ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌូនេស៊ី​ទទួល​ស្គាល់​ថា​​ មាន​កង្វះ​ខាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក​ជំងឹ​ផ្លូវ​ចិត្ត


បុរស​ម្នាក់​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​អង្គុយ​នៅ​លើ​គ្រែ ដោយ​ត្រូវ​បាន​គេ​ដាក់​ច្រវ៉ាក់​នៅ​ក្នុង​បន្ទប់​របស់​គាត់​នៅ​ក្នុង​ផ្ទះ​គ្រួសារ​របស់​គាត់​ នៅ​ក្នុង​ភូមិ Curug Sulanjana នៅ​ក្នុង​ក្រុង Serang ខេត្ត Banten ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
បុរស​ម្នាក់​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​អង្គុយ​នៅ​លើ​គ្រែ ដោយ​ត្រូវ​បាន​គេ​ដាក់​ច្រវ៉ាក់​នៅ​ក្នុង​បន្ទប់​របស់​គាត់​នៅ​ក្នុង​ផ្ទះ​គ្រួសារ​របស់​គាត់​ នៅ​ក្នុង​ភូមិ Curug Sulanjana នៅ​ក្នុង​ក្រុង Serang ខេត្ត Banten ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។

​ឥណ្ឌូនេស៊ី​មាន​ប្រតិកម្ម​វិជ្ជមាន​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អំពី​របៀប​ដែល​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ត្រូវ​បាន​គេ​ព្យាបាល ដោយ​ខ្លួន​​បាន​ទទួល​ស្គាល់​ថា មាន​កង្វះ​ខាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ទៅ​តាម​ស្តង់ដារ​វេជ្ជសាស្រ្ត​ទំនើប។

ប្រទេស​ឥណ្ឌូនេស៊ី​មាន​ប្រតិកម្ម​វិជ្ជមាន​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អំពី​របៀប​ដែល​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ត្រូវ​បាន​គេ​ព្យាបាល​នៅ​ក្នុង​ប្រទេស ដោយ​រដ្ឋាភិបាល​ក្រុង​ហ្សាការតា​បាន​ទទួល​ស្គាល់​ថា មាន​កង្វះ​ខាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ទៅ​តាម​ស្តង់ដារ​វេជ្ជសាស្រ្ត​ទំនើប។

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​មួយ​ចំនួន​ដើម្បី​លុប​បំបាត់​ការ​ចាប់ចង​អ្នក​ជំងឺ​ផ្លូវ​ចិត្ត និង​ជន​ពិការ ដែល​ការ​អនុវត្ត​ការ​ចាប់​ចង​នេះ​ត្រូវ​បាន​ហាមឃាត់​ជា​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ១៩៧៧។

ប៉ុន្តែ​នៅ​ក្នុង​ចំណោមចំនួន​៤០០.០០០នាក់​ ដែល​នៅ​តែ​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ​ផ្លូវចិត្ត​ មាន​មនុស្ស​ច្រើន​ជាង​៥៧.០០០ នាក់​នៅ​តែ​ត្រូវ​បាន​គេ​ចាប់​ចង​ក្នុង​កម្រិត​ណា​មួយ នេះ​បើ​យោង​តាម​ក្រសួង​សង្គមកិច្ច​ឥណ្ឌូនេស៊ី។

នៅ​មុន​ពេល​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ចេញ​ផ្សាយ​របាយការណ៍​មួយ និងអនុសាសន៍​នានា​កាលពី​ខែ​មុន ដែល​មាន​ចំណងជើង​ថា «ការ​រស់​នៅ​ក្នុង​ឋាន​នរក» ក្រសួង​សង្គមកិច្ច​បាន​ប្រកាស​ពី​យុទ្ធនាការ​មួយ​ដើម្បី​បញ្ចប់​ការ​អនុវត្ត​ការ​ចាប់​ចង​គ្រប់​រូបភាព​ឲ្យ​អស់​នៅ​ឆ្នាំ​ក្រោយ។

ប៉ុន្តែ​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​យល់​ដឹង និង​ការ​ផ្តល់​ការ​ថែទាំ​ដែល​នៅ​មាន​កម្រិត ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចប់​ការ​រំលោភ​បំពាន​នេះ។

កង្វះ​ខាត​ការ​ផ្តល់​ការ​ថែទាំ​ និង​គ្រឿង​បរិក្ខារ

មូលនិធិ Galuh មាន​ទីតាំង​នៅ​ក្រុងBekasi ដែល​ត្រូវ​ចំណាយ​១​ម៉ោង​បើកបរ​ពី​ក្រុង​ហ្សាការតា​នោះ ជា​ជម្រក​សម្រាប់​អ្នក​ជំងឺ​ផ្លូវ​ចិត្ត។ នៅ​ទី​នោះ​ អ្នក​ជំងឺផ្លូវ​ចិត្ត​ចំនួន​២៥៤​នាក់ មាន​គ្រប់​វ័យ រួម​មាន​ទាំង​កុមារ​ដែល​នៅ​ក្រោម​ការ​ថែទាំ​របស់​មូលនិធិ​នេះ​ផង​ដែរ។

មូលនិធិ​នេះ​ ត្រូវ​បាន​បង្កើត​ឡើងនៅ​ក្នុង​ឆ្នាំ​១៩៨២ និង​ទទួល​បាន​ជំនួយ​និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ហើយ​បាន​ប្រើប្រាស់​តែ​វេជ្ជសាស្រ្ត​រុក្ខជាតិ​ស្លឹក​ដើម្បី​ព្យាបាល​អ្នក​ជំងឺ ហើយ​មូលនិធិ​នេះ​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ជាច្រើន​ដែល​ចាប់ចងអ្នក​ជំងឺផ្លូវចិត្ត។ ប៉ុន្តែ​មូលនិធិ​នេះ ដែល​ជា​មជ្ឈមណ្ឌល​ឥត​គិត​ថ្លៃ​សម្រាប់​មនុស្ស​ដែល​មាន​អការៈ រាប់​ពី​ជំងឺ​សរសៃ​ប្រសាទ​ហ្ស៊ែន ដល់ជំងឺ​ឆ្កួត​ដោយសារ​ថ្នាំ​មេតាហ្វេតាមីន និងជំងឺ​វិកលចរិក និយាយ​ថា ខ្លួន​មាន​ការ​ផ្លាស់​ប្តូរ​ ទោះ​មាន​ឧបសគ្គ​ក៏​ដោយ។​

នាង Nina Mardiana ដែល​ជា​ប្រធាន​កម្មវិធី​ Galuh បាន​ប្រាប់​ VOA ថា ពួកគេ​បាន​ដាក់​ច្រវ៉ាក់​អ្នក​ជំងឺផ្លូវ​ចិត្ត​មួយ​ចំនួន​មែន ដោយសារ​ដែល​ការ​ខ្វះ​ធនធាន និង​គ្រឿង​បរិក្ខារ​នៅ​ពេល​នោះ រួម​មាន​ទាំង​ការ​ខ្វះ​បន្ទប់​ពិសេស​ដើម្បី​ព្យាបាល​អ្នក​ជំងឺថ្មី ការ​មិន​មាន​វិធីសាស្រ្ត​ព្យាបាល​ទំនើប ឬ​ភាព​ខ្វះខាត​ការ​មក​ពិនិត្យ​ទៀងទាត់​ពី​សំណាក់​វេជ្ជបណ្ឌិត​ ឬ​គិលានុបដ្ឋាយិកា។

នាង Mardiana និយាយ​ថា៖ «យើង​បាន​ដាក់​ច្រវ៉ាក់​អ្នក​ជំងឺ​មិន​មែន​ដើម្បី​កម្រិត​សេរីភាព​ផ្លាស់​ទី​របស់​ពួកគេ​ទេ។ យើង​ធ្វើ​បែប​នេះ​ជា​បណ្តោះ​អាសន្ន​សម្រាប់​សុវត្ថិភាព​ពួកគេ​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​គឺ​ថា យើង​ដាក់​ច្រវ៉ាក់​គឺ​ដោយ​សារ​ខ្វះ​បុគ្គលិក និង​គ្រឿង​បរិក្ខារ»។

ប៉ុន្តែ នាង Mardiana បាន​ប្រាប់ VOA ថា ឥឡូវ​នេះ​មូលនិធិ​មាន​លក្ខណៈ​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់​ដើម្បី​ជួយ​អ្នក​ជំងឺ។

ការ​ប្រើប្រាស់​ច្រវ៉ាក់ ឬ​ការ​ឃុំ​អ្នក​ជំងឺ​មិន​ត្រូវ​បាន​អនុវត្ត​ទៀត​ទេ ដោយសារ​ឥឡូវ​នេះ​ពួកគេ​មាន​បន្ទប់​ដាច់​ដោយ​ឡែក។ ពួកគេ​ក៏​មានលទ្ធភាព​ជួល​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា ទិញ​ថ្នាំ និង​មាន​វិធីសាស្រ្ត​ព្យាបាល​ទំនើបៗ​ផងដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្តល់​ថ្នាំ​នៅ​តែ​ជា​បញ្ហា។

ការ​ខ្វះ​គ្រឿង​បរិក្ខារ និង​សេវាកម្ម​ជួយ​អ្នក​ជំងឺផ្លូវ​ចិត្ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ការ​សង្កត់​ធ្ងន់​មួយ​ក្នុង​របាយការណ៍​របស់​អង្គការ Human Rights Watch។ រដ្ឋាភិបាល​ទទួល​ស្គាល់​ចំពោះ​បញ្ហា​នេះ។

វេជ្ជបណ្ឌិត Fidiansyah ប្រធាន​ផ្នែក​គ្រប់គ្រង​ និង​ការ​ទប់ស្កាត់​សុខភាព​ផ្លូវ​ចិត្ត របស់​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​និយាយ​ថា «យើង​បាន​ដឹង​ពី​បញ្ហា​នេះ ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ជួយ​អ្នក​ជំងឺនៅ​ពេល​នេះ​មិន​ទាន់​អាច​គ្របដណ្តប់​បាន​ទាំង​អស់​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា ភូមិសាស្រ្ត​ក៏​ជា​មូលហេតុ​មួយ​ដែល​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​មិន​អាច​ទទួល​បាន​សេវា​សុខាភិបាល​សមរម្យ​ដែរ។ ការ​ចាប់​ចង​នៅ​មាន​ប្រើ​នៅ​តំបន់​ដាច់​ស្រយាល ជា​កន្លែង​ដែល​ពិបាក​ធ្វើ​ដំណើរ​ទៅ​ដល់ ហើយ​គ្រឿង​បរិក្ខារ​នៅ​ក្បែរ​នោះ​នៅ​មាន​កម្រិត។

ក្នុង​ចំណោម​ខេត្ត​ចំនួន៣៤​របស់​ឥណ្ឌូនេស៊ី ខេត្ត​ចំនួន​៨​មិន​មាន​មន្ទីរពេទ្យ​ផ្លូវ​ចិត្ត។ ក្នុង​ចំណោម​មន្ទីរពេទ្យ​ផ្លូវ​ចិត្ត​ចំនួន៤៨​នៅ​ក្នុង​ប្រទេស ពាក់​កណ្តាល​មាន​ទីតាំង​នៅ​លើ​កោះ​ជ្វា។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​និយាយ​ថា ខ្លួន​បាន​បង្កើត​យុទ្ធនាការ​ដើម្បី​បញ្ចប់​ការ​ចាប់ចង​នៅ​ត្រឹម​ឆ្នាំ២០១៧។

ក្រៅ​ពី​ច្បាប់​ស្តី​ពី​សុខភាព​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ២០១៤ រដ្ឋសភា​ជាតិ​បាន​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​របស់​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​នា​ពេល​ថ្មីៗ​នេះ។

ក្រុម​មន្រ្តី​និយាយ​ថា ពួកគេ​កំពុង​ព្យាយាម​ផ្សព្វផ្សាយ​ពី​ច្បាប់​សុខភាព​ថ្មី​ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង​ថា ការ​ចាប់ចង​ត្រូវ​បាន​ហាមឃាត់​ ហើយ​អ្នក​នៅ​តែ​ប្រព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​ទទួល​ការ​កាត់​ទោស។

រដ្ឋាភិបាល​ក៏​បាន​បង្កើត​ក្រុម​គ្រូ​ពេទ្យ បុគ្គលិក​ស្ថាប័ន​រដ្ឋាភិបាល និង មន្រ្តី​ដែល​នឹង​ទទួល​ខុស​ត្រូវ​ដោះលែង​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​គេ​ចាប់​ចង និង​ឃុំ​ឃាំង។

ការ​ទទួល​ស្គាល់​ដោយគ្រួសារ​អ្នក​ជំងឺ

សមាជិក​របស់​គ្រួសារ​អ្នក​ជំងឺ​ជាច្រើន​ នៅ​តែ​ខ្វះ​ការ​អប់រំ និង​ការ​យល់​ដឹង​អំពី​ជំងឺ​ផ្លូវ​ចិត្ត។​

លោក Nahar ប្រធាន​នាយកដ្ឋាន​ស្តារ​នីតិសម្បទា​ របស់​ក្រសួង​សង្គមកិច្ច​ឥណ្ឌូនេស៊ី និយាយ​ថា មាន​កង្វះ​ខាត​លើ​ការ​ប្រឹក្សា​យោបល់​ពី​គ្រួសារ​អ្នក​ជំងឺ​ ដោយសារ​តែ​ការ​រើស​អើង​ក្នុង​សង្គម និង​ដោយសារ​តែ​មនុស្ស​ជាច្រើន​នៅ​តែ​ជឿ​ថា អ្នក​ជំងឺ​ត្រូវ​អំពើ​ផ្លូវ​ងងឹត។

អ្នក​ជំងឹ​មួយ​ចំនួន ​ដែល​មាន​ស្ថានភាពគ្រាន់​បើ​ជាង​មុន ​មិន​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សង្គម​ស្វាគមន៍​នោះ​ទេ។

នាង Mardiana និយាយ​ថា៖ «ការ​ទទួល​ស្គាល់​របស់​ក្រុម​គ្រួសារ​អ្នក​ជំងឺ​គឺ​ជា​បញ្ហា​មួយ​របស់​យើង។ នៅ​ពេល​ដែល​អ្នក​ជំងឺ​អាច​ទៅ​ផ្ទះ​បាន​ហើយ​នោះ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​គេ​មិន​ព្រម​ទទួល​យក​ពួកគេ។ នេះ​ហើយ​ជា​បញ្ហា​សម្រាប់​យើង»។

នាង Nina បាន​បន្ថែម​ថា ជួន​កាល ទោះ​ជា​នៅ​ពេល​ក្រុម​គ្រួសារ​ទទួល​យក​ក៏​ដោយ អ្នក​ជំងឺម្នាក់​អាច​នឹង​មាន​ជំងឺ​នោះ​ឡើង​វិញ ហើយ​ត្រូវ​ត្រឡប់​ទៅ​មូលនិធិ​វិញ ដោយសារ​តែ​អ្នក​ជិត​ខាង​មិន​ទទួល​យក​មនុស្ស​ម្នាក់​នោះ»។

លោក Nahar មក​ពី​ក្រសួង​សង្គមកិច្ច​និយាយ​ថា គាត់​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​នេះ​នឹង​មាន​ប្រព័ន្ធ​ល្អ​មួយ​នៅ​ត្រឹម​ឆ្នាំ​ក្រោយ​ដើម្បី​ជួយ​អ្នក​ជំងឺ​ផ្លូវ​ចិត្ត និង​ជន​ពិការ។

លោក Nahar និយាយ​ថា៖ «ដូច្នេះ ពីរ​ឆ្នាំ​នេះ​យើង​នឹង​ធ្វើ​សង្គមនីយកម្ម​ តាម​រយៈ​យុទ្ធនាការ​បញ្ឈប់​ការ​ចាប់ចង​ ហើយ​យើង​នឹង​ធានាថា ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ផ្លូវ​ចិត្ត ឬកិច្ច​ប្រឹងប្រែង​បំពេញ​តម្រូវ​ការ​របស់​អ្នក​ជំងឺ​អាច​នឹង​មាន​ប្រតិបត្តិការ​ប្រកប​ដោយប្រសិទ្ធភាព​នៅ​ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី»។

អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​របស់​ជន​ពិការ​ នៅ​ចុង​ឆ្នាំ២០១៦ ដែល​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​លើក​កម្ពស់ ការពារ​ និង​ធានា​ពី​សិទ្ធិ​មនុស្ស និង​សេរីភាព​ពេញ​លេញ​សម្រាប់​មនុស្ស​ដែល​មាន​ពិការ​ភាព​រាងកាយ ផ្លូវ​ចិត្ត​ ផ្នែក​បញ្ញា ឬ​ការ​យល់​ដឹង​ក្នុង​រយៈពេល​វែង៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG