ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា ក្រុមអាជ្ញាធរឥណ្ឌូនេស៊ីភាគខាងលិចប្រទេសកំពុងជម្លៀសអ្នកភូមិដែលរស់នៅជិតតំបន់ភ្នំភ្លើង ដែលមានសកម្មភាពរកផ្ទុះជាច្រើនសប្តាហ៍ហើយនោះ។
លោក Gede Suantika អ្នកជំនាញផ្នែកភ្នំភ្លើងរបស់រដ្ឋាភិបាលនិយាយថា យ៉ាងតិចណាស់ក៏មានកំអែលផេះជាផ្ទាំងធំៗចំនួន២៨លើក កើតឡើងលើកំពូលភ្នំ Mount Sinabung នៅថ្ងៃច័ន្ទនេះ ហើយថាមានសញ្ញាបង្ហាញថានឹងមានកំអែភ្លើងធំជាងមុននឹងកើតឡើងទៀត។
លោក Subur Tambun ជានាយកទីភ្នាក់ងារការិយាល័យកាត់បន្ថយគ្រោះមហន្តរាយក្នុងស្រុកនិយាយថា អ្នកស្រុករាប់រយនាក់ត្រូវគេជម្លៀសចេញនៅថ្ងៃច័ន្ទនេះពីភូមិរបស់គេ។
ក្រុមអាជ្ញាធរនិយាយថាខ្លួនកំពុងតាមដានមើលយ៉ាងដិតដល់អំពីស្ថានការភ្នំភ្លើង Mount Sinabung នៅលើកោះស៊ូម៉ាត្រា តាំងពីថ្ងៃទី២ ខែមិថុនា បន្ទាប់ពីស្ថានភាពគម្រាមកើនខ្ពស់ដល់ស្ថានភាពប្រកាសអាសន្ន៕