អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ជំងឺកូវីដ១៩ បំប្លែងថ្មីដែលកំពុងឆ្លងរាតត្បាតនៅប្រទេសឥណ្ឌា បានក្លាយជាការព្រួយបារម្ភ «កម្រិតពិភពលោក»។
អ្នកស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសផ្ដោតលើជំងឺកូវីដ១៩ របស់អង្គការ WHO បានថ្លែងនៅក្នុងសន្និសីទកាសែតមួយស្ដីពីជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ B.1.617 យ៉ាងដូច្នេះថា៖ «យើងចាត់ទុកជំងឺកូវីដ១៩ បំប្លែងថ្មីនេះថា ជាវីរុសបំប្លែងថ្មីដែលគួរឱ្យបារម្ភកម្រិតពិភពលោក»។
អ្នកស្រីបានថ្លែងទៀតថា៖ «យើងមានទិន្នន័យមួយចំនួនដែលបញ្ជាក់ថា [ជំងឺកូវីដ១៩បំប្លែងថ្មីនេះ] មានអត្រាឆ្លងខ្ពស់»។
ប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ B.1.617 ពីឥណ្ឌានេះ ចំនួនពីរករណី។ ករណីឆ្លងថ្មីនេះត្រូវបានរកឃើញលើអ្នកដំណើរពីរនាក់ ដែលបានត្រឡប់ទៅប្រទេសហ្វីលីពីនវិញ កាលពីខែមេសា ពីប្រទេសអូម៉ង់ និងប្រទេសអេមីរ៉ាត អារ៉ាប់រួម។
ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅឥណ្ឌាបានថយចុះបន្តិច ប៉ុន្តែនៅតែស្ថិតក្នុងអត្រាខ្ពស់ដដែល។ ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ៣២៩,៩៤២ ក្នុងរយៈពេល ២៤ ម៉ោង កាលពីថ្ងៃអង្គារ ដោយរួមមានករណីស្លាប់ចំនួន ៣,៨៧៦ ផងដែរ។
ក្រុមអ្នកជំនាញសុខភាពសាធារណៈនិយាយថា ពួកគេជឿថា ករណីឆ្លងនិងស្លាប់ថ្មីដែលត្រូវបានរាយការណ៍ មានចំនួនតិចជាងអត្រាឆ្លងនិងស្លាប់ពិតប្រាកដ។
មកទល់នឹងពេលនេះ ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២ លាន ៩ សែនករណី និងករណីស្លាប់សរុបចំនួនជិត ២ សែន ៥ ម៉ឺននាក់។ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
ឥណ្ឌាស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបំផុតក្នុងពិភពលោកគឺមានចំនួន ៣២,៧ លានករណី ក្នុងចំណោមករណីឆ្លងសរុបក្នុងពិភពលោកចំនួន ១៥៨,៥ លានករណី៕