សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជំនួយឥតសំណងចំនួន៧៥.០០០ដុល្លារអាមេរិក សម្រាប់រក្សាទុកខោអាវរបស់ជនរងគ្រោះនៃមន្ទីរឃុំឃាំងស២១ ឬហៅថា S21 ដែលបានប្រែក្លាយជាសារមន្ទីរទួលស្លែង ក្រោយការដួលរលំនៃរបបខោអាវខ្មៅខ្មែរក្រហមកាលពី៤១ឆ្នាំមុន។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ការចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសារមន្ទីរទួលស្លែងនៅថ្ងៃពុធ។ ជំនួយនេះ គឺជាផ្នែកមួយនៃមូលនិធិឯកអគ្គរដ្ឋទូតអាមេរិករបស់ក្រសួងការបរទេសអាមេរិក ឬហៅកាត់ថា AFCP។
លោកស្រី Emily Zeeberg មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ VOA តាមសារអេឡិចត្រូនិកអ៊ីមែលនៅថ្ងៃពុធនេះថានេះគឺជាដំណាក់កាលទីពីរនៃគម្រោងអភិរក្សរបស់របរដែលសេសសល់របស់ជនរងគ្រោះកាលពីសម័យខ្មែរក្រហម។
លោកស្រីបានប្រាប់ VOA តាមសារអេឡិចត្រូនិកឬអ៊ីមែលថា៖ «ការណ៍នេះគូសបញ្ជាក់ពីកិច្ចខិតខំយូរអង្វែងរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាទុកកេរដំណែលវប្បធម៌កម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកជាមួយអាជ្ញាធរកម្ពុជា ដើម្បីកត់ និងរក្សាទុកអំពើឃោរឃៅនៃយុគសម័យខ្មែរក្រហម»។
មានបុរស ស្ត្រី កុមារ និងជនបរទេសជាង ១៥.០០០នាក់ ត្រូវបានគេឃុំក្នុងគុកទួលស្លែង ឬស២១។ នេះបើយោងតាមគេហទំព័ររបស់សារមន្ទីរទួលស្លែង។
ផ្ទាំងរូបថត និងសំណល់នៃសម្លៀកបំពាក់ ក៏ដូចជារបស់របរផ្សេងទៀតដែលគេបានផ្ដល់ឲ្យដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម ត្រូវបានគេដាក់តាំងសម្រាប់បង្ហាញដល់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសនៅសារមន្ទីរទួលស្លែងដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ VOAតាមទូរស័ព្ទថា ជំនួយរបស់មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកនេះ មានសារៈសំខាន់ដល់ការរក្សាទុករបស់សេសសល់នៃជនរងគ្រោះក្នុងសម័យខ្មែរក្រហម។
លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា៖ «ថវិកាដែលស្ថានទូតសហរដ្ឋអាមេរិកហ្នឹង ផ្ដល់មកឲ្យយើងហ្នឹង គឺយើងសម្រាប់ប្រើប្រាស់ ដើម្បីជួសជុល វត្ថុទាំងហ្នុងដាក់តាំងឡើងវិញ ដើម្បីកុំឲ្យវាឆាប់ពុកផុយ ជៀសវាងសត្វល្អិត ជៀសវាងសំណើមអីយើងមានទូរៀបចំ ហើយនិងជួសជុល អាវត្ថុនានា ដែលជាឧបករណ៍នៅសល់ពីរបបរបស់ពួក ប៉ុល ពត ហ្នឹង។ អីចឹងសារៈសំខាន់របស់កិច្ចការហ្នឹង គឺដើម្បីថែរក្សានូវស្លាកស្នាម និងតឹកតាងប្រវត្តិសាស្ត្រឲ្យកូនខ្មែរជំនាន់ក្រោយមើល»។
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់បន្ថែមថា គម្រោងនៃការរក្សាទុកសម្លៀកបំពាក់របស់ជនរងគ្រោះរបបខ្មែរក្រហម ត្រូវបានជ្រោមជ្រែងដោយពលរដ្ឋអាមេរិកាំងម្នាក់ឈ្មោះ Julia Brennan ដែលជាអ្នកអភិរក្សក្រណាត់ មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ដែលបានបង្រៀនបុគ្គលិកសារមន្ទីរឲ្យដំណើរការគម្រោងនេះដោយខ្លួនឯងក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។
ការអភិរក្សក្រណាត់នេះ រួមមានការរក្សាទុក សិក្ខាសាលាបណ្ដុះបណ្ដាល ការដាក់ចំណាត់ថ្នាក់ក្រណាត់ ការថែទាំ ការចុះបញ្ជី និងការជ្រើសរើសរបស់របរសម្រាប់ការដាក់បង្ហាញមានរយៈពេលយូរនៃសម្លៀកបំពាក់របស់ជនរងគ្រោះខ្មែរក្រហមដែលនៅសេសសល់ជាង៥.០០០។
កាលពីឆ្នាំ២០១៦ មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់ការរក្សាទុកវប្បធម៌ បានផ្ដល់ជំនួយជាង១២ម៉ឺនដុល្លារសម្រាប់រយៈពេល៣ឆ្នាំក្នុងការរៀបចំបញ្ជីសារពើភណ្ឌនៃបេតិកភណ្ឌវប្បធម៌។ ការផ្ដល់ទឹកប្រាក់នេះ គឺដើម្បីជួយប្រជាជនកម្ពុជាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រតាមទីតាំងចំនួន២៤ក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង តាកែវ និងខេត្តត្បូងឃ្មុំ៕