ប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេក្នុងពិភពលោកកំពុងបង្រៀនប្រទេសប្រជាធិបតេយ្យថ្មីថ្មោងជាច្រើនពីជុំវិញពិភពលោក អំពីសិល្បៈនៃការធ្វើការបោះឆ្នោត។ ដូចដែល Anjana Pasricha រាយការណ៍ពីទីក្រុង ញូ ឌែលី (New Delhi) មកថា ដោយមានចំនួនអ្នកបោះឆ្នោតដ៏ច្រើនក្រៃលែង ដល់ទៅជាង ៧០០ លាននាក់ ឥណ្ឌាមានកិត្តិនាមថាជាប្រទេសដែលបានធ្វើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ក្នុងពេល ៤៧ ឆ្នាំកន្លងទៅនេះ មន្រ្តីជាន់ខ្ពស់បំផុតម្នាក់នៃគណកម្មការរៀបចំការបោះឆ្នោតឥណ្ឌា លោក ស៊ូរីនដឺរ គូម៉ារ ម៉ិនឌីរ៉ាតា (Surinder Kumar Mendiratta) បានជួយធ្វើពង្រាងច្បាប់និងប្រព័ន្ធ សម្រាប់រៀបចំធ្វើការបោះឆ្នោតនៅក្នុងប្រទេស។ ប៉ុន្មានឆ្នាំកន្លងទៅនេះ លោកបានចែករំលែកជំនាញការរបស់លោកជាមួយប្រទេស ជាច្រើន មានរួមទាំងប្រទេស អាហ្វហ្កានិស្ថាន និង អៀរ៉ាក់ ទៅដល់ មោរីស្យ៊ុស(Mauritius) និង ប៊ូតង់ (Bhutan)។
លោក ម៉ិនឌីរ៉ាតា និយាយថា នៅក្នុងប្រទេសទាំងនេះជាច្រើន ការរៀបចំធ្វើការបោះឆ្នោតដែលអាចជឿទុកចិត្តបាន ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនទេ។
«ការបោះឆ្នោតគឺជារឿងថ្មីទាំងស្រុងសម្រាប់ពួកគេ។ ពួកគេមិនដែលបានអនុវត្តទេ។ ពោលគឺការបោះឆ្នោតពិតប្រាកដ ការរៀបតាំងកន្លែងបោះឆ្នោត របៀបចុះឈ្មោះអ្នកបោះឆ្នោត រួចតើមានការរៀបចំ មានវគ្គបណ្តុះបណ្តាល និងមានបញ្ហាប្រភេទណាខ្លះដែលអាចកើតឡើង។ ចំណុចទាំងអស់នេះ យើងបានប្រាប់ឲ្យគេដឹង»។
ដូចគ្នានិងលោក ម៉ិនឌីរ៉ាតា មន្រ្តីដទៃទៀតនៅក្នុងប្រទេសឥណ្ឌាកំពុងតែជួយប្រទេសប្រជាធិបតេយ្យក្មេងខ្ចីជាច្រើន ធ្វើសេចក្តីព្រាងអំពីវិន័យនិងទម្រង់ការ និងរៀនឲ្យបានចេះស្ទាត់អំពីរបៀបចាត់ចែងការបោះឆ្នោត។ កាលពីខែមិថុនា គណកម្មការរៀបចំការបោះឆ្នោតបានបង្កើតវិជ្ជាស្ថានអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យនិងចាត់ចែងការបោះឆ្នោត (International Institute for Democracy and Election Management) នៅក្នុងទីក្រុង ញូ ឌឺលី ដើម្បីសម្របទៅតាមសំណើរកាន់តែកើនឡើងពីប្រទេសជាច្រើនដែលសុំឲ្យបង្រៀនមន្រ្តីបោះឆ្នោតរបស់ខ្លួន។ មន្រ្តីពីប្រទេស កេនយ៉ា(Kenya) ជាអ្នកមកចូលរួមវគ្គបណ្តុះបណ្តាលនៅទីនេះមុនគេ។
ប្រព័ន្ធបោះឆ្នោតនៅប្រទេសឥណ្ឌាកំពុងនាំឲ្បមានការចាប់អារម្មណ៍យ៉ាងច្រើន។ នៅក្នុងទស្សនកិច្ចមួយទៅកាន់ប្រទេសឥណ្ឌាកាលពីខែកក្កដា លោកស្រីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ហ៊ិលឡារ៉ី គ្លិនតុន Hillary Clinton) មានប្រសាសន៍ថា ក្រុងវ៉ាស៊ីនតោននិងក្រុង ញូ ដែលី កំពុងធ្វើសហប្រតិបត្តិការនិងគ្នាដើម្បីគាំទ្រចលនាផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជាច្រើន ចាប់តាំងពីមជ្ឈឹមបូព៌ាប្រទេសទៅដល់ ទ្វីបអាហ្វ្រីកខាងជើង។
«គណកម្មការរៀបចំការបោះឆ្នោតរបស់ឥណ្ឌា ដែលគេចាត់ទុកថាជាបទដ្ឋានខ្ពស់បំផុត)ក្នុងសាកលលោកអំពីការរៀបចំធ្វើការបោះឆ្នោតនោះ (sound of applause) កំពុងចែករំលែកការអនុវត្តន៍ដ៏ល្អបំផុតជាមួយសមភាគីនៅក្នុងប្រទេសជាច្រើនជាស្រេចទៅហើយ មានរួមប្រទេស អេហ្ស៊ីប (Egypt) និង អៀរ៉ាក់»។
គណកម្មការរៀបចំការបោះឆ្នោតបានធ្វើដំណើរដ៏វែងឆ្ងាយមួយ ដើម្បីឲ្យបានសម្រេចនូវបទដ្ឋានខ្ពស់ទាំងនេះ។ ក្នុងរយៈពេលជិតបួនទសវត្សរ៍ ក្រោយការបោះឆ្នោតទូទៅទីមួយក្នុងឆ្នាំ ១៩៥១ អំពើហិង្សាច្រើនតែធ្វើឲ្យសៅហ្មងដល់ការបោះឆ្នោត ហើយមនុស្សជាច្រើននាក់ត្រូវបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ដែលទាក់ទងនិងការបោះឆ្នោត។ បទចោទប្រកាន់អំពីការក្លែង និងការបន្លំសន្លឹកឆ្នោតមានធ្វើពាសពេញនៅក្នុងរដ្ឋដាច់ស្រយាលនិងជនបទ។ នៅក្នុងកន្លែងទាំងនេះ មានការតវ៉ាអំពី «ការដណ្តើមយកបន្ទប់បោះឆ្នោត» គឺជាករណីមួយដែលជនឧក្រិដ្ឋទាក់ទងជាមួយគណបក្សនយោបាយណាមួយធ្វើការបំភិតបំភ័យអ្នកបោះឆ្នោត រួចច្រកបំពេញសន្លឹកឆ្នោតដែលគាំទ្របេក្ខជនគណបក្សនោះទៅក្នុងប្រអប់សន្លឹកឆ្នោត។ ក៏ប៉ុន្តែក្នុងពេលពីរទសវត្សរ៍ចុងក្រោយ គណកម្មការរៀបចំការបោះឆ្នោតបានសំអាតឥរិយាបថរបស់ខ្លួន។ អំពើហិង្សាបានចុះមកនៅទាបបំផុត ដោយធ្វើការបោះឆ្នោតបន្តៗគ្នាជាច្រើនសប្តាហ៍ជាជាងច្រើនថ្ងៃ ដើម្បីអនុញ្ញាតឲ្យកម្លាំងសន្តិសុខអាចប្តូរពីកន្លែងមួយទៅកន្លែងមួយបាននៅក្នុងប្រទេសដ៏ធំធេងនេះ ដើម្បីទៅជួយការពារសន្តិសុខ។ ការបោះឆ្នោតទូទៅ ឆ្នាំ ២០០៩ បានប្រព្រឹត្តធ្វើក្នុងប្រាំដំណាក់ មានរយៈពេលមួយខែ។
កត្តាមួយដែលធ្វើឲ្យមានភាពខុសគ្នាដ៏សំខាន់ជាងគេគឺប្រហែលដោយសារការចាប់ប្រើប្រព័ន្ធបោះឆ្នោតអេឡិចទ្រោនិក (electronic)។ នៅទូទាំងប្រទេស អ្នកបោះឆ្នោតគ្រាន់តែសង្កត់លើគ្រឿងចុចមួយនៅលើម៉ាស៊ីនអេឡិចទ្រោនិក ជាជាងបោះត្រាលើសន្លឹកឆ្នោតប្រពៃណី។
លោក វី អេះ សំផាត់ (V.S. Sampath) ស្នងការបោះឆ្នោត និយាយថា ម៉ាស៊ីនបោះឆ្នោតអេឡិចទ្រោនិក ឬហៅកាត់ថា EVM ស្ទើរតែបានបំបាត់ការលួចបន្លំនិងអំពើក្លែងក្លាយដទៃទៀតទាំងស្រុង។
«កាលពីមុន នៅពេលប្រើប្រអប់សន្លឹកឆ្នោត ក្រុមអ្នកឥតសណ្តាប់ធ្នាប់ខ្លះអាចចូលទៅកន្លែងបោះឆ្នោត នៅពេលកន្លះម៉ោងឬ ៤៥នាទីចុងក្រោយ នៅពេលដែលកន្លែងទាំងនោះមានសភាពដូចជាអស់មនុស្សហើយ -- រួចអ្វីដែលយើងហៅថា ការដណ្តើមយកបន្ទប់បោះឆ្នោត បានកើតឡើង។ សម្រាប់សន្លឹកឆ្នោតដែលមិនទាន់បោះត្រា ពួកគេឈរច្រកបំពេញប្រអប់សន្លឹកឆ្នោត ដែលទាំងអស់នេះអាចធ្វើហើយក្នុងរយៈពេល ១៥ ឬ ២០នាទីតែប៉ុណ្ណោះ។ ម៉ាស៊ីន EMV បានដើរតួនាទីជាអ្នកការពារមិនឲ្យមានការដណ្តើមយកបន្ទប់បោះឆ្នោត។ល។ ម៉ាស៊ីនទាំងនោះមានភាពរ៉ឹងមាំណាស់ ទោះបីជាមានអ្នកណាចង់ចាប់យកម៉ាស៊ីននេះក៏ដោយក៏គេមិនអាចបំផ្លាញទិន្នន័យនៅក្នុងនោះបានដែរ។ គេអាចស្រង់យកមកវិញបានទាំងអស់»។
មន្រ្តីបោះឆ្នោតនិយាយថា ទោះបីជាប្រទេសអភិវឌ្ឍន៍ជាច្រើននៅចូលចិត្តប្រើសន្លឹកឆ្នោតក្រដាសក៏ដោយ ក៏ពួកគេមានទំនុកទុកចិត្តថា ម៉ាស៊ីនដែលធ្វើក្នុងស្រុកមិនអាចចូលលួចបន្លំក្លែងក្លាយបានទេ ហើយកំពុងដើរតួនាទីដ៏សំខាន់មួយនៅក្នុងការធានាឲ្យមានការបោះឆ្នោតប្រកបដោយយុត្តិធម៌ នៅក្នុងប្រទេសមួយដែលមានអ្នកបោះឆ្នោតមានឬសគល់ខុសប្លែកគ្នាយ៉ាងច្រើន។
ប្រទេស ប៊ុយតង់ និង ណេប៉ាល់ (Nepal) ក៏បានប្រើម៉ាស៊ីនបោះឆ្នោតធ្វើនៅប្រទេសឥណ្ឌា នៅក្នុងការបោះឆ្នោតនៅពេលថ្មីៗនេះដែរ។ ប្រទេសខ្លះ ដូចជា បង់ក្លាដេស្ហ (Bangladesh) នីស្ហេរីយ៉ា (Nigeria) កិនញ៉ា និង កូរ៉េខាងត្បូងក៏បានសំដែងការចាប់អារម្មណ៍ក្នុងការទិញម៉ាស៊ីនទាំងនេះដែរ។
មន្រ្តីបោះឆ្នោតនិយាយថា នៅមានបញ្ហាខ្លះដែលត្រូវដោះស្រាយ។ ឧទាហរណ៍ដូចជា ពួកគេចង់បំបាត់លទ្ធភាពនៃ ការសូកប៉ាន់ឬការទិញសន្លឹកឆ្នោតដោយបេក្ខជន។ ក៏ប៉ុន្តែសេចក្តីសម្រេចជាសរុបទៅគឺថា ទោះបីជាមានការរអាក់រអួលខ្លះក៏ដោយ ក៏ប្រព័ន្ធប្រជាធិបតេយ្យរបស់ឥណ្ឌាពឹងផ្អែកទៅលើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
មន្រ្តីដូចជាលោក ម៉ិនឌីរ៉ាតា ជាដើម មានសេចក្តីត្រេកអរ ដោយសារមេរៀនដែលអស់លោកបានរៀនអស់ពេលជាច្រើនទសវត្សរ៍ ឥឡូវនេះកំពុងជួយដល់ប្រទេសដទៃៗទៀត។
«មនុស្សគ្រប់រូបក្រឡេកមើលមកប្រទេសឥណ្ឌាថាជាមេដឹកនាំមួយ ....រឿងនេះពិតជាធ្វើឲ្យយើងមានមោទនភាព។ យើងជាអ្នកលក់លទ្ធិប្រជាធិបតេយ្យ»។
ហើយមន្រ្តីជាច្រើននាក់ដូចរូបលោក សង្ឃឹមថានឹងអាចធ្វើការជាមួយប្រទេសជាច្រើនទៀត ក្នុងពេលច្រើនឆ្នាំទៅខាងមុខ ដើម្បីជួយលទ្ធិប្រជាធិបតេយ្យឲ្យអាចចាក់ឬសបានរ៉ឹងមាំជាងមុន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន