មានមនុស្សជាង៦០០លាននាក់នៅជុំវិញពិភពលោកពឹងផ្អែកលើដីសើមសម្រាប់ជីវភាពរស់នៅរបស់ពួកគេ ដូចជាការនេសាទ ឬការធ្វើកសិកម្ម។ អ្នកជំនាញនិយាយថា ចាប់តាំងពីឆ្នាំ១៩០០មក តំបន់ដីសើម៦៤ភាគរយបានបាត់បង់ ហើយតំបន់ដីសើមដែលនៅសល់គឺកំពុងធ្លាក់ចុះ។ ប្រតិភូជាង៨០០នាក់មកពីប្រទេសចំនួន១៦០បានជួបប្រជុំនៅប្រទេសអ៊ុយរ៉ាហ្គាយ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។
កិច្ចប្រជុំកំពូលនៅទីក្រុង Punta del Este នេះគឺជាការជួបប្រជុំលើកទី១២ នៃអនុសញ្ញា Ramsar អំពីតំបន់ដីសើម។ សន្ធិសញ្ញាអន្តរជាតិនេះផ្ដល់នូវក្របខណ្ឌមួយសម្រាប់ជា«ការអភិរក្ស និងការប្រើប្រាស់តំបន់ដីសើមដ៏មានប្រសិទ្ធភាព និងធនធានរបស់តំបន់នេះ»។
វេជ្ជបណ្ឌិត Christopher Briggs អគ្គលេខាធិការនៃអនុសញ្ញា Ramsar បាននិយាយថា៖
«ដីសើមមានសារៈសំខាន់ចំពោះយើងទាំងអស់គ្នា ព្រោះតំបន់ដីសើមនេះហើយដែលផ្តល់ទឹកស្អាតឲ្យយើងសម្រាប់ការចម្អិនអាហារ សម្រាប់បរិភោគ សម្រាប់លាងសម្អាត។ ទឹកសាបដែលយើងទាំងអស់ប្រើប្រាស់គឺមកពីតំបន់ដីសើម។ ដីសើមស្អាត និងបន្សុទ្ធទឹកចេញពីសារធាតុពុលក្នុងដីផងដែរ។ តំបន់ដីសើមទាំងនោះក៏បានជួយក្នុងការរក្សាទុកសារធាតុកាបូនដែរ។ តំបន់ដីសើមទាំងនោះបានផ្តល់មធ្យោបាយចិញ្ចឹមជីវិតដល់មនុស្ស៦៦០លាននាក់នៅជុំវិញពិភពលោកដែលរស់នៅតាមរយៈវារីវប្បកម្ម និងនេសាទពីតំបន់ដីសើម»។
ហើយតំបន់ដីសើមនេះគឺជាទ្រនាប់ការពារមួយ នៅពេលដែលមានគ្រោះធម្មជាតិបំផ្លិចបំផ្លាញ។
«តំបន់ដីសើមនេះមានសារៈសំខាន់ណាស់សម្រាប់យើងនៅក្នុងលក្ខខណ្ឌនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយផងដែរ ហើយដែលជួយមនុស្សជារៀងរាល់ថ្ងៃដើម្បីការពារជីវភាពរស់នៅ និងលំនៅដ្ឋានរបស់ពួកគេដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃកម្រិតទឹកសមុទ្រកើនឡើង ផលប៉ះពាល់នៃរលកយក្ស និងខ្យល់ព្យុះសង្ឃរា។ តំបន់ដីសើមជាទ្រនាប់ការការពារដ៏ល្អបំផុត ដែលអាចធ្វើបានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធពីធម្មជាតិតាមបណ្ដោយឆ្នេរ។ ហើយនៅតំបន់ឆ្ងាយពីមាត់សមុទ្រ ដីសើមនៅទីនោះគឺទ្រនាប់ការពារ ទាំងផលប៉ះពាល់នៃទឹកជំនន់ និងគ្រោះរាំងស្ងួត»។
ក្រៅពីផ្ដល់នូវធនធានសម្រាប់ការនេសាទត្រី ធនធានទឹក កសិកម្ម និងចំណី តំបន់ដីសើមនេះជាប្រភពនៃអារម្មណ៍រីករាយសម្រាប់មនុស្សរាប់លាននាក់។
«តំបន់ដីសើមជាកន្លែងដែលយើងទៅកម្សាន្តនាថ្ងៃឈប់សម្រាករបស់យើងនៅតំបន់ឆ្នេរ នៅឆ្នេរសមុទ្រ នៅថ្មប៉ប្រះទឹក នៅកន្លែងមានផ្កាថ្ម មានដើមកោងកាង នៅក្នុងបឹង ទន្លេ និងស្រះ។ នោះគឺជាអ្វីដែលមាននៅតំបន់ដីសើម។ តំបន់ដីសើមនេះគឺជាប្រភពនៃការអភិវឌ្ឍដែលមាននិរន្តរភាពហើយតំបន់នេះមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់យើង និងអនាគតរបស់កូនចៅយើង»។
តំបន់ដីសើមនៅលើពិភពលោកបានបាត់បង់៦៤ភាគរយចាប់តាំងពីឆ្នាំ ១៩០០មក ហើយប្រមាណ៤០ភាគរយនៃដីសើមដែលនៅសេសសល់បានធ្លាក់ចុះក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះនេះបានបន្តមានអត្រា១,៥ភាគរយក្នុងមួយឆ្នាំ។
លោក Briggs បាននិយាយថា ការធ្លាក់ចុះនេះគឺដោយសារតែមនុស្សកសាងអរិយធម៌របស់ខ្លួននៅក្បែរតំបន់ដីសើមនោះ។
អគ្គលេខាធិការនៃអនុសញ្ញា Ramsar បានឱ្យដឹងថា៖ ការយល់ដឹងជាសាធារណៈអំពីតំបន់ដីសើមគួរតែមានកម្រិតខ្ពស់ដូចការយល់ដឹងអំពីព្រៃត្រូពិចដែលមានភ្លៀងច្រើន។ តំបន់ដីសើមបានការពារប្រឆាំងនឹងផលប៉ះពាល់បណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ ដោយរក្សាទុកបរិមាណកាបូនដ៏ច្រើន និងការពារមិនឲ្យកាបូនចូលក្នុងបរិយាកាស។
កិច្ចប្រជុំលើកទី១២នៃសន្និសីទរបស់ភាគីហត្ថលេខីអនុសញ្ញា Ramsar អំពីតំបន់ដីសើមនេះគឺជាកិច្ចប្រជុំរបស់គណៈកម្មការសម្រេចចិត្តរបស់សន្ធិសញ្ញានេះ។ លោក Briggs បានឱ្យដឹងថា៖ លោកសង្ឃឹមថា គណៈប្រតិភូនឹងយល់ព្រមជាមួយ«ផែនការយុទ្ធសាស្ត្រដ៏មានមហិច្ឆតាដើម្បីទប់ស្កាត់និងបញ្ឈប់ការរិចរិលនៃតំបន់ដីសើមនេះ ហើយធ្វើឲ្យវាមានកំណើនឡើងវិញ»៕
លោកមាន ឥស្សរាយស ប្រែសម្រួល