ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រលក​យក្សស៊ូណាមិ​នៅ​កោះចាវ៉ានិង​ស៊ូម៉ាត្រាសម្លាប់​មនុស្ស​១៦៨​និងរបួស​រាប់​រយនាក់


ប្រជាជនពិនិត្យ​មើល​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ​ស៊ូណាមិ​​នៅ​ក្នុង​ទីក្រុង​ Carita ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ ២០១៨។
ប្រជាជនពិនិត្យ​មើល​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ​ស៊ូណាមិ​​នៅ​ក្នុង​ទីក្រុង​ Carita ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ ២០១៨។

រលកយក្ស​ស៊ូណាមិ​មួយ​បាន​កើតមានឡើង​នៅឆ្នេ​រ​តាម​បណ្តោយ​ប្រជុំ​កោះ​ស៊ុនដា កាលពី​យប់​ថ្ងៃសៅរ៍​។ ចំនួន​មនុស្ស​ស្លាប់​បាន​កើនដល់​១៦៨នាក់​និង​មាន​មនុស្ស​ជាង​៧០០​នាក់​រងរបួស។ នេះបើតាម​ការបញ្ជាក់នៅថ្ងៃអាទិត្យ​នេះរបស់​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

អង្គការ​កាកបាទក្រហម​ឥណ្ឌូនេស៊ី​បាន​និយាយ​បន្ថែម​នៅ​ក្នុង​របាយការណ៍​ថា​ចំនួន​អ្នកស្លាប់​«អាច​នឹង​កើនឡើង​ថែមទៀត​ក្នុងពេល​មាន​ការវាយតម្លៃ​ថ្មីៗ‍»។​

ចំនួន​មនុស្ស​ស្លាប់​មាននៅ​តំបន់​ចំនួន​បី គឺ​នៅ​តំបន់​ឡាំពុង​ខាងត្បូង នៃ​កោះស៊ូម៉ាត្រា និង​តំបន់សេរ៉ាង និង​ប៉ាន​ដេឡាង នៃ​កោះចាវ៉ា ដែល​ស្ថិតនៅ​ភាគខាងលិច​រដ្ឋធានី​ហ្សាការតា ដែល​នៅតាម​បណ្តោយ​ប្រជុំ​កោះ​ស៊ុនដា។ នេះបើតាម​ការបញ្ជាក់​របស់​លោក​ស៊ូតុប៉ូ ពួរវូ ណូក្រូហូ អ្នកនាំពាក្យ​សម្រាប់​ទីភ្នាក់ងារ​ជាតិ​បញ្ជៀស​គ្រោះមហន្តរាយ។

ទីភ្នាក់ងារ​នេះ​បន្ថែមថា ផ្ទះរាប់​រយខ្នង សណ្ឋាគារចំនួន​៩ និង​ទូកជាង​៣៥០គ្រឿង ត្រូវបាន​បំផ្លាញ ហើយ​ក៏មាន​រថយន្ត​និង​យានយន្ត​ដទៃទៀត​រាប់​សិបគ្រឿង​បាន​ខូចខាត។

ទីភ្នាក់ងារ​ឧត្តុនិយម អាកាសធាតុ និង​ភូមិសាស្រ្ត​រាយការណ៍​ថា​បន្ទុះមួយ​បានកើត​មានឡើង​នៅ​ភ្នំភ្លើង​ Krakatoa នៅ​ម៉ោង​៩ល្ងាច ហើយ​រលកយក្ស​ស៊ូណាមិ​បាន​កើតមាន​ឡើង​នៅ​ម៉ោង​៩កន្លះ។

ទីភ្នាក់ងារ​ឧត្តុនិយម អាកាសធាតុ និង​ភូមិសាស្រ្ត បាន​បន្ថែម​ថា​ ​«មូលហេតុនៃ​រលកយក្ស​ស៊ូណាមិ​គឺ​ដោយសារ​ការកើតឡើង​រួមគ្នា​នៃ​ការបាក់ដី​នៅ​បាតសមុទ្រ​ក្រោយពី​បន្ទុះ​ភ្នំភ្លើង​Anak Krakatoa និង​រលកសមុទ្រ​បង្កឡើង​ដោយ​ថ្ងៃពេញ​បូរមី‍»។ ប៉ុន្តែ​ទីភ្នាក់ងារ​ភូមិសាស្រ្ត​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ពួកគេ​មិន​អាច​បញ្ជាក់ថារលកយក្ស​នេះ​កើត​ឡើង​ដោយសារ​បន្ទុះ​ភ្នំភ្លើង ​Krakatoa ​ទេ​ដោយសារ​ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​កាលពី​ខែ​មិថុនា​ហើយ​មានកម្លាំង​ខ្លាំងជាងនេះ​ផង​ប៉ុន្តែ​មិន​មាន​រលក​យក​ស៊ូណាមិ​ទេ៕

XS
SM
MD
LG