ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធាន​ក្រុម​រុក​រក​ឥណ្ឌូនេស៊ី៖យន្តហោះ​ដែល​បាត់​ទំនង​ជា​នៅ​បាត​សមុទ្រ​


ប្រធាន​ទី​ភ្នាក់ងារ​ជួយ​សង្គ្រោះ​និង​រុករក​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា ​យន្តហោះ​ដែល​បាត់​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia ​ទំនង​ជា​ស្ថិត​នៅ​បាត​សមុទ្រ។

លោក Bambang Sulistyo បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋ​ធានី​ហ្សាការតា (Jakarta) នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​យន្តហោះ​ធុន​ Airbus 320 ដែល​មាន​មនុស្ស​១៦២​នាក់​ស្ថិត​នៅ​លើ​នោះ ត្រូវ​បាន​សន្មត​ថា​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​អាទិត្យនៅ​លើឆ្នេរ​សមុទ្រ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​សមុទ្រ​ចាវ៉ា (Java)។

លោកនិយាយ​ថា «ដោយ​ផ្អែក​លើអ្នក​សម្រប​សម្រួល​ដែល​បាន​ផ្តល់មក​ឲ្យ​យើង​ ហើយ​និង​ការវាយ​តម្លៃ​បាន​ប៉ាន់​ស្មាន​ថា​ទី​កន្លែង​ធ្លាក់​ស្ថិត​នៅ​ក្នុង​សមុទ្រ ដូច្នេះ​ជា​សម្មតិកម្ម​យន្តហោះ​ស្ថិត​នៅ​បាត​សមុទ្រ»។

ការរុករក​យន្តហោះ​ដែល​បាន​បាត់​នោះ​ ​បាន​បន្ត​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅពេល​ដែល​សាច់​ញាតិ​ដែល​មាន​ការ​តាន​តឹង​ក្នុង​ចិត្ត​នោះ ​ស្វែង​រក​សញ្ញា​នៃ​សេចក្តី​សង្ឃឹម។

កិច្ច​ខំ​ប្រឹង​ប្រែង​រុករក​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​រួម​មាន ​កប៉ាល់ យន្តហោះ​និង​ឧទ្ធម្ភាគចក្រ។​ ប្រទេស​ជា​ច្រើន​បាន​ផ្តល់​ការ​ជួយ​ រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក Bambang Sulistyo ​ប្រធាន​ទី​ភ្នាក់ងារ​សង្គ្រោះ​និង​រុក​រក​បាន​និយាយ​ថា«យើង​បាន​ដាក់​ពង្រាយ​នាវា​ចំនួន​១២​គ្រឿង ​បូក​រួម​ទាំង​ទូក​តូច​ៗ​ចំនួន​១០​គ្រឿង។​ វា​ជា​ទូក​តូចៗ​ដែល​មាន​ម៉ាស៊ីន​លឿន។​ យើង​បាន​ដាក់​ពង្រាយទូក​ទាំង​នោះ​ដើម្បី​ប្រតិបត្តិការ​រុករក​និង​ជួយ​សង្គ្រោះ»។

មាន​សេចក្តី​រាយ​ការណ៍​ថា ​កំទេច​បាក់​បែក​ខ្លះ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​រុករក​ដ៏​ធំ​ល្វឹងល្វើយ​ ក៏​ប៉ុន្តែ​គ្មាន​ការ​ចង្អុល​បង្ហាញ​ថា​កំទេច​បាក់​បែក​នោះ ​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​យន្តហោះ​ដែល​បាន​បាត់​នោះ​ទេ។

« ​យើង​បាន​ពិនិត្យ​មើល​ព័ត៌មាន​ដែល​បាន​បញ្ជូន​មក​ឲ្យ​យើង។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​យើង​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ថា យន្តហោះ​ស្ថិត​នៅ​ទី​នោះ​ទេ។​ តំបន់ Pangkalan Bun ​ស្ថិត​នៅ​ទិស​ខាង​ជើង​បន្តិច​ពី​ទីកន្លែង​ដែល​គេ ​បាន​រក​ឃើញ​វត្ថុ​នោះ។​ ព័ត៌មាន​ទាំងអស់​នឹង​ត្រូវពិនិត្យ​និង​ឃ្លាំមើល»។

យន្តហោះ​លេខ QZ 8501 ​បាន​ស្ថិត​នៅ​ពាក់​កណ្តាល​ផ្លូវ​ពីទីក្រុងស៊ូរ៉ាបារ៉ា​ (Surabaya) នៃប្រទេស​ឥណ្ឌូណេស៊ីទៅ​កាន់​ប្រទេស​សឹង្ហបូរី​នៅពេល​ដែល​យន្តហោះ​នោះ​បាន​បាត់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

​អ្នកបើក​បរ​យន្តហោះ​បាន​សុំ​ការ​អនុញ្ញាតិ​ពី​អ្នក​ត្រួតត្រា​ចរាចរណ៍​អាកាសចរណ៍ ​ដើម្បី​ហោះ​ខ្ពស់​ជាង​កម្ពស់​មួយ​ពាន់​ប្រាំ​បី​រយ​ម៉ែត្រ​ដើម្បី​បញ្ចៀសព្យុះ។ មន្រ្តី​ម្នាក់​របស់​ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូណេស៊ី​បាន​ច្រាន​ចោល​ការ​ស្នើរ​សុំ​នេះ ពីព្រោះ​តែ​មាន​យន្តហោះ​មួយ​គ្រឿង​ទៀត កំពុង​ហោះ​ហើរ​នៅ​ក្នុង​តំបន់​នោះ​ដែរ។បន្ទាប់​ពី​ពេល​នោះ​មក ​ការទាក់​ទង​បាន​ស្ងាត់​បាត់។ ​អ្នក​ត្រួតត្រា​ចរាចរ​អាកាសចរណ៍​មិន​បាន​ទទួលការហៅ​ក្នុង​ពេល​អាសន្នពី​អ្នកបើកបរ​យន្តហោះ​ទេ។

លោកTony Fernandes ​ប្រធាន​ក្រុមហ៊ុន​អាកាស​ចរណ៍ AirAsia បាន​និយាយ​ថា ​លោក​តក់​ស្លុត ​ហើយ​មាន​ការ​លំបាក​នឹង​ជឿ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នេះ។លោកនិយាយ​ទៀត​ថា​ អាទិភាព​កំពូល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ពេល​នេះ​គឺ​ថែទាំ​ក្រុម​គ្រួសារ​របស់​អ្នក​ដំណើរ​និង​អ្នកបើក​បរ ​ហើយ​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ពេញ​ទំហឹង​ជាមួយការ​ស៊ើប​អង្កេត។ លោក Fernandes ​បាន​និយាយ​បន្ត​ទៀតថា ​លោក មិន​ចង់​និយាយ​ស្មាន​ៗ​ពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​ដល់​យន្តហោះ​នោះទេ។

ក្រុម​អ្នក​ដំណើរ​រួម​មាន​ជន​ជាតិ​ឥណ្ឌូណេស៊ី​១៤៩​នាក់ ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​៣​នាក់ ជន​ជាតិ​អង់គ្លេស​ម្នាក់ ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​ ហើយ​និង​ជន​ជាតិ​សឹង្ហបូរី​ម្នាក់។ ​ក្រុម​អាកាសយានិក​៧​នាក់រួម​មាន​ជន​ជាតិ​ឥណ្ឌូណេស៊ី​៦​នាក់​ និងអ្នក​បើក​បរ​រង​ជន​ជាតិ​បារាំង​ម្នាក់៕

XS
SM
MD
LG