ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានឹង​រៀបចំ​សន្និសីទ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នៅ​ថ្ងៃទី១៦ ខែកុម្ភៈ


រូបឯកសារ៖ បុគ្គលិក​ម្នាក់ កាន់​ទង់​អាស៊ាន ដែល​ត្រូវ​បាន​គេ​ដោត​តាំង​នៅ​សាល​ប្រជុំ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នឹង​ជួប​គ្នា​នៅ​ខែ​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ប្រធាន​សមាគម​អាស៊ាន​នៅ​ពេល​បច្ចុប្បន្ន​ គឺ​ប្រទេស​កម្ពុជា​ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ ទី២៩ ខែ​មករា​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ និង​ជា​ប្រេសិត​ពិសេស​អាស៊ាន​លោក​ប្រាក់ សុខុន កំពុង​ប្រុងប្រៀប​រៀបចំ​ដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ទី១​របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍​នោះ ​បាន​បញ្ជាក់​ក្នុង​សំណេរ​ដើម​ជា​ភាសា​ខ្មែរថា៖ «អាទិភាព​របស់​ឯកឧត្តម ក្នុង​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ ដែល​នឹង​ត្រូវលើក​យក​ទៅ​ពិភាក្សា​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​ចង្អៀតរដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នាពេល​ខាង​មុខ​នេះ»។ សេចក្តី​ថ្លែងការណ៍​នោះ បាន​បញ្ជាក់​ទៀត​ថា សន្និសីទ​កំពូល​នោះ គ្រោងធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ​ខាង​មុខ។

ការផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi ដោយ​ពួក​យោធា​កាលពី​ឆ្នាំ​ទៅ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​អាស៊ាន​ហើយ​នឹង​ការ​ខំប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​បង្ហាញ​ថា​ ខ្លួន​ជា​ប្លុក​មួយ​ដែល​រឹងមាំ​ និង​មាន​សមាហរណកម្ម។

អាស៊ាន ធ្លាប់​បាន​ចាត់​វិធានការដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ដោយបាន​រារាំង​ពួក​យោធា​មិន​ឲ្យ​ចូលរួមជំនួប​សំខាន់ៗដោយ​សារ​ការបរាជ័យ​របស់​ខ្លួន​មិន​គោរពការ​មូលមតិ៥​ចំណុច​របស់​អាស៊ាន​ដែល​រួមមាន​ការបញ្ឈប់​អរិភាព ​ហើយ​បន្ទាប់​មក​នឹង​មាន​ការសន្ទនា​គ្នា។

ក្នុង​ខែ​មករា​នេះ កម្ពុជា​បាន​និយាយ​ថា ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ានលើក​ទី១​ ក្នុង​អំឡុង​ពេល​ដែល​ខ្លួន​ធ្វើ​ជា​ប្រធាន​ប្លុក​ដែល​មាន​ប្រទេស​១០ជា​សមាជិក​នេះ បាន​ត្រូវ​ពន្យារ​ពេល​ពីព្រោះតែ​រដ្ឋមន្ត្រី​ការបរទេស​ខ្លះ បាន​សម្តែង​នូវ​ការ​ពិបាក​នៅ​ក្នុង​ការ​ចូលរួម៕

XS
SM
MD
LG