នាយកគណៈអភិបាលនៃការផ្សាយ BBG និងក៏ជានាយកប្រតិបត្តិ NBC លោក Jeff Shell ត្រូវបានគេហាមឃាត់មិនឲ្យចូលទៅក្នុងប្រទេសរុស្ស៊ី និងត្រូវបានឃុំខ្លួនរយៈពេលរាប់ម៉ោង នៅពេលដែលលោកបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីបំពេញការងារក្នុងសប្តាហ៍នេះ។
លោក Shell ដែលជានាយកទីភ្នាក់ងារសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក វិទ្យុអឺរ៉ុបសេរី និងទីភ្នាក់ងារផ្សព្វផ្សាយដទៃទៀត ត្រូវបានគេរុញចេញពីជួររង់ចាំ នៅពេលដែលលោកធ្វើដំណើរទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ និងត្រូវបានគេឃុំខ្លួន បើទោះបីជាលោកមានទិដ្ឋាការចូលក្នុងប្រទេសរុស្ស៊ីដែលមិនទាន់ផុតកំណត់ក៏ដោយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ BBG បានឲ្យដឹងថា លោក Shellត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់ចាក់សោរមួយអស់រយៈពេលរាប់ម៉ោង។ ហើយបន្ទាប់មក លោកត្រូវបានកងកម្លាំងសន្តិសុខរុស្ស៊ីនាំឡើងយន្តហោះទៅកាន់ទីក្រុងអាំស្ទែដាំ (Amsterdam)។
យោងតាមសេចក្តីប្រកាសព័ត៌មាននោះ លោក Shell បានថ្លែងប្រាប់ក្រុមការងារដែលធ្វើដំណើរជាមួយលោកថា អាជ្ញាធរពង្រឹងសន្តិសុខនៅអាកាសយានដ្ឋាននោះបាននិយាយថា ការហាមឃាត់លោកមិនឲ្យចូលទៅកាន់ប្រទេសរុស្ស៊ីគឺមានលក្ខណៈអចិន្ត្រៃយ៍និងជាការហាមឃាត់អស់មួយជីវិត។
BBG បានឲ្យដឹងថា នៅមិនទាន់មានការពន្យល់បកស្រាយណាមួយត្រូវបានផ្តល់ដល់លោក Shell ចំពោះការឃុំខ្លួនលោកនៅឡើយទេ ហើយ BBG ក៏បានឲ្យដឹងបន្ថែមថា ក្រុមមន្ត្រីនៃទីភ្នាក់ងារនេះបានជួបជាមួយនឹងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុង មូស្គូ លោក John Tefft កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីហេតុការណ៍នេះ។
ហេតុការណ៍កាលពីថ្ងៃអង្គារនេះបានកើតឡើង ខណៈពេលដែលមានភាពតានតឹងផ្លូវទូតកើតឡើងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងមូស្គូ។
ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនថា មន្ត្រីការទូតរុស្ស៊ី២នាក់ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិកកាលពីខែមិថុនា ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍មួយដែលបានកើតឡើងកាលពីដើមខែមិថុនា ដោយសារតែមន្ត្រីប៉ូលិសរុស្ស៊ីម្នាក់បានវាយតប់មន្ត្រីការទូតអាមេរិកម្នាក់នៅខាងក្រៅស្ថានទូតអាមេរិកក្នុងទីក្រុងមូស្គូ៕