ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​ប្រកាស​សង្រ្គាម​លើ​នាវា​នេសាទ​បរទេស​ខុស​ច្បាប់​


លោក​ជូកូ​ វីដូដូ​ (Joko Widodo) ​ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូនេស៊ី​​ កំពុង​តែ​ប្រើប្រាស់​យោធា​ដើម្បី​ឃាត់​ចាប់​ និង​បំផ្លាញ​នាវា​នេសាទ​បរទេស​ ដែល​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូនេស៊ី។​
លោក​ជូកូ​ វីដូដូ​ (Joko Widodo) ​ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូនេស៊ី​​ កំពុង​តែ​ប្រើប្រាស់​យោធា​ដើម្បី​ឃាត់​ចាប់​ និង​បំផ្លាញ​នាវា​នេសាទ​បរទេស​ ដែល​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូនេស៊ី។​

ប្រទេស​ឥណ្ឌូនេស៊ី​ នា​ខែ​នេះ​ បាន​ចាប់​ផ្តើម​ពន្លិច​នាវា​ ដែល​ខ្លួន​និយាយ​ថា ​បាន​ឈ្លាន​ពាន​ចូល​ទៅ​ក្នុង​ដែន​ទឹក​របស់​ខ្លួន។ ​ហើយ​រដ្ឋាភិបាល​នេះ​បាន​ប្តេជ្ញា​ថា ​នឹង​ធ្វើ​ការ​ឃាត់​ ចាប់​ និង​កម្ទេច​នាវា​ជា​ច្រើន​ទៀត​ ដែល​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា​ សង្រ្គាម​លើ​នាវា​នេសាទ​ខុស​ច្បាប់​ដែល​បំពាន​ចូល​ដែន​ទឹក​របស់​ខ្លួន។ សកម្មភាព​ដូចនេះ​ពី​សំណាក់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​កំពុង​តែ​បង្កើន​នូវ​ហានិភ័យ​ផ្សេងៗ​នៅ​តំបន់​ដែន​ទឹក​ដែល​កំពុង​រង​នូវ​ការ​ប្រឈម​នានា​រួច​មក​ហើយ។​

លោក​ជូកូ​ វីដូដូ​ (Joko Widodo) ​ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូនេស៊ី កំពុង​តែ​ប្រើប្រាស់​យោធា​ដើម្បី​ឃាត់​ចាប់​ និង​បំផ្លាញ​នាវា​នេសាទ​បរទេស​ ដែល​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូនេស៊ី។​

មក​ទល់​ពេល​នេះ​ អ្នក​ធ្វើ​ការ​លើ​នាវា​ដែល​ត្រូវ​ឃាត់​ទុក ត្រូវ​គេ​ជម្លៀស​ចេញ​ មុន​ពេល​ដែល​នាវា​នោះ​ត្រូវ​បាន​បាញ់​ពន្លិច។ ​ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ការ​ប្រឈម​គ្នា​នា​ពេល​ក្រោយៗ​អាច​បង្ក​ឲ្យ​មាន​ការ​ស្លាប់។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ដើម​ខែ​នេះ​ ​លោកស្រី​ស៊ូស៊ី​ ពូជីអាស្តូទី​ (Susi Pudjiastuti) រដ្ឋមន្រ្តី​ជើងទឹក​និង​ជលផល​ឥណ្ឌូនេស៊ី ​បាន​បញ្ជាក់​លម្អិត​នូវ​អ្វី​ដែល​លោក​ប្រធានាធិបតី​ឲ្យ​ឈ្មោះ​ថា​ «ការ​ព្យាបាល​ដោយ​ពញ្ញាក់» ​សម្រាប់​អ្នក​នេសាទ​បរទេស។​

រដ្ឋមន្រ្តី​ជើងទឹក​រូប​នោះ​បាន​បន្ត​ថា​ លោកស្រី​បាន​ផ្ញើ​លិខិត​តវ៉ា​ផ្លូវការ​មួយ​ទៅ​អគ្គរដ្ឋទូត​ចិន​អំពី​សកម្មភាព​ទូក​នេសាទ​ចិន​ដែល​បាន​ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​នៅ​ដែន​ទឹក​ឥណ្ឌូនេស៊ី។ ​លោកស្រី​បាន​បកស្រាយ​ថា​ អំពើ​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​ គឺ​ជា​អំពើ​មិន​រាក់ទាក់​មួយ​ និង​ជា​អំពើ​រំលោភ​បំពាន​បូរណភាព​ទឹកដី​ប្រទេស​ដទៃ។

នា​ពេល​ថ្មីៗ​នេះ​ ឥណ្ឌូនេស៊ី​បាន​ឃាត់ចាប់​នាវា​នេសាទ​ចិន​ជាង២០គ្រឿង ប៉ុន្តែ​មិន​បាន​បំផ្លាញ​នាវា​ទាំង​នោះ​ទេ ​ ដែល​នេះ​ជា​សកម្មភាព​មួយ​ដែល​មនុស្ស​តិចតួច​ប៉ុណ្ណោះ​រំពឹង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ឈរ​ឱប​ដៃ​មើល។​

ក្រសួង​ការបរទេស​ចិន​បាន​ស្នើ​ឲ្យ​ឥណ្ឌូនេស៊ី​«ធានា​នូវ​សុវត្ថិភាព​និង​សិទ្ធិ​របស់​អ្នក​នេសាទ​ចិន​ និង​ដោះស្រាយ​បញ្ហា​នោះ​ឲ្យ​បាន​សមស្រប»។​

មក​ទល់​ពេល​នេះ​ នាវា​នេសាទ​មួយ​ចំនួន​ដែលត្រូវ​បាន​ឃាត់ចាប់​ និង​ពន្លិច​ ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​មក​ពី​ប្រទេស​ជិតខាង​ ដូចជាម៉ាឡេស៊ី​ ប៉ាពួញូហ្គីណេ​ (PNG) ​និង​វៀតណាម។​

ប្រទេស​ទាំង​នោះ​ ជាមួយ​នឹង​ប្រទេស​ចិន ​ហ្វីលីពីន​ និង​ថៃ​គឺ​ជា​ប្រភព​ចម្បង​នៃ​នាវា​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​វីអូអេ​ភាសា​ឥណ្ឌូនេស៊ី​ លោក​ ប្រធានាធិបតី​ Widodo​ ​បាន​និយាយ​ថា​ លោក​បាន​បង្គាប់​ឲ្យ​ក្រសួង​ជើងទឹក​ និង​មេ​បញ្ជាការ​យោធា ​ឈប់​អត់​ឱន​ចំពោះនាវា​នេសាទ​ខុសច្បាប់​ ហើយ​លោក​បាន​ផ្តល់​បញ្ជា​ឲ្យ​«ពន្លិចនាវា​ទាំង​នោះ»។​

នា​ដើម​ខែ​នេះ​ វៀតណាម​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហ្សាការតា​ (Jakarta)​ ដោះស្រាយ​នូវ​បញ្ហា​ទាំង​នេះ​«ឲ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ដោយ​មាន​មូលដ្ឋាន​ផ្អែក​ទៅ​លើ​ស្មារតីមនុស្សធម៌​ និង​ទំនាក់ទំនង​ រវាង​ឥណ្ឌូនេស៊ី​ និង​ប្រទេស​ដទៃ​ទៀត»។​

កោះ​តៃវ៉ាន់ ​ដែល​មាន​នាវា​នេសាទ​រាប់​រយ​នៅ​ក្នុង​ដែន​ទឹក​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏​ធ្លាប់​ត្រូវ​បាន​ព្រមាន​ដោយ​ឥណ្ឌូនេស៊ី​ដែរ​ បន្ទាប់​ពី​នាវា​នេសាទ​មួយ​ចំនួន​របស់​ខ្លួន​ត្រូវ​បានកត់សម្គាល់​ឃើញ​នៅ​ខាង​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ឥណ្ឌូនេស៊ី។​

រដ្ឋាភិបាល​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ​ខ្លួន​បាន​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​នាវា​នេសាទ​របស់​ខ្លួន​ថា ​ពួកគេ​ត្រូវ​គោរព​ច្បាប់​ដែន​ទឹក​ឥណ្ឌូនេស៊ី​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ បន្ទាប់​ពី​មាន​ការ​បញ្ជា​ពីលោក​ប្រធានាធិបតី។​

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ លោក​ វីលៀម​ស៊ូ​ (William Hsu) ​លេខាធិការ​ទី​មួយ​នៃ​ការិយាល័យ​តំណាង​កោះ​តៃវ៉ាន់​នៅ​ក្រុង​ហ្សាការតា​ បាន​និយាយ​ថា​ ការ​បង្រ្គាប​របស់​ឥណ្ឌូនេស៊ី​មក​លើ​ការ​នេសាទ​ខុស​ច្បាប់​ហាក់​ដូច​ជា​មាន​ភាព​ជ្រុលពេក។​

លោក​បាន​បន្ត​ថា៖​ «សម្រាប់​រដ្ឋាភិបាល​តៃវ៉ាន់​ យើង​មិន​ដុត​ ឬ​ពន្លិច​នាវា​នេសាទ​នោះ​ទេ។ ​យើង​គ្រាន់​តែ​ពិន័យ​ជា​ប្រាក់​ ដាក់​ពិន័យ​ និងឃុំឃាំង​ប៉ុណ្ណោះ។​ យើង​មិន​ដុត​នាវា​នេសាទ​យ៉ាង​គឃ្លើន​ដូច​ប្រទេស​ឥណ្ឌូនេស៊ី​នោះ​ទេ»។​

ឥណ្ឌូនេស៊ី​បាន​លើក​ហេតុផល​នៃ​ការ​បង្រ្កាប​របស់​ខ្លួន​តាមរយៈ​ការ​ប្រកាស​នូវ​វិធានការ​តឹងរ៉ឹង​ចាំបាច់​ដើម្បី​រុញច្រាន​ទូក​នេសាទ​ខុស​ច្បាប់​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ដែន​ទឹក​របស់​ខ្លួន​ ដែល​អំពើ​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខាតបង់​ធនធាន​ជល​ផល​ក្នុង​ស្រុក​ជាង​២០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​

មន្រ្តី​ឥណ្ឌូនេស៊ី​បាន​រអ៊ូរទាំ​ពី​ការ​ដែល​នាវា​នេសាទ​បរទេស​មាន​ភាព​គឃ្លើន​ រហូត​ដល់​ថ្នាក់​ដេញ​នាវា​នេសាទ​ក្នុង​ស្រុក​ពី​តំបន់​នេសាទ។​

យោធា​ឥណ្ឌូនេស៊ី​ បាន​និយាយ​ថា​ ខ្លួន​មិន​មាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ប្រឆាំង​នឹង​ក្រុមនេសាទ​ ខុស​ច្បាប់​ ដែល​ប្រើ​រ៉ាដា​ទំនើប​ ​និង​មាន​ប្រភេទ​នាវា​ដែល​អាច​ធ្វើ​ឲ្យ​នាវា​យោធា​ដេញ​តាម​មិន​ទាន់។​ ក្រុម​មន្រ្តី​យោធា​ក៏​បាន​ត្អួញត្អែរ​ផង​ដែរ​ថា​ នាវា​របស់​ពួកគេ​ខ្វះខាត​ប្រេង​ឥន្ធនៈ​គ្រប់គ្រាន់​ សម្រាប់​ការ​ល្បាត​តំបន់​ដែន​ទឹក​ដែល​លាត​សន្ធឹង​៣២០​គីឡូម៉ែត្រ​ពី​ឆ្នេរ។​

កង​កម្លាំង​ដែន​អាកាស​ឥណ្ឌូនេស៊ី​ ក៏ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូលរួម​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​ក្រុម​នេសាទ​ខុសច្បាប់​នេះដែរ។ ​រីឯ​ក្រុម​យោធា​និយាយ​ថា​ យន្តហោះ​ប្រតិកម្ម​នឹង​មិន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​នាវា​នេសាទ​ខុស​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​ក្រុម​នាវិក​ត្រូវបាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ពន្លិច​នាវា​ទាំងនោះ​នៅ​នឹង​កន្លែង៕​

​ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG