ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃចន្ទថា ខ្លួនមានអ្នកស្លាប់ថ្មីប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ មានចំនួន៣១នាក់ ស្របពេលដែលប្រទេសនេះ កំពុងរងការរាតត្បាតឆ្លងខ្លាំងនៃជំងឺកូវីដ១៩ ក្នុងរលកទី៣នោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ទាប់ពីគ្រប់គ្រងបានមួយផ្នែកធំនៃការរាតត្បាតឆ្លងជំងឺកូវីដ១៩ប្រហែលមួយឆ្នាំមក តាមរយៈការវិធានការរឹតត្បិត និងការរឹតបន្តឹងការធ្វើដំណើរឆ្លងព្រំដែននោះ ប្រទេសថៃ កំពុងប្រឈមខ្លាំងនឹងការហក់ឡើងខ្លាំងជាថ្មីនៃករណីឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីចុងខែមេសាមក។ ការរាតត្បាតចុងក្រោយនេះហាក់ពិបាកទប់ទល់ជាងមុន និងបានដាក់សម្ពាធជាខ្លាំងទៅលើប្រព័ន្ធសុខាភិបាលរបស់ថៃ។
មន្ត្រីថៃបានប្រកាសថា ខ្លួនបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២.០៤១នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃ បានកើនឡើងដល់ចំនួនសរុប៧១.០២៥នាក់ ចាប់តាំងពីការរាតត្បាតឆ្លងនៃជំងឺនេះកាលពីឆ្នាំកន្លងទៅ។ អ្នកស្លាប់សរុបនៅទូទាំងប្រទេសមានចំនួន២៧៦នាក់។
ការរាតត្បាតឆ្លងថ្មីនេះ ក៏រួមមានផងដែរការឆ្លងនៃវីរុសកូវីដ១៩បម្លែងថ្មី B.1.1.7 មានប្រភពពី ប្រទេសអង់គ្លេស ដែលមានលក្ខណៈឆ្លងរហ័សជាងមុន និងដែលមានចំនួនជាងពាក់កណ្តាលនៃចំនួនឆ្លងនិងស្លាប់សរុបនៅប្រទេសថៃ។
ប្រទេសថៃ មានបំណងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋរបស់ខ្លួន ឲ្យបានចំនួន៧០% នៅត្រឹមដំណាច់ឆ្នាំនេះ។ ទោះបីជាយ៉ាងនេះក្តី ការចាក់វ៉ាក់សាំងរបស់ថៃ មានលក្ខណៈយឺតជាងប្រទេសក្បែរខាងខ្លួនមួយចំនួន៕