ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូណេស៊ី គាំទ្រ​សេចក្តី​សម្រេច​របស់​កម្ពុជា​មិន​ឲ្យ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន


រូបភាពឯកសារ៖ ទង់ជាតិរបស់អាស៊ាន នៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូបភាពឯកសារ៖ ទង់ជាតិរបស់អាស៊ាន នៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

កាលពី​ថ្ងៃ​ពុធ​ ប្រទេស​កម្ពុជា​ បាន​សម្រេច​ធ្វើ​តាម​សេចក្តីសម្រេច​ដែល​ធ្វើ​ឡើង​រួមគ្នា​កាល​ពី​ឆ្នាំ​មុន ​រវាង​សមាជិក​អាស៊ាន ​ក្នុង​ការ​មិន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ ចូលរួម​កិច្ច​ប្រជុំ​កំពូល​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ខែ​នេះ។ លោក Teuku Faizasyah អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី ​បាន​ឲ្យ​ដឹង​ថា ​ភាគី​ឥណ្ឌូណេស៊ី​ទទួល​បាន​ការ​ធានា​ទុកចិត្ត​ថា ភាគី​កម្ពុជា​ នឹង​មិន​អញ្ជើញ​លោក Wunna Maung Lwin រដ្ឋមន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា​ ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​នេះ​ទេ។

រូបឯកសារ៖ លោក Teuku Faizasyah ជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី។
រូបឯកសារ៖ លោក Teuku Faizasyah ជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី។

លោក​ Faizasyah ​បាន​ថ្លែង​ថា៖ «មាន​ការ​ថ្លែង​បញ្ជាក់​យ៉ាង​ច្បាស់​ថា តំណាង​ដែល​មិន​មែន​កម្រិត​នយោបាយ​ពី​មីយ៉ាន់ម៉ា ​នឹង​មាន​វត្តមាន។ ដូច្នេះ ​ការណ៍​នេះ​ គឺ​ស្រប​នឹង​គោលជំហរ​របស់​ឥណ្ឌូណេស៊ី ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​នយោបាយ​ពី​មីយ៉ាន់ម៉ា​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ»។

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​ត្រូវបាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៦​ និង​១៧ ខែ​កុម្ភៈ​នេះ​ នៅ​រាជធានី​ភ្នំពេញ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​កម្ពុជា។

ស្របពេល​ជាមួយគ្នា​នោះ កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ក៏​មិន​ទាន់​ត្រូវបាន​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ​ដែរ ដោយសារ​តែ​ករណី​ឆ្លង​នៃ​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​អូមីក្រុង ដែល​កំពុង​កើន​ឡើង​ក្នុង​តំបន់។

លោក Achmad Rizal Purnama ​ប្រធាន​ការិយាល័យ​គាំទ្រ​ផ្នែកយុទ្ធសាស្ត្រ​ប្រចាំ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី ​បាន​ថ្លែង​ថា​ ឥណ្ឌូណេស៊ី​ សោកស្តាយ​ដែល​មិន​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​ការ​អនុវត្ត​ចំណុច​ព្រមព្រៀង​គ្នា​ដោយ​ឯកច្ឆ័ន្ទ​ទាំង ៥ ដែល​ត្រូវបាន​ធ្វើ​ឡើង​នា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​នៅ​ទីក្រុង​ហ្សាការតា កាលពី​ខែ​មេសា​ ឆ្នាំ​មុន។

ជាមួយ​គ្នានោះ ​ឥណ្ឌូណេស៊ី​ ក៏​ដាក់​សម្ពាធ​ឲ្យ​មីយ៉ាន់ម៉ា​ អនុវត្ត​ចំណុច​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆ័ន្ទ​ទាំង៥ ​ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត ​ហើយ​ជាពិសេស​ក្នុង​ការ​អនុញ្ញាត​ឲ្យ​បេសកជនពិសេស​អាស៊ាន ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដែល​នោះ ​គឺ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។

ឥណ្ឌូណេស៊ី​សង្ឃឹម​ថា ​ការ​តែងតាំង​លោក ប្រាក់ សុខុន ជា​បេសកជន​ពិសេស​អាស៊ាន​ នឹង​ជួយ​សម្រួល​ឲ្យ​មាន​ការ​អនុវត្ត​បាន​លឿន​លើ​ចំណុច​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆ័ន្ទ​ទាំង ៥ របស់​អាស៊ាន។

លោក Achmad Rizal Purnama បាន​ថ្លែង​បន្ថែម​ថា៖ «យោង​តាម​ជំហរ​របស់​ឥណ្ឌូណេស៊ី ​ចំណុច​ព្រមព្រៀង​ទាំង ៥ គឺជា​យន្តការ​តែ​មួយ​គត់​ដែល​យើង​ត្រូវ​បន្ត​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត ដើម្បី​ឲ្យ​យើង​អាច​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ភ្លាមៗ​បាន»។

«សញ្ញា​ដល់​របប​សឹក​យោធា​មីយ៉ាន់ម៉ា»

លោក Pandu Prayoga ​អ្នក​ស្រាវជ្រាវ​អំពី​កិច្ចការ​អាស៊ាន​ប្រចាំ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ឥណ្ឌូណេស៊ី ​ឬ​ហៅ​កាត់​ថា (LIPI) ​បាន​ពន្យល់​ថា ​សេចក្តី​សម្រេច​របស់​កម្ពុជា​ក្នុង​ការ​មិន​អញ្ជើញ​តំណាង​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​នា​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ ​គឺជា​សញ្ញា​មួយ​ទៅ​កាន់​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ ឲ្យ​អនុវត្ត​តាម​ចំណុច​ព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​ទាំង៥ ​របស់​អាស៊ាន។

លោក Prayoga ថ្លែង​ថា៖ «កម្ពុជា ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ​បន្ត​គោលនយោបាយ​ឆ្នាំ​មុន​ ដោយ​អញ្ជើញ​តំណាង​មីយ៉ាន់ម៉ា ​តែ​មិន​មែន​របប​សឹក​យោធា​មីយ៉ាន់ម៉ា»។

ក៏​ប៉ុន្តែ ​លោក Prayoga បាន​ពិនិត្យ​ថា ​គោលនយោបាយ​មិន​អញ្ជើញ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​នេះ ​មិន​ធានា​ថា ​មីយ៉ាន់ម៉ា​ នឹង​អនុវត្ត​តាម​ចំណុច​ព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​ទាំង​ ៥​ របស់​អាស៊ាន​ដែរ។ តែ​លោក​ក៏​បាន​កត់​សម្គាល់​ថា គោល​នយោបាយ​នេះ​ អាច​ជា​ការវិវឌ្ឍ​មួយ ​ពីព្រោះ​វា​មាន​ន័យ​ថា ​អាស៊ាន​មាន​ជំហរ​ដូច​គ្នា​ ក្នុង​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ផល​ប៉ះពាល់​ដល់​អាស៊ាន

យ៉ាងណាមិញ ​លោក Prayoga ​ក៏​បាន​ព្រមាន​អាស៊ាន​ដែរ​ថា ​ជំហាន​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​មីយ៉ាន់ម៉ា ​និង​បណ្តា​ប្រទេស​នៃ​សមាគម​អាស៊ាន​កាន់តែ​យ៉ាប់យ៉ឺន ហើយ​អាច​ឲ្យ​មីយ៉ាន់ម៉ា​កាន់តែ​ស្និទ្ធនឹង​ចិន។

លោក Prayoga ​ថា ​បើសិន​ជា​ចិន ​គាំទ្រ​របប​សឹក​យោធា​មីយ៉ាន់ម៉ា ​នោះ​របប​នេះ​នឹង​យល់​ថា ​ជំហរ​របស់​ខ្លួន​មាន​សុវត្ថិភាព ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​ប្រទេស។ បន្ថែម​លើ​នេះ បើសិន​ជា​មីយ៉ាន់ម៉ា​ កាន់តែ​ស្និទ្ធ​នឹង​ចិន ​នោះ​អាស៊ាន​ អាច​នឹង​ត្រូវ​សហការ​ជាមួយ​ចិន ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕

ប្រែ​សម្រួល​ដោយអ្នកនាង ទែន សុខស្រីនិត

XS
SM
MD
LG