ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាំ​ព្យាបាល​ជំងឺ​បង្ក​ដោយ​បរាសិត​អាច​បញ្ឈប់​ការ​ចម្លង​ជំងឺ​គ្រុន​ចាញ់


លោក​ Brian Foy​ ជា​ជីវវិទូ​ផ្នែក​សត្វ​ចម្លង​រោគ​​នៃ​សាកលវិទ្យាល័យ​ Colorado State University។
លោក​ Brian Foy​ ជា​ជីវវិទូ​ផ្នែក​សត្វ​ចម្លង​រោគ​​នៃ​សាកលវិទ្យាល័យ​ Colorado State University។

ថ្នាំ​ Ivermectin ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​សាកល្បង​ប្រើប្រាស់​ដើម្បី​បង្កា​ជំងឺ​គ្រុនចាញ់ នៅ​ទ្វីប​អាហ្វ្រិក ដែលពី​ដំបូង​ឡើយ​ថ្នាំ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បង្កាជំងឺ​បង្ក​ឡើង​ដោយ​បរាសិត​តែ​ប៉ុណ្ណោះ។

អ្នក​វិទ្យាសាស្ត្រ​ប្រហែល​ជា​បាន​រក​ឃើញ​វិធី​ការពារ​ការ​ចម្លង​ជំងឺ​គ្រុន​ចាញ់ ដោយ​ប្រើ​ថ្នាំ​ដែល​ទទួល​បាន​ពាន​រង្វាន់​ណូបែល ដែល​ពី​ដំបូង​ឡើយ​ថ្នាំ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ព្យាបាល​ជំងឺ​បង្ក​ឡើងដោយ​បរាសិត។ ថ្នាំ​នេះ​មាន​ឈ្មោះ​ថា​ Ivermectin ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​កំពុង​ត្រូវ​បាន​គេ​ប្រើ​សាកល្បង​នៅ​ផ្នែក​នានា​ក្នុង​ទ្វីប​អាហ្រ្វិក។​

ថ្នាំ​ Ivermectin បាន​វិវត្ត​ទាំង​ស្រុង​ក្នុង​វិធី​ព្យាបាល​ជំងឺ​មួយ​ចំនួន​បង្ក​ដោយ​ដង្កូវ​ដូចជា​ ជំងឺ​ធ្វើ​ឲ្យ​ខ្វាក់​ភ្នែក​ម៉្យាង​ឈ្មោះ ​River Blindness និង​ជំងឺ​ហើម​ដៃ​ហើម​ជើង ហើយ​ថ្នាំ​នេះ​អាច​ព្យាបាល​ជំងឺ​ទាំង​នោះ​ឲ្យ​ជា​ដាច់ទាំង​ស្រុង​ ប្រសិន​បើ​គេ​ប្រើប្រាស់​វា​ឲ្យ​បាន​ត្រឹមត្រូវ។

ឥឡូវ​នេះ​ ថ្នាំ​ Ivermectin ​ទំនង​ជា​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុន​ចាញ់​ផងដែរ។ លោក​ Brian Foy​ ជីវវិទូ​ផ្នែក​សត្វ​ចម្លង​រោគនៃ​សាកលវិទ្យាល័យ​ Colorado State University បាន​ដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ប្រទេស​បួគីណាហ្វាសូ (Burkina Faso)។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា ​មាន​ការ​ថយ​ចុះ​នៃ​ជំងឺ​គ្រុន​ចាញ់​ក្នុង​ចំណោម​កុមារ​ នៅ​ពេល​គេ​ឲ្យ​ថ្នាំ​នេះ​ដល់​មនុស្ស​ពេញ​វ័យ​នៅ​ក្នុង​តំបន់​នោះ។

លោក​និយាយ​ថា៖ «យើង​មិន​គិត​ថា ​នេះ​ជា​ប្រភេទ​នៃ​ថ្នាំ​ទិព្វ​ទេ ប៉ុន្តែ​វា​ជួយ​បន្ថែម​ឥទ្ធិពល​ទៅ​ក្នុង​យុទ្ធសាស្រ្ត​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​នៅ​តំបន់​ត្រូពិច​ដែល​គេ​មើល​រំលង​ដទៃ​ទៀត ដូចជាដង្កូវបង្ក​រោគ​ ជំងឺ​បង្ក​ដោយ​បរាសិត ដែល​មាន​នៅ​ក្នុង​ភូមិ​ទាំង​អស់​នេះ»។

ការ​សាកល្បង​ដែល​កំពុង​តែ​ធ្វើ​នេះ​រួម​មាន​ការ​ផ្តល់​ថ្នាំ​ Ivermectin​ រៀងរាល់​៣​សប្តាហ៍​ម្តង​ទៅ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ភូមិ​ចំនួន៤។

ក្មេង​តូចៗ​មិន​ទទួល​បាន​ថ្នាំ​នោះ​ទេ ប៉ុន្តែ​ការ​ព្យាបាលនេះ​បាន​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​គ្រុន​ចាញ់​ចំនួន​១៦​ភាគរយ​ទៅ​លើ​កុមារ ​ដែល​ជា​ជន​រងគ្រោះ​នៃ​ជំងឺ​នេះ​ច្រើន​ជាង​គេ។

លោក ​Foy​ និយាយ​ថា​ ទោះ​ជា​ការ​ប្រើប្រាស់​ថ្នាំ​នេះ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ក៏​ដោយ​ ក៏​ថ្នាំ ​Ivermectin អាច​ធ្វើ​ឲ្យ​សត្វ​មូស​ដែល​ផ្ទុក​ជំងឺ​គ្រុនចាញ់​នោះ​ពុល​បាន​ដែរ។ តែ​ទោះ​យ៉ាង​ណា​ សកម្មភាព​ពិសេស​តែ​មួយ​គត់​របស់​ថ្នាំ​នេះ​ គឺ​ផ្តោត​លើ​តែ​សត្វ​មូស​ មិន​មែន​ផ្តោត​លើ​បរាសិត​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុន​ចាញ់​នោះ​ទេ។​ ដោយ​សារ​មូល​ហេតុ​នេះ​ហើយ អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​ថៃ​ជឿ​ថា​ ថ្នាំ​ Ivermectin ​អាច​ជួយ​គ្រប់គ្រង​របៀប​នៃ​ការ​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ដែល​ស៊ាំនឹង​ថ្នាំ​នៅ​អាស៊ី​អាគ្នេយ៍។

នា​ពេល​បច្ចុប្បន្ន​នេះ លោក ​Foy​ កំពុង​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ចំពោះ​ការ​អះអាង​ថា ថ្នាំ Ivermectin ​ដើរ​តួ​សំខាន់​ក្នុង​ការ​បញ្ឈប់​ការ​ចម្លង​ជំងឺ​គ្រុន​ចាញ់។ លោក​និយាយ​ថា​ ចាំបាច់​ត្រូវ​មាន​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​បញ្ហា​នេះ។

«គួរ​មាន​ការ​ស្រាវជ្រាវ​នៅ​តំបន់​ដែល​ធំ​ជាង​នេះ​ និង​នៅ​កន្លែង​ផ្សេងៗ​ដែល​មាន​ការ​ឆ្លង​ជំងឺ​គ្រុន​ចាញ់ក្នុង​កម្រិត​ខុស​គ្នា​ ហើយ​យើង​សង្ឃឹម​ថា​ គំនិត​នេះ​មាន​ភាព​រឹងមាំ​និង​ត្រឹមត្រូវ​នៅ​កន្លែង​ខុសៗ​គ្នា»។

ចាប់​តាំង​ពី​ចុង​ទសវត្សរ៍​១៩៨០​មក​ ថ្នាំ ​Ivermectin​ សម្រាប់​ប្រើ​ប្រមាណ​ជា​១​ពាន់​លាន​ដង ​ត្រូវ​បាន​ចែក​ចាយ​នៅ​ជុំ​វិញ​ពិភពលោក។

លោកFoy ​បាន​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ​របស់​លោក​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​អង្គការ​សង្គម​អាមេរិកាំង​សម្រាប់​ឱសថ​និង​អនាម័យ​តំបន់​ត្រូពិច (American Society of Tropical Medicine and Hygiene)។ លោកបូក​សរុប​លទ្ធផល​នៃ​ការ​សាកល្បង​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ មុន​នឹង​ធ្វើ​ការ​សាកល្បង​នៅ​ជំហាន​បន្ទាប់​ទៀត៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG