ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្រមានថា វីរុសកូរ៉ូណាវិវត្តថ្មីដែលត្រូវបានគេរកឃើញមុនដំបូងនៅក្នុងប្រទេសប្រេស៊ីលអាចធ្វើឲ្យមនុស្សដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ឆ្លងជំងឺនោះឡើងវិញ។
វីរុសវិវត្តថ្មីប្រភេទ P.1 បានរាលដាលទៅដល់ប្រទេសជាង២០ ចាប់តាំងពីវាបានត្រូវគេរកឃើញមុនដំបូងកាលពីខែវិច្ឆិកាឆ្នាំទៅមកនៅក្នុងទីក្រុង Manaus នៃតំបន់ព្រៃ Amazon។ ការសិក្សារួមគ្នាមួយដោយអ្នកវិទ្យាសាស្ត្រនៅអង់គ្លេសនិងប្រេស៊ីល និយាយថា កូវីដវិវត្តថ្មីនេះមានអត្រាឆ្លងពី១,៤ ដងទៅដល់ ២,៤ ដងលឿនជាងវីរុសដែលបង្កជំងឺកូវីដ១៩ដំបូង។
ទីក្រុង Manaus បានជួបប្រទះរលកនៃការឆ្លងកូវីដ១៩ ដំបូងកាលពីខែមេសានិងខែឧសភាឆ្នាំទៅ។ អ្នកស្រាវជ្រាវថា ត្រឹមខែតុលា អ្នកជំងឺជិត៨០ភាគរយដែលបានជាសះស្បើយពីកូវីដ១៩ គួរបានបង្កើតអង់ទីគ័រក្នុងខ្លួនដែលការពារពួកគេពីការឆ្លងវីរុសកូរ៉ូណាបាន។ ក៏ប៉ុន្តែអ្នកជំងឺដែលបានជាសះស្បើយទាំងនោះ ពី២៥ភាគរយទៅ៦១ភាគរយ បានឆ្លងជំងឺកូវីដវិវត្តថ្មីប្រភេទ P.1 បើតាមការសិក្សានេះ ដែលមិនទាន់ត្រូវបានគេផ្ទៀងផ្ទាត់នៅឡើយ។
អ្នកវិទ្យាសាស្ត្រទាំងនោះមានការបារម្ភថា វីរុសកូរ៉ូណាវិវត្តថ្មីកាន់តែច្រើនដែលបណ្តាលឲ្យកើតជំងឺកូវីដ១៩ អាចធ្វើឲ្យវ៉ាក់សាំងដែលគេកំពុងចែកចាយនៅជុំវិញពិភពលោក លែងមានប្រសិទ្ធិភាព។ ក៏ប៉ុន្តែអ្នកជំនាញខ្លះថា វានៅឆាប់ពេកមុនពេលអាចកំណត់ថា តើស្ថានភាពឆ្លងឡើងវិញនៅប្រេស៊ីលដែលមានប្រភេទ P.1 ក៏នឹងអាចកើតមាននៅទីកន្លែងផ្សេងទៀតនោះ។
សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា មកទល់នឹងពេលនេះ ការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យមនុស្សជាង១១៤,៨លានធ្លាក់ខ្លួនឈឺនៅជុំវិញពិភពលោក ចាប់តាំងពីវាត្រូវបានរកឃើញមុនដំបូងនៅតំបន់ភាគកណ្តាលនៃប្រទេសចិននៅចុងឆ្នាំ២០១៩មក ដោយរួមមានមនុស្សស្លាប់២,៥លាននាក់ផង៕