ស្ត្រីឥណ្ឌូណេស៊ីម្នាក់ដែលបានជាប់ឃុំនៅក្នុងប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ ២០១៧ ក្រោមបទសង្ស័យថាបានធ្វើឃាតលោក Kim Yong Nam ដែលជាបងប្រុសឪពុកតែមួយម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃចន្ទនេះ។
តុលាការជាន់ខ្ពស់ Shah Alam នៅក្រៅទីក្រុងកូឡាឡាំពួរ បានដោះលែងនាង Siti Aisyah ដោយសារគ្មានភស្តុតាងដាក់បន្ទុកលើនាង ក្រោយពីរដ្ឋអាជ្ញាម៉ាឡេស៊ីដកបទចោទប្រកាន់ធ្វើឃាតចេញដោយមិនផ្ដល់ហេតុផលណាមួយ។
នៅពេលដែលតុលាការប្រកាសអំពីរឿងនេះ នាង Aisyah អាយុ ២៦ ឆ្នាំ បានឱបចុងចោទម្នាក់ទៀតគឺនាង Doan Thi Huong ជនជាតិវៀតណាម អាយុ ៣០ ឆ្នាំ និងបានយំ។
បន្ទាប់ពីនោះភ្លាមៗ នាងត្រូវបានគេបញ្ជូនទៅកាន់ជណ្ដើរយន្ត និងអមដំណើរទៅកាន់រថយន្តរបស់ស្ថានទូតឥណ្ឌូណេស៊ី ដែលរង់ចាំនៅខាងក្រៅតុលាការ។ មេធាវីរបស់នាងបាននិយាយថា នាងគ្រោងនឹងហោះទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីក្នុងពេលឆាប់ៗខាងមុខនេះ។
ចំណែកឯសវនាការរបស់នាង Doan Thi Huong ត្រូវបានផ្អាក បន្ទាប់ពីត្រូវបានគ្រោងធ្វើនៅថ្ងៃចន្ទនេះ ក្រោយពីបានពន្យារពេលអស់ជាច្រើនខែមក។
ស្ត្រីទាំងពីរត្រូវបានចោទប្រកាន់ថាបានប្រើម្សៅពុល VX ប៉ាតលើមុខរបស់លោក Kim Yong Nam នៅប្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧។
ស្ត្រីទាំងពីរគឺជាជនសង្ស័យដែលត្រូវបានដាក់ពន្ធនាគារ បន្ទាប់ពីជនសង្ស័យកូរ៉េខាងជើង ៤ នាក់ទៀត បានគេចចេញពីប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃដែលលោក Kim Yong Nam ត្រូវបានធ្វើឃាត៕