ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​ធ្វើ​សេចក្តី​ព្រាង​​ច្បាប់​ថ្មី​ដើម្បី​«ការពារ​គ្រប់​ជំនឿ​សាសនា»


ក្រុម​បាតុករ​បិទ​មាត់​របស់​ខ្លួន​ ជា​សញ្ញា​​​នៃ​​ការ​តវ៉ា​ក្នុង​អំឡុង​​ការ​ដង្ហែរ​ក្បួន​ក្នុង​ទីក្រុង​ហ្សាការតា​​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ​២០១០​​ ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​ការពារ​សេរីភាព​ផ្នែក​សាសនា​និង​ដាក់​ពិន័យ​ចំពោះ​ក្រុម​ម៉ូស្លីម​​ជ្រុលនិយម​។
ក្រុម​បាតុករ​បិទ​មាត់​របស់​ខ្លួន​ ជា​សញ្ញា​​​នៃ​​ការ​តវ៉ា​ក្នុង​អំឡុង​​ការ​ដង្ហែរ​ក្បួន​ក្នុង​ទីក្រុង​ហ្សាការតា​​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ​២០១០​​ ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​ការពារ​សេរីភាព​ផ្នែក​សាសនា​និង​ដាក់​ពិន័យ​ចំពោះ​ក្រុម​ម៉ូស្លីម​​ជ្រុលនិយម​។

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី​និយាយ​ថា​ ខ្លួន​កំពុង​តែ​ធ្វើសេចក្តី​ព្រាង​ច្បាប់​ថ្មី​ដើម្បី​ការពារ​ប្រជាជន​នៃ​គ្រប់​ជំនឿ​ទាំងអស់នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ដែល​មាន​ប្រជាជន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សាសនា លោក Lukman Hakim Syaifuddin បាន​មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​វិច្ឆិកា​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បីឆ្លើយ​តប​ទៅ​នឹង​ជម្លោះ​សាសនា​ជា​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រទេសនេះ​យ៉ាង​ធ្ងន់ធ្ងរ។

សេចក្តី​ព្រាង​ច្បាប់​ដែល​គេ​កំពុង​រៀបរៀង​នេះ​ នឹង​កំណត់​អំពី​ល័ក្ខខ័ណ្ឌ​នានារាប់​ចាប់​ពី​ការ​ស្ថាបនា​កន្លែង​គោរព​សាសនា​រហូត​ដល់​ការ​ចែកចាយ​ព័ត៌មាន​ឬ​ផ្សព្វផ្សាយ​អំពី​សាសនា​ណាមួយ។ លោក​បាន​បញ្ជាក់​ថា​ ពង្រាង​ច្បាប់​នេះបាន​ចែង​អំពីការ​ការពារ​ប្រជាពលរដ្ឋទាំង​អស់​ ទាំង​ជនជាតិ​ភាគ​តិច​និងភាគ​ច្រើន។

លោក​ Lukman Hakim Syaifuddin ថ្លែង​ថា៖ «​ខ្លឹមសារ​ចម្បង​របស់​ច្បាប់​នេះ​គឺ​ ការពារ​ការ​គោរព​ជំនឿ​ទាំង​អស់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានសិទ្ធិសេរីភាព​ក្នុងការ​កាន់​និង​ប្រតិបត្តិសាសនា​នានា​ដែល​ពួក​គេ​ចង់​កាន់​ ដែល​សិទ្ធិ​ទាំងនេះ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»។

រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ចេញ​ពង្រាង​ច្បាប់​នេះ​នៅ​ដើម​ឆ្នាំ​២០១៥ ខាង​មុខ។ រដ្ឋមន្ត្រី​កិច្ចការ​សាសនា​រូប​នេះ​និយាយ​ថា ច្បាប់​នេះ​នឹង​ជំនួស​ច្បាប់​ឆ្នាំ​១៩៦៥​ ដែល​គេ​ចាត់​ទុក​ថា​ហួស​សម័យ។

លោក​ Bonar Tigor Naipospos នាយក​រង​នៃ​វិទ្យាស្ថាន Setara Institute ដែល​ជា​ក្រុម​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ​ និយាយ​ថា​ លោក​សង្ឃឹម​ថា​ច្បាប់​នេះ​នឹង​រួម​បញ្ចូល​សេចក្តី​លម្អិត​អំពី​សកម្មភាព​នានា​ដែល​រដ្ឋាភិបាលត្រូវ​ធ្វើ​ដើម្បី​ការពារ​អ្នក​គោរព​ជំនឿ​ទាំង​អស់។

លោក​ថ្លែង​ថា៖ «ប្រសិនបើ​គ្មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ថា ​រដ្ឋ​មាន​វិធានអ្វី​ខ្លះសម្រាប់​ការពារ​នោះ​ទេ ការ​រើសអើង​និង​ការ​រំលោភ​បំពាន​សេរីភាព​ផ្នែក​សាសនា​នឹង​នៅ​តែ​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ។ ដូច្នេះ​ គេ​ត្រូវ​គិតគូរ​អំពី​កម្រិត​ដែល​រដ្ឋាភិបាល​អាច​ការពារ​បាន»។

យោង​តាម​វិទ្យាស្ថាន​ Setara Institute​ នៅ​ឆ្នាំ​២០១៣​មាន​ករណី​រំលោភ​បំពាន​សេរីភាព​ខាង​សាសនា​កើត​ឡើង​ចំនួន​ ២២២​ករណី​ ដែល​នេះ​ជា​ចំនួន​មួយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន។

ព័ត៌មាន​អំពី​សេចក្តី​ព្រាង​ច្បាប់​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រកាស​នៅ​សប្តាហ៍​មុន​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​ផ្សេងៗ​ក្រៅពី​សាសនា​ផ្លូវកា​ទាំង​៦​ដែល​មាន​នៅ​ក្នុង​ប្រអប់​អត្តសញ្ញាណប័ណ្ណ ពុំ​ចាំ​បាច់​ជ្រើសរើស​យក​សាសនា​ណា​មួយ​ក្នុង​ចំណោម​សាសនា​ទាំង​៦​នោះ​ទេ​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក Tjahyo Kumolo​ និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ចាំបាច់​ត្រូវ​តែ​កើត​ឡើង​ ព្រោះ​ថា​ប្រជាជន​ឥណ្ឌូនេស៊ី​ជា​ច្រើន​គេច​មិន​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដោយសា​មាន​ការ​បង្ខិត​បង្ខំ​ឲ្យ​ជ្រើសរើស​យក​សាសនា​មួយ​ក្នុង​ចំណោម​សាសនា​ផ្លូវការ​ទាំង​៦​នោះ។

សាសនា​ផ្លូវការ​ទាំង៦​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​រួម​មាន​ សាសនា​អ៊ីស្លាម​ សាសនាគ្រីស្ត​និកាយ​ប្រូតេស្តង់​ សាសនា​គ្រីស្ត​និកាយ​កាតូលិក​ សាសនា​ព្រះពុទ្ធ​ សាសនា​ហិណ្ឌូ​ និង​លទ្ធិខុងជឺ៕

ប្រែសម្រួល​ដោយ ផន បុប្ផា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG