ប្រទេសថៃបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបញ្ជូលជនបរទេសចំនួន៣លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសនេះ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន ដើម្បីការពារដល់ពលរដ្ឋទាំងអស់ បើទោះបីជាមានការបារម្ភពីចំនួនវ៉ាក់សាំងដែលថៃមានក្តី។
ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រទេសថៃលោក Opas Kankawinpong បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «អ្នកណាក៏ដោយដែលរស់នៅក្នុងប្រទេសថៃ ទោះជាពលរដ្ឋថៃ ឬជនបរទេសក្តី ប្រសិនបើគេចង់ចាក់វ៉ាក់សាំង គេអាចចាក់បាន»។
លោក បន្តថា «គ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេ រហូតដល់មនុស្សគ្រប់គ្នាមានសុវត្ថិភាព»។
ទោះជាយ៉ាងនេះក្តី ជនបរទេសនៅក្នុងប្រទេសថៃ សម្តែងក្តីកង្វល់របស់គេ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្ហាញពីភាពមិនសប្បាយចិត្តនៅលើបណ្តាញសង្គម អំពីការខ្វះប្រភពព័ត៌មានសាធារណៈ បញ្ហាចុះឈ្មោះ និងការយល់ច្រឡំអំពីលទ្ធភាពការចាក់វ៉ាក់សាំងនៅតាមគ្លីនិកឯកជនជាដើមនោះ។
ការឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសថៃ ហាក់មានភាពនៅនឹងនរចាប់ពីពាក់កណ្តាលខែមេសាមក ពោលគឺមានអ្នកឆ្លងក្នុងមួយថ្ងៃៗប្រមាណ២.០០០នាក់។ កាលពីថ្ងៃព្រហស្បតិ៍ ថៃរកឃើញអ្នកឆ្លងថ្មីចំនួន១.៩១១នាក់ និងមានអ្នកស្លាប់ចំនួន១៨នាក់៕