នៅក្នុងប្រទេសឥណ្ឌា គណបក្ស Aam Aadmi ឬគណបក្សនៃជនសាមញ្ញ (Common Man's Party) បានឈ្នះការបោះឆ្នោតមូលដ្ឋានដ៏ភ្លូកទឹកភ្លូកដីនៅទីក្រុងដេលីក្នុងសប្តាហ៍នេះ បន្ទាប់ពីបានសន្យាថានឹងធ្វើការបោសសម្អាតនយោបាយនៅក្នុងប្រទេសនេះ។ លោក Anjana Pasricha មកពីទីក្រុងញ៉ូវដេលីរាយការណ៍ថា ការប្រឈមរបស់គណបក្សនេះជាមួយគណបក្សដទៃជាច្រើនទៀតដោយប្រើយីហោ«នយោបាយជម្រើសផ្សេងទៀត»របស់ខ្លួននោះ នឹងត្រូវធ្វើតេស្តសាកល្បងនៅពេលដែលខ្លួនគ្រប់គ្រងរដ្ឋធានីក្នុងរយៈពេលប្រាំឆ្នាំទៅមុខនេះ។
នៅតាមដងផ្លូវក្នុងទីក្រុងញ៉ូវដេលី អ្នកដើរលក់ឥវ៉ាន់ ក្រុមអាជីវករ អ្នកបើកយានយន្តកង់បី និងអ្នកធាក់រ៉ឺម៉ក ទាំងអស់គ្នាមានភាពញញឹមញញែមចំពោះជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្ស Aam Aadmi ឬគណបក្សនៃជនសាមញ្ញ នៅទីក្រុងញ៉ូវដេលី។
ពួកគេនឹកឃើញអំពីរបៀបដែលពួកគេទទួលបាន«សេរីភាព»នៅពេលគណបក្សមួយនេះបានចាប់ផ្តើមគ្រប់គ្រងទីក្រុងញ៉ូវដេលីបាន៤៩ថ្ងៃកាលពីឆ្នាំមុន។ ពួកគេនិយាយថា ក្រុមប៉ូលិសឈប់សុំលុយសូកប៉ាន់ ហើយពួកគេមិនត្រូវបានក្រុមមន្រ្តីរុកគួននៅពេលពួកគេព្យាយាមសុំអាជ្ញាប័ណ្ណឬកាតដើម្បីទទួលចំណែកឧបត្ថម្ភផ្សេងៗ។
គណបក្សនេះ ដែលកើតចេញពីចលនាតាមដងផ្លូវមួយដើម្បីប្រឆាំងនឹងអំពើពុករលួយកាលពីពីរឆ្នាំមុន បានផ្ចាញ់គណបក្សជាតិឥណ្ឌាទាំងពីរគឺគណបក្ស Bharatiya Janata និងគណបក្សសមាជ (Congress Party) ដោយបានទទួលជ័យជម្នះជាប្រវត្តិសាស្រ្តជាមួយកៅអី៦៧ក្នុងចំណោមកៅអីទាំងអស់៧០នៅក្នុងសភានៃទីក្រុងដេលី។
កម្លាំងគាំទ្រដ៏រឹងមាំរបស់គណបក្សនេះ គឺចេញពីក្រុមមនុស្សនៃវណ្ណៈតូចទាបក្នុងទីក្រុង ដែលមានចំនួនរហូតដល់ទៅពីរភាគបីនៃមនុស្សសរុបទាំង១៧លាននាក់នៅក្នុងទីក្រុងនេះ។ ចំពោះពលរដ្ឋដែលកំពុងតែតស៊ូរស់នៅដោយប្រាក់កម្រៃ២២៥ដុល្លារក្នុងមួយខែក្នុងសំណង់អណាធិបតេយ្យ ឬក្នុងផ្ទះដែលតូចចង្អៀត ក្តីសង្ឃឹមថាខ្លួនមិនចាំបាច់សូកប៉ាន់បន្តិចបន្តួចនោះ ជាអ្វីដែលធ្វើឲ្យពួកគេមានការធូរស្រាលក្នុងចិត្តយ៉ាងខ្លាំងមួយ។
គណបក្សនេះត្រូវបានបង្កើតឡើងដោយសកម្មជនដែលជាអតីតអ្នកត្រួតពិនិត្យពន្ធដារម្នាក់ គឺលោក Arvind Kejriwal ដែលបានចាប់ផ្តើមប្រឡូកក្នុងឆាកនយោបាយជាលើកដំបូងកាលពីឆ្នាំទៅមិញនៅទីក្រុងដេលី ក៏ប៉ុន្តែបានដកខ្លួនវិញបន្ទាប់ពីចាប់ផ្តើមដំណើរការបានមួយរយៈពេលខ្លីមក ដោយសារតែមិនទទួលបានមតិភាគច្រើន។ លោកត្រូវបានបណ្តេញចេញដោយចោទថា «ជាអ្នកបង្កចលាចល» និងគ្មានភាពក្លាហានសម្រាប់អភិបាលកិច្ច។ កិច្ចខិតខំប្រឹងប្រឹងរបស់គណបក្សនេះក្នុងការបង្ហាញវត្តមានថ្នាក់ជាតិក៏បានដួលរលំផងដែរ ហើយមនុស្សភាគច្រើនគិតថា គណបក្សនះគ្មានអនាគតទេ។
ក៏ប៉ុន្តែ ការត្រឡប់មកវិញរបស់លោក Kejriwal ដ៏គួរឲ្យភ្អាក់ផ្អើលនោះ ត្រូវគេមើលឃើញថាជាការចង់បានដូចការសន្យាដែលលោកបានប្រកាន់ខ្ជាប់ នោះគឺការផ្តោតការយកចិត្តទុកដាក់ជាងមុនទៅលើនយោបាយសម្រាប់អ្នកដែលស្ថិតនៅក្រោមបន្ទាត់នៃការរស់នៅសមរម្យនិងលើនយោបាយស្អាតស្អំជាងមុន។ ការសន្យាជាច្រើនរបស់គណបក្សលោក មានដូចជាការប្រើប្រាស់ទឹកដោយឥតគិតថ្លៃ តម្លៃអគ្គិសនីទាប បង្កើនចំនួនសាលារៀន តម្លៃលំនៅដ្ឋានដែលពលរដ្ឋអាចមានលទ្ធភាពបង់ថ្លៃ និងការប្រើប្រាស់វ៉ាយហ្វាយ(អ៊ីនធឺណិត)ដោយឥតគិតថ្លៃ។
លោក Sanjay Kumar នាយកមជ្ឈមណ្ឌលអភិវឌ្ឍសង្គមក្នុងទីក្រុងញ៉ូវដេលីមានប្រសាសន៍ថា គណបក្សជាតិផ្សេងៗត្រូវតែមានការប្រុងប្រយ័ត្ន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា នៅពេលនេះគណបក្សនយោបាយទាំងឡាយគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយពួកគេគួរតែព្យាយាមកែលម្អ។ មិនត្រូវពឹងផ្អែកលើតែការចងសម្ព័ន្ធភាពទេ តែខ្ញុំគិតថា គួរគិតអំពីការជ្រើសរើសយកបញ្ហាដែលមានជាប់ពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់ប្រជាជនបន្ថែមទៀត»។
ក្រោយពីបានទទួលជ័យជម្នះដ៏មហិមារួចមក មេដឹកនាំគណបក្ស Aam Aadmi លោក Yogendra Yadav បានមានប្រសាសន៍ថា នឹងមានការពន្លឿនការយកចិត្តទុកដាក់ផ្ទាល់ចំពោះតម្រូវការចាំបាច់បំផុតរបស់អ្នកក្រីក្រ ដូចជាសាលារៀនសម្រាប់កូនៗរបស់ពួកគេ និងការថែទាំសុខភាព។
លោកបានបន្តថា៖ «មានសាលារៀនចំនួន២២០ត្រូវបានបង្កើតឡើង ដែលពីមុនមកមិនដែលមានទេ។ មានមន្ទីរពេទ្យជាច្រើនត្រូវបានចាប់ផ្តើមសាងសង់ ក៏ប៉ុន្តែយើងនៅរង់ចាំការបើកសម្ពោធនៅឡើយ ឬរង់ចាំការបញ្ចប់គ្រប់ជ្រុងជ្រយដោយមានអ្នកណាម្នាក់ត្រូវកាន់ការងារទាំងនោះ។ ដូច្នេះ យើងមានអ្វីៗជាច្រើនដែលងាយសម្រេចបាន។»
គណបក្សនេះ ដែលកើតចេញពីក្រុមផ្សេងៗដូចជាក្រុមអ្នកមានអាជីពវ័យក្មេងដ៏ស្វាហាប់ ក្រុមបញ្ញវ័ន្ត ក្រុមសកម្មជននិងនិស្សិត ក៏កំពុងតែសន្យាឲ្យមានវប្បធម៌នយោបាយជម្រើសមួយផ្សេងទៀតផងដែរ។ នៅក្នុងទីក្រុងមួយដែលរដ្ឋមន្រ្តីនិងមេដឹកនាំរស់នៅក្នុងអាគារបង់ហ្គាឡូដ៏ទូលាយ ហើយថែមទាំងមានក្រុមការពារសន្តិសុខជាច្រើននាក់នោះ លោក Kejriwal ប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់អ្វីដែលលោកហៅថា«វប្បធម៌វីអាយភី»របស់ពួកវីរជននៃគណបក្សកាន់អំណាច។
លោក Sanjay Kumar និយាយថា គណបក្ស Aam Aadmi ឈរដាច់ចេញពីគណបក្សភាគច្រើនដទៃទៀត ដែលជាញឹកញាប់ត្រូវគេមើលឃើញថា ជាក្រុមអ្នកមានឋានៈខ្ពង់ខ្ពស់និងមានគម្លាតឆ្ងាយពីប្រជាជនសាមញ្ញ។ ក៏ប៉ុន្តែលោកបន្ថែមថា មានការសម្របសម្រួលខ្លះត្រូវបានគេធ្វើឡើងកន្លងមក។
លោកបានបន្តថា៖ «នយោបាយស្អាតស្អំសំដៅលើនយោបាយដែលបេក្ខជនមានភាពស្អាតស្អំ មានតម្លាភាពក្នុងរឿងនយោបាយ មានការប្រើប្រាស់ថវិកាតិច មិនប្រើប្រាស់ប្រាក់ខុសច្បាប់ក្នុងរឿងនយោបាយ ហើយពួកគេគិតថា នេះជាអ្វីដែលពួកគេនឹងផ្តល់ឲ្យនៅក្នុងនយោបាយជម្រើសផ្សេងរបស់ពួកគេ។ នៅក្នុងការបោះឆ្នោតនេះ ពួកគេបានចេញឆ្ងាយពីចំណុចទាំងនេះបន្តិចរួចហើយ។ មានសំនួរត្រូវបានគេលើកឡើងទាក់ទិននឹងបេក្ខជនរបស់ពួកគេ និងអំពីប្រាក់ដែលគណបក្ស Aam Aadmi បានចំណាយ បើទោះបីជាវាមានចំនួនតិចតួចជាងការចំណាយរបស់គបណបក្ស BJP ច្រើនក៏ដោយ។ ពួកគេមិនអាចនិយាយថា ពួកគេខ្វះប្រាក់នោះទេជាដើម។ល។»
អ្នកឃ្លាំមើលនយោបាយបាននិយាយថា ជ័យជម្នះគួរឲ្យកត់សម្គាល់នៅទីក្រុងដេលីរបស់គណបក្សនេះ អាចបញ្ឆេះឡើងវិញនូវមហិច្ឆតាថ្នាក់ជាតិរបស់ខ្លួននិងជំរុញឲ្យមានការចាប់ផ្តើមនៅក្នុងទីក្រុងឯទៀតៗ។ ជាការចាប់ផ្តើម នេះជាការកំពុងតែសម្លឹងមើលលើទីក្រុងបច្ចេកវិទ្យារបស់ឥណ្ឌាគឺទីក្រុង Bangalore ជាទីដែលការបោះឆ្នោតថ្នាក់មូលដ្ឋានគ្រោងនឹងកើតមានឡើងក្នុងខែមេសា។
ក៏ប៉ុន្តែ ក្រុមអ្នកវិភាគបានព្រមានថា ជាដំបូង គណបក្សនេះត្រូវតែព្យាយាមដោះស្រាយការរំពឹងទុកដ៏ធំ ដែលខ្លួនបានដាស់ឲ្យមានឡើងក្នុងចិត្តនៃពលរដ្ឋនៅទីក្រុងដេលី។
ពលរដ្ឋទាំងនោះជាមនុស្សមួយចំនួនដូចជា Harsh Singh ដែលជាអ្នកទទួលបានការបន្តប័ណ្ណបើកបររបស់ខ្លួនដោយមិនចាំបាច់ចំណាយប្រាក់សូកប៉ាន់ក្នុងអំឡុងពេលដែលបក្សនេះបានកាន់អំណាចកាលពីឆ្នាំមុន។ រឿងនេះហើយដែលធ្វើឲ្យលោកមានសុទិដ្ឋិនិយម។
លោកបាននិយាយថា នេះជាបក្សដែលស្មោះត្រង់ហើយអាចដោះស្រាយបញ្ហាអំពើពុករលួយដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ។ លោកបន្ថែមថា លោកមានសង្ឃឹមថាពួកគេអាចផ្លាស់ប្តូរសង្គមបាន។
អំឡុងពេលប្រាំឆ្នាំទៅមុខ គឺជារយៈពេលសំខាន់មួយសម្រាប់គណបក្សនេះ ដែលត្រូវរកឲ្យបាននូវធនធានដើម្បីផ្តល់ជាគ្រឿងសម្រួលដល់អ្នកក្រីក្រដូចដែលខ្លួនបានសន្យា បំពេញតាមការសន្យាថានឹងជារដ្ឋាភិបាលស្អាតស្អំ និងជម្នះលើក្រុមអ្នកដែលមានមន្ទិលសង្ស័យ ដោយបញ្ជាក់ថាបក្សនេះអាចឋិតឋេរនៅលើឆាកនយោបាយ៕
ប្រែសម្រួលដោយ នៀម ឆេង