ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេរោគជំងឺផ្ដាសាយជ្រូកសម្លាប់ ស្ត្រីម្នាក់  ឆ្លង៨១នាក់

  • គង់ សុឋានរិទ្ធ
  • VOA

ប្រទេសកម្ពុជាបានរកឃើញជនរងគ្រោះស្លាប់ដោយជំងឺA/H1N1ដែលគេស្គាល់
ថា ជាជំងឺផ្ដាសាយជ្រូកជាលើកដំបូង។ ជនរងគ្រោះបានស្លាប់កាលពីថ្ងៃអាទិត្យ
បន្ទាប់ពីជំងឺរបស់គាត់មានសភាពធ្ងន់ធ្ងរពេក។

“ម៉ោង៤ ម្សិលមិញនេះ ប្អូនស្រីម្នាក់ អាយុ៤០ឆ្នាំ នៅខណ្ឌចំការមននេះ ទទួល
មរណភាព នៅមន្ទីរពេទ្យកាល់ម៉ែត ដែលចេញពីរោគសញ្ញា H1N1”។

នេះគឺជាសេចក្ដីប្រកាសជាសាធារណៈរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី
កម្ពុជា បន្ទាប់ពីជំងឺរាតត្បាតនេះបានចម្លងមនុស្សចំនួន៨១នាក់ហើយនៅប្រ-
ទេសកម្ពុជា គិតមកត្រឹមថ្ងៃពុធសប្ដាហ៍មុន។

សេចក្ដីជូនដំណឹងរបស់ប្រមុខរដ្ឋាភិបាលខ្មែរនេះធ្វើឡើងក្នុងឱកាសសម្ពោធន៍
អគារថ្មីរបស់ក្រសួងទេសចរណ៍ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃច័ន្ទនេះ។

ករណីស្លាប់របស់ស្រ្ដីអ្នកជំងឺនេះ គឺជាករណីស្លាប់ដំបូងបំផុតក្នុងចំណោមអ្នក
ជំងឺនៅក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ដ្រីហ៊ុន សែនបញ្ជាក់ថា ស្រ្ដីរងគ្រោះមានអាការៈឈឺទាក់ទង
នឹងសួតយូរមកហើយ។ ហើយគាត់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនមួយ
មុននឹងត្រូវបានរកឃើញថា គាត់មានជំងឺ A/H1N1 ដោយវិទ្យាសា្ថនប៉ាស្ទ័រ។

លោកហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាជនធ្វើការប្រុងប្រយ័ត្ន ហើយមន្ដ្រី
ក្រសួងសុខាភិបាល និង ក្រសួងកសិកម្មធ្វើការតាមដានស្ថានភាពជំងឺ ដែល
គេស្គាល់ថា ជំងឺផ្ដាសាយជ្រូកនេះ។

លោកវេជ្ជបណ្ឌិតសុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួង
សុខាភិបាលមានប្រសាសន៍ថា មេរោគ A/H1N1 នៅតែកាចសាហាវ ហើយ
អ្នកស្លាប់ភាគច្រើននៅទូទាំងពិភពលោក មានអាយុក្រោម ៥០ឆ្នាំ។

"ភាគច្រើន រហូតមកទល់បច្ចុប្បន្ន អ្នកដែលស្លាប់ទាំងអស់ ជារួមគឺអាយុក្រោម
៥០(ឆ្នាំ)។ ហើយគឺថា មានតាំងពីអ្នកដែលមានសុខភាពល្អធម្មតាផង ដោយ
សារតែវីរុសហ្នឹងវាកាចសាហាវ ហើយសម្លាប់"។

ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងជំងឺ A/H1N1 ជាលើកដំបូង នៅក្នុងខែ
មិថុនានៅក្នុងចំណោមនិសិ្សតអាមេរិកាំង ដែលមកទស្សនកិច្ចនៅកម្ពុជា។

បើយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានឲ្យដឹងថា រហូតមក
ទល់ពេលនេះ មានអ្នកជំងឺ A/H1N1 នៅក្នុងពិភពលោកសរុប៣០ម៉ឺននាក់ ក្នុង
នោះអ្នកជំងឺចំនួន៣.៩០០នាក់ បានស្លាប់បាត់បង់ជីវិត។

លោកវេជ្ជបណ្ឌិតសុខ ទូចបានដាស់តឿនថា ប្រជាពលរដ្ឋត្រូវប្រយ័ត្នប្រយែង
និងរក្សាអនាម័យឲ្យបានល្អ នៅពេលដែលឆ្លងជំងឺផ្ដាសាយ ជាពិសេសត្រូវ
លាងដៃនឹងសាប៊ូជាប្រចាំ និងខាកស្ដោះឲ្យមានរបៀប៕

XS
SM
MD
LG