កម្មវិធីចាក់វ៉ាក់សាំងរបស់ឥណ្ឌាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានទទួលការជំរុញយ៉ាងខ្លាំងមួយនៅពេលប្រទេសនេះចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យមនុស្សវ័យចំណាស់ៗ។
ការរារែកចាក់វ៉ាក់សាំងបានកត់សម្គាល់កម្មវិធីផ្តល់វ៉ាក់សាំងនេះកន្លងមក ក៏បានផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលនេះ ដោយពលរដ្ឋវ័យចំណាស់ៗបានតម្រង់ជួរគ្នារង់ចាំយ៉ាងអន្ទះសាដើម្បីចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ ប្រទេសឥណ្ឌារងគ្រោះពីការរាតត្បាតខ្លាំងបំផុតទី២នៅក្នុងពិភពលោក ហើយពេលនេះបានពង្រីកការចាក់វ៉ាក់សាំងទៅឱ្យប្រជាពលរដ្ឋដែលមានអាយុលើស៦០ឆ្នាំ និងអ្នកមានអាយុលើសពី៤៥ឆ្នាំដែលមានជំងឺជាក់លាក់មួយចំនួនកាលពីដើមខែមីនា។
ការចាក់វ៉ាក់សាំងពីដំបូងដែលចាក់ជូនបុគ្គលិកជួរមុខ និងបុគ្គលិកសុខាភិបាលមានល្បឿនយឺតជាងការរំពឹងទុកដោយសារតែមនុស្សមួយចំនួនមិនបានទៅចាក់វ៉ាក់សាំងនេះនោះទេ។ ប៉ុន្តែការកើនឡើងនៃករណីឆ្លងនៅក្នុងរដ្ឋមួយចំនួនដូចជា Maharashtra និង Kerala នៅពេលថ្មីៗនេះបានធ្វើឱ្យមានភាពបន្ទាន់ថ្មីមួយក្នុងការទទួលយកវ៉ាក់សាំង។ នៅក្នុងកន្លែងមួយចំនួន វីរុសបម្លែងខ្លួនប្រភេទថ្មីដែលអ្នកវិទ្យាសាស្ត្រខ្លាចថា អាចនឹងឆ្លងសាហាវជាងមុន បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។
លោក K. Srinath Reddy ប្រធានមូលនិធិសុខភាពសាធារណៈឥណ្ឌាបានថ្លែងថា៖ «នៅពេលកម្មវិធីចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅពាក់កណ្តាលខែមករា ការគិតបារម្ភពីការគំរាមកំហែង[ដោយកូវីដ]បានធ្លាក់ចុះយ៉ាងខ្លាំង ហើយគេយល់ថា ការរាតត្បាតជិតរលាយបាត់ពីប្រទេសឥណ្ឌាទៅហើយ។ ទើបមានការរកឃើញថ្មីៗបំផុតថា ការរាតត្បាតមិនទាន់រលាយបាត់នោះទេ»។
ប្រទេសឥណ្ឌាបានផ្តល់វ៉ាក់សាំងជាង១៦លានវ៉ាក់សាំងមកដល់ពេលនេះ ដែលធ្វើឱ្យមានការលើកជាសំណួរថា ហេតុអ្វីបានជាប្រទេសដែលមានការផ្គត់ផ្គង់វ៉ាក់សាំងដ៏ច្រើននេះមិនចាក់វ៉ាក់សាំងឱ្យពលរដ្ឋខ្លួនបានលឿនជាងនេះ។
ក្រសួងសុខាភិបាលនិយាយថា ការចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋគឺជាអាទិភាពមួយ ហើយខ្លួនកំពុងជំរុញឱ្យរដ្ឋនានាមិនត្រូវបន្ថយកិច្ចខិតខំប្រឹងប្រែងនោះទេ។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងត្រូវបានពង្រីកយ៉ាងច្រើនកាលពីសប្តាហ៍មុនដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះ។ គោលដៅគឺត្រូវចាក់វ៉ាក់សាំងឱ្យបានដល់ពលរដ្ឋ៣០០លាននាក់នៅត្រឹមខែសីហា។
ការចាក់វ៉ាក់សាំងនេះធ្វើឡើងដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរដ្ឋ និងមានតម្លៃ៣,៤០ដុល្លារសម្រាប់ការចាក់មួយលើកនៅមន្ទីរពេទ្យឯកជន។
លោក Vinod Paul សមាជិកនៃវិទ្យាស្ថានជាតិសម្រាប់ការផ្លាស់ប្តូរឥណ្ឌា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី០៣ ខែមីនាថា៖ «ការកើនឡើងតិចតួចវិញនៃករណីឆ្លងជារឿងដែលគួរឱ្យបារម្ភ។ យើងមិនអាចចាត់ទុករឿងនេះថាជា បញ្ហាតិចតួចនោះទេ»។
លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាស្ថិតក្នុងចំណោមមនុស្សដំបូងដែលបានចាក់វ៉ាក់សាំងនៅដើមខែមីនា។ នៅក្នុងការបង្ហោះសារតាមបណ្តាញ Twitter មួយ លោកបានជំរុញឱ្យមនុស្សម្នាទៅចាក់វ៉ាក់សាំងដែរ។ លោកបានសរសេរថា៖ «ចូរយើងរួមគ្នាធ្វើឱ្យប្រទេសឥណ្ឌាមិនមានជំងឺកូវីដ១៩»។
លោក Reddy បានថ្លែងថា៖ «នៅក្នុងប្រទេសឥណ្ឌា មាននិន្នាការដើរតាមអ្នកនយោបាយយ៉ាងខ្លាំង ហើយនៅពេលដែលអ្នកដឹកនាំចាក់វ៉ាក់សាំង វានឹងក្លាយជាភ្លើងខៀវសម្រាប់ធ្វើតាមក្នុងការចាក់វ៉ាក់សាំងនោះដែរ»។
លោកModi និងមេដឹកនាំផ្សេងទៀតបានចាក់វ៉ាក់សាំងដែលត្រូវបានបង្កើតនៅក្នុងប្រទេស និងជាវ៉ាក់សាំងដែលមនុស្សមួយចំនួនរារែកនឹងចាក់ដោយសារតែមិនទាន់មានលទ្ធផលចុងក្រោយពីប្រសិទ្ធភាព។ វ៉ាក់សាំង Covaxin គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងពីរដែលកំពុងត្រូវបានផ្តល់ជូននៅក្នុងប្រទេសឥណ្ឌា។
ប៉ុន្តែអ្នកជំនាញសង្ឃឹមថា ទិន្នន័យបណ្តោះអាសន្នដែលចេញផ្សាយកាលពីថ្ងៃទី០៣ ខែមីនានិងបានបង្ហាញថា វាមានប្រសិទ្ធភាពជាង៨០%នោះ នឹងបង្កើនការទុកចិត្តលើវ៉ាក់សាំងនេះ និងពង្រីកផែនការចាក់វ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនដែលផលិតវ៉ាក់សាំងនេះក៏បានប្រកាសថា ទិន្នន័យបឋមបង្ហាញថា វាក៏មានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ១៩បម្លែងខ្លួនប្រភេទថ្មីនានាផងដែរ។
លោក Arvind Kumar នាយកវិទ្យាស្ថានវះកាត់ដើមទ្រូងនៅមន្ទីរពេទ្យ Medanta ក្នុងក្រុង Gurugram បាននិយាយថា៖ «វាជារឿងចាំបាច់ខ្លាំងណាស់ដែលយើងនឹងមិនធ្វើឱ្យឥណ្ឌាដើរតាមផ្លូវរបស់អឺរ៉ុបនោះទេ ដែលនៅទីនោះពួកគេកំពុងប្រឈមនឹងការបិទសកម្មភាពសង្គមជាលើកទី២ បន្ទាប់ពីមានភាពជោគជ័យនៅដំណាក់កាលដំបូង»៕