ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កើត​ឡើង​ភ្លាមៗ​នៃ​ជំងឺ​គ្រុន​ជ្រូក​នៅ​ឥណ្ឌា​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​តាំង​ពី​ឆ្នាំ២០០៩


អ្នក​ជំងឺ​ឥណ្ឌា​ម្នាក់​ដែល​សង្ស័យ​ថា​មាន​មេរោគ​ជំងឺ​គ្រុន​ជ្រូក​សម្រាក​នៅ​លើ​ដី​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ Gandhi ក្នុង​ក្រុង​ Hyderabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។
អ្នក​ជំងឺ​ឥណ្ឌា​ម្នាក់​ដែល​សង្ស័យ​ថា​មាន​មេរោគ​ជំងឺ​គ្រុន​ជ្រូក​សម្រាក​នៅ​លើ​ដី​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ Gandhi ក្នុង​ក្រុង​ Hyderabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។

ប្រទេស​ឥណ្ឌា​កំពុង​តស៊ូ​រាំងខ្ទប់​ជំងឺ​គ្រុនជ្រូក​ដោយ​មាន​ចំនួន​មនុស្ស​ស្លាប់​ដែល​ឥឡូវ​នេះ​បាន​ឡើង​ដល់​ជាង​១ពាន់​៥រយ​នាក់​ចាប់​តាំង​ពី​ការ​ឆ្លង​បាន​ចាប់​ផ្តើមនៅ​ពាក់​កណ្តាល​ខែ​ធ្នូ​មក។

មនុស្ស​ប្រហែល​២ម៉ឺន​៦ពាន់​នាក់​ដែល​បានធ្វើ​តេស្ត ​មាន​ផ្ទុក​មេរោគ​នោះ ​ហើយ​ក្រុម​មន្រ្តី​សុខាភិបាល​និយាយ​ថា ​ការ​ឆ្លង​នោះ​កំពុង​បន្ត​រាលដាលនៅ​ក្នុង​ពេល​ធ្លាក់​ភ្លៀង​ខុស​រដូវ​ហើយ​និងពេល​ធ្លាក់​សំណើម​ខ្លាំង​ដែល​ធ្វើ​ឲ្យ​មេរោគ​នោះ​ធំ​ធាត់។ ​ក្រុម​មន្រ្តី​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ​ពួកគេ​កំពុង​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​តាម​រដ្ឋ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រយុទ្ធ​មេរោគ H1N1។​ ក្រសួង​នោះ​បាន​សុំ​ឲ្យ​រដ្ឋ​នានាសិក្សា​គំរូ​នៃ​ការ​ឆ្លង​នោះហើយ​និង​អត្រា​ស្លាប់​ដើម្បី​រៀប​ចំ​យុទ្ធសាស្រ្ត​ឲ្យ​បាន​ប្រសើរ​ឡើង។

ក្រុម​អ្នក​ជំនាញការ​ខាង​ថែទាំ​សុខភាព​បាន​ត្អូញត្អែរ​ថា ​វិធានការ​ការពារ​ជំងឺ​ឆ្លង​មិន​ល្អ​កំពុង​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ករណី​មេរោគ H1N1 ​នៅ​ទូទាំង​ប្រទេស​។ ​ពួកគេ​និយាយ​ថា ​ការ​អូសបន្លាយ​រោគ​វិនិច្ឆ័យ​ក៏​កំពុង​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​មនុស្ស​ស្លាប់​ដែរ។

មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក​ចំនួន​ពាក់​កណ្តាលនៅ​ក្នុង​រយៈ​ពេល​៣​ខែ​កន្លង​មក​នេះ​បាន​កើត​មាននៅ​ក្នុង​រដ្ឋ Gujaratនិង​ Maharashtra ភាគ​ខាង​លិច ​ហើយ​ក្នុង​មួយ​សប្តាហ៍​កន្លង​មក​នេះ ​ករណី​លើក​ដំបូង​នៃមេរោគ H1N1 ​បាន​ត្រូវ​គេ​រាយការណ៍​នៅ​ក្នុង​រដ្ឋ​ Nagaland ​និង​រដ្ឋ​ Manpur ដែល​ជា​កន្លែង​ដាច់​ស្រយាល​នៅភាគឦសាន្តដែល​មាន​ព្រំ​ដែន​ជាមួយ​ប្រទេស​ភូមា៕

XS
SM
MD
LG