ខណៈពេលដែលប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសឥណ្ឌូនេស៊ី ចុះកិច្ចព្រមព្រៀងវិនិយោគដែលមានតម្លៃមួយពាន់លានដុល្លារក្នុងអំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់មហាក្សត្រ Salman bin Abdulaziz Al Saud ទៅកាន់ប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ ពលរដ្ឋឥណ្ឌូនេស៊ីជាច្រើននាក់បានសម្តែងនូវសេចក្តីសោកសង្រេងរបស់ពួកគេដល់ព្រះមហាក្សត្រនៃរាជាណាចក្រវាលខ្សាច់អង្គនេះ។
ក្រុមអ្នកតវ៉ារាប់សិបនាក់នៅក្នុងទីក្រុងហ្សាកាតា បានទាក់ទាញចំណាប់អារម្មណ៍ទៅលើការធ្វើបាបលើកម្មករចំណាកស្រុកឥណ្ឌូនេស៊ី ដែលទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងចំណោមក្រុមគ្រួសារដែលកំពុងតែស្វែងរកចម្លើយទាំងនេះ ក៏មានគ្រួសាររបស់ជនឥណ្ឌូនេស៊ីដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុពីរនៅក្នុងដំណើរធម្មយាត្រាហាជ (Hajj) ឆ្នាំ២០១៥ នៅទីក្រុង Mecca ដែលពួកគេទាំងនោះមិនបានទទួលការតបស្នងអ្វីពីរដ្ឋាភិបាលទាំងសងខាង ជិតពីរឆ្នាំមកហើយ បន្ទាប់ពីសោកនាដកម្មនេះបានកើតឡើង។
នេះគឺជាលើកទីមួយហើយក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ ដែលមហាក្សត្រកំពុងគ្រងរាជ របស់ប្រទេសអារ៉ាប៊ីសាអូឌីតធ្វើរាជទស្សនកិច្ចមកកាន់ប្រទេសឥណ្ឌូនេស៊ី ហើយពលរដ្ឋបានក្រាលកម្រាលព្រំក្រហម ដើម្បីទទួលមហាក្សក្រ Salman និង អ្នកអមដំណើររបស់ព្រះអង្គ ចំនួន១.៥០០នាក់នៅទីក្រុង Bogor និងហ្សាកាតា។ ប៉ុន្តែព្រះមហាក្សត្រ Salman បាន ចំណាយពេលមួយផ្នែកធំនៃដំណើរទស្សនកិច្ចនេះ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែមីនាដើម្បី ក្រសាលលំហែនៅកោះបាលី។ ប៉ុន្តែទើបតែនៅពេលដែលទ្រង់បញ្ចប់ថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃរាជទស្សនកិច្ចនៅកោះជ្វា ដោយទ្រង់បានដឹកនាំការបួងសួងនៅមស្ចិត (វិហារឥស្លាម) Istiqlalនៃទីក្រុងហ្សាកាតាទេ ទើបពលរដ្ឋឥណ្ឌូនេស៊ី ដែលមានទុក្ខសោកបានយល់ច្បាស់ថា ដំណោះស្រាយលើបញ្ហាទុក្ខកង្វល់របស់ពួកគេនៅមិនទាន់ឃើញមានពន្លឺអ្វីសោះឡើយ។
អ្នកធ្វើការចំណាកស្រុក
ពលរដ្ឋឥណ្ឌូនេស៊ីចំណាកស្រុកប្រមាណបីលាននាក់ បានស្វែងរកការងារធ្វើនៅក្រៅប្រទេស មួយផ្នែកដោយសារអត្រាអត់ការងារធ្វើនៅក្នុងស្រុកមានកម្រិតខ្ពស់។ ចំនួនកម្មករឥណ្ឌូនេស៊ី ដែលធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេប៉ាន់ប្រមាណថា មានខុសគ្នាខ្លាំងគឺចាប់ពីចំនួន ៣៧៩.៦៣២នាក់ (យោងតាមអត្រារបស់មជ្ឈមណ្ឌលទេសន្តរប្រវេសន៍អាស៊ីឆ្នាំ២០១៣) ទៅនឹងចំនួន៣៨.១០៤នាក់ (ដោយយោងតាមភ្នាក់ងារជាតិឥណ្ឌូនេស៊ីដើម្បីការពារ និងការងារអ្នកធ្វើការចំណាកស្រុកឆ្នាំ២០១៤)។ មូលហេតុមួយនៃភាពល្អៀងនេះ គឺការពិបាកគណនាចំនួនអ្នកធ្វើចំណាកស្រុកខុសច្បាប់ ឬមិនបានចុះក្នុងឯកសារ។ ប្រទេសឥណ្ឌូនេស៊ី មិនជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួនទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ ដោយសារតែលក្ខខណ្ឌការងារមិនល្អ និងការដាក់ពិន័យព្រហ្មទណ្ឌធំៗមួយចំនួន។
ស្រ្តីឥណ្ឌូនេស៊ីពីររូបដែលមានឈ្មោះ Karni Bt. MediTarsim អាយុ៣៧ឆ្នាំ និងឈ្មោះSitiZaenab Bt. DuhriRupa អាយុ៤៧ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ទោសក្នុងរឿងដោយឡែកពីគ្នា ពីបទធ្វើឃាតចៅហ្វាយនាយរបស់ខ្លួន និងត្រូវបានប្រហារជីវិតនៅឆ្នាំ២០១៥ ដែលធ្វើឲ្យមានការខឹងសម្បារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្រុមការពារសិទ្ធិមនុស្សបានធ្វើការជំទាស់ទៅនឹងការដាក់ទោសនេះ ដោយទាញហេតុផលពីកាលៈទេសៈធ្ងន់ធ្ងរដែលស្រ្តីទាំងពីរនោះអះអាងថា ជាហេតុបណ្តាលឲ្យពួកប្រព្រឹត្តដូច្នេះ។ យោងតាមសារព័ត៌មានប្រចាំថ្ងៃរបស់ទីក្រុងឡុងដ៍ ឈ្មោះThe Guardian បានសរសេរថា គិតត្រឹមឆ្នាំ២០១៣ អ្នកធ្វើការចំណាកស្រុកដែលជាប់ទោសប្រហារជីវិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី។
ទោះបីជាមានការពិភាក្សាជាហូរហែ អំពីស្ថានភាពការងារអមនុស្សធម៌ ដែលត្រូវបានធ្វើទៅលើកម្មករឥណ្ឌូនេស៊ីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតយ៉ាងណាក៏ដោយ ដែលរួមមានការរំលោភបំពានលើរាងកាយ អំពើហិង្សាផ្លូវភេទ ការធ្វើការហួសម៉ោងកំណត់ និងការមិនឲ្យប្រាក់កម្រៃ ក៏នៅក្នុងអនុស្សរណៈយោគយល់គ្នាដែលចុះហត្ថលេខារវាងប្រទេសឥណ្ឌូនេស៊ី និងអារ៉ាប៊ីសាអូឌីតកាលពីសប្ដាហ៍កន្លងទៅនេះ មិនមាននិយាយដល់អ្នកធ្វើការចំណាកស្រុកឡើយ។
នៅថ្ងៃទី២ ខែមីនា មានសកម្មជនរាប់សិបនាក់ បានមកតវ៉ានៅខាងក្រៅស្ថានទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងហ្សាកាតា ដើម្បីសុំឲ្យមានការទទួលស្គាល់នូវសិទ្ធិរបស់កម្មករពេញលេញ នៅក្នុងរាជដំណើរទស្សនកិច្ចនេះ។ ក្រុមបុរសប្រមាណ១២នាក់ត្រូវចាប់ខ្លួនភ្លាមៗបន្ទាប់ពីការតវ៉ានេះបានចាប់ផ្ដើមនិងត្រូវបានប៉ូលិសអូសចេញពីកន្លែងតវ៉ា។ ក្រុមមួយដែលហៅខ្លួនឯងថាជា «ក្រុមគ្រួសារធំនៃអ្នកធ្វើចំណាកស្រុកឥណ្ឌូនេស៊ី» បានទទូចសុំឲ្យមហាក្សត្រស្ដេច Salman ដោះលែងពលរដ្ឋឥណ្ឌូនេស៊ីចំនួន២៥នាក់ ដែលកំពុងជាប់ទោសប្រហារជីវិត។ យោងតាមព័ត៌មានពីមន្រ្តីក្រសួងកម្លាំងពលកម្ម បានឲ្យដឹងថា គិតត្រឹមខែមេសាឆ្នាំ២០១៥ មានប្រជាជនឥណ្ឌូនេស៊ីរហូតដល់ទៅ ២៧៩ នាក់ កំពុងប្រឈមនឹងទោសប្រហារជីវិត។
នៅទីបញ្ចប់ ក្រុមសកម្មជនជាច្រើនបានដកថយដោយទទួលស្គាល់ការពិតដែលថា អ្នកធ្វើចំណាកស្រុក មិនត្រូវបានលើកយកមកនិយាយឡើយ នៅក្នុងកិច្ចពិភាក្សារវាងប្រធានាធិបតី Joko Widodo និងព្រះមហាក្សត្រស្តេច Salman នោះឡើយ។
លោក WahyuSusilo នាយកប្រតិបត្តិអង្គការតស៊ូមតិគាំទ្រកម្មករ Migrant Care បាននិយាយថា៖ «អនុស្សរណៈយោគយល់ ដែលមាន១១ចំណុច ចុះហត្ថលេខានៅថ្ងៃទី១ ខែមីនា ផ្ដោតទៅលើបញ្ហាសេដ្ឋកិច្ច ដូច្នេះប្រសិនបើយកបញ្ហាសិទ្ធិមនុស្សទៅពិភាក្សានៅក្នុងនោះ វាមិនសក្តិសមឡើយ»។
លោក Wahyu បានថ្លែងប្រាប់ VOA ថា៖ «នេះមិនមែនបានន័យថា រដ្ឋាភិបាលគួរតែបោះបង់លើបញ្ហានេះទេ។ ក្រសួងការបរទេសត្រូវតែសកម្មជាងមុន អំពីការការពារតាមលក្ខណៈការទូតចំពោះជនចំណាកស្រុកឥណ្ឌូនេស៊ី។ ក្រសួងហិរញ្ញវត្ថុ ត្រូវត្រួតពិនិត្យមើលឲ្យបានដិតដល់លើដំណើរជ្រើសរើសកម្មករ»។ លោកបន្ថែមថា ជាឧទាហរណ៍ មានប្រជាពលរដ្ឋឥណ្ឌូនេស៊ីមិនទាន់គ្រប់អាយុជាច្រើន ត្រូវបានជ្រើសរើសតាមរយៈឯកសារក្លែងក្លាយ និងត្រូវបាននាំឲ្យទៅធ្វើការដោយឥតសង្ស័យនៅក្នុងប្រទេស «ដ៏គ្រោះថ្នាក់» ដូចជាប្រទេសអារ៉ាប៊ីសាអូឌីតជាដើម។
សមាជិករដ្ឋសភាឥណ្ឌូនេស៊ីមួយចំនួន ក៏បានទទូចស្នើទៅមហាក្សត្រអារ៉ាប៊ីសាអូឌីតឲ្យសណ្ដោសប្រណីលើកលែងទោសចំពោះអ្នកធ្វើចំណាកស្រុកដែលកំពុងត្រូវជាប់ទោសផងដែរ និងស្នើឲ្យរដ្ឋាភិបាលទីក្រុងហ្សាកាតា លើកឡើងពីបញ្ហានេះទូលថ្វាយទៅព្រះមហាក្សត្រ អំឡុងពេលរាជទស្សនកិច្ចនេះ។ រដ្ឋបាលរបស់លោកប្រធានាធិបតី Joko Widodo មិនមានបញ្ចេញមតិអ្វីអំពីបញ្ហានេះឡើយ ហើយវាមិនទាន់ច្បាស់នៅឡើយថាតើបញ្ហានេះត្រូវបានលើកឡើងនៅក្នុងការជួបជាលក្ខណៈឯកជនរវាងរូបលោក និងព្រះមហាក្សត្រអង្គនេះឬក៏អត់នោះទេ។
VOA បានព្យាយាមទាក់ទងអ្នកនាំពាក្យរបស់ប្រធានាធិបតីដើម្បីសុំ ការបំភ្លឺប៉ុន្តែមិនអាចទាក់ទងបាន។ ក្រុមអ្នកនាំពាក្យក្រសួងសាសនា និងការិយាល័យប្រធានាធិបតី Joko Widodo បានប្រាប់ VOA ថា ពួកគេមិនអាចបញ្ចេញមតិយោបល់ពីរឿងដែលត្រូវបានពិភាក្សាជាសម្ងាត់រវាងប្រធានាធិបតី និងព្រះមហាក្សត្រ Salman នោះទេ។
សោកនាដកម្មនៃការធ្វើធម្មយាត្រាហាជនៅទីក្រុងម៉េកា (Mecca)
នៅក្នុងឆ្នាំ២០១៥ ពលរដ្ឋឥណ្ឌូនេស៊ីបានរងគ្រោះថ្នាក់ដែលបណ្ដាលឲ្យបាត់បង់ជីវិតចំនួនពីរលើក ពាក់ព័ន្ធនឹងធម្មយាត្រានៅទីក្រុងម៉េកា ឬដំណើរធម្មយាត្រាប្រចាំឆ្នាំទៅកាន់ទីក្រុងម៉េកា ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាកាលពីខែកញ្ញា មានប្រជាពលរដ្ឋឥណ្ឌូនេស៊ីចំនួន១២៧នាក់ បានស្លាប់នៅក្នុងហេតុការណ៍នោះ និងមាន១២នាក់ទៀតបានស្លាប់មួយសប្ដាហ៍មុនពេលពីធីធម្មយាត្រាចាប់ផ្ដើមជាផ្លូវការ គឺនៅពេលដែលគ្រឿងចក្រសម្រាប់ស្ទួច បានដួលរលំនៅក្បែរមហាមស្ចិត (ព្រះវិហារធំ)នោះ។
ប្រទេសអារ៉ាប៊ីសាអូឌីត បានសន្យាផ្ដល់នូវទឹកប្រាក់ចំនួនមួយលាន riyals ដែលស្មើនឹង ២៦៧.០០០ដុល្លារ ដើម្បីប៉ះប៉ូវសងចំពោះការស្លាប់ពលរដ្ឋឥណ្ឌូនេស៊ី១២នាក់ និង៤៩នាក់ដែលរងរបួសដោយសារការដួលរលំគ្រឿងចក្រសម្រាប់ស្ទួចនោះ។ ប៉ុន្តែ យោងតាមសារព័ត៌មានប្រចាំថ្ងៃរបស់ឥណ្ឌូនេស៊ីឈ្មោះថា Jakarta Post បានដឹងថា រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពលរដ្ឋឥណ្ឌូនេស៊ីរងគ្រោះទាំងនោះមិនទាន់ទទួលបានអ្វីទាំងអស់។
ចំពោះឥណ្ឌូនេស៊ី ដែលជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេនៅក្នុងពិភពលោក ការធ្វើធម្មយាត្រាប្រចាំឆ្នាំមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសនេះ។ បច្ចុប្បន្ននេះ អ្នកធ្វើធម្មយាត្រា មានចំនួន២២១.០០០នាក់ គឺច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន នៅរង់ចាំឱកាសធ្វើធម្មយាត្រានេះអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ទោះបីជាមន្រ្តីឥណ្ឌូនេស៊ី សង្ឃឹមថានឹងបង្កើនបរិមាណអ្នកធ្វើធម្មយាត្រាបន្ថែមទៀតនៅឆ្នាំនេះក៏ដោយ រឿងនេះហាក់ដូចជាមិនត្រូវបានបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងអនុស្សរណៈ ដែលបានចុះហត្ថលេខាកាលពីពេលកន្លងទៅនេះទេ។
លោក DadiDarmadi អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ SyarifHidayatullah State Islamic ក្រុងហ្សាកាតា បាននិយាយថា ការរក្សាចំនួនអ្នកដែលត្រូវបានទៅធ្វើធម្មយាត្រា អាចជាមូលហេតុមួយដែលធ្វើឲ្យឥណ្ឌូនេស៊ី មិនបង្ខិតបង្ខំឲ្យអារ៉ាប៊ីសាអូឌីតសងសំណងឲ្យអ្នករងគ្រោះ។
លោក Darmadi បានប្រាប់ VOA ថា៖ «កិច្ចខិតខំប្រឹងប្រែងណាមួយ ដែលបរាជ័យក្នុងការរៀបចំដំណើរធម្មយាត្រាបាននោះ នឹងមិនអាចទាក់ទាញមហាជនបានឡើយ។ លោកបន្ថែមថា ដោយសារតែធម្មយាត្រាគឺជា«រឿងអាទិភាពខ្ពស់បំផុត» សម្រាប់មន្រ្តីជាច្រើនជាយូរមកហើយនោះ ប្រសិនបើពួកគេធ្វើឲ្យប៉ះពាល់ដល់បរិមាណប្រាក់ឧបត្ថម្ភរបស់ប្រទេសនោះ «ពលរដ្ឋអាចងាយនឹងគិតថា រដ្ឋាភិបាលមិនយកចិត្តទុក្ខដាក់ដោះស្រាយកិច្ចការសាសនា» ដែលការមិនយកចិត្តទុកដាក់នេះជាអ្វីដែលគេស្អប់ខ្ពើមនៅក្នុងប្រទេសប្រកាន់សាសនាដ៏ខ្ជាប់ខ្ជួននេះ។
លោក Darmadi បាននិយាយថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏កំពុងតែប្រើសតិអារម្មណ៍នយោបាយដោយមិនបង្ខំខ្លាំងពីបញ្ហានេះទេ… ទស្សនកិច្ចមួយដ៏កម្ររបស់មហាក្សត្រ Salman បែបនេះក៏ហាក់ដូចជាពេលវេលាមួយពេលដែលគេធ្វើឲ្យកម្ដៅសីតុណ្ហភាពនយោបាយនៅក្នុងប្រទេសធ្លាក់ចុះ ក្នុងអំឡុងពេលបោះឆ្នោតនៅក្នុងទីក្រុងហ្សាកាតា»។
ក្រសួងកិច្ចការសាសនាប្រាប់ VOA ដោយបានអះអាងបញ្ជាក់ជាថ្មីអំពីការសន្យារបស់ខ្លួនថានឹងសងសំណងដល់អ្នករងគ្រោះដោយហេតុការណ៍នេះ។ យោងតាមសម្តីអ្នកនាំពាក្យក្រសួងកិច្ចការសាសនាបានឲ្យដឹងថា ដំណើរការនេះកំពុងតែត្រូវរាំងស្ទះ ដោយសារតែអ្នកដែលរងផលប៉ះពាល់ទាំងអស់ មិនបានដាក់ឯកសារ «ទិន្នន័យអ្នករងគ្រោះ» ទៅឲ្យស្ថានទូតអារ៉ាប៊ីសាអូឌីតនៅឡើយ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «ឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ទៅបង្ខំប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឲ្យពន្លឿនដំណើរនោះ វាមិនអាចទៅរួចទេ ពីព្រោះសិទ្ធិនៅក្នុងដៃរដ្ឋាភិបាលរបស់ពួកគេ។ ហើយបើយោងតាមលោក Lukman Hakim Saifuddin រដ្ឋមន្រ្តីក្រសួងកិច្ចការសាសនា នៅទីបំផុត សេ្តច Salman ខ្លួនឯងបានសន្យាថានឹងដោះស្រាយបញ្ហានេះ»។
ក្រៅពីបញ្ហាដែលមិនបានដោះស្រាយលើកឡើងដោយសកម្មជនការងារ និងក្រុមគ្រួសារអ្នករងគ្រោះពីក្បួនធម្មយាត្រានៅទីក្រុងម៉េកានោះ ដំណើរទស្សនកិច្ចរបស់មហាក្សត្រ Salman ហាក់ដូចជាមានលក្ខណៈខ្វះខាតទៅលើឆន្ទៈផ្សេងៗទៀត។ នៅមុនពេលការយាងទស្សនកិច្ចរបស់ទ្រង់ អ្នកដឹកនាំរដ្ឋាភិបាលសង្ឃឹមជឿជាក់ថា នឹងមានការដាក់ទុនរហូតដល់ទៅ២៥ពាន់លានដុល្លារ ប៉ុន្តែនៅចុងបញ្ចប់ ព្រះអង្គបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែមួយប៉ុណ្ណោះ គឺសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យ ដែលមានទឹកប្រាក់១ពាន់លានដុល្លារ៕
ប្រែសម្រួលដោយ សើ សាយ្យាណា