ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​ថា​ខ្លួន​កំណត់​បាន​ទីតាំង​ប្រអប់​ខ្មៅ​ពី​យន្ដហោះ​ដែល​បាន​ធ្លាក់​នោះ​ហើយ


ក្រុម​ការងារ​ជួយ​សង្គ្រោះ​របស់​ឥណ្ឌូនេស៊ី​ពិនិត្យ​មើល​កម្ទេចកម្ទី​បែកបាក់​ដែល​គេ​ជឿ​ថា​ជា​​បំណែក​របស់​យន្ដហោះ​ដែល​បាន​ធ្លាក់​ របស់​ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។
ក្រុម​ការងារ​ជួយ​សង្គ្រោះ​របស់​ឥណ្ឌូនេស៊ី​ពិនិត្យ​មើល​កម្ទេចកម្ទី​បែកបាក់​ដែល​គេ​ជឿ​ថា​ជា​​បំណែក​របស់​យន្ដហោះ​ដែល​បាន​ធ្លាក់​ របស់​ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

អាជ្ញាធរ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ពួកគេ​កំណត់​បាន​ទីតាំង​របស់​ប្រអប់​ខ្មៅ​ចំនួន​ពីរ​ពី​យន្ដហោះ​ឥណ្ឌូនេស៊ី​ដែល​បាន​ធ្លាក់​នោះ​ហើយ។ ប្រអប់ខ្មៅ​នោះ​គឺ​ជា​ប្រអប់​ផ្ទុក​ទិន្នន័យ​អំពី​ការ​ហោះហើរ ដែល​អាច​ឲ្យ​អាជ្ញាធរ​ស្វែងយល់​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​យន្ដហោះ​នោះ​បាន។ យន្ដហោះ​ដែល​បាន​ធា្លក់​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​មាន​ផ្ទុក​អ្នក​ដំណើរ​ទាំងអស់​ចំនួន ៦២ នាក់។

ក្រុម​អ្នក​មុជ​ទឹក​ស្រង់​បាន​ផ្នែក​នៃ​រាងកាយ​មនុស្ស កម្ទេចកម្ទី​បាក់បែក​នៃ​យន្តហោះ និង​សម្លៀកបំពាក់​នានា​ចេញ​ពី​ដែន​ទឹក​នៅ​ក្បែរ​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​អាទិត្យ​នេះ។

យន្ដហោះ​ប៊ូអ៊ីង​ប្រភេទ ៧៣៧-៥០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Sriwijaya Air បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ក្នុង​រយៈពេល​ប្រមាណ ៤ នាទី​ក្រោយ​ពី​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង​ហ្សាការតា កាល​ពី​រសៀល​ថ្ងៃ​សៅរ៍។

នាវា​យោធា​មួយគ្រឿង​ចាប់​បាន​សញ្ញា​របស់​យន្ដហោះ​នោះ ហើយ​ក្រុម​អ្នក​មុជ​ទឹក​បាន​រកឃើញ​បំណែក​បាក់បែក​នៃ​យន្តហោះ​នោះ​ពី​ផ្ទៃ​ក្រោម​ទឹក​ជម្រៅ​ប្រហែល ២៣ ម៉ែត្រ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​គមនាគមន៍​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​បាន​ស្រង់​សម្ដី​របស់​មេបញ្ជាការ​យោធា​ឥណ្ឌូនេស៊ី​លោក Hadi Tjahjanto។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​សម្ដែង «មរណទុក្ខ​យ៉ាង​ជ្រាលជ្រៅ» របស់​លោក និង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ «បន់ស្រន់​ទាំងអស់​គ្នា​ដើម្បី​ឲ្យ​អាច​រកឃើញ​ជនរងគ្រោះ»។

ប៉ុន្តែ​ការ​ស្វែងរក​ដែល​មាន​ទាំង​ការ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​នាវា​ចម្បាំង​មួយ​ចំនួន​ផង​នោះ ហាក់​ដូចជា​មិន​មាន​ក្ដី​សង្ឃឹម​ថា នឹង​អាច​ស្វែងរក​ឃើញ​អ្នក​នៅ​រស់រាន​មាន​ជីវិត​បាន​ទេ។

ទីភ្នាក់ងារ​រុករក​និង​ជួយ​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ ខ្លួន​ប្រមូល​បាន​ផ្នែក​នៃ​រាងកាយ​មនុស្ស​ចំនួន​ ៥ ថង់ ក៏​ដូចជា​កម្ទេចកម្ទី​បាក់បែក​មួយ​ចំនួន​ពី​កន្លែង​ធ្លាក់​យន្ដហោះ​នោះ​ផង​ដែរ។

សម្លៀកបំពាក់​ពណ៌​ផ្កាឈូក​របស់​កុមារ​ម្នាក់ សំបក​កង់​បែកបាក់​របស់​យន្តហោះ អាវ​ការពារ​ជីវិត និង​កម្ទេចកម្ទី​បាក់បែក​ពី​យន្ដហោះ​នោះ​ត្រូវ​បាន​គេ​រកឃើញ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ និង​អ្នក​សារព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​នៅ​កន្លែង​នោះ​ដោយ​ផ្ទាល់៕

XS
SM
MD
LG