោក​ Bapa បាន​ហៅ​ប្រជាជន​តំបន់​ទីបេ​ ដែល​មាន​ការ​ពឹងផ្អែក​ទៅ​លើ​ការ​ដឹកនាំ​ប្រកប​ដោយ​ចីរភាព​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ឧទាហរណ៍​ មន្រ្តី​រដ្ឋាភិបាល​ ឬ​ប្រជាជន​ដែល​ចូលនិវត្តន៍​ថា មាន​លក្ខណៈ «ជាប់គាំង​លក្ខណៈ​នយោបាយ»។

ប្រជាជន​ស្វែង​រក​ផ្សិត​ដង្កូវ​នៅ​តំបន់​ភ្នំ Laji ក្នុង​ក្រុង Guide ខេត្ត Qinghai ភាគខាងលិច​ប្រទេស​ចិន។
ប្រជាជន​ស្វែង​រក​ផ្សិត​ដង្កូវ​នៅ​តំបន់​ភ្នំ Laji ក្នុង​ក្រុង Guide ខេត្ត Qinghai ភាគខាងលិច​ប្រទេស​ចិន។

លោក​បាន​បន្ថែម​ថា ប្រជាជន​តំបន់​ទីបេ​ ដែល​មិន​មាន​ការ​ពឹង​ផ្អែក​លើ​ផ្នែក​ហិរញ្ញវត្ថុ​ មាន​ទំនោរ​ខ្លាំង​នៅ​ក្នុង​ការ​គិត​ដោយ​ឯករាជ្យ ហើយ​គាំទ្រ​ទៅ​លើ​វិល​ត្រឡប់​ទៅ​រក​ស្វ័យភាព។

នៅ​ក្នុង​រយៈពេល​បី​ខែ​នេះ មាន​សំណើ​អ៊ីម៉ែលចំនួន​បួន និង​ការ​ហៅ​តាម​ទូរសព្ទ ដោយ​ស្វែងរក​ការ​អធិប្បាយ​របស់​រដ្ឋបាល CFDA ទៅ​លើ​ការ​ព្រមាន​ផ្នែក​សុខភាព​សាធារណៈ និង​ការ​ឆ្លើយ​តប​ទៅ​កាន់​ការ​រិះគន់​បន្ត​បន្ទាប់ មិន​ទទួល​បាន​ការ​តប​ត​ឡើយ។

រចនា​សម្ព័ន្ធ​នៃ​ការ​អភិវឌ្ឍ​ក្រោម​ការ​គ្រប់​គ្រង

តាំង​ពី​គោល​នយោ​បាយ​ «ការ​អភិវឌ្ឍ​ភាគ​ខាង​លិច​ដ៏​អសា្ចរ្យ ឬ Great Western Development របស់​អតីត​នាយក​រដ្ឋ​មន្រ្តី​លោក Jiang Zemin ប្រទេស​ចិន​បាន​ពង្រីក​ការ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ទាក់ទាញ​កសិករ​និង​ជន​ពនេចរ​ទីបេ​ឲ្យ​មក​សា្នក់​នៅ​ក្នុង​គេហដ្ឋាន​ ដែល​ទើប​នឹង​សង់​ថ្មី​ដោយ​មាន​ប្រាក់​ឧបត្ថម្ភ​និង​កម្ចី​គ្មាន​ការ​ប្រាក់។​ គួប​ផ្សំ​ជាមួយ​ផ្លូវ​រថភ្លើង​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​និង​យុទ្ធនាការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បីបង្កើត​វណ្ណៈកណ្តាល​ដ៏​ធំមួយ​នៅ​ឆ្នាំ​២០២០​ មិន​មាន​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​យក្ស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ណា​មួយបាន​ដណ្តើម​អានុភាព​ដ៏​តូច​ល្អិត​ក្នុង​ការ​លើក​កម្ពស់​គ្រួសារ​ទីបេ​កម្រិត​មធ្យម​នោះ​ទេ។​

យោង​តាម​ឈ្មួញ​លក់​ផ្សិត​ Yartsa Gunbu​ ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា គ្រួសារ​មួយ​ដែល​ទទួល​ផល​ល្អ​ អាច​មាន​ឱកាស​រក​ចំណូល​ច្រើន​ដល់​១លាន​យ័ន្ត​ប្រហាក់​ប្រហែល​នឹង​ ១៥០.០០០ដុល្លា​រអាមេរិក ក្នុង​រយៈពេល​២​ខែ។ សញ្ញា​ជាក់​ស្តែង​មួយ​ដែល​បង្ហាញ​ពី​ដំណើរ​វិវត្ត​របស់​សេដ្ឋកិច្ច​នោះ​គឺ ​អាច​មើល​ឃើញ​តាម​ដង​ផ្លូវ។​ ក្នុង​ឆ្នាំ​ ២០១៤ សារព័ត៌មាន​ Xinhua បាន​រាយការណ៏​ថា​ រថយន្ត​ចំនួន​ ៣២៥.០០០ គ្រឿង​ជា​កម្មសិទ្ធិ​ឯកជន​នៅ​ក្នុង​តំបន់​ស្វយ័ត​ទីបេ។ ដោយ​ក្នុង​នោះ​ រថយន្ត​មួយ​គ្រឿង​គឺ សម្រាប់​មនុស្ស​១០នាក់​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ខ្ពស់​លើ​កម្មសិទ្ធិ​ចំណុច​ប្រមូល​ផល​ខ្ពស់​នៃ​ផ្សិត​ Yartsa Gunbu។

អ្នកទិញ​ធ្វើការ​ថ្លឹងផ្សិត​ដង្កូវ នៅ​តំបន់​ភ្នំ Laji ក្រុង Guide ខេត្ត Qinghai ភាគខាងលិច​ប្រទេស​ចិន។
អ្នកទិញ​ធ្វើការ​ថ្លឹងផ្សិត​ដង្កូវ នៅ​តំបន់​ភ្នំ Laji ក្រុង Guide ខេត្ត Qinghai ភាគខាងលិច​ប្រទេស​ចិន។

យោង​តាម​គេហទំព័រ​ chinadialogue.com ក្នុង​ការ​ប្រមូល​ផល​ផ្សិត Yartsa Gunbu ប្រចាំឆ្នាំ​របស់​ទីបេ​អាច​ផ្តល់​ចំណូល​ដល់​អ្នក​ប្រមូល​ក្នុង​ស្រុក​ ប្រហែល​១ពាន់លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​របាយការណ៍បរិស្ថាន​ដែល​បោះ​ពុម្ព​ជាពីរ​ភាសា​ក៏​បាន​បង្ហាញ​ថា​ ផលិត​ផល​អាច​នឹង​ច្រើន​ជាង​អ្វី​ដែល​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ។ លោក Daniel Winkler អ្នក​ជំនាញ​ផ្នែក​អេកូឡូស៊ី​នៅ​ក្រុង Seattle ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​ស៊ី​ជម្រៅ​ពី​ផ្សិត​នេះ ដាក់ទិន្នផល​ដែល​ប្រមូល​បាន​ជាទូទៅជិត​ដល់​ ១០០​ ទៅ ​២០០ ​តោនក្នុង​មួយ​ឆ្នាំ។​ ជាមួយ​នឹង​ការ​ផ្គត់​ផ្គង់​ ៩៦,៤ភាគ​រយ​ទូទាំង​សាកលលោក ​ដែល​ចេញ​មក​ពី​តំបន់​ទីបេ ចំណូល​ប្រចាំ​ឆ្នាំ​អាច​នឹង​លើស​ពី ២ ពាន់​លាន​ដុល្លារ។

ភាព​ស្រប​គ្នា​នៃ​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ

ស្រមោលនៃ​សេចក្តី​លោភលន់​និង​អំពើ​ពុករលួយ​ពិត​ជា​កត្តា​នៅ​ពី​ក្រោយ​ការ​បង្ក​ឲ្យ​ការ​លក់ទំនិញ​តម្លៃ​ថ្លៃ​ផ្សេងៗ។​ ខណៈដែល​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​លោកប្រធានាធិបតី​ Xi Jinping ត្រូវ​បាន​ចាប់​ផ្តើម ​ផ្សិត​ Yartsa Gunbu ដែល​តែងតែ​ត្រូវ​គេ​យក​ទៅ​ប្រើ​ដើម្បី​ពង្រីកទំនាក់ទំនង​ឯកជន និង​ការ​ផ្លាស់​ប្តូរ​ជា​អំណោយ​ដ៏​កម្រ​និង​មាន​តម្លៃ​ហៅ​តាម​ភាសាចិន​ថា «Guanxi» ដែលជា​គន្លឹះ​សំខាន់​ក្នុង​ការ​បង្កើត​ឥទ្ធិពល​ក្នុង​ពិភព​នយោបាយ​និង​ជំនួញ​ ក្លាយ​ជា​គោល​ដៅ​ដ៏​ងាយ​ស្រួល។​

ការ​ប្រកាស​របស់​ CFDA កាល​ពី​ខែ​កុម្ភៈ ដែលបាន​ប្រកាស​ថា ផ្សិត Yartsa Gunbu ជា​ការ​គម្រាមកំហែង​ដ៏​សុខភាព​សាធារណជន​ បាន​កើត​ឡើង​ចំ​ពេល​ដែល​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​ប្រធានាធិបតីមាន​សន្ទុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស។​

លោក​ស្រី​បាន​និយាយ​ថា «នៅ​ក្នុង​ Guanxi ​ដែល​មនុស្ស​មួយ​ចំនួន​និយាយថា​ជា​ ការ​សូក​ប៉ាន់ ក្នុង​សេដ្ឋកិច្ច​បែបនោះ​ តម្លៃ​របស់​ផ្សិត Yartsa Gunbu បាន​ថយ​ចុះ​បន្តិច​បន្តួច​កាល​ពី​ឆ្នាំ​មុន»។

ហេតុ​ផល​ផ្នែក​នយោបាយ​ដែល​ជំរុញ​ឲ្យមាន​សេចក្តី​អះ​អាង​ពី​សំណាក់​រដ្ឋា​ភិបាល​ប្រទេស​ចិន​លើ​ សុខភាព​សាធារណៈ​ទាក់ទង​នឹង​ផ្សិត​នេះ គឺ​មិន​ទាន់​មាន​នោះទេ។​ ប៉ុន្តែ​លោក​សាស្រ្តាចារ្យ​ Tsim ដែល​បន្ត​វាយ​តម្លៃសំណាក​ដី​ និយាយ​ថា សកម្មភាព​បទ​បញ្ជា​ណា​មួយ​លើ​ផ្សិតនេះ នឹង​មាន​ផល​ប៉ះពាល់លើ​ជីវភាព​នៃ​ប្រជាជន​ទីបេ ដោយ​ជៀស​មិន​បាន។ លោក​បន្ត​ថា​ ការ​ប្រកាស​នេះ​អាច​នឹង​ប៉ះ​ពាល់​ដល់​តម្លៃ​នៅ​ហុងកុង​ឆាប់ៗ​នេះ​ ហើយថ្មីៗ​នេះអ្នក​លក់​ម្នាក់​លើ​គេហទំព័រ​ ​ebay បាន​ផ្សាយ​លក់​ផ្សិតនេះ​ក្នុង​តម្លៃ​ ៧៨.០០០ដុល្លារ ក្នុង​មួយ​ផោន។

លោក​សាស្រ្តាចារ្យ​ Tsim បាន​បន្ត​ថា​«ជីវភាព​របស់​អ្នក​ទាំង​នោះ​គឺ​ពឹង​ទៅ​លើ​ការ​ប្រមូល​ផ្សិត Cordyceps គ្រប់​ប្រភេទ។ ដូច្នេះ នៅ​ទីបេ ចំណូល​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​គឺ​ ពឹង​លើ​វា។​ ខ្ញុំ​សង្ឃឹម​ថា មុន​នឹង​យើងផ្អាក​គម្រោង​នេះ​ យើង​ត្រូវ​តែ​ដឹង​ថា​យើង​កំពុង​និយាយ​ពី​អ្វី»៕

ប្រែសម្រួលដោយ ទុំ ម្លិះ ស៊ូ រ៉ូហ្សានិច និង​ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG