នៅឥណ្ឌាអ្នកធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយលោក អានណា ហាហ្សារ៉េ (Anna Hazare) បានធ្វើកូដកម្មបង្អត់អាហាររយៈពេល ១៥ ថ្ងៃ ជាសាធារណៈបន្ទាប់ពីលោកត្រូវបានគេដោះលែងពីមន្ទីរឃុំឃាំង។
ត្របកផ្កាកូលាប និងសំឡេងហ៊ោរកញ្ជៀវខ្លាំងៗចេញពីហ្វូងមនុស្សដ៏ច្រើនកុះករបានស្វាគមន៍សកម្មជន អានណា ហាហ្សារ៉េ (Anna Hazare) ពេលដែលគាត់ឈានជើងចេញពីមន្ទីរឃុំឃាំង ទីហារ (Tihar) ក្នុងទីក្រុងញូដេលី។
ទោះបីជាមានភ្លៀងមូសុងធ្លាក់ជោគជាំ ក៏អ្នកគាំទ្ររាប់ពាន់នាក់បានហែហមតាមលោកហាហ្សារ៉េ (Hazare) ខណៈដែលគាត់ត្រូវបានគេដឹកតាមរថយន្តដែលមានគ្របទង់ជាតិពីលើ ដោយដំបូងធ្វើដំណើរទៅកាន់កន្លែងរំឮក វិញ្ញាណក្ខន្ធរបស់លោក មហាត្មៈ គន្ធី ដែលបានដឹកនាំការតស៊ូដើម្បីឯករាជ្យរបស់ឥណ្ឌា និងបន្ទាប់មកទៅកាន់ទីកន្លែងធ្វើកូដកម្មបង្អត់អាហារជាសាធារណៈរបស់គាត់។
លោក ហាហ្សារ៉េ (Hazare) ត្រូវបានចាប់ខ្លួន ដើម្បីរារាំងមិនឲ្យមានការធ្វើកូដកម្មបង្អត់អាហារជាសាធារណៈបន្ទាប់ពីគាត់បានបដិសេធការកំណត់ការតវ៉ារបស់គាត់ឲ្យមកនៅត្រឹមរយៈពេលបីថ្ងៃនោះ។ ប៉ុន្តែ អាជ្ញាធរបានអនុញ្ញាតឲ្យគាត់រៀបចំការធ្វើកូដកម្មបង្អត់អាហារ ដែលមានរយៈពេល១៥ថ្ងៃ បន្ទាប់ពីការឃុំខ្លួនគាត់បង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅពាសពេញប្រទេស។
ពួកគេគ្រវីទង់ជាតិច្រៀងចម្រៀងស្នេហាជាតិ និងស្រែកពាក្យ «ជយោ! មាតុភូមិឥណ្ឌា!»។ អ្នកធ្វើអត្ថាធិប្បាយបាននិយាយថា លោកហាហ្សារ៉េ (Hazare) បានទទួលជោគជ័យក្នុងដំណាក់កាលទី១របស់គាត់ក្នុងការប្រឆាំងតវ៉ានឹងរដ្ឋាភិបាលក្នុងការតស៊ូរបស់គាត់ដើម្បីបំបាត់អំពើពុករលួយ។
លោកហាហ្សារ៉េ ចង់ឲ្យអ្នកតំណាងរាស្រ្តប្រើប្រាស់សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយរបស់គាត់ជំនួសឲ្យអ្វីដែលគាត់និយាយថាជាច្បាប់ដែលគ្មានធ្មេញ ដែលត្រូវបានរដ្ឋាភិបាលដាក់ឲ្យរដ្ឋសភាអនុម័ត។ លោកហាហ្សារ៉េ បានជំរុញអ្នកគាំទ្ររបស់គាត់ធ្វើយ៉ាងណាកុំឲ្យយុទ្ធនាការប្រឆាំងអំពើពុករលួយថមថយឥទ្ធិពល។ គាត់និយាយថា ពួកយើងបានដុតអណ្តាតភ្លើងបដិវត្ត ហើយជំរុញឲ្យ មនុស្សទូទៅធ្វើយ៉ាងណាកុំឲ្យអណ្តាតភ្លើងនេះថមថយឥទ្ធិពល ទោះបីមានរឿង អ្វីកើតឡើងចំពោះរូបលោកក៏ដោយ។ គាត់និយាយថា នេះជាការប្រយុទ្ធដើម្បីកែប្រែប្រទេស។
គេឃើញមានការគាំទ្រមកពីគ្រប់ទិសទីទាំងអស់។ កាលពីថ្ងៃសុក្រ មនុស្សចំនួន ៥.០០០នាក់ ដែលបានចែកចាយប្រអប់បាយក្នុងទីក្រុងមុំបៃ បានធ្វើកូដកម្មជាលើកដំបូងក្នុងរយៈពេលជាងមួយសតវត្សរ៍ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយនឹងយុទ្ធនាការរបស់លោកហាហ្សារ៉េ។ ពួកគេធ្វើកូដកម្មដោយបង្អត់អាហារអស់ រយៈពេលពេញមួយថ្ងៃ។ អ្នកគាំទ្រភាគច្រើនរបស់គាត់គឺជាយុវជនយុវនារីក្មេងៗ។ លោកហាហ្សារ៉េ បានជំរុញឲ្យពួកគេបន្តធ្វើការតស៊ូបន្តទៀត។
លោកហាហ្សារ៉េ និយាយថា យុវជន និងយុវនារីក្នុងប្រទេសនេះបានភ្ញាក់រឭកហើយ ដូច្នេះអនាគតដ៏រុងរឿងមួយគឺស្ថិតនៅមិនឆ្ងាយប៉ុន្មានទេ។
អ្នកវិភាគនយោបាយមួយចំនួននិយាយថា ការគាំទ្រដ៏មហិមាដែលលោកហាហ្សារ៉េ ប្រមូលបានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះមិនបានធ្វើឲ្យរដ្ឋាភិបាលចាប់អារម្មណ៍ជាមុន និងធ្វើឲ្យរដ្ឋាភិបាលស្ថិតក្នុងជំហរការពារខ្លួន។ រដ្ឋាភិបាលចោទគាត់ថា គាត់កំពុងព្យាយាមរារាំងនូវដំណើរការតាក់តែងច្បាប់ និង និយាយថាមានតែរដ្ឋសភាទេ ដែលអាចសម្រេចលើទ្រង់ទ្រាយរបស់ច្បាប់ប្រឆាំងអំពើពុករលួយនេះ។
អ្នកធ្វើអត្ថធិប្បាយនិយាយថា លោកហាហ្សារ៉េ បានយល់ពីកំហឹងកាន់តែច្រើនឡើងៗរបស់សាធារណជនទៅលើអ្វីដែលគេគិតថាជាវប្បធម៌នៃអំពើពុករលួយជាផ្លូវការដ៏រីករាលដាលនោះ។ គេមានការភ្ញាក់ផ្អើលចំពោះអំពើពុករលួយ រាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលកាលពីឆ្នាំទៅ៕
ប្រែសម្រួលដោយ ភី សុភាដា