ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​របស់​ឥណ្ឌូនេស៊ី​បោះ​ជំហាន​ចុង​ក្រោយ​ដើម្បី​ប្រមូល​​ទ្រព្យ​សម្បត្តិ​នៅ​ក្រៅ​ប្រទេសរបស់ពលរដ្ឋឥណ្ឌូនេស៊ី


ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​កាន់​ឯកសារ​ចុះ​បញ្ជី​ចំណូល​របស់​គាត់​សម្រាប់​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​របស់​រដ្ឋាភិបាល​នៅ​ការិយាល័យ​ពន្ធដារ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​កាន់​ឯកសារ​ចុះ​បញ្ជី​ចំណូល​របស់​គាត់​សម្រាប់​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​របស់​រដ្ឋាភិបាល​នៅ​ការិយាល័យ​ពន្ធដារ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​លំដាប់​ទី​៤​នៅ​ក្នុង​ពិភពលោក ដែល​មាន​ចំនួន​ជិត​២៦០​លាន​នាក់ ប៉ុន្តែ​មាន​​ប្រជាជន​តែ ​១០%​​ ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជី​បង់​ពន្ធដារ​ ហើយ​មាន​ប្រជាជន​ប្រមាណ​តែ​​១​លាន​នាក់​តែ​ប៉ុណ្ណោះ​ដែល​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ជាក់​ស្តែង។ នេះ​ជា​មូល​ហេតុ​​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​ឱនភាព​ថវិកាជាតិ​ដ៏​ធំធេង និង​ចេះ​តែ​កើន​ឡើង​ក្នុង​ប្រទេស​មួយ​នេះ។ ការណ៍​នេះ​បាន​បង្អាក់​ដល់ដំណើរការគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​មហិមា​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។

ដើម្បីស្តារ​ទ្រព្យ​របស់​អ្នក​មាន​ស្តុកស្តម្ភ​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​ ប្រទេស​នេះ​បាន​ចាប់​ផ្តើមដាក់ឲ្យអនុវត្ត​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​ កាលពី​រដូវ​ក្តៅឆ្នាំ​២០១៦។ វា​ជា​ការ​ពិសោធន៍​មួយ​ដែល​ទទួល​រង​ការ​រិះ​គន់​ពី​អង្គការ​ OECD ​អង្គការ​ IWMF ​និង​សហជីព​ការងារ​ក្នុង​ស្រុក។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ខណៈ​ពេល​ដែល​កម្មវិធី​នេះចូល​ដល់​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ខែ​ទី៩​របស់​ខ្លួន​ កម្មវិធី​នេះ​ទទួល​បាន​ចំណូល​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក ដោយ​រក​ចំណូល​ពន្ធ​បាន​ប្រមាណ ៣៣០ពាន់លាន​ដុល្លារ។

នៅ​បំណាច់​ឆ្នាំ​សារពើ​ពន្ធត្រឹម​ថ្ងៃ​ទី៣១ ​ខែ​មីនា​កន្លង​ទៅ​ មានការចោទសួរសំណួរដ៏​សំខាន់មួយ​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ជាមួយ​នឹង​ទឹក​ប្រាក់​ទាំង​នោះ?។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​លោកស្រី ​Sri Mulyani​ បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ដើម្បី​ដោះស្រាយបញ្ហា​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​ប្រមូល​ចូល​ស្រុក​វិញ ប៉ុន្តែ​ក្រុម​នេះ​អាច​ចាប់​ផ្តើម​ការងារ​បាន ​លុះ​ត្រា​តែមានការផ្សព្វផ្សាយពី​តួលេខ​ចុង​ក្រោយ​ដែលគេ​ប្រមូលបាន។ រដ្ឋាភិបាល​ក៏​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ដែល​ថា​ កម្មវិធី​លើក​លែង​ការ​ពិន័យពន្ធ​នេះ​ធ្វើ​ឲ្យ​អ្នក​គេច​ពី​ការ​បង់​ពន្ធ​បានដោយងាយ ​ដែល​ការណ៍នេះធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​កម្មករ។

ការ​លុប​បំបាត់​ឱនភាព

អ្នកស្រី Asmiati Malik អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ ​Birmingham ​បាន​និយាយ​ថា៖ «ប្រាក់​ចំណូល​ពន្ធ​ដែល​បាន​ពី​កម្មវិធី​នេះ​នឹង​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ឱនភាពថវិកា​ជាតិ។ វា​អាច​ជួយ​បាន​រហូត​ដល់​ទៅ​ ៧០%​ គឺ​កាត់​បន្ថយ​ពី​ចំនួន២៣​ពាន់លានដុល្លារ ទៅ​ដល់​៨,២​ពាន់លានដុល្លារ»។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​ ការិយាល័យ​ពន្ធដារ​ថ្នាក់​តំបន់​បាន​បង្កើត​យុទ្ធនាការ​ប្រចាំថ្ងៃជា​សាធារណៈ​មួយ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​នេះ។ លោក ​Hestu Yoga Saksama ​អ្នក​នាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រាប់​កាសែត​ Jakarta Post ថា ​មាន​ពលរដ្ឋចំនួន ​៤.០០០​នាក់​បាន​ចុះ​ឈ្មោះ​ចូល​រួមយុទ្ធនាការនេះ​ជា​រៀង​រាល់​ថ្ងៃ​ នៅអំឡុង​ខែ​មីនា។ ការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ខកខាន​បង់​ពន្ធ​នេះ​គឺ​កើត​ឡើង​បណ្តាលមកពីការអូស​បន្លាយ​ពេល​វេលា​ដោយ​សារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន។

លោក Yoga បាន​និយាយ​ថា៖ «ជាទូទៅ ពលរដ្ឋរង់ចាំ​ទាល់​តែ​ដល់​ថ្ងៃ​ចុង​ក្រោយទើប​ធ្វើនាំគ្នាទៅបង់ពន្ធ»។

បើ​យោង​តាម​អគ្គនាយកដ្ឋាន​ពន្ធដារបានឲ្យដឹងថា ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង​៣​លាន​នាក់ ​បាន​ក្លាយ​ជា​អ្នក​បង់​ពន្ធ​ថ្មី​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ។ ចំនួន​នេះ​បូក​រួម​ទាំង​អ្នក​ជំនួញ​ធំៗ​ ដូចជា​សមាជិក​របស់​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ឥណ្ឌូនេស៊ី ​ក្រុមហ៊ុនផ្តល់សេវាបញ្ចុះបញ្ចូល ​ដែល​ពួកគេទាំងនោះបាន​ចុះ​ឈ្មោះ​ក្នុង​ចំនួន​ដ៏​ច្រើនកាលពី​ដើម​ឆ្នាំ​នេះ។

បើ​យោង​តាម​សារព័ត៌មាន​ Bloomberg ​ចាប់​តាំង​ពី​ទសវត្សរ៍១៩៩០​មក នៅ​ពេល​មាន​ការចាប់ខ្លួនមនុស្សពាក់ព័ន្ធនឹងបញ្ហានយោបាយ និង​កុបកម្ម​របស់​ជនជាតិ​ភាគតិច ​ដែល​កើត​មាន​មុន​និង​ក្រោយការ​ដួល​រលំ​របប​ជន​ផ្តាច់​ការ Suharto​ ដ៏​យូរ​នោះ​ ពលរដ្ឋ​ឥណ្ឌូណេស៊ី​ដែល​មាន​ទ្រព្យធន​បាន​បង្វិល​ប្រាក់​ទាំង​នោះ​ទៅ​កាន់​ប្រទេស​គេច​ពន្ធ​ដូច​ជា ​សិង្ហបុរី​ ជាដើម។

លោក ​Yustinus Prastowo​ នៃ​មជ្ឈមណ្ឌល​វិភាគ​ពន្ធដារ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា៖ «អត្ថប្រយោជន៍​សំខាន់ៗ​ពីរ​យ៉ាង​នៃ​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​សម្រាប់​អ្នក​បង់​ពន្ធ​ឥឡូវ​នេះ​គឺ ការ​ប្រាក់​ទាប និង​ការ​លុប​ចោល​បំណុល​ពន្ធ»។

ប្រសិន​បើ​ពួកគេ​បញ្ជូន​ទ្រព្យ​ទាំង​នោះ​ចូល​មក​ក្នុង​ប្រទេស​វិញ​ បុគ្គល​នោះ​ទាំង​ត្រូវ​បង់​ការ​ប្រាក់​ចន្លោះ​ពី​២%​ ទៅ​១០​%ប៉ុណ្ណោះ គឺតិច​ជាង​ការបង់ពន្ធលើ​ប្រាក់​ចំណូល ​របស់​រូបវន្ត​បុគ្គល ឬនីតិបុគ្គល ដែល​មានអត្រា​ដល់​ទៅ​៣០%។ ហើយ​ពួក​គេ​ត្រូវ​តែ​ប្តេជ្ញា​រក្សា​ទុក​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ឲ្យបានយ៉ាង​ហោច​ណាស់​រយៈ​ពេល​៣​ឆ្នាំ។

ការ​ពង្រីក​មូលដ្ឋាន​បង់​ពន្ធ

ប្រទេស​ឥណ្ឌូនេស៊ីរក​ចំណូល​បាន​ច្រើន​ពី​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​នេះ​ គឺបាន​ច្រើន​ជាង​ការ​ធ្វើ​ដូច​គ្នា​នេះនៅ​តាម​ប្រទេស​ផ្សេងៗ​ទៀត​ តួយ៉ាង​ឥណ្ឌា និង​អាល្លឺម៉ង់ ​ប៉ុន្តែ​បើ​យោង​តាម​អ្នក​ជំនាញ​មួយ​ចំនួន​ថា ប្រទេស​នេះ​នៅ​មាន​ឱកាស​សម្រាប់​ពង្រីក​កម្មវិធី​នេះ​បន្ថែម​ទៀត។

អ្នកស្រី​ Malik និយាយ​ថា៖ «បញ្ហា​សំខាន់​គឺ​ថា​ បើ​គិត​ជា​សមាមាត្រ ចំនួនអ្នក​បង់​ពន្ធ​ដែល​បាន​ចូល​រួមក្នុង​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​នេះ​នៅ​តែ​មាន​ចំនួន​តិច​នៅ​ឡើយ។ មាន​ពលរដ្ឋប្រមាណ៧០​ម៉ឺន​នាក់ក្នុង​ចំណោម​អ្នក​បង់​ពន្ធ​សរុប​៣២​លាន​នាក់​ ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ។ ចំនួន​នេះ​ស្មើនឹង​២,២%ប៉ុណ្ណោះ​នៃ​ចំនួន​អ្នក​ដែល​ត្រូវ​បង់​ពន្ធ​សរុប»។

អ្នកស្រី​ Malik ​បាន​អំពាវនាវ​ឲ្យ​មាន​គោល​នយោបាយ​ពន្ធមាន​ប្រសិទ្ធភាពជាង​នេះដើម្បី​បង្កើន​ការ​ចូល​រួម​ទាំង​នៅ​ក្នុង​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ និង​ការ​ប្រមូល​ពន្ធ​ជា​ទូទៅ។ អ្នកស្រី​បាន​និយាយ​ថា៖ «គួរ​តែ​មានគោលនយោបាយ​ពន្ធដារ​ ដែលប្រសើរ​ជាងនេះ ទាក់​ទង​នឹង​ការ​ពង្រីក​មូលដ្ឋាន​ពន្ធ​ និង​បង្កើន​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​គោរព​ច្បាប់​ពន្ធ និង​ជៀស​វាង​ការ​គេច​ពន្ធ។ ដំណោះ​ស្រាយ​ទាំង​នេះ​ស្ថិត​នៅ​លើ​ការ​កំណត់​ច្រក​អត្តសញ្ញាណតែ​មួយ ដែល​ច្របាច់​បញ្ចូល​គ្នា​នូវ​គណនី​ធនាគារ​ អត្ត​សញ្ញាណប័ណ្ណ​ និង​អត្តសញ្ញាណពន្ធ​ ដើម្បី​ជៀស​វាង​មិន​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់អាច​គេច​ផុត​ពី​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន»។

យ៉ាង​ណា​ក៏​ដោយ ​វគ្គ​ដំបូង​នៃ​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​នេះ​ត្រូវ​បាន​កំណត់​ពេល​វេលា​យ៉ាង​ច្បាស់​ គឺ​នៅ​ត្រឹម​ខែ​កញ្ញាឆ្នាំ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​នឹង​ចូលរួម​ជាមួយអង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និងអភិវឌ្ឍ​ នៃគំនិតផ្តូច​ផ្តើម​កម្មវិធី​ផ្លាស់ប្តូរ​ព័ត៌មាន​ដោយ​ស្វ័យប្រវត្តិ​ OECD ដើម្បី​ចែក​រំលែក​ព័ត៌មាន​អំពី​តួលេខ​ពន្ធដារ​របស់​ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ។ នេះ​មាន​ន័យ​ថា ឥណ្ឌូនេស៊ី​នឹង​អាច​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​សិង្ហបុរី និងដែន​កោះ​ Cayman ជា​ដើម។​

ការ​កើន​ឡើងនៃ​វិសមភាព

ទោះ​ជា​យ៉ាង​ណា​ក្តី អង្គការ OECD គឺ​ជា​អ្នក​រិះគន់​ដំបូង​លើ​គម្រោង​លើក​លែង​ការ​ពិន័យ​ពន្ធ​របស់​ឥណ្ឌូនេស៊ី​នេះ។ កម្មវិធី​បែប​នេះ​ «ដូចជា​មិនបាន​ផ្តល់​អត្ថប្រយោជន៍អ្វី ឲ្យ​បាន​ច្រើនពី​ថ្លៃ​ចំណាយ​ពិតនោះ​ទេ​ ប៉ុន្តែវា​បង្ក​ឲ្យ​មាន​ហានិភ័យនៃ​ការ​បាត់​បង់​ចំណូល​សរុប​ដែល​ប្រមូល​បាន​ ហើយ​នឹង​អាច​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​ច្បាប់​ពន្ធដារ»។ នេះ​បើ​យោង​តាម​លោក Philip Kerfs នៃ​មជ្ឈមណ្ឌល​សម្រាប់​រដ្ឋបាល និង​គោលនយោបាយ​ពន្ធ​របស់​អង្គការ OECD ដែល​លោក​បាន​ប្រាប់​សារព័ត៌មាន Bloomberg កាលពី​ខែ​សីហា ឆ្នាំ​២០១៦។​

ក្រុមអ្នក​ប្រឆាំង​កម្មវិធី​នេះ​អះអាង​ថា អ្នក​គេច​ពន្ធ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ជា​ពិសេស​ចំពោះ​ការ​មិន​គោរព​ច្បាប់។

កាលពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​មុន​ មាន​បាតុកម្ម​តវ៉ាដ៏ធំ​ពី​សំណាក់​ក្រុម​កម្មករ​នៅ​ក្នុង​ក្រុង​ហ្សាការតា​ ប្រឆាំង​នឹង​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​នេះ​ ហើយ​សហជីព​ការងារ​ជាច្រើន​ក្នុង​ប្រទេស​នេះ​បាន​ប្រឆាំង​នឹង​គោលនយោបាយ​នេះ​ដោយ​ឥត​សំចៃ។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF​ ក៏​បាន​បង្ហាញ​មន្ទិល​សង្ស័យ​ចំពោះ​កម្មវិធី​នេះ​ដែរ។ លោក​ Luis Bereu នៃ​អង្គការ​ IMF បាន​និយាយ​ថា៖ «យើង​មាន​មន្ទិល​សង្ស័យ​ខ្លះ​ចំពោះ​ការ​អនុវត្ត​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​នៅ​គ្រប់​កន្លែង​ទាំង​អស់ ប៉ុន្តែ​យើង​សង្ឃឹម​ថា ​យើង​គិត​ខុសទៅ​ចុះ​ សម្រាប់​កម្មវិធី​នេះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី»។​

កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រកាស​ថា ខ្លួន​កំពុង​ផ្តោត «ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​មួយ» ដើម្បី​តាម​រក​សមាជិក​មួយ​ចំនួន​ដែលមានក្នុង​បញ្ជី​របស់​ទស្សនារដ្ដី​ Forbes បាន​ចុះ​ផ្សាយថាពួកគេ​ជា​អ្នក​មាន​បំផុតក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ហើយ​ពួក​គេ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​សម្រាប់​កម្មវិធី​លើក​លែង​ការ​ពិន័យ​ពន្ធ​នេះ​នៅ​ឡើយទេ។

អ្នក​វិភាគ​លោក​ Prastowo ​បាន​និយាយ​ថា មូល​ហេតុ​មួយ​ទៀត​ដែល​មូល​និធិ​នេះ​អាច​នឹង​បាត់បង់​សក្តានុពល​របស់​វា គឺ​ក្រុម​មនុស្ស​ដែល​រឹង​ទទឹងប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ហ្សាការតា​កាលពី​ខែ​វិច្ឆិកា​ និង​ខែ​ធ្នូ ឆ្នាំមុន ប្រឆាំង​នឹង​អភិបាល​ក្រុង​ដែល​ជា​ជនជាតិ​ចិន​ កាន់​សាសនា​គ្រិស្ត។ លោក​បាន​និយាយ​ថា ​ចលាចល​នយោបាយ​អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​ខ្លាច​ញញើត​មិន​ហ៊ានយក​ប្រាក់​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ។ ការណ៍​នេះកើតឡើងស្របពេលជាមួយគេ​ដែល​ថា នៅ​ពេល​មាន​ភាពចលាចល​កើត​ឡើង​ គឺ​វា​ធ្វើ​ឲ្យ​អ្នក​មាន​ឥណ្ឌូនេស៊ី​ត្រៀម​ខ្លួន​រួច​ជា​ស្រេចប្រមូល​ទុកទ្រព្យសម្បត្តិ​របស់​ពួកគេ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG