ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមការបោះឆ្នោតថ្នាក់តំបន់របស់ខ្លួននៅទូទាំងប្រទេសកាលពីថ្ងៃពុធដោយមានអ្នកបោះឆ្នោតប្រមាណជាង១០០លាននាក់ ដែលមានសិទ្ធិចូលរួមបោះឆ្នោតបើទោះបីជាមានការព្រមានថាការបោះឆ្នោតនោះនឹងធ្វើឲ្យវិបត្តិនៃការរីករាលដាលឆ្លងជំងឺកូវីដ១៩កាន់តែមានស្ថានភាពអាក្រក់ខ្លាំងយ៉ាងណាក្តី។
ប្រទេសប្រជុំកោះដែលមានពលរដ្ឋជិត២៧០លាននាក់ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេបំផុតទី៣ក្នុងពិភពលោកនិងជាប្រទេសទី៤ដែលមានពលរដ្ឋច្រើនជាងគេមួយនេះបានពន្យារពេលបោះឆ្នោតរបស់ខ្លួនម្តងរួចហើយកាលពីខែកញ្ញា ដោយសារតែខ្លួនបានប្រឹងតស៊ូជម្នះទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ដែលមានអត្រាអ្នកឆ្លងកើនឡើងខ្លាំង។
ពីរដ្ឋធានីហ្សាការតាទៅតំបន់ទេសចរណ៍នៃកោះបាលីគេឃើញបុគ្គលិកការិយាល័យបោះឆ្នោតស្លៀកសម្លៀកបំពាក់ការពារជំងឺកូវីដ១៩ដោយអនុវត្តតាមវិធានការគម្លាតពីគ្នានិងវាស់កម្តៅអ្នកបោះឆ្នោតមុនពេលការបោះឆ្នោតត្រូវបិទបញ្ចប់នៅម៉ោង១រសៀលម៉ោងក្នុងស្រុករបស់ប្រទេសឥណ្ឌូណេស៊ី។
គណបក្សឥស្លាមជាច្រើនសង្ឃឹមថានឹងកើនការគាំទ្រខ្លាំងឡើងនៅក្នុងប្រទេសមួយនេះដែលមានជនមូស្លីមភាគច្រើនបំផុតខណៈពេលដែលការអភិរក្សនិយមខាងសាសនាកាន់តែមានប្រជាប្រិយភាព។
ក្នុងទីក្រុងដ៏ធំបំផុតទី២ Surabaya បុគ្គលិកជាច្រើនបានស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណីរបស់ខ្លួនដែលខ្លះគ្រោងសម្លៀកបំពាក់បែបមនុស្សអស្ចារ្យsuperhero អ្នកខ្លះទៀតស្លៀកពាក់បែបជាមនុស្សពីងពាងSpidermanដើម្បីទាក់ទាញអ្នកបោះឆ្នោត។អ្នកខ្លះទៀតបានយកហិបឆ្នោតចូលទៅក្នុងមន្ទីរពេទ្យដើម្បីផ្តល់ឱកាសឲ្យអ្នកជំងឺកូវីដ១៩អាចបោះឆ្នោតបាន។
បេក្ខជនជាច្រើនរយនាក់ដែលសង្ឃឹមថាឈ្នះក្នុងការបោះឆ្នោតនេះដែលក្នុងនោះក៏មានកូនប្រុសច្បងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្នលោក Joko Widodo ម្នាក់ផងដែរនោះកំពុងប្រកួតប្រជែងដើម្បីយកតួនាទីចំនួន២៧០ដែលក្នុងនោះរួមមានអភិបាលតំបន់ អភិបាលស្រុកនិងចៅហ្វាយក្រុងជាដើម។លទ្ធផលឆ្នោតនឹងត្រូវគេរំពឹងថានឹងប្រកាសឲ្យដឹងក្នុងរយៈពេលជាច្រើនសប្តាហ៍ខាងមុខនេះ៕